ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីគណបក្ស​កាន់​អំណាច៖​ការ​មិន​ទទួល​ស្គាល់​ពី​ប្រទេស​ខ្លះ​មិនមែន​ជា​កង្វល់


​លោក​ ជាម យៀប (ស្តាំ)​ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​​ប្រជាជន​​កម្ពុជា។​
​លោក​ ជាម យៀប (ស្តាំ)​ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​​ប្រជាជន​​កម្ពុជា។​
វ៉ាស៊ីនតោន៖ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម​ រង្ស៉ី​បើក​យុទ្ធនាការ​របស់​លោក​ លើ​ឆាក​អន្តរជាតិ​ដើម្បី​សុំ​ឲ្យ​បណ្តាប្រទេស​នានាកុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​ ​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស ​គឺ​លោក​ជាម យៀប​បាន​អះអាង​ថា ​កម្ពុជា​មិន​ខ្វល់​ខ្វាយ​នឹង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ទេ។​

«ការ​ទទួល​ស្គាល់​ឬ​មិនទទួល​ស្គាល់​ជា​សិទ្ធិ​របស់​បណ្តាប្រទេស​ជា​មិត្ត។​ យើង​អត់​មាន​បង្ខំ​គេ​ទេ។​ យើង​មាន​ការ​គាំទ្រ​ប៉ុន្មាន ​យើង​មាន​ប៉ុណ្ណឹង។​ ហើយ​ឥឡូវ​ នេះ ​យើង​គិត​ថា ​អត់​មាន​ពេល​រង់ចាំ​ការ​ឯកភាព​ពី​(គណបក្ស​ជំទាស់​ទេ) ​ព្រោះ​ច្បាប់​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រាន់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រៀបចំ​ដឹកនាំ រដ្ឋ​សភា​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​ថា ​គណ បក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឈ្នះ​អាសនៈ​៦៨​លើស​ពី ​ចំនួន​អាសនៈ​ត្រូវការ​សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​អាសនៈ​៥៥​ ក្នុង​សភា​ដែល​មាន​ចំនួន​សរុប​១២៣​អាសនៈ។​ តែ​គណបក្ស​ជំទាស់​ច្រានចោល​លទ្ធផល​បោះឆ្នោត​នេះ ​ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ដោយ​ស្ថាប័ន​ឯករាជ្យ​មួយ។​ តែ​ដោយ​សារ​មាន​ការ​បដិសេធ​ពី​គណ​បក្ស​គ្រប់គ្រង​ប្រទេស​ការ​ស៊ើប​អង្កេតនេះ​មិន​អាច​ធ្វើ​បានទេ។​ គណបក្ស​ជំទាស់​មិនទាន់​ចូលរួម​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់រដ្ឋ​សភា​និង​រដ្ឋាភិបាល​ថ្មី​ទេ។​ លោក​សម​ រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់ ​ដែល​បាន​ប្រកាស​ពី​គម្រោង​ការ​ធ្វើ​មហា​បាតុកម្ម​នៅថ្ងៃ​ទី២៣​តុលា​ បានស្នើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ផ្អាក​កិច្ចព្រម​ព្រៀង​ផ្តល់​ជំនួយ​និង​កម្ចី​ដល់​កម្ពុជា។ ​លោកក៏​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ស.រ.អា. សហ​ភាព​អឺរ៉ុប​និង​អ.ស.ប.​ផង​ដែរ​ ក្នុង​យុទ្ធនាការ​មិនឲ្យ​ប្រទេស​ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ​ដោយ​លោក​រង្ស៉ី​ចាត់​ទុកថា​ រដ្ឋា​ភិបាល​បច្ចុប្បន្ន​នេះ​ជា​រដ្ឋាភិបាល​គ្មាន​ភាព​ស្របច្បាប់​ និង​ដោយ​សារ​ការបោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ហើយ​កំពុង​មាន​ការ​ជាប់គាំង​ផ្នែក​នយោ​បាយ។​

លោក​ជាម យៀប​បាន​អះអាង​ថា​ ប្រទេស​ជាច្រើន​ រួមទាំង​ចិន​និង​បណ្តាប្រទេស នៅអាស៊ី​ជាច្រើន​ផង ​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មីរួចទៅ​ហើយ​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​នឹង​ជួប​ជាមួយ​លោក​បាន គីមូន ​អគ្គ​លេខាធិការ​អ.ស.ប.​និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ​នាយក​រដ្ឋមន្ត្រី​ញូហ្ស៊ឺលែន​ និង​មេ​ដឹកនាំ ​ប្រទេស​នានា​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​ប៊ុ្រយណេ​នៅ​សប្តាហ៍​នេះ។​

«នេះជា​សក្ខីភាព​មួយ​ដែល​ស​បញ្ជាក់​ឲ្យឃើញ​ថា ​យើងអត់​មាន​ទោមនស្ស​ឬ​ភ័យ​ខ្លាច​យ៉ាងណាៗ​នោះ​ទេ»។​

លោកគល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ខុមហ្រ្វែល​ បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ការ​ព្រួយ​បារម្ភ ​តែជា​កត្តា​ចិត្ត​សាស្ត្រ​ គណបក្ស​នេះ​ត្រូវ​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន។​

«មាន​ការ​ព្រួយ​បារម្ភ ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​យើង​ត្រូវការ​ការ​គាំទ្រ​ ត្រូវការ​ការ​ ផ្តល់​ជំនួយ​ ទាំង​បច្ចេក​ទេស ​និង​ធនធាន​ ព្រោះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​រៀបចំ​ការ ​អភិវឌ្ឍន៍​ប្រទេស»។​

លោក​បាន​បន្ថែម​ទៀត​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​កំពុង​រង​សម្ពាធពីរ​គឺ​ការ​ មិន​ទទួល​ស្គាល់​ពី​ប្រជា​ពលរដ្ឋ ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ជំទាស់​ច្រើន​ជាង​មុន ​និង​ការ​មិន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ដ៏ទូលំ​ទូលាយ​ ដែល​លោក​អះអាង​ថា​ គួរ​ចាប់​ផ្តើម​មាន​ការ​កែ​ទម្រង់​ចំពោះ​ការ​ដឹកនាំ​ប្រទេស។​

ប្រទេស​សំខាន់ៗ​ដែល​មិនទាន់​ប្រកាស​ទទួល​ស្គាល់​ការ​បោះឆ្នោត​គឺ​ស.រ.អា.​ និង​បណ្តា​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ ដែល​ផ្តល់​កូតា​សម្លៀកបំពាក់​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​រាប់ពាន់​លាន​ដុល្លារ​ស.រ.អា.ក្នុង​មួយ​ឆ្នាំៗ​ ហើយ​នឹង​អ.ស.ប.​ផង​ដែរ​ ដោយ​នៅតែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដោយ​តម្លាភាព។​ ប្រទេស​ទាំងនោះ​បាន​អះអាង​ថា​ សភា​ដែល​ជឿទុក​ចិត្ត​បាន​គឺ​តម្រូវ​ឲ្យ​មាន​បក្ស​ច្រើន​ចូល​រួម។​

លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា​ ការ​មិន​ ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ជារឿង​មួយ​ដែល​ធ្វើ ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ និង​បណ្តាប្រទេស​នានា​ ជា​ដៃគូ។​ លោក​ទទូច​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​គួរ​យល់ព្រមនឹង​សំណើ​របស់​គណបក្ស​ជំទាស់​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការកែ​ប្រែ​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក​ផុត​ពី​អំពើ​ពុករលួយ​ ភាពក្រីក្រ​ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​បាត់បង់​ដីធ្លី​ជាដើម។​

«ដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​ជជែក​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​ យក​បាន​ទាំងអស់​គ្នា​ ទាំង​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត ​ទាំង​អ្នក​នយោបាយ»។​

គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ជូនម្ចាស់​ឆ្នោត​ដោយពិនិត្យភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ និង​ឲ្យ​មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​រឹងម៉ាំ​មួយ​ក្នុង​សភា៕
XS
SM
MD
LG