ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​ប្រឆាំង​សារព័ត៌មាន​នៅ​កម្ពុជា ក្លាយ​ជា​រឿង​គួរស្អប់ខ្ពើម ​ដោយ​មាន​ការ​ចោទប្រកាន់​ពី​ការ​បែក​ធ្លាយ​រូប​អាសអាភាស


អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ (រូបថត​ទាញ​ពី​ទំព័រ​ហ្វេសប៊ុក COMFREL)
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ (រូបថត​ទាញ​ពី​ទំព័រ​ហ្វេសប៊ុក COMFREL)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែនបាន​ព្រមាន​​ថា​ សារព័ត៌មាន​ណា​ ដែល​គំរាម​កំហែង​រដ្ឋាភិបាល នឹង​ក្លាយ​ជា​ចំណុច​គោលដៅ​របស់​រដ្ឋាភិបាល។

ការ​បង្ក្រាប​របស់​កម្ពុជា ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ទិតៀន បាន​ប្រែក្លាយ​ជា​រឿង​គួរ​ឲ្យ​ខ្ពើមរអើម ដោយ​មាន​ការ​ផ្សព្វផ្សាយ​រូបថត​មួយ​ចំនួន ដែល​មាន​ចេតនា​បង្ហាញ​ឲ្យ​ឃើញ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ម្នាក់ កំពុង​ថត​វីដេអូ​និង​ចូលរួម​ប្រព្រឹត្ត​អំពើ​អាសអាភាស​ដោយ​ខ្លួន​ឯង​ផ្ទាល់។

​រូបថត​ទាំង​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ នៅ​លើ​គេហទំព័រ​ព័ត៌មាន​ចំនួន​ពីរ​ដែល​គាំទ្រ​រដ្ឋាភិបាល ដោយ​និពន្ធ​នាយក​នៃ​គេហទំព័រ​ទាំង​នេះ និយាយ​ថា រូបថត​ទាំង​នេះ ត្រូវ​បាន​ប៉ូលិស​ផ្ដល់​ឲ្យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​រដ្ឋាភិបាល​របស់​លោក បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សារព័ត៌មាន​ណា​ ដែល​គំរាម​កំហែង​រដ្ឋាភិបាល នឹង​ក្លាយ​ជា​ចំណុច​គោលដៅ​របស់​រដ្ឋាភិបាល។​ ប៉ុន្តែ លោក​ ហ៊ុន សែន មិន​បាន​ថ្លែង​ពី​ការ​បញ្ចេញ​រូបថត​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ដែល​គួរ​ឲ្យ​មាន​មន្ទិល​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា «‍រាជដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​សេរីភាព​តាម​បែប​អានាធិបតេយ្យ​ដោយ​មិន​គោរព​ច្បាប់ ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌ ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ជា​ដាច់​ខាត»។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឡេង ឡែន/VOA)

ការ​ថ្លែង​បែប​នេះ បាន​ក្លាយ​ជា​ការ​ចោទប្រកាន់​មួយ ដែល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​យក​មក​ប្រើ​ជាប់​ជា​ប្រចាំ ប្រឆាំង​នឹង​អ្នករិះគន់​រដ្ឋាភិបាល។

អង្គភាព​ព័ត៌មាន​ Fresh News ដែល​បាន​ផ្សព្វផ្សាយ​រូប​ថត​អាសអាភាស​ទាំង​នេះ​មុន​គេ បាន​និយាយ​ថា មន្ត្រី​ប៉ូលិស ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​ យក​បាន​រូប​ថត​ទាំង​នេះ​ កាល​ពី​សប្ដាហ៍​មុន ក្នុង​អំឡុង​ពេល​លប​ឆ្មក់​ចូល​ក្នុង​ស្ទូឌីយោ​ថត​វីដេអូ​ខារ៉ាអូខេ ​គ្មាន​ច្បាប់​មួយ​កន្លែង​ដែល​ដំឡើង​ដោយ​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី គឺ​លោក​ អ៊ួន ឈិន។

​លោក​ អ៊ួន ឈិន​ និង​អតីត​សហការី​របស់​លោក​ម្នាក់​ទៀត​គឺ​លោក យាង សុធារិន​ ហៅ ​យាង​ សុជាមេត្តា កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បណ្ដោះអាសន្ន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា លោក​ទាំង​ពីរ នៅ​បន្ត​ធ្វើ​ការ​ឲ្យ​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​វិទ្យុ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នេះ បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​កញ្ញា ដោយ​សារ​វិទ្យុ​នេះ​ លើកឡើង​ពី​ការ​បង្ក្រាប«​ឥត​បង្អង់​ដៃ​របស់​រដ្ឋាភិបាល​‍ទៅលើ​សំឡេង​ឯករាជ្យ»។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ទាំង​ពីរ​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចារកម្ម ក្រោម​ច្បាប់​ដែល​មិន​បាន​កំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់លាស់ ដែល​បាន​ដាក់​ទោស​ព្រហ្មទណ្ឌ​ ទៅ​លើ​ការ​ផ្ដល់​ព័ត៌មាន​ដល់រដ្ឋ​បរទេស ដែល​គេ​គិត​ថា​ មាន​លក្ខណៈ​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។

ប្រសិន​បើ​គេ​រក​ឃើញ​ថា​ មាន​កំហុស​មែន​នោះ អ្នក​ទាំង​ពីរ​ អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

អ្នក​នាំ​ពាក្យ​អាស៊ី​សេរី​គឺ​លោក Rohit Mahajan បាន​ថ្លែង​តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា វិទ្យុ​អាស៊ី​សេរី មិន​មាន​ទំនាក់ទំនង​អ្វី​តទៅ​ទៀត​ទេ ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ ចាប់តាំង​ពី​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​មក​ម្ល៉េះ។

VOA មិន​ទាន់​អាច​ទាក់ទង​លោក អ៊ួន ឈិន ដើម្បី​ស្នើសុំ​ការ​អធិប្បាយ​ណាមួយ​បាន​ទេ អំពី​រូបថត​ទាំងនេះ ដោយសារ​លោក កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ។

រូបថត​អាសអាភាស​ទាំង​នេះ បាន​លេច​ឡើង មិន​យូរ​ប៉ុន្មាន​ ក្រោយ​ពី​ការ​ចាប់ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ។ គេហទំព័រ​Swift News ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​រូបថត​ទាំង​នេះ​ទាំងស្រុង​ដោយ​ឥត​កែប្រែ​អ្វី​ទាំងអស់ ទោះបីជា​ ក្រោយ​មក សារព័ត៌មាន​នេះ បាន​ដក​រូប​ថត​ទាំង​នេះ ចេញ​ពី​គេហទំព័រ​របស់​ខ្លួន​វិញ​ក៏ដោយ។ ប៉ុន្តែ រូបថត​ទាំង​នេះ នៅ​តែ​មាន​លើ​ទំព័រFacebook​ របស់​សារព័ត៌មាន​នេះ​នៅ​ឡើយ។

​អង្គភាព​ព័ត៌មាន​ Fresh News នៅ​តែ​ដាក់​បង្ហាញ​រូបថត​អាសអាភាស​ទាំង​នេះ លើ​គេហទំព័រ​របស់​ខ្លួន។

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​អង្គភាព​ព័ត៌មាន​នេះ គឺ​លោក លឹម ជាវុត្ថា បាន​ថ្លែង​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក ក្នុង​ការ​ផ្សព្វផ្សាយ​រូបថត​ទាំង​នេះ ដោយ​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រាល​ មើល​មិន​ឃើញ​អង្គជាតិ​របស់​តួ​សម្ដែង​វីដេអូ​អាសអាភាស​នេះ បង្ហាញ​ថា លោក​បាន​ធ្វើ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ហើយ។

លោក​បាន​មានប្រសាសន៍​ថា៖ «‍ខ្ញុំ​ក្នុង​នាម​យើង​ជា​អង្គភាព​ព័ត៌មាន ហើយ​ខ្ញុំ​បាន​ទទួលព័ត៌មាន​ពី​មន្រ្តី​រដ្ឋាភិបាល​ ខាង​ផ្នែក​សមត្ថកិច្ច​ជំនាញ​ទៀត អញ្ចឹង​ខ្ញុំអត់​មាន​អី​ត្រូវ​ថា ជា​រឿង​ផ្សាយ​ខុស​ណា គឺ​ជា​ រឿង​របស់​សមត្ថកិច្ច​ដែល​គាត់​ផ្តល់​ជូន»។

អ្នក​សារព័ត៌មាន​ក្នុង​ស្រុក យ៉ាង​តិច​ណាស់ ៨០​នាក់ បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​មួយ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក យាង សុធារិន​ ហៅ ​យាង​ សុជាមេត្តា​ ដែល​ធ្លាប់ធ្វើ​ជា​និពន្ធ​នាយក និង​ជា​អ្នក​សម្របសម្រួល​ការិយាល័យ​អាស៊ី​សេរី​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​លោក​ អ៊ួន ឈិន​ ដែល​ជា​អ្នក​យក​ព័ត៌មាន​វីដេអូ​ជើងចាស់​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព​ជា​ច្រើន​ផង​ដែរ។

ទាំង​ក្លឹប​អ្នក​កាសែត​កម្ពុជា ទាំង​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា សុទ្ធ​តែ​ដក​ខ្លួន​ មិន​ធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ ដើម្បី​ការ​ពារ​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ។

ក្នុង​នាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ព្រមទាំង​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​ប្រចាំ​បណ្ដាញ​ទូរទស្សន៍​ CTN ផង​នោះ លោក ហ៊ុយ វណ្ណៈ មាន​គោលជំហរ​ពិសេស​មួយ​ចំពោះ​ព្រឹត្តិការណ៍​ទាំង​នេះ។

លោក វណ្ណៈ ដែល​មាន​ប្រសាសន៍​ថា លោក​ក៏​ផ្ដល់​ប្រឹក្សា​ក្រៅផ្លូវការ​ដល់​អង្គភាពSwift News និងFresh News អំពី​យុទ្ធសាស្ត្រ​រៀបចំ​ខ្លឹមសារ​ព័ត៌មានផង​ដែរ​នោះ បាន​បញ្ជាក់​ថា លោក​បាន​ព្យាយាម​នៅ​អព្យាក្រឹត្យ ដោយ​ការ​ផ្ដល់​ការ​គាំទ្រ​ផ្លូវច្បាប់​ជាជាង​ផ្ដល់​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន។

ប៉ុន្តែ នៅ​ពេល​ត្រូវ​ចោទសួរ​ម្ដង​ហើយ​ម្ដង​ទៀត លោក វណ្ណៈ បាន​រំលឹក​ឡើងវិញ​ពី​ការ​ចាប់អារម្មណ៍​ខ្លះៗ​របស់​លោក​ចំពោះ​អតីត​សិស្ស​របស់​លោក​គឺ​លោក អ៊ួន ឈិន។

លោក ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា «លោក អ៊ួន ឈិន មិន​សូវ​និយាយ​ច្រើន​ទេ។ គាត់​ទន់ភ្លន់​ណាស់ ប៉ុន្តែ​ ដូច​ខ្ញុំ​និយាយ​អញ្ចឹង ពីមុន​និង​ឥឡូវ ខុសគ្នា ដូច​អ្នក​យល់​ច្រឡំ​ អំពី​ ប៉ុល ពត​ អញ្ចឹង‍»។ លោក​ វណ្ណៈ បាន​គូស​បញ្ជាក់​ថា ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ជា​រឿយៗ បង្ហាញ​មុខ​ជា​មនុស្ស​ស្លូតបូត​ និង​ញញឹមញញែម ទោះបីជា​របប​របស់​គេ​ បាន​អនុវត្ត​គោលនយោបាយ ដែល​ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ចំពោះ​ការ​ស្លាប់​ប្រជាជន​ជិត​២លាន​នាក់​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​១៩៧០​ក៏ដោយ។​

​លោក ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា៖ «‍ខ្ញុំ​ពិបាក​ក្នុង​ការ​និយាយ​ហើយ​វិនិច្ឆ័យ​បុគ្គលិកលក្ខណៈ​របស់​គាត់​ណាស់»។

ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​ក្នុង​ការ​ផ្សព្វផ្សាយ​រូបថត​ស្រាត​វិញ លោក ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា លោក​មិន​បាន​វិនិច្ឆ័យ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ នៅ​ពីក្រោយ​ឆាក លោក​បាន​ប្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ពី​អ្វី​ដែល​ត្រូវ​ និង​អ្វី​ដែល​ខុស។

លោក ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា៖ «‍ខ្ញុំ​បាន​ពន្យល់​ពួកគេ​ថា ព័ត៌មាន​ដែល​បែក​ធ្លាយ គឺ​ជា​តាក់​តិច​មួយ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​កាសែត អ្នក​ត្រូវ​តែ​ពិចារណា​ប្រកប​ដោយ​សីលធម៌​ខ្ពស់​ថា​តើ​រឿង​ណា​ដែល​អ្នក​គួរ​តែ​ផ្សព្វផ្សាយ ហើយ​ក្រោយ​មក ពួកគេ​ក៏​សម្រេច​ទម្លាក់​ចោល​ការសម្រេច​ចិត្ត​របស់​ពួកគេ»។

លោក ហ៊ុយ វណ្ណៈ មិន​អាច​ផ្ដល់​ការ​ណែនាំ​ច្បាស់លាស់​ក្នុង​នាម​ជា​ប្រធានសហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​របៀប​ដែល​ពួកគេ​អាច​គេច​ផុត​ពី​ការ​ប្រព្រឹត្ត​«‍ចារកម្ម» ក្រោម​ច្បាប់​ដែល​មាន​លក្ខណៈ​ស្រពេច​ស្រពិល​នេះ​បាន​ទេ ប៉ុន្តែ លោក​បាន​ថ្លែង​ថា ពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង​ពី«‍តម្លៃ​និង​ក្របខ័ណ្ឌ​នៃ​សិទ្ធិ​របស់​ពួកគេ» ហើយ​ត្រូវ​តែ​ប្រយ័ត្នប្រយែង។

លោក វណ្ណៈ ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​អាស៊ី​សេរី​ដែរ​នោះ មាន​ប្រសាសន៍​ថា‍៖ «‍ខ្ញុំ​ព្យាយាម​និយាយ​ច្បាស់​ហើយ​ថា ប្រសិន​បើ​អ្នក​ចាត់​ទុក​ថា​ ពួកគេ​ទាំង​ពីរ​នាក់​គឺ​ជា​ អ្នក​កាសែត អញ្ចឹង តើ​អ្នក​សំអាង​អី​ទៅ​ការពារ​ពួកគេ ដោយសារ​តែ​អាស៊ី​សេរី បាន​បដិសេធ​ថា​ពួកគេ មិន​បាន​ធ្វើការ​ឲ្យ​អាស៊ី​សេរី​ទៀត​ទេ។ អញ្ចឹង តើ​ពួកគេ​កំពុង​ធ្វើការ​ឲ្យ​នរណា?​»

ពូ​ថ្លៃ​របស់​លោក​ យាង សុធារិន​ គឺលោក​ លឹម ស៊ឹម​ មាន​ប្រសាសន៍​ថា ក្មួយប្រុស​របស់​លោក ​បាន​ឈប់​បម្រើការ​ឲ្យ​អាស៊ី​សេរី​តាំង​ពី​មុន​ពេល​មាន​ការ​ចាប់ខ្លួន​ម្ល៉េះ។ លោក​ថ្លែង​បន្ត​ថា ក្មួយ​របស់​លោក គ្រាន់តែ​ទៅ​ផ្ទះ​សំណាក់​នោះ ដើម្បី​ធ្វើ​ជា​សាក្សី​មើល​គេ​ចាប់ខ្លួន​លោក អ៊ួន ឈិន តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្មួយ​របស់​លោក បែរ​ជា​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដែរ។

លោក​ថ្លែង​ថា «‍ខ្ញុំ​អត់​យល់​អា​រឿង​ហ្នឹង​ដែរ»៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី

អត្ថបទ​ទាក់ទង

XS
SM
MD
LG