ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ចាប់​ផ្តើម​ទិញ​ត្រី​ធ្វើ​ប្រហុក ខណៈ​រដូវកាល​ត្រីប្រហុក​មក​ដល់


ត្រី​ខ្ចប់​ដាក់​ការ៉ុង ដែល​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​លក់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ផែ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ដើម្បី​ទិញ​ត្រី យក​ទៅ​ធ្វើ​ប្រហុក​លក់។ (ស៊ុន ណារិន/VOA)
ត្រី​ខ្ចប់​ដាក់​ការ៉ុង ដែល​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​លក់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ផែ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ដើម្បី​ទិញ​ត្រី យក​ទៅ​ធ្វើ​ប្រហុក​លក់។ (ស៊ុន ណារិន/VOA)

នៅ​កំពង់​ផែ​គីឡូ​ម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឬស្សី​កែវ រាជធានីភ្នំពេញ ​ប្រជាពលរដ្ឋ​មកពីខេត្ត​និងរាជធានី​ភ្នំពេញ​ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ប្រហុក។​ មន្រ្តី​ជលផល​លើក​ឡើង​ថា ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​ឆ្នាំ​នេះ​មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំ​មុនៗ។​

រដូវ​កាល​ត្រី​ប្រហុក​បាន​មក​ដល់​ហើយ។ ​ប្រជា​ពលរដ្ឋ​បាន​ចាប់ផ្តើម​សម្រុក​នេសាទ​ត្រី​ ជាពិសេស​ត្រី​រៀល​ សម្រាប់​ធ្វើ​ប្រហុក។ ​នៅ​កំពង់​ផែ​គីឡូ​ម៉ែត្រ​លេខ​៩ ​ក្នុង​ខណ្ឌ​ឬស្សី​កែវ​ រាជធានី​ភ្នំពេញ ​សកម្មភាព​ប្រមូល​ផល​ត្រី ​និង​ទិញត្រី​សម្រាប់​ធ្វើ​ប្រហុក​ក៏​កំពុង​តែកើត​ឡើង​ផង​ដែរ។ ​មន្រ្តី​ជលផល​លើក​ឡើង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។​

លោកស្រី​ ព្រំ សុផា អាយុ​៧៣​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែធ្នូ ​បាន​ឡើង​ពី​ខេត្ត​ស្វាយ​រៀង​ មក​រាជធានី​ភ្នំពេញ​ដើម្បី​ទិញ​ត្រី​រៀល​ចំនួន៥០០​គីឡូក្រាម​ យក​ទៅ​ធ្វើ​ប្រហុក​សម្រាប់​លក់​នៅ​ក្នុង​តំបន់​ដែល​លោកស្រី​កំពុង​រស់​នៅ ​គឺ​ស្ថិត​ក្នុង​ភូមិ​ធ្លក​ ឃុំ​ក្រោល​គោ ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។​ លោក​ស្រី​បាន​រៀប​រាប់​ថា ​លោកស្រី​មក​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ជា​រៀង​រាល់​ឆ្នាំ ​គឺ​ជាង​៣០​ឆ្នាំ​មក​ហើយ ​នៅ​ពេល​ដែល​រដូវ​កាល​ប្រមូល​ត្រី​ធ្វើ​ប្រហុក​មក​ដល់។​

លោក​ស្រី សុផា ​មាន​ប្រសាសន៍​ទៀត​ថា ក្នុង​ការ​ធ្វើ​ប្រហុក​លក់​នេះ លោកស្រី​អាច​ទទួល​ប្រាក់​ចំណេញ​បាន​ស្ទើរ​ពាក់​កណ្តាល​នៃ​ថ្លៃ​ដើម។ ​លោកស្រី​បាន​ទិញ​ត្រី​ប្រហុក​ក្នុងមួយ​គីឡូ​តម្លៃ​១.៨០០​រៀល ​ហើយ​ពេល​ធ្វើ​ជា​ប្រហុក ​លោកស្រី​អាច​លក់​បាន​១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ​ប្រាក់​ចំណូល​នេះ​គឺ​បន្ថែម​លើ​ការ​រកស៊ី​ប្រចាំ​ថ្ងៃ​របស់​លោកស្រី ​ជាអ្នក​លក់​នំ​អន្សម​ជ្រូក ​អន្សម​ចេក ​និង​នំគម នៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ។​

លោកស្រី ​សុផា ​បាន​ឲ្យ​ដឹង​ទៀត​ថា លោ​កស្រី​លក់​ប្រហុក​បាន​តម្លៃ​ខ្ពស់ ​ដោយសារ​លោកស្រី​ធ្វើ​ប្រហុក​ស្អាត ​ដោយ​មិន​ដាក់​អំបិល​ច្រើន​នោះ​ទេ។​

លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ពេល​កំពុង​ប្រឡាក់​ត្រី​ថា៖​

«ចុះ​គេ​ដឹង​ គេ​ធ្លាប់​ទិញ​រាល់​ឆ្នាំ​អូន!​ ឲ្យ​តែ​ខែ​ធ្វើ​ប្រហុក ​គេ​ទៅ​ទិញ​ហើយ។ ​ទិញ​មួយ​ផ្ទះ ​មាន​៤០​ម៉ឺន​រៀល ៣​០​ម៉ឺន​រៀល​ ព្រោះ​ខ្ញុំ​ធ្វើ​ស្អាត»។​

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ប្រហុក​ដឹក​តាម​ថ្នល់​ហ្នឹង ​ដែល​គេ​ដាក់​ថ្នាំ​ គេ​លក់​៥០០០ទៅ​៦០០០​រៀល​ ហើយ​សុទ្ធ​តែ​អំបិល​ហ្នឹង!​ គេ​ដាក់​អំបិល​ឲ្យ​ច្រើន​ ហើយ​ខ្ញុំ​គ្មាន​អំបិល​ទេ។ ​ហើយ​របស់​ខ្ញុំ​ដូច​ថា ​គេ​ទៅ​ទិញ​អីចឹង​ បារ​ពី​ពាងមក​ ថ្លឹង​ឲ្យ​គេតែ​ម្តង​ អត់​មាន​អំបិល​ទេ»។​

បើ​តាម​អ្នក​មក​ទិញ​ ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​មាន​តម្លៃ​ចន្លោះ​ពី​១៨០០​ទៅ​២២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ សម្រាប់​ត្រី​មិន​ទាន់​កាត់​ក្បាល​រួច។ ​តែ​សម្រាប់​ត្រីកាត់​ក្បាល​ហើយ​ ​មាន​តម្លៃ​រហូត​ដល់​៤០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។​

​ជាធម្មតា ​អ្នក​នេសាទ​ចាប់​ត្រី​ប្រហុក​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវ​នេសាទ​រយៈពេល​បី​ខែ​ក្នុង​មួយ​ឆ្នាំ ​ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​កុម្ភៈ។ ​នៅ​រដូវ​ធ្វើ​ត្រី​ប្រហុក​ ​ប្រភេទ​ត្រី​រៀល​ ត្រីលេញ ​ហើយ​និង​ត្រី​ផ្សេងៗ​ទៀត​រាប់​ពាន់​ម៉ឺន​ក្បាល​ត្រូវ​បាន​នេសាទ​សម្រាប់​ធ្វើ​ប្រហុក។

ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្ត​ស្វាយ​រៀង​ដែរ​គឺ​លោក ​សុខ ចាន់ ​អាយុ​៣០​ឆ្នាំ ​កំពុង​តែ​ខ្ចប់​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ដាក់​ក្នុង​ការ៉ុង​ ដើម្បី​ដឹក​យក​ទៅ​ខេត្ត​ស្វាយរៀង។ ​លោក​បាន​ទិញត្រី​សម្រាប់​ធ្វើ​ប្រហុក​ចំនួន៥០០​គីឡូក្រាម។​ លោក​មាន​ប្រសាសន៍​ថា ​លោក​បាន​ប្រកប​មុខ​របរ​នេះ​ជាមួយ​ឪពុក​របស់​លោក​តាំង​ពី​ឆ្នាំ​២០០០​ ហើយ​អាច​ទទួល​បាន​ផល​ចំណេញ​តិចតួច​ពី​ការ​រក​ស៊ី​នេះ​ជា​រៀង​រាល់​ឆ្នាំ។ ​លោក​លើក​ឡើង​ថា អ្នក​ភូមិ​មួយ​ចំនួន​បាន​យក​ស្រូវ​មក​ដូរ​ជា​ប្រហុក​ផង​ដែរ។​

ប្រហុក​ជា​អាហារ​សំខាន់​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​

ប្រហុក​ជា​គ្រឿង​សំខាន់​សម្រាប់​ធ្វើ​ម្ហូប​របស់​ប្រជាជន​ខ្មែរ​ ​ហើយ​ប្រជា​កសិករ​ចាត់​ទុកប្រហុក​ជាប្រភព​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ។​ ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ​តែង​តែ​រក​ត្រី​ធ្វើប្រហុក​ ជា​រៀង​រាល់​ឆ្នាំដើម្បី​ទុក​ធ្វើ​ម្ហូប​ពេញ​មួយ​ឆ្នាំ។​

នៅ​គីឡូម៉ែត្រ​លេខ​៩ ​ក្រោយ​ពី​ឭ​ដំណឹង​ថា ​គេ​នឹង​ចាប់​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ លោក ​ណាំ ហួង ​អាយុ​៨០​ឆ្នាំ ​មក​ពី​បឹងទំពុន ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​មក​ទិញ​ត្រី​នៅ​ទីនេះ។ ​បុរស​វ័យ​ចំណាស់​រូប​នេះមាន​ប្រសាសន៍​ថា ​លោក​បាន​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ចំនួន៥០​គីឡូក្រាម​ ក្នុង​តម្លៃ​២០​ម៉ឺន​រៀល។ ​លោក​មាន​ប្រសាសន៍​ថា ​ប្រហុក​នេះ​ លោក​នឹង​ប្រើ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ​សម្រាប់​២​គ្រួសារ​ ដែល​មាន​សមាជិក​ទៅ​ដល់​ជាង​១០​នាក់។​ លោក​បញ្ជាក់​ថា លោក​មក​ទិញ​ប្រហុក​ក្នុង​មួយ​ឆ្នាំ​ម្តង​ ដើម្បី​ទុក​ប្រើ​ពេញ​មួយ​ឆ្នាំ​បន្ទាប់។​

លោក​ ណាំ ហួង ​ដែល​កំពុង​រវល់​លើក​ត្រី​ប្រហុក​ដាក់​លើ​រថយន្ត​របស់​លោក​ មាន​ប្រសាសន៍​ថា ​ប្រហុក​ជា​អាហារ​សំខាន់​មួយ​សម្រាប់​គ្រួសារ​របស់​លោក ​គឺតាំង​ពី​ដូនតា​របស់​លោក​មក។​

លោក​មាន​ប្រសាសន៍​ថា៖​

«តាំង​ពីដើម​មក ​តាំង​ពីដូនតា​រហូត​មក។​ ឪពុក​ខ្ញុំ​ក៏​ហូប ​ម្តាយ​ខ្ញុំ​ក៏​ហូប ​ជីដូន​ខ្ញុំ​ក៏​ហូប​ដែរ។​ ដល់​ខ្ញុំទៀត​ហើយ»។​

លោក​បន្ត​ថា ​លោក​យក​ប្រហុក​នេះ​ទៅ​ធ្វើ​ម្ហូប​ ដូច​ជា​ដាក់​ក្នុង​សម្ល ​ចិញ្រ្ចាំ​ជាមួយ​ត្រី​ឆ្អើរ​ ឆា​ជាមួយ​ខ្លាញ់ ​ដាក់​អំពិល​ទុំ និ​ង​ស្ករ​ជាដើម។ ​លោក​យល់​ថា ​ប្រហុក​ដែល​លោកធ្វើ​ខ្លួន​ឯង​មាន​គុណភាព​ល្អ​ជាង​ប្រហុក​នៅ​លើ​ទីផ្សារ។​

លោកបាន​បញ្ជាក់​ថា៖​

«ខ្លាច​ធ្វើ​មិន​ស្អាត ​ធ្វើ​ខ្លួន​ឯង​បាន​ស្អាត»។​

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត ​មក​ពី​ព្រៃស្ពឺ ​ក្នុង​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ​គឺ​លោក​ ខុន វុទ្ធី ​អាយុ​៣៣​ឆ្នាំ​ជា​អ្នក​លក់​នំប៉័ង ក៏​បាន​មកគីឡូម៉ែត្រ​លេខ​៩​ ដើម្បីទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ចំនួន​៥០​គីឡូ​ក្រាម។ ​លោក​មាន​ប្រសាសន៍​ថា ​លោក​នឹង​ប្រើប្រាស់​ប្រហុក​នេះ ​ក្នុង​រយៈ​ពេល៣​ឆ្នាំ ​ដោយប្រឡាក់​រាង​ប្រៃ​បន្តិច​ ដើម្បី​ទុក​បាន​យូរ។ ​លោក​បញ្ជាក់​ថា ​ប្រហុក​នេះ​គឺ​ប្រើ​សម្រាប់​ពីរ​គ្រួសារ​ គឺ​សម្រាប់​គ្រួសារ​ម្តាយ​ក្មេក​ និង​គ្រួសារ​លោក​ផ្ទាល់​ ដែល​មាន​សមាជិក៤​នាក់។​

លោក ​ខុន វុទ្ធី ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​មួយ​ខែ ​លោក​ប្រើ​ប្រហុក​នេះ​សម្រាប់​ដាំ​ស្ល ​និងចិញ្រ្ចាំ​ប្រហុក ៤​ទៅ​៥​ដង។​

លោក​មាន​ប្រសាសន៍​ថា​

«តាម​យើង​អត់​សូវ​ហូប​ ព្រោះ​អី​យើង​ហូប​តែ​ស្ល ​ឬ​ចិញ្រ្ចាំ​ម្តងៗ។​ បើ​ហូប​ញឹកឆាប់​អស់​ទៅ»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​

«គិត​ទៅ​វា​មិន​លើស​គ្នា​ទេ ​គ្រាន់​តែ​ថា​ នេះ​យើង​បាន​ធ្វើ​ដៃ​ឯង។​ យើង​បាន​ធ្វើ​ដៃ​ឯង​ វា​ល្អ​ហូប។​ យើង​អត់​មាន​ខ្លាច​ថ្នាំ ​ខ្លាច​អី​អីចឹង»។​

ចំណែក​អ្នកស្រី ​ង៉ាត់ សុជា ​អាយុ​៣៨​ឆ្នាំ ​មក​ពី​តា​ខ្មៅ ​តែង​តែ​មក​ទិញ​ត្រី​ប្រហុក​នៅ​គីឡូម៉ែត្រ​លេខ​៩ ជាង​២០​ឆ្នាំ​មក​ហើយ។ ​អ្នកស្រី​បាន​ជិះ​ទូក​ដល់​បែ​រក​ត្រី​ ហើយ​បាន​ទិញ​ត្រី​ចំនួន​១០០​គីឡូក្រាម សម្រាប់​ធ្វើ​ប្រហុក ​និង​ទុក​ចំអិន​ធ្វើ​ជា​ម្ហូប​សម្រាប់​សហគមន៍​កាតូលិក ​ដែល​មាន​ប្រជាជន​ខ្មែរ​ចូល​មក​ស្តាប់​ធម៌។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខាង​សហគមន៍​របស់​ខ្ញុំ​ត្រូវ​ការ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​ចាស់ៗ​ញាំ​ ក្មេងៗ ​អីចឹង។ ខ្ញុំ​ត្រូវ​ការ​ ដើម្បី​ចំណេញ​ពេលវេលា​ផង ​ចំណេញ​លុយ​សម្រាប់​សន្សំ​សំចៃ​សម្រាប់​សហគមន៍​ផង»។​

ត្រី​ធ្វើ​ប្រហុក​ល្អ​ជាង​ឆ្នាំ​មុន ​ទាំង​គុណភាព ​និងបរិមាណ​

រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​បាន​ប្រកាស​ថា ​ការ​ធ្វើ​អាជីវកម្ម​នេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​តាម​ដង​ទន្លេសាប​ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ ​និង​ខេត្តកណ្តាល​បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី២២​ដល់ថ្ងៃ​ទី​២៧​ខែធ្នូ​ឆ្នាំ២០១៧​ និង​ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៦​ខែ​មករា ឆ្នាំ​២០១៨។​

លោកស្រី ​សេន ម៉ៃស្មាស់​ អាយុ​៥៩​ឆ្នាំ ​ដែល​ជា​ម្ចាស់​បែត្រី​មួយកន្លែង​នៅ​គីឡូម៉ែត្រ​លេខ​៩ ​មាន​ប្រសាសន៍​ថា ​ត្រី​ក្នុង​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន ​ដោយសារ​មាន​ទឹក​ហូរ។​ ទោះជាយ៉ាងណា​ លោក​ស្រី​បារម្ភ​ថា​ ​មាន​ភ្លៀង​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រមូលត្រី ​មិន​សូវ​បាន​ល្អ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«ឆ្នាំ​នេះ​គ្រាន់​ជាង​ឆ្នាំ​មុន»។​

