ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ពង្រឹង​សេវាសាធារណៈ


កម្មវិធី​តាមទូរស័ព្ទ​ដែល​មាន​ឈ្មោះ​ថា​ «សេវាសាធារណៈ» ឬ​ Cambodia Public Services​ បង្កើត​ឡើង​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់សេវាសាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/ VOA)
កម្មវិធី​តាមទូរស័ព្ទ​ដែល​មាន​ឈ្មោះ​ថា​ «សេវាសាធារណៈ» ឬ​ Cambodia Public Services​ បង្កើត​ឡើង​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់សេវាសាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/ VOA)

អ្នក​ឃ្លាំ​មើល​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ «សេវាសាធារណៈ» ប៉ុន្តែ​បង្ហាញ​ក្តី​បារម្ភ​ថា​សមត្ថភាពប្រើប្រាស់​បច្ចេក​វិទ្យារបស់​​ពលរដ្ឋ​កម្ពុជានៅ​តាម​ជនបទ​​​នៅ​មាន​កម្រិត​នៅ​ឡើយ។

កម្មវិធី​តាមទូរស័ព្ទ​ដែល​មាន​ឈ្មោះ​ថា​ «សេវាសាធារណៈ​» ឬ​ Cambodia Public Services ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ឥតគិត​ថ្លៃ​ កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ ​ដើម្បីលើក​កម្ពស់​សេវា​សាធារណៈ​នៅ​កម្ពុជា​។​

កម្មវិធី​តាម​ទូរស័ព្ទ «សេវាសាធារណៈ​»​នេះ​ ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដើម្បី​ផ្តល់​ព័ត៌មានអំពី​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ បង្កើន​ប្រសិទ្ធភាព​ការងារសាធារណៈ​ ព្រមទាំង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជាផងដែរ​។​

ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ស្តី​ពី​កម្មវិធី​ «​សេវាសាធារណៈ​»​ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​មុខងារសាធារណៈកាល​ពី​ថ្ងៃ​អង្គារ លោក​ ពេជ្រ​ ប៊ុនធិន​ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារសាធារណៈ អំពាវនាវ​ដល់អ្នក​ប្រើប្រាស់ទូរស័ព្ទ​ដៃ​ទំនើប​ឲ្យ​ទាញ​យក​ និង​តំឡើងកម្មវិធី «​សេវាសាធារណៈ​»​នេះ​ ដើម្បី​ឲ្យ​ពួកគេ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​សាធារណៈ​ និង​ចំណេញ​ពេល​វេលា​។​

«ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ស្មាតហ្វូន​នេះ​ ដើម្បី​ទាក់ទង​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ដែល​ជា​អ្នក​ផ្តល់​សេវា​សាធារណៈ​ហ្នឹង​ ណាត់​ពេល​ជួប​គ្នា​តែ​ម្តង​។ ប្រជាជន​មិន​ខាត​ពេល​ទេ​ គាត់​ដឹង​ថា​ទៅ​ដល់​កន្លែង​ហ្នឹង​ គាត់​ដឹង​ថា​មាន​ឯកសារ​សព្វគ្រប់​ទៅ​ជាមួយ​»។

យោង​ទៅ​តាមក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ យ៉ាង​ហោច​ណាស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​៧លាន​នាក់​ប្រើប្រាស់អ៊ីនធឺណេត​។ ​ខណៈ​ដែល​របាយការណ៍​ស្ទង់មតិរបស់​ The Asia​ Foundation បង្ហាញ​ថា​ ប្រជាជន​ខ្មែរ​ចំនួន​៤៨ភាគរយ​មាន​ទូរស័ព្ទ​ទំនើប​យ៉ាង​ហោច​ណាស់​មួយ​។​

កម្ម​វិធីទូរស័ព្ទ «​សេវាសាធារណៈ​»​ ​ថ្មី​នេះ​ បាន​ដាក់​បញ្ចូលទិន្នន័យ​សំខាន់ៗពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​នានា​ ជាអាទិ៍​ប្រភេទ​សេវា​សាធារណៈ​ កម្រៃ​សេវា​ រយៈពេលនៃ​ការ​ផ្តល់សេវា​ និងឯកសារ​ដែល​ពលរដ្ឋ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​ នៅ​ពេល​ដែល​ពួកគេ​ចង់​ប្រើប្រាស់​សេវា​ណា​មួយ​នោះ​។​

បន្ថែម​ពីលើ​នេះ​កម្ម​វិធី​ថ្មី​នេះក៏​អនុញ្ញាត​ឲ្យ អ្នក​ប្រើប្រាស់​ អាច​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មន្ត្រី​មូលដ្ឋាន​ដែល​ជា​អ្នក​ផ្តល់សេវា​ដើម្បី​ណាត់ជួប​ជា​មុន។ ហើយ​ពួកគេ​ក៏អាច​ចូលរួម​វាយ​តម្លៃ និង​ផ្តល់​យោបល់​ ចំពោះ​កម្ម​វិធីទូរស័​ព្ទនេះ​ផង​ដែរ។​

កម្មវិធី​តាមទូរសព្ទ​ដែល​មាន​ឈ្មោះ​ថា​ «សេវាសាធារណៈ​» ឬ​ Cambodia Public Services​ បង្កើត​ឡើង​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់សេវាសាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
កម្មវិធី​តាមទូរសព្ទ​ដែល​មាន​ឈ្មោះ​ថា​ «សេវាសាធារណៈ​» ឬ​ Cambodia Public Services​ បង្កើត​ឡើង​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់សេវាសាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

​លោក ​ឱក​ សេរី​សោភក្តិ៍​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ការ​បង្កើត​កម្ម​វិធី​ទូរស័ព្ទ«​សេវាសាធារណៈ​»​ និង​ជាអ្នក​ឯកទេសផ្នែក​អភិបាល​កិច្ច​ល្អ ថ្លែង​ប្រាប់​ VOA ​ថា ​ការ​បញ្ចូន​ព័ត៌មាន​តាម​បែប​ប្រព័ន្ធបច្ចេកវិទ្យា​នេះ​មាន​ភាព​រហ័ស​ និង​ងាយ​ស្រួល​ជាង​មុន​ ព្រមទាំងធ្វើ​ឲ្យ​សេវា​សាធារណៈ​នៅកម្ពុជា​កាន់​តែ​មាន​តម្លាភាព​។

«កាល​ណា​ក្រសួង​ធ្វើការ​ជាមួយ​អង្គការ​តម្លាភាព​ហើយ គឺ​យើង​បាន​ពិនិត្យគុណភាព​សេវា​ហ្នឹង​បាន​ល្អ​ ​បាន​ត្រឹម​ត្រូវ​ បាន​តម្លាភាព​។ ហើយ​បើកាល​ណា​ ឃើញ​ធ្វើ​អ្វី​ដែល​ខុស​ពី​ការ​ផ្សាយ​ ចឹង​ប្រជា​ពលរដ្ឋ​ សាធារណៈគេ​អាច​ចាប់​បាន​។ ឧទាហរណ៍​ថា​ ផ្សាយ​ជាមួយ ​TI ថា​សេវា​ហ្នឹង​អត់​យក​លុយ​ ដល់​តែ​ពេល​គេ​ទៅ​ធ្វើ​ស្រាប់​តែ​យក​លុយ ចឹង​ពលរដ្ឋ​អាច​ប្តឹង​មក​យើង​។​ លក្ខណៈតម្លាភាព​ហ្នឹង​ហើយ ដែល​យើង​ចង់​លើកស្ទួយ​»។​

​លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ស្វាគមន៍​យន្តការ​ថ្មី​តាម​បែប​អេឡិត្រូនិច​របស់​រដ្ឋាភិបាល​នេះ។ ក៏​ប៉ុន្តែ​លោកថា​ សមត្ថភាពប្រើប្រាស់​បច្ចេក​វិទ្យារបស់ពលរដ្ឋ​កម្ពុជានៅ​តាម​ជនបទ​នៅ​មាន​កម្រិត​នៅ​ឡើយ។​

«យើង​ស្វាគមន៍​គំនិត​ផ្តួច​ផ្តើម​បែប​នេះ​។​ តែ​ត្រូវ​ការ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ គួរ​តែ​មាន​យន្តការ​ឲ្យ​រលូន​ ព្រោះ​ថា​កន្លង​មក​ យើង​ឃើញ​មាន app អី​ច្រើន​ដែរ​ តែ​ពេល​ចូល​ទៅមើល​ទៅ​ឃើញ​ថា ​ព័ត៌មាន​មិន​គ្រប់​គ្រាន់​។ វា​មាន​តែ​ទម្រង់»។

លោក ​សន ជ័យ ចង់​ឃើញ​កម្មវិធីទូរស័ព្ទដៃ​«សេវាសាធារណៈ​»នេះ​ មាន​ព័ត៌មាន​សម្បូរបែប​ និង​មានការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​អាច​ឆ្លើយ​តប​ទៅ​ហ្នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​។​ លោក​បន្ថែម​ថា​ ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់​ ក៏ជា​រឿង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សេវា​សាធារណៈ​ផង​ដែរ​៕

XS
SM
MD
LG