ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្តក្រុង​ ស្រុកខណ្ឌ​គ្មាន​ហិង្សា


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ រាជធានី​ ខេត្ត​​ក្រុង​ ស្រុកខណ្ឌ​​នឹង​ចាប់​ផ្តើម​នៅ​ប្រទេស​កម្ពុជា។ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ការ​ឃោសនា​​បោះឆ្នោត​អសកល​នេះ​​ក៏​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​តវ៉ា​ពី​ភាគី​គណបក្ស​ណាមួយ​ដែល​ចូលរួម​ការ​បោះឆ្នោត​នោះ​ឡើយ។

លោក ហង្ស ពុទ្ធា​ អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ដំណើរ​ការ​ឃោសនា​ស្វែង​រក​សំឡេងឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្តក្រុង​ ស្រុក​និង​ខណ្ឌ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​របៀប​រៀប​រយ​ និង​គ្មានការ​តវ៉ា ឬ​ក៏​គ្មាន​ការ​ប៉ះទង្គិច​ណា​មួយ​បាន​កើត​ឡើង​ឡើយ។ ​

របាយ​ការណ៍​របស់​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​ខេត្ត​ និង​រាជធានីបានបង្ហាញ​ថា ការ​ឃោសនា​មក​ទល់​ថ្ងៃ​នេះ​មិន​មាន​បញ្ហា​អសកម្ម​ ឬមួយ​ក៏​មិន​មាន​ការ​ប៉ះទង្គិចណា​កើត​ឡើង​រវាង​គណបក្ស​នយោបាយ​ ឬ​ក៏​ជាមួយ​បេក្ខ​ជន​នោះ​ទេ​ បាទ»។​

ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌគឺជា​ការ​បោះឆ្នោត​អសកល។​ ប្រជាពល​រដ្ឋ​ទូទៅ​មិន​អាច​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​នោះ​បាន​ទេគឺ​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន១១៥៧២​រូបដែល​មាន​តំណែង​តែ​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ថ្នាក់​ខ្ពស់​របស់​ខ្លួន​បាន។​ ​អាសនៈ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​រាជធានីខេត្តក្រុងស្រុកនិង​ខណ្ឌ​មាន​ចំនួន​៤១១៤​នៅ​ទូទាំង​២៥​ខេត្ត​ រាជ​ធានី។​

ដោយ​ឡែក​ការ​ឃោសនា​បោះឆ្នោត​រយៈ​ពេល​ប្រាំបី​ថ្ងៃ​បាន​ឈាន​ដល់​ថ្ងៃទី​៤​ហើយ​នៅ​ថ្ងៃ​នេះ។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃច័ន្ទ​ ​គ.ជ.ប.​បាន​គូស​បញ្ជាក់​ថា​ គណបក្ស​នយោបាយ​ចំនួន​ប្រាំមួយ​ក្នុង​ចំណោម​បក្ស​នយោបាយ​សរុប​ចំនួន​ប្រាំពីរ​បាន​ចេញ​ឃោសនា​ នៅ​តាម​មណ្ឌល​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌក្នុង​បរិយាកាស​ដែល​មាន​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​ល្អ ​ដោយ​គ្មាន​អំពើ​ហិង្សា។​

គណបក្ស​ទាំងប្រាំ​មួយ​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ គណបក្ស​ឆន្ទៈ​ខ្មែររបស់​លោក​ គង់​ មុនីកា​ កូនប្រុស​ពៅ​លោក​គង់ គាំ​ គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ ពេជ្រ ស្រស់​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ​ញឹក ប៊ុនឆៃ​ អតីត​មេទ័ព​ស្មោះ​ស្ម័គ្រ​នឹង​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធ​ ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីន​ប៉ិច​ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការដឹក​នាំ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ។​ ព្រះអង្គម្ចាស់​រណឫទ្ធិ​បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​សុខភាព​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍កាលពី​ឆ្នាំ​មុន ​និង​គណបក្ស​សញ្ជាតិ​កម្ពុជា។​

