លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស អះអាងថា ការមិនប្រកាសពីពេលកំណត់វិលចូលប្រទេសកម្ពុជាវិញរបស់លោក គឺដើម្បីធ្វើឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន សែន មានការភ្ញាក់ផ្អើល។
បើតាមវីដេអូដែលលោកសម រង្ស៊ី បង្ហោះលើទំព័រហ្វសប៊ុករបស់លោកនៅថ្ងៃអង្គារនេះ លោកសម រង្ស៊ី បានលើកឡើងជាថ្មីទៀតពីគម្រោងវិលចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែលោកថា គម្រោងរបស់លោកមិនអាចបញ្ជាក់ពីកាលបរិច្ឆេទ ឬចូលដោយរបៀបណានោះទេ។
លោកបញ្ជាក់ថា៖
«សួរមេទ័ព មេទាហាន មុនយើងធ្វើអី។ យើងត្រូវធ្វើម៉េចឲ្យគូបដិបក្ខយើងភ្ញាក់ផ្អើល។ បើទៅប្រាប់គេមុន អស់ភ្ញាក់ផ្អើលហើយបងប្អូន។ អ៊ីចឹងបានថា យើងត្រូវរក្សាការសម្ងាត់ អ្វីដែលយើងត្រូវកំណត់។ បើទៅគឺកម្មករ៨០ម៉ឺននាក់ចាំទទួលសម រង្ស៊ី ដើម្បីបានការងារធ្វើវិញ បានលទ្ធិប្រជាធិបតេយ្យ បានទីផ្សារ បានការងារធ្វើវិញ បានឡើងប្រាក់ខែថែមទៀត»។
លោកសម រង្ស៊ី បានប្រកាសជាច្រើនដងថា លោកនឹងវិលចូលមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកនឹងមកវិញនៅពេលណា ហើយដោយរបៀបណានោះទេ។ គម្រោងនៃការវិលចូលកម្ពុជាវិញរបស់លោកសម រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្រកាសថា ត្រៀមខ្លួនជាស្រេចដើម្បីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះដាក់ពន្ធនាគារ។
ក្នុងវីដេអូមួយទៀតដែលលោកសម រង្ស៊ី បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ដោយបានលើកឡើងថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះគឺមិនមែនឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចាប់ទេ តែលោកថាប្រជារាស្ត្រខ្មែររាប់លាននាក់នឹងងើបឈរឡើង ដើម្បីទៅចាប់លោកហ៊ុន សែន វិញយកទៅកាត់ទោសពីបទក្បត់ជាតិ។ លោកបន្ថែមថា ពេលវេលានៃការចូលកម្ពុជាវិញនោះនឹងធ្វើឡើងនៅពេលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធហៅកាត់ថា EBA ដែលផ្តល់ផលចំណេញដល់កម្ពុជាប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកសម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីលោករងបណ្តឹងជាច្រើនករណីដែលប្តឹងដោយមេដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល ដែលរួមមានទាំងបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនផង។ ខណៈកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេស លោកសម រង្ស៊ី បានប្រកាសជាច្រើនលើកថា លោកនឹងវិលមកស្រុកខ្មែរវិញ ប៉ុន្តែគម្រោងជាច្រើនដងនោះក៏ត្រូវបានលុបចោលផងដែរ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោកសុខ ឥសាន បានផ្ញើរសារឲ្យអ្នកសារព័ត៌មានក្នុងបណ្តាញសង្គមតេលេក្រាម នាថ្ងៃអង្គានេះថា លោកសម រង្ស៊ី បានសម្លាប់ជីវិតនយោបាយរបស់ខ្លួននៅក្រៅប្រទេស តាមរយៈការប្រកាសត្រឡប់ចូលមកកម្ពុជាវិញជាច្រើនដង តែបន្តពន្យារពេលមិនព្រមចូល។
លោកបញ្ជាក់តាមន័យដើមថា៖
«ទណ្ឌិត[លោកសម រង្ស៊ី] បានបង្កើតនយោបាយស្វែងរកទុក្ខឲ្យខ្លួនឯងដែលនៅទីបំផុត ដោយសារឧបាយកលភូតកុហក បោកច្រើនដងពេក។ វានឹងដល់ដំណាក់កាលទាល់ច្រក ដោះមិនចេញ ដែលពាក្យចាស់ថា ភូតច្រើនចាញ់អាត្មា។ ពេលនោះជីវិតនយោបាយរបស់ទណ្ឌិតនឹងត្រូវដល់ទីបញ្ចប់ជាស្ថាពរ»។
សហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលហៅកាត់ថា EBA បន្ទាប់ពីរដ្ឋាភិបាលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ ចាប់ប្រធានគណបក្សនេះគឺលោកកឹម សុខា ដាក់ពន្ធនាគារ និងការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូបរយៈពេល៥ឆ្នាំ ព្រមទាំងការបង្ក្រាបលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនផង៕