ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​សំណុំ​រឿង​០០៣ ជា​លើក​ដំបូង


រូបឯកសារ៖ ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC) The courtroom of the Khmer Rouge tribunal during verdict session of the Case 002/01. (Courtesy Image of ECCC)
រូបឯកសារ៖ ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC) The courtroom of the Khmer Rouge tribunal during verdict session of the Case 002/01. (Courtesy Image of ECCC)

អង្គ​បុរេ​ជំនុំ​ជម្រះរបស់​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការជា​លើក​ដំបូង​ក្នុង​សំណុំ​រឿង​០០៣ ដ៏​ចម្រូងចម្រាស​ទាក់​ទិន​នឹងអតីត​មេ​បញ្ជា​ការ​ជើង​ទឹក​ខ្មែរក្រហម លោក​មាស មុត នៅ​ចុង​ខែ​វិច្ឆិកា​ខាងមុខ។ នេះ​គឺជា​សវនាការ​បិទ​ទ្វារ​ដើម្បី​ស្ដាប់​ទឡ្ហីករណ៍​របស់​ភាគី​នានា​ដែល​បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៨ និង​ប្រឆាំង​នឹង​ដីកា​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ មាស មុត ​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨​ដដែល​នោះ។

លោក​ មាស មុត អាយុ​៨១ ឆ្នាំ ជាប់​ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត​ទាក់​ទង​នឹង​អំពើ​ឃោរឃៅ និង​ការធ្វើ​វិសុទ្ធិកម្ម​ទាហាន​របស់​ខ្លួន​ផ្ទាល់ និង​សម្លាប់​ជន​បរទេស​ដែល​ចាប់​បាន​នៅ​ដែន​សមុទ្រ​កម្ពុជា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ការ​ធ្វើ​សវនាការ​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ទី២៨ និង​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ នោះ​គឺ​ជា​សវនាការ​បិទ​ទ្វារ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ស្ដាប់​ពី​សាធារណជន​នោះ​ទេ។

នេះ​គឺជា​សវនាការ​លើក​ដំបូង​ក្នុង​សំណុំ​រឿង​០០៣ បន្ទាប់​ពី​សហ​ចៅក្រម​កម្ពុជា​និង​សហ​ចៅ​ក្រម​អន្តរជាតិ​បាន​បង្ហាញ​គំនិត​ខ្វែង​គ្នា​ចំពោះ​សំណុំ​រឿង​នេះ។

សហ​ចៅក្រមអន្តរជាតិ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ មាស មុត។ ប៉ុន្តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​សម្រេច​ធ្វើ​ការ​លើកលែង​ការ​ចោទ​ប្រកាន់ អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​រូប​នេះ។

លោក មាស មុត ក្នុង​ពេល​នេះ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG