ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​ផែនការ​ស្តារ​អគារ​មិន​ទាន់​សាងសង់​រួច​នៅ​ក្រុង​ព្រះសីហនុ


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​បង្ហាញ​ពី​អគារ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​បង្ហាញ​ពី​អគារ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០។

កាលពី ៥ ឆ្នាំ​មុន វិនិយោគិន​ចិន​បាន​ចាប់ផ្តើម​ប្រែផ្លាស់​ក្រុង​ព្រះសីហនុ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ឱ្យ​ទៅ​ជា​តំបន់​កាស៊ីណូ​ដ៏​ទាក់ទាញ​មួយ​ប្រជែង​នឹង​ក្រុង​ម៉ាកាវ​របស់​ចិន​និង​ក្រុង Las Vegas របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​ព្យាយាម​ប្រែផ្លាស់​នេះ​បាន​បញ្ចប់​ដោយសារ​ការ​ដាក់​បម្រាម​លើ​ល្បែង​អនឡាញ​និង​វិបត្តិ​ជំងឺ​កូវីដ១៩។

ពលករ​ចិន​ជាង ២០០.០០០ នាក់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​បោះបង់​ចោល​អគារ​កាស៊ីណូ​និង​អគារ​ខ្ពស់​ដែល​សាងសង់​មិន​ទាន់​រួចរាល់។ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​បាន​ពណ៌នា​ស្ថានភាព​នេះ​ថា​ជា​ការ​ក្រើន​រំឭក​មួយ​អំពី​ការ​វិនិយោគ​ខ្ជីខ្ជា ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ជនជាតិ​ចិន។

ជា​ការ​ឆ្លើយតប អាជ្ញាធរ​កំពុង​រៀបចំ​ផែនការ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ផែនការ​នេះ​រួម​មាន​ការ​បង្កើន​ចំនួន​មនុស្ស​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​បាន ៣ ដង​រហូត​ដល់​មួយ​លាន​នាក់​តាមរយៈ​ការ​សម្រួល​ទិដ្ឋាការ​សម្រាប់​ជន​បរទេស និង​ការ​សម្រួល​ពន្ធ​សម្រាប់​ពលរដ្ឋ​ថ្នាក់​កណ្តាល​ដែល​កំពុង​មាន​ចំនួន​កើនឡើង​នៅ​កម្ពុជា។ កាល​បរិចេ្ឆទ​ត្រឹម​ឆ្នាំ ២០២៦ ឱ្យ​មាន​ការ​កម្ទេច​ចោល​ឬ​សាងសង់​បញ្ចប់​អគារ​ដែល​បាន​សាងសង់​ហើយ​ពាក់​កណ្ដាល​ទី​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផង​ដែរ។

លោក David Totten នាយក​គ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ Emerging Markets Consulting បាន​និយាយ​ថា អគារ​មិន​ទាន់​សាងសង់​រួចរាល់​បាន​បង្កើត​ឱ្យ​មាន​បញ្ហា​ផ្លូវ​ច្បាប់​នានា​ទាក់ទិន​នឹង​កម្មសិទ្ធិ​ និង​ការ​ទទួល​ខុសត្រូវ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «សម្រាប់​មួយ​ភាគ​ធំ​នៃ​អគារ​ទាំង​នោះ កម្មសិទ្ធិ​អាច​ជា​មន្ទិល ហើយ​ម្ចាស់​កម្មសិទ្ធិ​របស់​គម្រោង​សាងសង់​ទាំង​នោះ​ប្រហែល​ជា​លែង​មាន​ត​ទៅ​ទៀត​ឬ​អសកម្ម។ ដូច្នេះ​នឹង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​ក្នុង​ការ​យក​អចលនទ្រព្យ​ទាំង​នោះ​ពី​ម្ចាស់​កម្មសិទ្ធិ​មុន»។

ប៉ុន្តែ​វិនិយោគិន​កំពុង​វិល​ត្រឡប់​មក​វិញ​ជា​បណ្ដើរៗ។

ការ​កែ​លម្អ​ក្រោម​ការ​ឧបត្ថម្ភ​ពី​ចិន​លើ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ដ៏​ចម្រូងចម្រាស ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ក្រុង​ព្រះសីហនុ ក៏​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ ដែល​ករណី​នេះ​បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​មិន​សប្បាយចិត្ត។ រដ្ឋាភិបាល​អាមេរិក​បាន​ទទូច​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ក្រៅ​ប្រទេស​ទី​ពីរ​របស់​ចិន បន្ទាប់ពី​ប្រទេស​ជីប៊ូទី។

ប៉ុន្តែ រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​រឿង​អធិបតេយ្យភាព​របស់​កម្ពុជា​សុទ្ធសាធ ហើយ​មូលដ្ឋាន​នេះ​នឹង​ត្រូវ​បើក​ចំហ​សម្រាប់​ប្រទេស​ជា​ច្រើន។

ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ថ្មី​មួយ​ដែល​គេ​ស្គាល់​ថា Bay of Lights កំពុង​ត្រូវ​បាន​សាងសង់​លើ​ដី​ចាក់​បំពេញ​សមុទ្រ​ចំនួន ៩៣៤ ហិចតា ដោយ​អ្នក​ជំនួញ​ជនជាតិ​ចិន​ឈ្មោះ Chen Zhi ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ ២០២៨ ខាង​មុខ​ដោយ​នឹង​ចំណាយ​អស់​ថវិកា ១៦ ពាន់​លាន​ដុល្លារ។

លោក Harrison White និពន្ធ​នាយក​សារព័ត៌មាន Cambodia Investment Review បាន​និយាយ​ថា អ្វី​ជា​ច្រើន​ទៀត​ត្រូវ​បាន​គ្រោង​ឡើង​សម្រាប់​តំបន់​នេះ ហើយ​ការ​សាងសង់​បន្ថែម​អាច​មាន​រហូត​ដល់​ឆ្នាំ ២០៤០។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ស្រប​ពេល​ដែល​គម្រោង​កំពុង​ដំណើរការ​ទៅ​មុខ យើង​រំពឹង​ថា ចំនួន​ប្រជាជន​នឹង​កើនឡើង ១៦០.០០០ នាក់ ក៏​ដូចជា​ការងារ​ចំនួន ៣៣០.០០០ ផង​ដែរ ហើយ​អ្នក​ទេសចរ​រហូត​ដល់ ៣ លាន​នាក់​អាច​នឹង​មក​ទស្សនា​តំបន់​នេះ»។

ផ្លូវ​ល្បឿន​លឿន​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ​ក្រោម​ហិរញ្ញប្បទាន​របស់​ចិន ដែល​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ជាមួយ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ ហើយ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ក៏​ត្រូវ​បាន​គ្រោង​ឡើង​ផង​ដែរ​ដែល​នឹង​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​វៀតណាម ស្រប​ជាមួយ​នឹង​បណ្តាញ​ផ្លូវ​ដែក​ល្បឿន​លឿន​ដែល​នឹង​ត្រូវ​សាងសង់​ឡើង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន។

កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១៥០ ដែល​មាន​តម្លៃ​ប្រហែល ៣០ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ចាត់​ជា​អាទិភាព។ ករណី​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​ផលទុន​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា​គឺ​មាន​ត្រឹមតែ ២៧ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG