ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ប្រើ​ទូរស័ព្ទ​ចល័ត​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​ខ្មែរ​ដែល​ប្រើ​ទូរស័ព្ទ​ចល័ត​ក្នុង​ការ​ផ្ញើរ​ប្រាក់​ទៅ​ផ្ទះ មាន​កាន់តែ​ច្រើន​ឡើង

សព្វ​ថ្ងៃ​នេះ​ ដោយ​សារ​តែ​​បចេ្ចកវិទ្យា​ទំនើប​តាម​ទូរស័ព្ទ​ចល័ត​ កម្មករ​ខ្មែរ​​​អាច​​ផ្ញើ​ប្រាក់​អស់​តម្លៃ​ថោក​និង​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​មួយ​ផង​ដែរ។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ កម្មករ​ខ្មែរ​ដែល​មកធ្វើ​ការ​នៅ​ទីក្រុង​ផ្ញើ​ប្រាក់​ទៅ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ទី​ជនបទ​តាម​រយៈ​រថយន្ត​ឈ្នួល។​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ដោយ​សារ​តែបចេ្ចកវិទ្យា​ទំនើប​តាម​ទូរស័ព្ទ​ចល័ត​ ពួក​គេ​អាចផ្ញើ​ប្រាក់​អស់​តម្លៃ​ថោក​និង​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​មួយ​ផង​ដែរ។​

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​បើក​ប្រាក់​ខែ​របស់​នាង​ សុត​ សោភ័ណ្ឌ​ កម្មការិនី​រោងចក្រ​កាត់​ដេរ។​

ដូច​កម្មករ​រោងចក្រ​ ៦០០.០០០នាក់​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​ដែរ​ សោភ័ណ្ឌ​ផ្ញើ​ប្រាក់​រាល់​ខែ​ដល់​គ្រួសារ​នាង​នៅ​ឯ​ស្រុក។​

ពេល​សោភ័ណ្ឌ​បង់​ប្រាក់​រួច​ ឪពុក​ម្តាយ​នាង​នឹង​ទទួលបាន​លេខ​កូដ​ ដែល​អាច​ដក​ប្រាក់​បានតាម​ភ្នាក់ងារ​នៅខេត្ត។​

«និយាយ​ទៅ​ ខ្ញុំ​អត់​សូវ​ផ្ញើ​ញឹក​ញាប់​អី​ប៉ុន្មាន​ទេ​ មួយ​ខែ​ផ្ញើ​ម្តង​ទេ​ នៅ​ពេល​ដែល​ខ្ញុំ​បើក​លុយ​ហើយ។​ ហើយ​ជា​ទូទៅ​ផ្ញើ​តិច​តួច​បំផុត​ពី​ ២០​ ទៅ​៣០ដុល្លារ។‍»​

ប៉ុន្មាន​ឆ្នាំ​មុន​ គេ​ផ្ញើ​ប្រាក់​តាម​ឡាន​ឈ្នួល​ ដែល​មាន​តម្លៃ​ថ្លៃ​ ហើយ​ប្រថុយ​ប្រថាន​អាច​ត្រូវ​គេ​លួច។​

ទោះ​បី​ប្រាក់​ដែល​ផ្ញើ​មាន​ចំនួនតិច​ក៏​ដោយ ក៏​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ជួយ​ដល់ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជន​បទ។​ ស្ទើរ​គ្រប់​គ្នា​នៅ​កម្ពុជា​ សព្វ​ថ្ងៃ​មាន​ទូរស័ព្ទ​ចល័ត។​ យោង​តាម​ការ​សិក្សា​មួយ​របស់​មូលនិធិ​អាស៊ី​ ការ​ប្រើ​ប្រាស់​នៃ​ចំនួន​ទូរស័ព្ទ​ទំនើប​កើន​ឡើង​៣០​ភាគ​រយ​ ពី​ឆ្នាំ​ ២០១៣ ដល់​ ២០១៤។​

ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​ Wing​ ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​ជាង​មួយ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៣។​

អ្នកស្រី ឃួន ហ្វ្រង់តារា អគ្គ​នាយក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ Wing ថ្លែង​ថា ​Wing​ទទួល​បាន​មេរៀន​ជោគជ័យ​នៃ​ការ​ផ្ទេរប្រាក់​តាម​ទូរស័ព្ទ​នេះ​ ​ពី​ប្រទេស​ កេនយ៉ា និង​ហ្វីលីពីន។​

«ពី​ដើម ​មុន​មាន​ក្រុមហ៊ុន​ Wing​ គឺ​មាន​តម្រូវការ​របស់​កម្មករ​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់​ដេរ​នៅ​ទីក្រុង ដែល​ខ្ញុំ​គិត​ថា​ជា​វិស័យ​សំខាន់​ទី២​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ ពួក​គេ​មាន​ការ​លំបាក​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​ស្រុក​ភូមិ​ ទៅ​ឲ្យ​ក្រុម​គ្រួសារ​តាម​រយៈ​រថយន្ត​ឈ្នួល​ ដែល​ជា​វិធី​ក្រៅ​ផ្លូវ​ការ​មួយ​ ព្រោះ​ត្រូវ​បង់​ប្រាក់​ថ្លៃ​និង​មិន​មាន​សុវត្ថិភាព»។​

សម្រាប់​កម្មករ​រោងច្រក​ដូច​ជា​ សោភ័ណ្ឌ​ ដែល​មាន​ប្រាក់​ខែ​តិច​តួច​ ងាយ​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែ​ប្រួល​តម្លៃ​នោះ​ ការ​ផ្ញើ​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​បាន​ជួយ​ដល់​នាង​ច្រើន៕​

ប្រែ​សម្រួលល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG