ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​និស្សិត​ខ្មែរ​នឹង​ពិភាក្សា​អំពី «ជីវិត​ផុត​ពី​ការ​រស់រាន​ពី​របប​ខ្មែរ​ក្រហម‍»


ខិត្តប័ណ្ណសន្និសីទ​សម្ព័ន្ធ​និស្សិត​ខ្មែរ​ឆ្នាំ ២០១៩

សន្និសីទ​សម្ព័ន្ធ​និស្សិត​ខ្មែរ​ប្រចាំ​ឆ្នាំ​លើក​ទី ១៥ ដែល​រៀបចំ​ឡើង​ដោយ​សមាគម​និស្សិត Cambodian Student Society នៃ​សាកល​វិទ្យាល័យ California State University Long Beach និង​សមាគម​និស្សិត Cambodian Awareness Organization នៃ​សាកល​វិទ្យាល័យ University of California, Irvine នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ២៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ នៅ​សាកល​វិទ្យាល័យ California State University Long Beach។ សន្និសីទ​នេះ​ផ្ដោត​ជា​ពិសេស​លើ «អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សហគមន៍ [ខ្មែរ​អាមេរិកាំង] នា​ពេល​បច្ចុប្បន្ន​នេះ។

ខិត្តប័ណ្ណសន្និសីទ​សម្ព័ន្ធ​និស្សិត​ខ្មែរ​ឆ្នាំ ២០១៩
ខិត្តប័ណ្ណសន្និសីទ​សម្ព័ន្ធ​និស្សិត​ខ្មែរ​ឆ្នាំ ២០១៩

សន្និសីទ​សម្ព័ន្ធ​និស្សិត​ខ្មែរ (Khmer Students Coalition Conference) ឆ្នាំ​នេះ ដែល​រៀបចំ​ឡើង​ដោយ​សមាគម​និស្សិត Cambodian Student Society នៃ​សាកល​វិទ្យាល័យ California State University Long Beach និង​សមាគម​និស្សិត Cambodian Awareness Organization នៃ​សាកល​វិទ្យាល័យ University of California, Irvineនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ នៅ​សាកល​វិទ្យាល័យ California State University Long Beach។

«ជីវិត​ផុត​ពី​ការ​រស់រាន​ពី​របប​ខ្មែរ​ក្រហម៖ អត្តសញ្ញាណ​ប្រទាក់​ក្រឡា​គ្នា ទ្រឹស្ដី​ស្ត្រី​និយម និង​ការ​អប់រំ‍» គឺ​ជា​ប្រធានបទ​នៃ​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី ១៥ នេះ ដែល​ផ្ដោត​លើ «ដំណើរ​ផុត​ពី​របប​ខ្មែរ​ក្រហម និង​ផ្ដោត​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សហគមន៍ [ខ្មែរ​អាមេរិកាំង] នា​ពេល​បច្ចុប្បន្ន‍»។ នេះ​បើ​យោង​តាម​កម្មវិធី​របស់​សន្និសីទ​នេះ។

សន្និសីទ​សម្ព័ន្ធ​និស្សិត​ខ្មែរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៤ ដើម្បី «ភ្ជាប់​ទំនាក់ទំនង បង្រួបបង្រួម និង​ជំរុញ​លើក​ទឹក​ចិត្ត​និស្សិត​ខ្មែរ‍» មក​ពី​ទូទាំង​សហរដ្ឋ​អាមេរិក។ អ្នកស្រី​បណ្ឌិត នូ លក្ខិណា សាស្ត្រាចារ្យ​សង្គមវិទ្យា​នៃ​សាកល​វិទ្យាល័យ California State University Long Beach និង​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ដល់​ក្រុម​និស្សិត​នៃ​សមាគម​និស្សិត Cambodian Student Society បាន​បញ្ជាក់​ថា សន្និសីទ​ឆ្នាំ​នេះ​មាន​បំណង​ជា​ពិសេស​ទាក់ទាញ​ភាគ​ច្រើន​និស្សិត​ខ្មែរ​អាមេរិកាំង និង​និស្សិត​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ដី​កោះ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក «ដែល​ជា​ក្រុម​មាន​ចំនួន​តិចតួច​នៅ​ក្នុង​ផ្នែក​សិក្សា​អប់រំ‍»។

