ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ទាត់ចោល​សេចក្តី​ប្រកាស​អនាមិក​​​ប្រឆាំង​នឹង​លោក​ហ៊ុន សែន


រូប​ឯកសារ៖ សៀវភៅ​គ្រួសារ​​គណបក្ស​ប្រជាជនកម្ពុជា សម្រាប់​ចុះ​ឈ្មោះ​ប្រជាជន​ដែល​ចូលជាសមាជិកគណបក្ស ថត​កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ​(ស៊ុន ណារិន/VOA)

ប្រតិកម្ម​នេះ​កើត​មាន​បន្ទាប់​ពី​លោក​សម រង្ស៊ី​​​បាន​ចែក​រំលែក​សេចក្តី​ថ្លែង​ការណ៍​មួយ​​​ថា ​ជា​សេចក្តី​ថ្លែងការណ៍​សរសេរ​ដោយ​អ្នក​ស្នេហា​ជាតិ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​ ដែល​​បង្ហាញ​ពី​ការ​ខកចិត្ត​​​ចំពោះ​ទង្វើ​ផ្តាច់ការ​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​បដិសេធ​នូវ​ឯកសារ​ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រ​ហ្វេសប៊ុករបស់​លោក ​សម រង្ស៊ី​ ​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ ដោយ​ប្រកាស​ថា ​ជា​ឯកសារ​ក្លែង​ក្លាយ ​ប្រើ​រូបភាព​ជា«សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា» ក្នុង​គោល​បំណង​បំបែក​បំបាក់​គណបក្សកាន់​អំណាច​ ​និង​បង្កភាព​វឹកវរ​ក្នុង​សង្គម។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជាចេញ​នៅ​ថ្ងៃ​ទី​៨​ខែ​កុម្ភៈឆ្នាំ​២០១៩​និង​ត្រូវ​បាន​បង្ហោះ​លើ​គេហ​ទំព័រ​របស់​គណបក្ស​នេះ​ ​បញ្ជាក់​ថា ​គណ​បក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស​បដិសេធ​ ​និង​ទាត់​ចោល​ទាំង​ស្រុង​នូវ​ឯកសារ​ក្លែង​ក្លាយ​ ​ដោយ​ប្រើ​រូបភាព​ជា​«សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា»​ ​ចុះ​ថ្ងៃទី​៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ​«អ្នក​ស្នេហា​ជាតិ​ ​គណបក្ស​ប្រជាជន​កម្ពុជា»​ ​និង​ទំព័រហ្វេសប៊ុក​ឈ្មោះ«Ar Kambang Knong Ar Kambang» ​ហើយ​ត្រូវ​បាន​ចែក​ចាយ​បន្ត​ដោយ​លោកសម រង្ស៊ី។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​កាន់​អំណាច​នោះ​បន្ថែម​ថា​ ​ការ​ចែក​ចាយ​បន្ត​នូវ​សេចក្តី​ថ្លែង​ការណ៍នោះគឺ​ក្នុង​គោល​បំណង​ញុះញង់​ ​បំបែក​បំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ ​និង​បំផ្លាញ​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។​

គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បដិសេធ​នោះ​តាម​ន័យ​ដើម​ថា៖​

«គណបក្ស​ប្រជាជន​កម្ពុជា​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​ឧក្រិដ្ឋ​ដ៏​ធ្ងន់​ធ្ងរ​នេះ​ ​និង​សូម​ប្តឹង​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​វែក​មុខ​រក​ជន​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ខាង​លើ និងចាប់យក​មក​ផ្តន្ទាទោស​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​តាម​ច្បាប់​ជា​ធរមាន»។​

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះធ្វើ​ឡើង​បន្ទាប់​ពី​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​ចែក​រំលែក​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បញ្ជាក់​ថា​ ​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ចេញ​នៅ​ថ្ងៃទី​៧​ខែ​កុម្ភៈ​ ​និង​ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ​«អ្នក​ស្នេហា​ជាតិ​គណបក្ស​ប្រជាជនកម្ពុជា»។​

VOA ​បាន​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោកសម រង្ស៊ី ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​មិន​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

សេចក្តី​ថ្លែង​ការណ៍​ដែល​សរសេរថា​ ជារបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​មាន​ត្រា​ជា​សញ្ញាគណបក្ស​ប្រជាជន​កម្ពុជាចេញ​នៅ​ថ្ងៃទី​៧​ខែ​កុម្ភៈ​ និង​ត្រូវ​បាន​លោក សម រង្ស៊ី​ចែក​ចាយ​បន្ត​នៅ​ថ្ងៃទី​៨​ខែ​កុម្ភៈ​នេះ​ បញ្ជាក់​ថា ​ជា​សេចក្តី​ថ្លែង​ការណ៍​សរសេរ​ដោយ​អ្នក​ស្នេហា​ជាតិ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជាដែលបាន​បង្ហាញ​ពី​ការ​ខកចិត្ត​ ​និង​ព្រួយ​បារម្ភ​ចំពោះ​ទង្វើ​ផ្តាច់ការ​និង​ក្បត់ជាតិ​របស់​លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន។

សេចក្តី​ថ្លែង​ការណ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅ​ថា ​ជា​ឯក​សារ​ក្លែងក្លាយ​នោះ​ សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ទោះជា​ពួក​យើង​មិន​ទាន់​បញ្ចេញ​ឈ្មោះ​នៅ​ឡើយ​ពេល​នេះ​ ​តែ​ពួក​យើង​នឹង​ដឹកនាំ​កម្លាំង​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់​ដើម្បី​មក​រួម​កម្លាំង​ជាមួយ​អ្នក​ស្នេហា​ជាតិ​ អ្នក​ប្រជាធិបតេយ្យ​ ​ហើយ​អ្នក​ដែល​ស្រឡាញ់​សេរីភាព​ ​និង​យុត្តិធម៌​ទាំងអស់​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាននៅ​ក្នុង​ឆ្នាំ​២០១៩​នេះ»។​

ក្រៅពី​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​«អ្នក​ស្នេហា​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា»​ក៏​បាន​ចែក​រំលែក​នៅ​ខាង​ក្រោមព័ត៌មាន​ជា​ច្រើន​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​របស់​គណបក្ស​ប្រជាជនកម្ពុជា​ផង​ដែរ។​

នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ​សេចក្តី​ថ្លែង​ការណ៍​ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក ​សម រង្ស៊ី​ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ចូល​មក​កម្ពុជា​វិញ ដែល​លោក​សម រង្ស៊ីកំពុង​រៀបចំ។​ ​លោក​បន្ថែម​ថា ​សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏ជា​បន្ទុក​កាន់​តែ​ធ្ងន់​ក្នុង​ការ​ដាក់ទោស​លោក​សម រង្ស៊ីផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«នេះ​គ្រាន់តែ​ជា​សកម្មភាព​មួយ​ដែល​បម្រើ​ឲ្យ​យុទ្ធនាការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​ សម រង្ស៊ី​ ប៉ុណ្ណឹង​ទេ។​ ​ហើយ​អ្វីៗ​ទាំងអស់​វាស្ថិត​នៅ​ក្នុង​កន្រ្តក​ហ្នឹង​ឯង។ ហើយ​ជា​ការណ៍​ពិត​ណាស់ ​នៅ​ពេល សម រង្ស៊ី​ ត្រឡប់​មក​ចូល​ស្រុក​ យើង​នឹង​មាន​វិធានការ​ដូច​បាន​ប្រកាស​មុន​ហើយ​ គ្មាន​អី​ក្រៅ​ពី​ការ​អនុវត្ត​ច្បាប់​ទេ មាន​ន័យ​ថា​ គាត់​នឹង​ត្រូវ​បាន​សមត្ថកិច្ច​របស់​យើង​ចាប់​ទៅ​តាម​ការ​អនុញ្ញាត​របស់​ដីកា​ចាប់​ខ្លួន ​ព្រោះ​គាត់​ជា​ទណ្ឌិត​ស្រាប់​ បញ្ជូន​គាត់​ទៅ​កាន់​ពន្ធនាគារ​ណាមួយ»។​

លោក​បណ្ឌិតឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់ ​VOA ថា​ ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នក​នយោបាយ​ ទាំងអ្នកកាន់​អំណាច​ និង​អ្នក​ប្រឆាំង​នៅ​កម្ពុជា​ ​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន។ ​ទោះ​យ៉ាងណា​លោក​ថា អ្នក​នយោបាយ​មិន​គួរ​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​នយោបាយ ហើយ​ធ្វើ​ឲ្យមាន​ភាព​ច្របូក​ច្របល់​ក្នុង​សង្គម​នោះ​ទេ។​

អ្នកវិភាគ​ចាស់​វស្សា​រូប​នេះ​បញ្ជាក់​ថា៖​

«ដើម្បី​ឲ្យ​សម្តីយើង​ចេញ​ទៅ​វា​មាន​តម្លៃ ហើយ​គេ​ទទួល​យក ​គេ​ស្តាប់​នោះ​ លុះត្រាតែ​ព័ត៌មាន​ដែល​យើង​និយាយ​ទៅ​ហ្នឹងវា​ពិត។​ ម្ល៉ោះ​ហើយ​ដូច​ក្នុង​បរិបទ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មតិ​មហា​ជន​ហ្នឹង​កាន់​តែ​ច្របូក​ច្របល់​ទៅ»។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ ​បន្ទាប់​ពី​លោក​រង​បណ្តឹង​ជា​ច្រើន​ករណី​ដែល​ប្តឹង​ដោយ​មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ ​ដែល​រួមទាំង​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ផង​ដែរ។​

ថ្មីៗ​នេះ ​លោក សម រង្ស៊ី​ បាន​ប្រកាស​គម្រោង​ចូល​មក​កម្ពុជា​វិញ​ដើម្បី​ដណ្តើម​អំណាច​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយ​មាន​ទាំង​ការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ​ចូល​មក​កម្ពុជា​វិញ​ជាមួយ​លោក​ទៀត​ផង។ ​ខណៈ​លោក​ សម រង្ស៊ី ​ប្រកាសគម្រោង​ចូល​ស្រុក​ជាច្រើន​ដង នោះ​ ​គេ​ឃើញ​មេដឹកនាំ​ទាំង​នគរបាល ​និង​កងទ័ព​បាន​ប្រកាស​ត្រៀម​កម្លាំង​ដើម្បី​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​ពេល​ដែល​លោក​ចូល​មក​កម្ពុជា​វិញ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG