ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ ស្នើ​ឲ្យ​អាមេរិក​និង​​អឺរ៉ុប​ចាត់​វិធាន​ការ​ស្រដៀង​គ្នា​នឹង​វ៉េណេស៊ុយអេឡា​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក​ហ៊ុន សែន


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

ស្រប​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាននាំ​មុខ​ក្នុង​ការ​ទទួល​ស្គាល់​មេដឹក​នាំ​ក្រុម​ប្រឆាំង​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ឲ្យធ្វើ​ជា​ប្រធានាធិបតី​ស្តីទី​​នោះ​ ​ លោក​សម រង្ស៊ី​ បាន​អំពាវ​នាវ​ឲ្យ​សហគមន៍​ប្រជាធិបតេយ្យ​ទាំងពីរ​នេះ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។

លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទស​ នៅ​សប្តាហ៍​នេះ​ ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​ទុក​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​ថា ​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​ ដូច​រដ្ឋាភិបាល​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ​ ​(Nicolas Maduro) ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​មួយ​ដ៏​រឹតត្បិត​លើ​សំឡេង​ក្រុម​អ្នក​នយោបាយ​ជំទាស់។​

នៅ​ថ្ងៃ​សុក្រនេះ​ ​លោក​សម រង្ស៊ី ​អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​ខ្មែរ​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​នោះ​ បាន​អធិប្បាយ​លើ​ទំព័រហ្វេសប៊ុក​លោក​ថា​ សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុបកំពុង​ដាក់​ការ​គាប​សង្កត់​ឲ្យ​លោក​នីកូឡា ម៉ាឌូរ៉ូ​ ដែលប្រទេស​និយម​របប​នយោបាយ​កុម្មុយនីស្ត​ចាត់​ទុក​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នៅឡើយ​នោះ ធ្វើការ​បោះឆ្នោត​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ជំនួស​ការ​បោះឆ្នោត​ក្លែងក្លាយឆ្នាំ​២០១៨។​ លោក​ សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុងន័យ​ដើម​ថា៖

«សហរដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុបដាក់​ឱសាន​វាទ​លើ​ជន​ផ្តាច់​ការ​ ម៉ាឌូរ៉ូ​ នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ ឲ្យ​បោះឆ្នោត​ឡើង​វិញក្នុង​ឆ្នាំ​២០១៩​នេះ​ ជំនួស​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយឆ្នាំ​២០១៨»។​

ការ​អធិប្បាយ​របស់​លោកសម រង្ស៊ី​ កើត​មាន​ឡើង​ នៅគ្រា​ដែល​រដ្ឋបាល​លោក​ Donald Trump​ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ និង​ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ជាង​៤០០​នាក់ បាន​សម្រេច​ទទួល​ស្គាល់លោកJuan Guaidó ​ដែល​ជា​មេដឹកនាំ​អ្នក​នយោបាយ​ប្រឆាំង​ និង​ជា​ប្រធាន​សភា​ប្រទេសវ៉េណេ​ស៊ុយ​អេឡា​ ​ជា​ប្រធានាធិបតី​ស្តីទី​របស់​ប្រ​ទេស​នេះ។​

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពីថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩​ ​ថា​ តំណាង​រាស្ត្រ​សហភាព​អឺរ៉ុប៤៣៩​នាក់​បាន​បោះឆ្នោត​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​ក្នុង​ទីក្រុង​ព្រុចសែល​ ​គាំទ្រ​លោក​ Guaidó ​ជា​មេដឹកនាំ​ស្តីទី​ប្រទេស​វ៉េណេស៊ុយអេឡា។​ មាន​តំណាង​រាស្ត្រ​សភា​សហភាព​អឺរ៉ុប​១០៤​នាក់​បាន​បោះឆ្នោត​ជំទាស់ ​និង​៨៨​នាក់​បាន​បោះ​ឆ្នោត​អនុបវាទ។​