ទោះជា​យ៉ាងណា​ ​លោកស្រី​ ម៉ៃស្មាស់​ ដែល​ប្រកប​មុខរបរ​រក​ត្រី​នេះ​ជិត​៣០​ឆ្នាំ​មក​ហើយ ​មាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​នេះ ​មិន​សូវ​មាន​ប្រជា​ពលរដ្ឋ​មក​ទិញ​ដូច​ឆ្នាំ​មុន ​គឺ​បាត់បង់​អ្នក​ទិញ​ត្រី​ប្រហែល​៩០​ភាគរយ។ ​លោកស្រី​បញ្ជាក់​ថា ​នេះ​អាច​មក​ពី​មូលហេតុ​ប្រហុក​ឆ្នាំ​នេះ​នៅសល់ ​ហើយ​ប្រជា​ពលរដ្ឋ​ខ្លះ​រវល់​ច្រូត​ស្រូវ​របស់​ពួក​គេ។​

លោក ​រ៉េះ សាហ្វី​ អាយុ​៥១​ឆ្នាំ​ ជាម្ចាស់​ម៉ាស៊ីន​កាត់​ក្បាល​ត្រី ​និង​លាង​សម្អាត​ត្រី ​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​មិន​មាន​ភ្លៀង ​នោះ​ការ​នេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នឹង​ទទួល​បាន​ផល​ល្អ​ជាង​ឆ្នាំ​មុន។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជាអត់​ភ្លៀង​ទេ ​ប្រហែល​ជា​ល្អ​ជាងឆ្នាំទៅ។​ ​ត្រី​ប្រហុក​វា​កើន​ច្រើន​ជាង​ តាម​យើង​វិភាគ​មើល។​ ហើយ​ត្រី​ប្រហុក​ក៏​កើន​ជាង​ឆ្នាំ​ទៅ​ដែរ​ ត្រី​រៀល​សុទ្ធហ្មង។ ​ពី​ឆ្នាំ​ទៅ​ ត្រី​រៀល​តូចៗ ​ត្រី​ស្លឹកឫស្សី ​អា​នេះ​ត្រីរៀល​សុទ្ធ​ល្អ​ហ្មង»។​

លោក ​អេង ជាសាន ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ មាន​ប្រសាសន៍​ថា ​ស្ថានភាព​ទឹក​នៅ​ក្នុង​ឆ្នាំ​នេះ ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​គឺ​ខ្ពស់​ជាង​ឆ្នាំ​មុន ​ប្រហែល​ជាង​កន្លះ​ម៉ែត្រ ​ហើយ​លោក​ថា​ នេះ​នាំ​ឲ្យ​ការ​នេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«ដោយ​សារ​ទឹក​វា​ឡើង​(ជាងមុន) ​ហើយ​វា​នៅ​ហ្នឹង បាន​រហូត​ដល់​៥ខែ ​អីចឹងត្រី​មាន​សភាព​ធំ​ជាង​មុន ហើយ​បរិមាណ ​ក៏​យើង​ចាប់​បាន​ច្រើន​ដែរ។​ សភាព​ត្រី​ ​ដូច​ខ្ញុំ​បាន​ជម្រាប​ជូនអីចឹង​ ត្រី​មាន​ទំហំធំជាង​មុន»។​

លោក​បន្ត​ថា ​ត្រី​ស្រែ​ឆ្នាំ​នេះ​បាន​កើន​ឡើង​ប្រហែល​១២០០០​តោន ​ហើយ​ត្រី​ចាប់​បាន​នៅ​តាម​ឡូតិ៍​នេសាទ​នានា​ក៏​បាន​កើន​ប្រហែល​ពី​៧​ទៅ​៨​ពាន់​តោន​ផង​ដែរ។​ ដូច្នេះ​ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ប្រហែល​១៩០០០​តោន។​

លោក ​អេង ជាសាន ​បន្ត​ថា ​ការ​បង្រ្កាប​បទ​ល្មើស​នេសាទ​មាន​ច្រើន ​ដូច្នេះ​ហើយ​ទើប​មាន​កំណើន​ត្រី​នៅ​ឆ្នាំ​នេះ៕

XS
SM
MD
LG