ការ​ជួបជុំ​គ្នា​នៅ​ក្នុង​ឆ្នាំ​នេះ​អាច​មាន​សារៈសំខាន់​ជាង​កាល​ពី​លើក​មុនៗ ដោយសារតែ «កាល​ពី​លើក​មុនៗ សន្និសីទ​នេះ​ផ្ដោត​ភាគ​ច្រើន​លើ​ថា​តើ​ពលរដ្ឋ​ខ្មែរ​មក​ដល់​សហរដ្ឋ​អាមេរិក​តាម​វិធី​ណា និង​ស្លាកស្នាម​ឈឺចាប់​កាល​ពី​អតីតកាល។ យើង​មិន​មែន​និយាយ​ថា យើង​មិន​គួរ​និយាយ​អំពី​រឿងរ៉ាវ​ទាំង​អស់​នេះ​ទេ ប៉ុន្តែ ការ​ទទួល​ស្គាល់​ពី​អតីតកាល​គឺ​វា​សំខាន់​ហើយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ឲ្យ​ហួស​ពី​ដំណើរ​ជីវិត​ផុត​ពី​ការ​រស់រាន​ពី​របប​ខ្មែរ​ក្រហម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ethan Chhan ប្រធាន​ផ្នែក​ទំនាក់ទំនង​សង្គម​នៃ​សមាគម​និស្សិត Cambodian Awareness Organization។

លោក Ethan Chhan ប្រធាន​ផ្នែក​ទំនាក់ទំនង​សង្គម​នៃ​សមាគម​និស្សិត Cambodian Awareness Organization និង​ជា​និស្សិត​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ឱសថសាស្ត្រ​នៃ​សាកល​វិទ្យាល័យ University of California, Irvine។ (រូបថត​ផ្តល់ឲ្យ)
លោក Ethan Chhan ប្រធាន​ផ្នែក​ទំនាក់ទំនង​សង្គម​នៃ​សមាគម​និស្សិត Cambodian Awareness Organization និង​ជា​និស្សិត​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ឱសថសាស្ត្រ​នៃ​សាកល​វិទ្យាល័យ University of California, Irvine។ (រូបថត​ផ្តល់ឲ្យ)

របប​ខ្មែរ​ក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ហើយ​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ចំនួន​ប្រហែល ១ លាន ៧ សែន​នាក់។ ក្រោយ​ការ​ដួល​រលំ​របប​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ អ្នកស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា ពេលផ្តល់បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​ ​រដ្ឋ​កាលីហ្វ័រនីញ៉ា។​
រូបឯកសារ៖ អ្នកស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា ពេលផ្តល់បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​ ​រដ្ឋ​កាលីហ្វ័រនីញ៉ា។​

អ្នកស្រី​សាស្ត្រាចារ្យ នូ លក្ខិណា លើក​ឡើង​ថា វា​ជា «សន្និសីទ​ដែល​រៀបចំ​ឡើង​ដោយ​និស្សិត‍» ដោយ​សាកល​វិទ្យាល័យ​នីមួយៗ​ផ្លាស់ប្ដូរ​វេន​គ្នា​នៅ​ក្នុង​ការ​រៀបចំ​វា​ឡើង។ អ្នកស្រី​បន្ថែម​ថា ប្រធានបទ​នៃ​សន្និសីទ​នេះ​ក៏​ផ្លាស់ប្ដូរ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​អាស្រ័យ​លើ​អ្នក​រៀបចំ។

«សម្រាប់​ឆ្នាំ​នេះ​ជា​ពិសេស និស្សិត​ខ្មែរ​ក្មេងៗ​ចង់​ផ្ដោត​លើ​អត្តសញ្ញាណ​ប្រទាក់​ក្រឡា​គ្នា ទ្រឹស្ដី​ស្ត្រី​និយម និង​ការ​អប់រំ ដោយសារតែ​ពួកគេ​យល់​ឃើញ​ថា​បញ្ហា​ទាំង​នេះ​ជា​បញ្ហា​សំខាន់​សម្រាប់​ពួកគេ និង​សហគមន៍​របស់​ពួកគេ‍»។

