យុទ្ធនាការអង្គាសប្រាក់មួយចាត់ចែងដោយជនជាតិអាមេរិកាំងកាន់សាសនាឥស្លាមបានប្រមូលប្រាក់បានរាប់ម៉ឺនដុល្លារដើម្បីជួយជួសជុលការខូចខាតដោយសារមានការបំផ្លាញនៅក្នុងកន្លែងបញ្ចុះសពពួកជនអំបូរជ្វីបមួយនៅក្នុងរដ្ឋ Missouri នាប៉ែកកណ្តាលស.រ.អា.។
ពួកអ្នកបំផ្លិចបំផ្លាញបានធ្វើឱ្យខូចខាត ឬបានគាស់រំលើងថ្មចារឹកនៅផ្នូរសពជាង២០០នៅឯកន្លែងបញ្ចុះសព Chesed Shel Emeth ក្នុងតំបន់ជាយក្រុង University City នៅខាងក្រៅក្រុង St. Louis។
អ្នកស្រី Linda Sarsour និងលោក Tarek El-Messidi បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងតាមបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃអង្គារដោយមានគោលដៅអង្គាសប្រាក់ឱ្យបាន២ម៉ឺនដុល្លារដើម្បីជួយជួសជុលការខូចខាតទាំងនេះ។ ការធ្វើវិភាគទានបានលើសពី២ម៉ឺនដុល្លារក្នុងរយៈពេលតែពីរបីម៉ោង ហើយនៅព្រឹកថ្ងៃពុធនេះទឹកប្រាក់អង្គាសបានសរុបមានចំនួនជាង៥ម៉ឺន៥ពាន់ដុល្លារ។
អ្នកស្រី Sarsour បានសរសេរតាម Twitter ថា «សូមកុំមើលងាយចិត្តសប្បុរសធម៌ និងសាមគ្គីភាពដែលប្រជារាស្ត្រមាននៅក្នុងខ្លួនពួកគេ»។
ពួកអ្នកចាត់ចែងការអង្គាសប្រាក់នេះបាននិយាយថា ប្រាក់កាសលើសពីសេចក្តីត្រូវការសម្រាប់ការជួសជុលនៅក្នុងកន្លែងបញ្ចុះសពនេះនឹងត្រូវបញ្ជូនទៅជួយជួសជុលមជ្ឈមណ្ឌលជ្វីបឯទៀតៗដែលបានត្រូវបំផ្លិចបំផ្លាញ។
អ្នកចាត់ចែងការអង្គាសប្រាក់នេះបានសរសេរនៅក្នុងគេហទំព័រនៃការអង្គាសនេះថា «តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា បញ្ជូនសារបង្រួបបង្រួមមួយពីសហគមន៍ជ្វីប និងសហគមន៍ក្រុមអ្នកគោរពសាសនាឥស្លាមថា គ្មានកន្លែងសម្រាប់ការស្អប់ខ្ពើម ការប្រមាថ និងអំពើហិង្សាបែបនេះនៅក្នុងប្រទេសអាមេរិកទេ។ យើងបួងសួងសូមឱ្យការអង្គាសប្រាក់នេះធ្វើឱ្យមានឡើងវិញនូវសន្តិសុខ និងសន្តិភាពដល់សហគមន៍ជនជាតិអាមេរិកាំងអំបូរជ្វីបដែលមានការអាក់អន់ចិត្តដោយសារហេតុការណ៍នេះ»។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីស.រ.អា. Donald Trump បានថ្កោលទោសដល់កំណើនកាលពីពេលថ្មីៗនេះនៃការគំរាមកំហែងប្រឆាំងនឹងក្រុមជនអំបូរជ្វីបនៅទូទាំងសហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ការគំរាមកំហែងទាំងនេះ «នឹងត្រូវបញ្ឈប់»៕