សេចក្តី​រាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ សភា​សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន២៨​ក្នុង​ប្លុក​ចាត់​វិធានការ​ដូចគ្នា​ និង​ចាត់​ទុកលោក​ Guaidó ​ជា​«ប្រធានាធិបតី​បណ្តោះ​អាសន្ន​តែ​មួយ​គត់»​រហូត​ទាល់​តែ​មាន​«ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​មួយ ​ដែល​សេរី​មានតម្លាភាព​ និង​អាច​ទុក​ចិត្ត​បាន»។​

សេចក្តី​រាយ​ការណ៍​បាន​បន្ត​ទៀត​ថា​ ប្រធាន​កិច្ចការ​នយោបាយ​បរទេស​សហភាព​អឺរ៉ុប​ អ្នក​ស្រី ​Federica Mogherini ​បាន​ឲ្យដឹង​ថា​ ក្រុម​ទំនាក់​ទំនង​អន្តរជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​អម​ឲ្យប្រទេស​វ៉េណេស៊ុយអេឡាងាក​មករករបៀប​របប​ប្រជាធិបតេយ្យ​ប្រកប​ដោយសន្តិភាពដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ ​មួយ​ដោយ​សេរី​ និង​សន្តិវិធី​ក្នុង​រយៈពេល​៩០​ថ្ងៃ។​

រូបឯកសារ៖ លោក Nicolas Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡា លើកដៃនៅក្នុងកិច្ចប្រជុំមួយជាមួយកងទ័ពយោធា​នៅឯមូលដ្ឋានយោធាមួយកន្លែងនៅក្នុងទីក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Nicolas Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡា លើកដៃនៅក្នុងកិច្ចប្រជុំមួយជាមួយកងទ័ពយោធា​នៅឯមូលដ្ឋានយោធាមួយកន្លែងនៅក្នុងទីក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ប៉ុន្តែ​លោក ​Maduro ​បាន​ច្រាន​ចោល​សំណើ​នេះ​ថា​ ជា​ការ​ដាក់​ឱសានវាទ​ដែល​មិន​អាចទទួល​យក​បាន សម្រេច​ដោយក្រុម​វីរជន​ពុករលួយ​របស់​ប្រទេស​មហា​អំណាច​អាណានិគម​និយម​ដែល​លែង​មាន​ឥទ្ធិពល​ទៀត​ទៅ​ហើយ​នោះ។

លោក​ Maduro​ ត្រូវ​បាន​ស្រង់​សម្តី​ថា៖​

«ពួក​មេ​ដឹកនាំ​អឺរ៉ុបគឺ​ជា​ក្រុម​ដៃជើង​ ដែល​លត់​ជង្គង់​មុខ​គោល​នយោបាយ​របស់​លោក​ Donald Trump»។​

ក្នុង​ថ្ងៃតែ​មួយ​នៃ​ការ​ចេញ​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters​ នោះ​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី ក៏​បាន​ផ្តល់​ការ​អធិប្បាយទាក់ទិន​ស្ថាន​ការណ៍​នយោបាយ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ដែរ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី បាន​សរសេរ​ថា៖​

«សហគមន៍​អន្តរ​ជាតិត្រូវ​ចាត់​ទុក​របប​ខុស​ច្បាប់ហ៊ុន សែន នៅ​កម្ពុជា​ ដូច​របប​ខុស​ច្បាប់​ នីកូឡា ម៉ាឌូរ៉ូ ​(Nicolas Maduro) ​នៅ​វ៉េណេស៊ុយអេឡា ​(Venezuela) ​អ៊ីចឹង​ដែរ»។​

ទំព័រ​ហ្វេសប៊ុក​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដដែល​នេះបាន​បញ្ជាក់​ទៀត​ថា​ លោក​សម រង្ស៊ី​ ស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រកាស​ថា​ របប​ហ៊ុន សែនមិន​មាន​ភាព​ស្រប​ច្បាប់​ទេ​ ពី​ព្រោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៨ក៏​មិន​មាន​ភាព​ស្រប​ច្បាប់​ដែរ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី បាន​សរសរ​ក្នុង​ន័យ​ដើម​ថា៖​

«ករណី​នេះ​គឺ​ដូច​ករណី​វ៉េណេស៊ុយអេឡា ​(Venezuela) ​អ៊ីចឹង​ដែរ ​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​ក្នុង​ពិភពលោកបាន​ដកភាព​ស្រប​ច្បាប់​ពី​របប​នីកូឡា ម៉ាឌូរ៉ូ ​(Nicolas Maduro) ​ដែល​បាន​រារាំង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ ដូច​នៅ​កម្ពុជា​អ៊ីចឹង​ដែរ។​ តែ​លើស​ពី​ប្រទេស​វ៉េណេស៊ុយ​អេឡា​ (Venezuela) ​ទៅ​ទៀត​ ប្រទេស​កម្ពុជាមាន​កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីសឆ្នាំ​១៩៩១​ ដែល​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស គឺ​មិនមែន​ដូច​របប​ផ្តាច់​ការបក្ស​តែមួយ​ ដែល​មាន​សព្វថ្ងៃ​នេះ​ទេ»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ស្ថានភាព​នៅ​ប្រ​ទេស​វ៉េណេស៊ុយអេឡាគឺខុស​គ្នា​នឹង​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​ ដែល​ពល​រដ្ឋ​ជាង៨៣ភាគ​រយ​បាន​ចេញ​ទៅ​បោះឆ្នោត។​ លោក​ថា ​ការ​អធិប្បាយ​របស់​លោក​សម រង្ស៊ី​ មាន​ចរិត​ជា​ជន​ឧទ្ទាម។​

«គាត់​និយាយ​នៅ​ក្នុង​លក្ខណៈ​ឧទ្ទាម!​ ការ​គាំ​ទ្រ​ មិន​គាំ​ទ្រ​ អាហ្នឹង​ជា​អធិបតីភាព​របស់​ប្រជា​ពល​រដ្ឋរបស់​កម្ពុជា។​ យើង​ឃើញ​ការ​បោះឆ្នោតបាន​បញ្ចប់​ នៅ​ក្នុង​បរិយាកាស​សន្តិភាព​ និង​បរិយាកាស​សុវត្ថិភាព​ក្នុង​កិច្ច​ថែ​រក្សា​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ ដែល​មាន​៨៣​ភាគរយនៃ​ចំនួន​មនុស្ស​ដែល​ចុះដែល​នៅ​ក្នុង​បញ្ជី​ការ​បោះឆ្នោត​នេះ​ឯង»។​

លោក​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជាក៏​កំពុង​មាន​ប្រតិបត្តិការ​យ៉ាងរលូន​ផង​ដែរ។ ​លោក​ផៃ​ ស៊ីផានមាន​ប្រសាសន៍​បន្ថែម​ថា៖​

«ដំណើរ​ការ​រាជ​រដ្ឋាភិបាលបាន​ចាប់​ផ្តើម​ដំណើរ​ការ​ដោយ​រលូន​ ដំណើរ​ការ​រដ្ឋ​នៅតែ​បន្ត​ការ​ងារ​ត្រឹម​ត្រូវ​ សកម្ម​ភាព​ជាមួយ​វេទិកា​អន្តរជាតិ​ នៅតែ​រាជ​រដ្ឋាភិបាល​ហ្នឹង​តំណាង​ផល​ប្រយោជន៍​របស់​កម្ពុជា​ អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ដែល​បាន​ទៅធ្វើ។​ ដូច្នេះ​ ការ​លើក​ឡើង​ហ្នឹង​ គ្រាន់​តែ​ឲ្យ​គេ​ចាប់​អារម្មណ៍​ ដែល​ខ្ញុំ​ហៅ​ថា​ សម រង្ស៊ី ជា​ត្លុក​របស់​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ»។​

លោក ​George Edgar​ ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​ VOA ​ដែល​បាន​ផ្ញើជូន​លោក​តាម​សារ​អេឡិច​ត្រូនិក​ ឬ​ Email​ នោះ​ទេ​ ​មក​ដល់​លា្ងច​ថ្ងៃ​សុក្រ​នេះ។​

ចំណែក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ មិន​ឆ្លើយ​តប​ទៅ​នឹង​សារ​អំពាវនាវ​របស់​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នោះ​ទេ​ ​តែ​សហរដ្ឋ​អាមេរិក​រក្សា​ជំហរ​គាំទ្រមេដឹក​នាំ​ក្រុម​ប្រឆាំង​គឺ​លោក​ Juan Guaidó។​

អ្នកស្រី​ Emily Zeeberg ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់ឲ្យ​ VOA ​ដឹង​តាម​សារ​អេឡិចត្រូនិក​ ឬ Email​ នៅថ្ងៃ​សុក្រ​នេះ​ថា​ សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​លោក Juan Guaidó ​ជាប្រធានាធិបតីស្តីទី​របស់​ប្រទេស​វ៉េណេស៊ុយអេឡា។​ អ្នកស្រី​បាន​បន្ត​ថា​ សភា​វ៉េណេស៊ុយអេឡា​ ក្នុង​តួនាទី​ស្រប​ច្បាប់​របស់ខ្លួន​ បាន​ប្រើ​អំណាច​រដ្ឋ​ធម្មនុញ្ញដើម្បី​ប្រកាស​ថា​ ​របប​លោក​ Nicolas Maduro​ ជា​របប​ខុស​ច្បាប់។ ​ ​ដោយហេតុ​នេះ​ ការិយាល័យ​ប្រធានា​ធិបតេយ្យ​ត្រូវ​នៅ​ទំនេរ។​

អ្នកស្រី​បាន​បន្ត​ថា​ ប្រជាជន​វ៉េណេស៊ុយអេឡាបាន​និយាយយ៉ាង​ក្លាហាន​ប្រឆាំង​នឹង​លោក ​Maduro​ និង​របប​របស់​គាត់​ ហើយ​ទាម​ទារ «សេរីភាព​ និង​នីតិរដ្ឋ»។​

អ្នកស្រី​ Emily Zeeberg​ បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​នឹង​បន្តប្រើ​អានុភាព​ការទូត​និង​ដាក់​ទម្ងន់​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​បន្ថែម​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញនូវ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។​ យើងនឹង​នៅ​តែ​ដាក់​របប​មិន​ស្រប​ច្បាប់​របស់ ​Maduro​ ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គំរាម​កំហែង​ណា​មួយ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាជន​វ៉េណេស៊ុយអេឡា»។​

អ្នកស្រី​បាន​បន្ថែមថា៖​

«ទង្វើ​ទាំង​នេះ​នឹង​រារាំង​មិន​ឲ្យ​លោក​ Maduro​ និង​មន្រ្តី​ពុក​រលួយ​ផ្សេង​ទៀត​បំប៉ន​ខ្លួន​ឯង​ដែល​បង្ក​ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​រង​គ្រោះ​យូរ​អង្វែង។ វា​នឹង​រក្សា​ទ្រព្យ​សម្បត្តិ​ជាតិ​របស់​វ៉េណេស៊ុយអេឡា​សម្រាប់​ប្រជាជន​ និង​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ចាត់​វិធាន​ការ​ជាក់​លាក់​ប្រឆាំង​នឹង​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ប្រឹងប្រែង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដោយ​សន្តិវិធីនៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា និងប្រឆាំង​នឹងអ្នក​ដែល​បម្រើ​ប្រយោជន៍​ខ្លួន​ឯង​ជា​ជាង​ប្រយោជន៍​របស់​រាស្រ្ត»៕

XS
SM
MD
LG