លោក Sovannprina Kiet ប្រធាន​សមាគម​និស្សិត Cambodian Student Society និង​ជា​និស្សិត​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​មេកានិច​នៃ​សាកល​វិទ្យាល័យ California State University Long Beach។ (រូបថត​ផ្តល់ឲ្យ)
លោក Sovannprina Kiet ប្រធាន​សមាគម​និស្សិត Cambodian Student Society និង​ជា​និស្សិត​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​មេកានិច​នៃ​សាកល​វិទ្យាល័យ California State University Long Beach។ (រូបថត​ផ្តល់ឲ្យ)

លោក Sovannprina Kiet ប្រធាន​សមាគម​និស្សិត Cambodian Student Society បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ «អត្តសញ្ញាណ​ប្រទាក់​ក្រឡា​គ្នា‍» ក្នុង​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ផុត​ពី​ការ​រស់រាន​ពី​របប​ខ្មែរ​ក្រហម។ លោក​បាន​និយាយ​ថា មូលហេតុ​គឺ​ដោយសារ «ពួកគេ​ភាគ​ច្រើន​ធំ​ដឹង​ក្ដី​នៅ​សហរដ្ឋ​អាមេរិក។ ពួកគេ​ហាក់​ដូចជា​នៅ​មិន​ច្បាស់​អំពី​អត្តសញ្ញាណ​របស់​ខ្លួន។ អ្នក​ខ្លះ​មិន​ចេះ​ភាសា​ខ្មែរ​ច្រើន​នោះ​ទេ។ អ្នក​ខ្លះ​ទៀត​ចេះ​តែ​ភាសា​ខ្មែរ និង​ដឹង​ច្រើន​អំពី​វប្បធម៌​ខ្មែរ ដូច្នេះ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​អំពី​អ្វីៗ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​មិន​ដែល​និយាយ​នោះ​ទេ‍»។

សន្និសីទ​នេះ​មាន​សិក្ខាសាលា​ចំនួន ៤។ ទី​មួយ​អំពី​ការ​ស្វែង​យល់​អំពី​អត្តសញ្ញាណ​ខ្មែរ។ ទី​ពីរ​អំពី​វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ទី​បី​អំពី​ការ​វាស់វែង​អំពី​ភាព​សុខ​ចម្រុងចម្រើន​របស់​ប្រទេស​មួយ ហើយ​ទី​បួន​គឺ​ការ​ថែ​រក្សា​សុខភាព​នៅ​ក្នុង​សហគមន៍​ខ្មែរ។ នៅ​ចុង​បញ្ចប់​នៃ​សិក្ខាសាលា​នីមួយៗ មាន​ការ​ពិភាក្សា​សំណួរ និង​ចម្លើយ។

មេដឹកនាំ​សហគមន៍ អ្នក​សិក្សា​រៀន​សូត្រ អ្នក​ជំនាញ និង​អ្នក​មាន​វិជ្ជាជីវៈ​នានា ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គឺ​ជា​អ្នក​ដែល​នឹង​ចូលរួម​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ទាំង​អស់​ខាង​លើ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី នូ លក្ខិណា។ អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា អ្នកស្រី​បាន​លើក​ទឹកចិត្ត​អ្នក​រៀបចំ​កម្មវិធី​ដែល​ជា​និស្សិត​ខ្មែរ​ឲ្យ​អញ្ជើញ «ពលរដ្ឋ​ខ្មែរ​ដែល​ជា​ធនធាន​នៅ​ក្នុង​សហគមន៍‍»។

«ពលរដ្ឋ​ខ្មែរ​យើង​ផ្ដល់​តម្លៃ​ឲ្យ​អ្នក​ខាង​ក្រៅ​ច្រើន​ណាស់ តាំងពី​អ្នក​សិក្សា​ស្រាវជ្រាវ អ្នក​ជំនាញ និង​អ្នក​នយោបាយ​ជា​ដើម ដែល​ធ្វើ​ឲ្យ​យើង​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ធនធាន​មនុស្ស​ដែល​យើង​មាន​ស្រាប់​នៅ​ក្នុង​សហគមន៍...។ ដើម្បី​ឲ្យ​និស្សិត​ស្គាល់​ពី​តម្លៃ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ខ្មែរ... ខ្ញុំ​ចង់​ឲ្យ​យុវជន​ក្មេងៗ​ទាំង​នេះ​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក‍»។