សេចក្តី​ប្រកាស​របស់​គ.ជ.ប.​បាន​បញ្ជាក់​បន្ថែមថា​ មានតែ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឃោសនា​នៅ​តាម​រាជធានី​ ខេត្ត​ក្រុង​ច្រើន​ជាង​គេ​គឺ​ដល់​ទៅ​១៧​រាជធានី​ ខេត្ត​ក្រុង​ ដែល​រួម​មាន​រាជធានី​ភ្នំពេញ​ សៀមរាប ​ប៉ៃលិន​ និង​កំពង់​ស្ពឺ​ជាដើម​ ដែល​មាន​មនុស្ស​៥៣៤៦​នាក់​ចូល​រួម។​

ចំណែក​គណបក្ស​ប្រាំ​ផ្សេង​ទៀតបាន​ធ្វើ​សកម្ម​ភាព​ឃោសនា​ទ្រង់ទ្រាយ​តូច ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន។ ​ក្នុង​ចំណោម​គណបក្ស​ទាំងប្រាំ​នេះ​ ​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​ដែល​ធ្លាប់​ជាដៃ​គូ​ប្រជែង​អំណាច​ដ៏​សំខាន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​សកម្ម​ភាព​ឃោសនាក្នុង​ស្រុក​ឧដុង្គ ​និង​ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ​ ដោយ​មានអ្នក​ចូលរួម​ប្រមាណ​២០​នាក់​ប៉ុណ្ណោះ។ ​គណបក្ស​នេះ​ក៏​បាន​ជួបជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សង្កាត់​ព្រៃស​ និង​ខណ្ឌ​ដង្កោនៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​

ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ​នេះ​ពុំ​មាន​ការ​ចូល​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយសារ​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ដោយ​ចោទ​ប្រកាន់​ថា​ គណបក្ស​នេះ​បាន​ឃុប​ឃិត​ជា​មួយ​បរទេសដើម្បីផ្តួល​រំលំ​រដ្ឋា​ភិបាល។​

អាសនៈ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​សរុប​ចំនួន​៥០០៧​របស់​គណបក្ស​នេះត្រូវ​បាន​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុ​ម​ប្រឹក្សា​ឃុំ​សង្កាត់កាល​ពី​ឆ្នាំ​២០១៧។​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ផល​ពី​ការ​បែង​ចែក​នេះ​ច្រើន​ជាង​គេ។​

ក្នុង​ស្ថានភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​មិនមាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​នេះ​ ​លោក​ ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​នឹង​ក្តោប​យក​អាសនៈ​ស្ទើរ​តែ​ទាំងអស់។​

«គណបក្ស​តូចៗ​ផ្សេងៗ​ វា​តិច​តួច​ណាស់។ ​វាអាច​បាត់​បង់​ទៅទៀត​ ​នៅ​ក្នុង​យន្តការ​នៃ​កម្លាំង​ ការ​ឃោសនា​ ឬក៏​ជំហរ​នយោបាយ​នោះ។​ វាអត់​សូវ​មាន​សកម្ម​ភាព។ ​ខ្ញុំ​គិតថា​ វាពិបាក​ហ្នឹង​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ មិន​អាច​ដណ្តើម​បាន​ទេ​ បាទ»។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បញ្ជាក់​ឲ្យ​ VOA​ដឹង​ថា ​គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​នៅ​តែ​រក្សា​តំណែង​ក្រុម​ប្រឹក្សា​របស់​ខ្លួន​យ៉ាង​ច្រើន​លើស​លប់​ដដែល។

ដោយឡែក​គ.ជ.ប.បាន​ប្រកាស​ឲ្យ​ដឹង​នៅថ្ងៃ​ទី​២១ ​ខែ​ឧសភា​នេះ​ថា​ ​ អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​សរុប​ចំនួន​១០១០​នាក់​ ដែល​មក​ពីអង្គការ​និង​សមាគម​ក្នុង​ស្រុក​ចំនួន​១៩ បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​សង្កេត​ការណ៍ ហើយ​គណបក្ស​នយោបាយ​ចំនួន​បីគឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​ខ្មែរ​រួបរួមជាតិបាន​ដាក់​ភ្នាក់​ងារ​ពេញ​សិទ្ធិ​ និង​បម្រុង​ចំនួន​សរុប១១៥២នាក់ដើម្បី​អង្កេត​ការណ៍​បោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ។ ​ការ​បោះឆ្នោត​នេះនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃ​ទី​២៦​ ខែ​ឧសភា​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG