ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិមនុស្ស​អាមេរិក​ថា​កម្ពុជា​គួរ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​តទៅទៀត


រូបឯកសារ៖ ក្រុម​កម្មករ​ សហជីព និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើកទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)​​
រូបឯកសារ៖ ក្រុម​កម្មករ​ សហជីព និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើកទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)​​

«ប្រសិន​បើ​រដ្ឋាភិបាល​គិត​ថា​ខ្លួន​បាន​ធ្វើ​កិច្ចការ​ល្អ​ប្រសើរ​ហើយ វា​មាន​សារៈសំខាន់​ក្នុង​ការ​ឱ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​ ត្រួតពិនិត្យ​មើល​លើ​ការងារ​នោះ ដើម្បី​ឱ្យ​ពួក​គេ​អាច​វាយតម្លៃ​ដោយ​ឥត​លម្អៀង​ថា​ តើ​រដ្ឋាភិបាល​​សម្រេច​បាន​សមិទ្ធផល​ទាំង​នោះ​បាន​ដោយ​របៀប​ណា‍»។ ​​​​​

កំណត់​និពន្ធ៖ សកម្មជន​សិទ្ធិមនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក​លើកឡើង​ថា​ កម្ពុជា​គួរ​តែ​ព្យាយាម​អនុវត្ត​តាម​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទាំង​១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ​ ជា​ពិសេស​គឺ​ចំណុច​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌​និង​ការ​ពង្រឹង​ស្ថាប័ន ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​តែ​ឯកឯង​តទៅ​ទៀត។​ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាស​លោក Joshua Cooper នាយក​វិទ្យាស្ថាន​ហាវ៉ៃ ដើម្បី​សិទ្ធិមនុស្ស ក្រោយ​ពេល​ដែល​លោក​បាន​ចូលរួម​ក្នុង​វេទិកា​សង្គម​ស៊ីវិល​នៅ​ក្នុង​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូយ៉ក ជា​ទី​ដែល​មេដឹកនាំ​មក​ពី​ជុំវិញ​ពិភព​លោក បាន​ចូល​រួម​ថ្លែងការណ៍​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​កាល​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​បទសម្ភាសន៍​នេះ​ជា​ភាសា​ខ្មែរ៖

ស្តាប់បទសម្ភាសន៍នេះជាសំឡេង៖


សំណួរ៖ ជម្រាបសួរ​លោក Joshua Cooper។ លោក​កំពុង​ស្ថិត​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូវយ៉ក​នេះ ដើម្បី​ចូលរួម​ក្នុង​វេទិកា​សង្គម​ស៊ីវិល​និង​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ ស្រប​នឹង​មហាសន្និបាត​សហប្រជាជាតិ​លើក​ទី​៧៤។ តើ​លោក​អាច​ជម្រាប​បាន​ទេ​ពី​លទ្ធផល​សំខាន់ៗ​ខ្លះៗ​ ដែល​លោក​ទទួល​បាន​ពី​កិច្ច​ប្រជុំ​ជា​ច្រើន​ថ្ងៃ​មក​នេះ?

​Joshua Cooper: បាទ ប្រាកដ​ជា​បាន។ ខ្ញុំ​គិត​ថា​ លទ្ធផលធំធេង​ជាង​គេ​គឺ​កិច្ចប្រជុំ​កំពូល​ស្ដីពី​សកម្មភាព​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។ អ្វី​ដែល​សំខាន់​គឺ​ពួក​យើង​ភ្ញាក់​រលឹក​ថា ​ពួក​យើង​ត្រូវ​តែ​ថែរក្សា​ភព​ផែនដី​របស់​យើង។ ដូច្នេះ អំពើពុករលួយ​និង​គោលនយោបាយ​មិន​ល្អ ដែល​ធ្វើ​ឱ្យ​ខ្ទេចខ្ទី​បរិស្ថាន​ធម្មជាតិ​របស់​យើង ត្រូវ​តែ​បញ្ឈប់។

អ្វី​ដែល​សំខាន់​គឺ​ថា​ យើង​ត្រូវ​តែ​ការ​ពារ​កម្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា​ធនធាន​ធម្មជាតិ នៅ​មាន​នៅ​ទី​នោះ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ វិធីសាស្ត្រ​ដែល​ផ្អែកលើ​សិទ្ធិមនុស្ស ធានា​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​គ្នា។

លទ្ធផល​សំខាន់​មួយ​ទៀត គឺ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទាំង​១៧​របស់​អង្គការ​សហប្រជាជាតិ។ គោលដៅ​ជា​សកល​ទាំង​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​របស់​កម្ពុជា ជាពិសេស​គឺ​បញ្ហា​គ្មាន​ភាព​ក្រីក្រ គ្មាន​ភាព​អត់ឃ្លាន និង​មាន​ប្រជាធិបតេយ្យ យុត្តិធម៌​ ហើយ​និង​សន្តិភាព។

លោក Joshua Cooper គឺជា​សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Hawaii និង​ជា​នាយក​វិទ្យាស្ថាន Hawaii ស្តីពី​សិទ្ធិមនុស្ស។
លោក Joshua Cooper គឺជា​សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Hawaii និង​ជា​នាយក​វិទ្យាស្ថាន Hawaii ស្តីពី​សិទ្ធិមនុស្ស។

សំណួរ៖ ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទាំង​១៧ គោលដៅ​ទី​១៦ផ្ដោត​ទៅ​លើ​សន្តិភាព យុត្តិធម៌​និង​ស្ថាប័ន​ដែល​រឹងមាំ ដែល​អ្នក​តាម​ដាន​ស្ថានភាព​សិទ្ធិមនុស្ស​គិត​ថា​នៅ​មាន​កង្វះ​ខាត​ក្នុង​ប្រទេស​កម្ពុជា។ តើ​លោក​គិត​ថា ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ អាច​ជួយ​ធានា​ឱ្យ​សម្រេច​គោលដៅ​នេះ​បាន​ដោយ​របៀបណា?

Joshua Cooper: ខ្ញុំ​គិត​ថា ការ​ពិនិត្យ​មើល​ឡើង​វិញ​នៅ​ពេល​ថ្មីៗ​នេះ​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ហើយ​សំខាន់​គឺ​ការ​ពិនិត្យ​មើល​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។ ជាច្រើន​លើក​ច្រើន​សារ​ហើយ គេ​ចង់​ឱ្យ​បញ្ចប់​អាណត្តិ​របស់​អ្នក​រាយការណ៍​ពិសេស​នោះ ប៉ុន្តែ​យើង​ដឹង​ថា​អាណត្តិ​នេះ ចាំបាច់​ត្រូវតែ​បន្ត​ ដរាបណា​ប្រជាពលរដ្ឋ​នៅ​តែ​មិន​ទាន់​មាន​សេរីភាព​ជា​សារវន្ត​និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ពួកគេនោះ។

ខ្ញុំ​គិត​ថា​វា​ជា​ការ​ចាំបាច់​ដោយ​ខាន​មិន​បាន​ ក្នុង​ការ​មាន​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​ដ៏​រឹងមាំ​មួយ ប៉ុន្តែ ស្ថាប័ន​បែប​នេះ មិន​ទាន់​មាន​នៅឡើយ​ទេ​នៅ​ពេល​នេះ។

ទិដ្ឋភាព​មួយ​ទៀត​គឺ​អាស៊ាន នៅ​ពេល​ដែល​អង្គការ​នេះ​កំពុង​អបអរសាទរ​ខួប​លើក​ទី​១០​របស់​ខ្លួន​ក្នុង​ការ​បង្កើត​គណៈកម្មការ​សិទ្ធិមនុស្ស​អន្តររដ្ឋាភិបាល (ASEAN Intergovernmental Commission on Human Rights)។ ប្រទេស​កម្ពុជា អាច​នាំ​មុខ​គេ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន ដូច​អ្វី​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ធ្វើ​កន្លង​មក ដើម្បី​ឱ្យ​មាន​អ្នក​តស៊ូ​មតិ​ដែល​ការពារ​សេរីភាព​ជា​សារវន្ត​ទាំង​អស់​នេះ។

សំណួរ៖ លោក​លើកឡើង​អំពី​ភាព​ចាំបាច់​ក្នុង​ការ​មានស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​ដ៏​រឹងមាំ​មួយ ប៉ុន្តែ កម្ពុជា​កំពុង​តែ​រៀបចំ​ឱ្យ​មាន​ស្ថាប័ន​បែប​នេះ​ហើយ​នៅ​ក្នុង​ប្រទេស។ តើ​លោក​គិត​ដូច​ម្តេច​អំពី​ស្ថាប័ន​ដែល​កម្ពុជា​កំពុង​រៀបចំ​បង្កើត​ឡើង​មួយ​នេះ?

Joshua Cooper: ខ្ញុំ​គិត​ថា ​គ្រប់​គ្នា​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធ​តែ​ស្គាល់​ពាក្យ​មួយ​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដែរ​នោះ​គឺ​គោលការណ៍​ទីក្រុង​ប៉ារីស សម្រាប់​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​(Paris Principles for National Human Rights Institutions)។ គោលការណ៍​ទាំង​នេះ មាន​សារៈសំខាន់​ដែល​មិន​អាច​អត់​បាន។ ដូច្នេះ បើ​កម្ពុជាកំពុង​តែ​រៀបចំ​ឱ្យ​មាន​ស្ថាប័ន​បែប​នេះ ពួកគេ​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​ពិន្ទុ​កម្រិត​ខ្ពស់​បំផុត។ បើ​ពួកគេ​មិន​ទទួល​បាន​ពិន្ទុ​ A ទេ នោះ​ពួកគេ​មិន​អាច​ចូលរួម​ការពារ​សិទ្ធិមនុស្ស​បាន​ទេ ហើយ​វា​នឹង​បង្ហាញ​ថា ​ស្ថាប័ន​នោះ​ខ្សោយ​និង​មិន​បាន​ការពារ​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ស្ថាប័ន​និយាយ​ការពារ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បញ្ចូល​គោលការណ៍​ទីក្រុង​ប៉ារីស នៅ​ក្នុង​ដំណើរ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​នោះ។​ អ្វី​ដែល​ជា​ដំណឹង​ល្អ​គឺ​ថា​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មាន​បទពិសោធន៍​រាប់​ទសវត្សរ៍​មក​ហើយ​ក្នុង​ការ​ជួយ​ប្រទេស​ផ្សេងៗ បង្កើត​ស្ថាប័ន​បែប​នេះ។​

សំណួរ៖ នៅ​ពេល​ដែល​និយាយ​ដល់​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នេះ ប្រទេស​កម្ពុជា​កន្លង​មក​តែងតែ​លើកឡើង​ថា​ នេះ​គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ប្រទេស​ដទៃទៀត មិន​គួរ​លូកដៃ​ចូល​នោះ​ទេ។ តើ​លោក​យល់​យ៉ាង​ដូច​ម្ដេច​ដែរ?

Joshua Cooper: ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​ទាក់ទង​នឹង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​បាន​ធ្វើ​ឡើង​និង​កិច្ច​ប្រជុំ​ស្តីពី​សកម្មភាព​ទៅលើ​ការ​ប្រែប្រួល​អាកាស​ធាតុ​គឺ​ថា អ្វី​ដែល​កើត​ឡើង​ចំពោះ​នរណា​ម្នាក់​នៅ​ទី​ណាមួយ​គឺ​ជា​រឿង​រ៉ាវ​របស់​មនុស្ស​គ្រប់គ្នា។ ដូច្នេះ នៅ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា​ពួកគេ​មាន​បញ្ហា​ប្រឈម យើង​ចាំបាច់​ត្រូវ​តែ​ស្ដាប់​សំឡេង​របស់​ពួកគេ។ ប្រសិន​បើ​រដ្ឋាភិបាល​គិត​ថា​ខ្លួន​បាន​ធ្វើ​កិច្ចការ​ល្អ​ប្រសើរ​ហើយ វា​មាន​សារៈសំខាន់​ក្នុង​ការ​ឱ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​ ត្រួតពិនិត្យ​មើល​លើ​ការងារ​នោះ ដើម្បី​ឱ្យ​ពួក​គេ​អាច​វាយតម្លៃ​ដោយ​ឥត​លម្អៀង​ថា​ តើ​រដ្ឋាភិបាលសម្រេច​បាន​សមិទ្ធផល​ទាំង​នោះ​បាន​ដោយ​របៀប​ណា។ ​

គ្រប់​រដ្ឋាភិបាល​ទាំង​អស់ សុទ្ធ​តែ​មិន​ចង់​ស្ដាប់​ការ​រិះគន់​ណាមួយ​ទេ ប៉ុន្តែ​ការណ៍​ពិត​គឺ​ថា​ប្រជាពលរដ្ឋ​ស្រឡាញ់​ប្រទេស​របស់​ពួកគេ​ ហើយ​ប្រហែល​ជា​ស្រឡាញ់​ខ្លាំង​ជាង​រដ្ឋាភិបាល​ស្រឡាញ់​ទៅ​ទៀត ហើយ​អ្វី​ដែល​ពួកគេ​ចង់​បាន​គឺ​ជីវភាព​ប្រសើរ​ជាង​មុន និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រទេស​របស់​ពួកគេ រីកចម្រើន​រុងរឿង។

ដូច្នេះ ការ​ប្រើ​វោហារសាស្ត្រ​អំពី​កិច្ចការ​ផ្ទៃក្នុង​នោះ​ ត្រូវ​តែ​បញ្ចប់​ទៅ។​ វា​មិន​មែន​ជា​គ្រា​ដែល​ត្រូវ​និយាយ​ថា ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ទេ ដោយ​សារ​តែ​លែង​មាន​អ្វី​ជា​កិច្ចការ​ផ្ទៃក្នុង​តទៅទៀត​ហើយ។

សំណួរ៖ ប៉ុន្តែ ​បរិយាកាស​នៃ​ការ​ភ័យ​ខ្លាច​ កំពុង​តែ​គ្រប់​ដណ្ដប់​មក​លើ​ពលរដ្ឋ​កម្ពុជា​ជាច្រើន ដោយសារ​តែ​ការ​គាបសង្កត់ ការ​គំរាមកំហែង​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាលជាដើម ដូច្នេះ តើ​ពលរដ្ឋ​កម្ពុជា​ អាច​ធ្វើ​ដូច​ម្តេច​បាន ដើម្បី​ការ​ពារ​សិទ្ធិមនុស្ស​របស់​ខ្លួន?

Joshua Cooper: អ្វី​ដែល​សំខាន់​គ្រប់​កាលៈទេសៈ​នោះ គឺ​ការ​ក្រោកឈរ​ឡើង ដើម្បី​សិទ្ធិ​របស់​អ្នក ហើយ​ចងសាមគ្គីភាព​ជាមួយ​ចលនា​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក។ ប្រសិន​បើ​អ្នក​ក្រឡេក​មើល​វេទិកា​ពលរដ្ឋ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ និង​ក្រុម​សង្គម​ស៊ីវិល​ដែល​ចូលរួម​ក្នុង​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​ ពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​ពី​ជុំវិញ​ពិភពលោក ដើម្បី​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក។

ដូច្នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​យើង មិន​បាន​ធានា​សិទ្ធិ​របស់​ពួកយើង យើង​ត្រូវ​តែ​ក្រោក​ឡើង និង​រួម​សាមគ្គី​គ្នា និង​ធ្វើ​ការ​ជាមួយ​គ្នា។ ខ្ញុំ​យល់​ពី​ការ​លំបាក ប៉ុន្តែ យើង​ត្រូវ​តែ​រស់នៅ​ដោយ​រួច​ផុត​ពី​សេចក្ដី​ភ័យខ្លាច៕

XS
SM
MD
LG