នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានរំឭកម្តងទៀតអំពីការណ៍ដែលសហរដ្ឋអាមេរិកបានគាំទ្រឲ្យក្រុមខ្មែរក្រហមឲ្យមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ។ លោកក៏បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងទៅកាន់ប្រមុខរដ្ឋ រដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងតំណាងស្ថាប័នផ្សេងៗមកពីប្រមាណ៥០ប្រទេសថា ពួកគេគួរតែសិក្សាពីគោលនយោបាយការបរទេសរបស់ប្រទេសមហាអំណាចតាមរយៈប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
ដោយមិនបាននិយាយចំៗ លោកហ៊ុន សែនបាន ថ្លែងថា៖
«នៅពេលដែលប្រទេសមួយចំនួនតាំងខ្លួនជាប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារយោធា។ ប្រទេសតាំងខ្លួនប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស ប៉ុន្តែបែរជាគាំទ្រឲ្យពួកកាប់សម្លាប់មនុស្សរំលោភសិទ្ធិមនុស្សនិងប្រល័យពូជសាសន៍ អង្គុយនៅអង្គការសហប្រជាជាតិ»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងខណៈដែលបណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍន៍ដែលរួមទាំងសហរដ្ឋអាមេរិកផងនោះកំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលលោកហ៊ុនសែនប្រកាន់យករបបប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។
លោក ហ៊ុន សែនដែលជាអតីតទាហានខ្មែក្រហមបានបន្តថា៖
«សង្ឃឹមថា បទពិសោធន៍នៅកម្ពុជាគឺជាមេរៀនមួយដែលមិនគ្រាន់តែប្រជាជនកម្ពុជាខ្លួនឯង ត្រូវរៀនសូត្រទេ ក៏ប៉ុន្តែកិច្ចការនយោបាយការបរទេសមួយចំនួនសម្រាប់ឥរិយាបថចំពោះប្រទេសដទៃទៀតគួរតែត្រូវបានដកពិសោធន៍»។
សហរដ្ឋអាមេរិកបានគាំទ្រការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ដែលដឹកនាំដោយអតីតសេនាប្រមុខលន់ នល់ ដើម្បីទម្លាក់ព្រះបាតនរោត្តម សីហនុ។ ហើយប្រាំឆ្នាំបន្ទាប់ពីនោះកងទ័ពខ្មែរក្រហមបាន កាន់កាប់រាជធានី ភ្នំពេញនិងប្រទេសកម្ពុជាទាំងមូលរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃគឺ ចាប់ពី ឆ្នាំ១៩៧៥ដល់១៩៧៩ ដែលពេលនោះប្រជាជនកម្ពុជាប្រមាណ២លាននាក់ត្រូវបានស្លាប់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននិយាយប្រាប់ VOA ថា នេះគ្រាន់តែជាការរំឭកប្រវត្តិសាស្ត្រដើម្បីឲ្យដោយភ្ញៀវអន្តរជាតិនៅក្នុងកិច្ចប្រជុំកំពូលមួយនេះបានដឹងពីកម្ពុជាប៉ុណ្ណោះ។
លោកបាននិយាយថា៖
«អាហ្នឹងជាប្រវត្តិសាស្ត្រ អាមេរិកាំងជំនាន់នេះខុសពីអាមេរិកាំងជំនាន់នោះ អាមេរិកាំងដែលចង់ពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា»។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយនិងអ្នកប្រវត្តិសាស្ត្របានមានការយល់ឃើញខុសពីនេះ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានប្រាប់វីអូអេថា ការលើកឡើងរបស់លោកហ៊ុន សែន គឺដើម្បីបន្ទាបកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលនៅពេលនោះប្រទេសនេះបានគាំទ្ររបបប្រល័យពូជសាសន៍។
«អាមេរិកាំងពេលនោះទៅជួយភាវៈអាក្រក់គឺខ្មែរក្រហមហ្នឹងដូច្នេះ អាមេរិកាំងនៅពេលនោះគឺវាអាក្រក់ ព្រោះចូលដៃចូលជើងមនុស្សអាក្រក់»។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកស្រី Emily Zeeberg មិនបានឆ្លើយតបនឹងសំណួរបស់VOAទាក់ទិននឹងការលើកឡើងរបស់លោកហ៊ុន សែន តាមរយៈសារអេឡិចត្រូនិក ទេរហូតមកដល់ល្ងាចថ្ងៃអង្គារនេះ។
អ្នកស្រី Elizabeth Becker អ្នកនិពន្ធសៀវភៅ «WHEN THE WAR WAS OVER»អំពីប្រវត្តិសាស្រ្តរបបខ្មែរក្រហមនិងកម្ពុជាសម័យទំនើប និងជាអ្នកសារព័ត៌មានមួយរូបមានប្រសាសន៍ថា លោក ហ៊ុន សែន លើកយករឿងនេះមកនិយាយនៅពេលនេះ គឺដើម្បីបង្វែរចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។
«លោកចង់ផ្លាស់ប្តូរកិច្ចសន្ទនាដោយសារប្រជាជនកម្ពុជាជាច្រើនមានកំហឹងចំពោះឥទ្ធិពលដែលចិនកំពុងមានលើប្រទេសរបស់ពូកគេសព្វថ្ងៃ»។
ទោះយ៉ាងណា លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) យល់ឃើញថា សារដែលប្រមុខដឹកនាំប្រទេសកម្ពុជាលើកឡើងកាលពីព្រឹកនេះគឺមិនទាក់ទិននឹងប្រធានបទនៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិមួយនេះទេគឺលោកហ៊ុន សែនគ្រាន់តែយកវេទិកានេះដើម្បីផ្តល់ជាបទពិសោធន៍ទៅកាន់មេដឹកនាំប្រទេសផ្សេងៗក្នុងកិច្ចប្រជុំនេះប៉ុណ្ណោះ៕