លោក Danny Chhay និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចិត្តសាស្ត្រ និង​សង្គម​សាស្ត្រ​ពី​សាកល​វិទ្យាល័យ California State University Long Beach។ (រូបថត​ផ្តល់ឲ្យ)
លោក Danny Chhay និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចិត្តសាស្ត្រ និង​សង្គម​សាស្ត្រ​ពី​សាកល​វិទ្យាល័យ California State University Long Beach។ (រូបថត​ផ្តល់ឲ្យ)

លោក Danny Chhay ដែល​ជា​យុវជន​ខ្មែរ​អាមេរិកាំង​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​ម្នាក់ នឹង​ធ្វើ​ជា​អ្នក​ថ្លែង​សុន្ទរកថា និង​ជា​អ្នក​សម្របសម្រួល​មួយ​រូប​នៅ​ក្នុង​សន្និសីទ​នេះ។ ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​មួយ​រូប​នៃ​គណៈកម្មាធិការ «វិធី​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ‍» លោក​គិត​ថា វេទិកា​នេះ​មាន «សារៈសំខាន់​ខ្លាំង​ណាស់‍» សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ជីវិត​ក្នុង​ការ​សិក្សា​អប់រំ។

លោក Danny ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចិត្តសាស្ត្រ និង​សង្គមសាស្ត្រ​ពី​សាកល​វិទ្យាល័យ California State University Long Beach គិត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ទី​ពីរ លោក​មាន​តួនាទី​នៅ​ក្នុង​ការ​រក្សា​វប្បធម៌ និង​អត្តសញ្ញាណ​ខ្មែរ និង​ចែក​រំលែក​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ទី​បី។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ទី​ពីរ ខ្ញុំ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ចែក​រំលែក​អ្វី​ដែល​យ៉ាង​ហោច​ណាស់​ខ្ញុំ​អាច​រក្សា​បាន​នូវ​វប្បធម៌​ខ្មែរ ទោះបីជា​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក៏​ដោយ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​គង់វង្ស»។

សន្និសីទ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៨ ព្រឹក និង​បញ្ចប់​បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា​បញ្ចប់​នៅ​ម៉ោង ៨ និង ៤៥ នាទី យប់។ សំបុត្រ​ចូលរួម​មាន​តម្លៃ ១៥ ដុល្លារ ប៉ុន្តែ អ្នក​ចូលរួម​អាច​ហូប​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច ដោយ​មិន​គិត​ថ្លៃ រួម​ទាំង​បាន​ទទួល​អាវ​យឺត​តម្លៃ ១០ ដុល្លារ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ethan Chhan។ លោក​បន្ថែម​ថា សិស្ស​វិទ្យាល័យ និង​កុមារ​អាយុ​ក្រោម ១០ ឆ្នាំ អាច​ចូលរួម​ក្នុង​វេទិកា​នេះ «ដោយ​ឥត​គិត​ថ្លៃ‍»។

មនុស្ស​ប្រហែល​ពី ២ រយ ទៅ ៤ រយ​នាក់ ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​ពេញ​មួយ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី នូ លក្ខិណា។ អ្នកស្រី​បាន​លើក​ទឹកចិត្ត​សិស្ស និស្សិត​ខ្មែរ​ឲ្យ​ចូលរួម​ឲ្យ​បាន​ច្រើន។

«ចំណុច​សំខាន់​នៅ​ក្នុង​សន្និសីទ​នេះ គឺ​កុំ​ឲ្យ​យុវជន​ខ្មែរ​ក្មេងៗ​មាន​ភាព​ខ្មាសអៀន​ចំពោះ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ខ្មែរ។ ខ្ញុំ​គិត​ថា យុវជន​ទាំង​នេះ​មាន​ភាព​ស្រពិចស្រពិល​ចំពោះ​អត្តសញ្ញាណ​របស់​ខ្លួន ហើយ​សន្និសីទ​ដូច​នេះ​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ធ្វើ​ការ​ទំនាក់ទំនង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​មើល​គំរូ​តាម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ជា​គំរូ‍»៕

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG