អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាឲ្យមន្រ្តីគ្រប់ច្រកទ្វារអាកាសយានដ្ឋាន និងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សហការជាមួយសមត្ថកិច្ចដើម្បីចាប់ខ្លួនលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបគម្រោងចូលមកកម្ពុជាវិញ។
លិខិតមួយច្បាប់ ចេញនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩ដោយលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដែលមានកម្មវត្ថុអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននិងនាំខ្លួនលោកសម រង្ស៊ី បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវដីកាចាប់ខ្លួនលោកសម រង្ស៊ី ដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ទាប់ពីមានព័ត៌មានថា លោក សម រង្ស៊ី នឹងធ្វើដំណើរមកកម្ពុជានាពេលខាងមុខ។
លិខិតចំនួនបីដែលយោងដីការបស់សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ផងនោះ បញ្ជាក់តាមន័យដើមថា៖
«អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមក្រើនរំឭកជាថ្មីដល់ឯកឧត្ដម លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋានពាក់ព័ន្ធ ពិសេសនៅតាមគោលដៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវចាត់វិធានការអនុវត្ត និងសហការអនុវត្តជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់»។
ការបញ្ជារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើឡើងខណៈលោក សម រង្ស៊ី ប្រកាសជាច្រើនដងថា លោកនឹងវិលចូលមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។
លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីលោករងបណ្តឹងជាច្រើនករណីដែលប្តឹងដោយមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលរួមមានទាំងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផង។
ក្នុងវីដេអូមួយដែលលោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធ លោក សម រង្ស៊ី ប្រកាសទៅកាន់អ្នកគាំទ្រលោកនៅសហរដ្ឋអាមេរិកថា ឆ្នាំ២០១៩នេះគឺជាឆ្នាំដែលត្រូវបញ្ចប់ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយដណ្តើមយកប្រទេសកម្ពុជាមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ។
លោកបញ្ជាក់ក្នុងវីដេអូដែលមានរយៈពេល៦នាទីនោះថា៖
«យើងដឹងថា បេសកកម្មនេះពិបាក តែត្រូវតែធ្វើ ហើយធ្វើឲ្យទាន់ពេល ទាន់ពេលហ្នឹងគឺមិនត្រូវលើស២០១៩។ បើលើស២០១៩ យើងអាចបាត់ឱកាសជាប្រវត្តិសាស្រ្ត ឱកាសមាស ដែលយើងត្រូវចាប់ច្បាមឲ្យជាប់ យកមកប្រើប្រាស់ឲ្យបានជោគជ័យក្នុងឆ្នាំ២០១៩នេះ។ ធ្វើយ៉ាងម៉េច? ចំពោះរូបខ្ញុំ សម រង្ស៊ី គឺខ្ញុំសូមបបួលបងប្អូនជនរួមជាតិដែលមានឈាមជ័រជាខ្មែរដូចខ្ញុំ ដែលនៅក្រៅប្រទេស សូមបងប្អូនវិលត្រឡប់ទៅស្រុកកំណើតរបស់យើងវិញ»។
យ៉ាងណាក្តីលោក សម រង្ស៊ី នៅតែមិនបានបញ្ជាក់ថា ការវិលត្រឡប់មកកម្ពុជាវិញនោះនឹងមកនៅពេលណា ហើយដោយរបៀបណានោះទេ។
ទន្ទឹមនឹងការប្រកាសរបស់រដ្ឋាភិបាលថា ត្រៀមខ្លួនចាំចាប់លោក សម រង្ស៊ី នោះ អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សប្រឆាំងដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយ បានសរសេរលិខិតមួយច្បាប់សុំឲ្យសហភាពអឺរ៉ុបឲ្យជួយឃ្លាំមើលដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់កម្ពុជា។
បើតាមលិខិតមួយច្បាប់ជាភាសាអង់គ្លេស ចុះថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩ ដែលអ្នកស្រី មូរ សុខហួរ ផ្ញើទៅអ្នកស្រី Federica Mogherini តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបផ្នែកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការសហភាពអឺរ៉ុបបញ្ជាក់ថា គម្រោងនៃការវិលត្រឡប់របស់លោក សម រង្ស៊ី រងនូវការគំរាមកំហែងទាំងលោក សម រង្ស៊ី ផ្ទាល់ ទាំងមន្ត្រីនិងសកម្មជននៅតាមបណ្តាខេត្តមួយចំនួន។
លិខិតដែលមានបីទំព័រនោះ អ្នកស្រី មូរ សុខហួរ បានបញ្ចូលឈ្មោះមនុស្សជាង២០នាក់ ដែលអ្នកស្រីអះអាងថា បានរងការគំរាម ឬហៅទៅសាកសួរ។
អ្នកស្រីសរសេរក្នុងន័យដើមថា៖
«ការគាំទ្ររបស់យើងសម្រាប់ការពិភាក្សារវាងរបបលោកហ៊ុន សែននិងសហគមន៍អន្តរជាតិក្នុងការនាំលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ។ លោក សម រង្ស៊ី និងសមាជិកបក្សប្រឆាំងទាំងអស់ដែលនិរទេសខ្លួននឹងត្រឡប់ទៅកម្ពុជាវិញ ដើម្បីស្វែងរកដំណោះស្រាយឲ្យមានឯកភាពជាតិនិងដើម្បីទាមទារគោលការណ៍ប្រជាធិបតេយ្យ និងតម្លៃនៃពហុនិយម»។
សហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលហៅកាត់ថា EBA បន្ទាប់ពីរដ្ឋាភិបាលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ ចាប់ប្រធានគណបក្សនេះគឺលោក កឹម សុខា ដាក់ពន្ធនាគារ និងព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូបរយៈពេល៥ឆ្នាំ ព្រមទាំងបង្ក្រាបលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនផង៕