សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតរបស់ឡាវនៅលើដងទន្លេមេគង្គ ដែលពួកគេអះអាងថានឹងធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រីនិងដីល្បាប់នៅផ្នែកខាងក្រោម។
ប្រទេសឡាវគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយទៀត ឈ្មោះថា Luang Prabangដែលមានទំហំថាមពល ១៤៦០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២០នេះ។ នេះជាគម្រោងទី៥ ក្នុងចំណោមគម្រោងនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គសរុបទាំង៩របស់ឡាវ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការទាំង៥ដែលរួមមាន បណ្តាញការពារទន្លេសេសាន ស្រែពក សេកុង អង្គការ FACT វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ និងអង្គការភូមិខ្ញុំ បានបញ្ជាក់ពីកង្វល់របស់ពួកគេថា៖ «ការបម្លាស់ទីរបស់ត្រី លំហូរជលសាស្រ្ត និងកំណកកករដីល្បាប់ គឺជាផលប៉ះពាល់ឆ្លងដែនដែលនឹងកើតមានពីគម្រោងទំនប់វារីអគ្គិសនីនៅលើតួទន្លេមេ»។ ពួកគេលើកឡើងថា គម្រោងនេះ រួមនឹងគម្រោងដែលមានស្រាប់«នឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់លំហូរជលសាស្រ្តដែលធ្វើឲ្យផ្នែកខាងក្រោមនៃទន្លេមេគង្គក្រោម នឹងជួបប្រទេសញឹកញាប់នូវកម្រិតលំហូរទឹកទាប ពោលគឺការប្រែប្រួលរបបទឹកហូរមានកម្រិតកាន់តែខ្ពស់»។
នេះជាទំនប់វារីអគ្គិសនីចម្រូងចម្រាសថ្មីមួយទៀតនៅផ្នែកខាងលើទន្លេមេគង្គ បន្ទាប់ពីការស្ថាបនាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី(Xayaburi) និងដន សាហុង។ ក្រៅពីទំនប់ទាំងនេះ រដ្ឋាភិបាលឡាវក៏នឹងស្ថាបនាទំនប់វារីអគ្គិសនីប៉ាក់ បេង(Pak Beng)មួយទៀតដែលស្ថិតនៅចម្ងាយប្រហែល១៥៤០គីឡូម៉ែត្រពីព្រំដែនកម្ពុជា~ឡាវ។
បើតាមអង្គការដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជា គម្រោងស្ថាបនាទំនប់ Luang Prabang នេះ «នឹងកាត់បន្ថយជាអតិបរមានូវបរិមាណកំណកកករឬដីល្បាប់ ដែលចាក់បំពេញផ្នែកខាងក្រោមនៃទន្លេមេគង្គក្រោម ដែលអាចនឹងបង្កឲ្យមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ការប្រកបរបរនេសាទកសិកម្មរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេផ្នែកខាងក្រោម»។
អង្គការទាំងនោះលើកឡើងទៀតថា ផែនការសាងសង់ទំនប់នេះនៅចុងឆ្នាំ២០២០ នឹងមិនផ្តល់ពេលគ្រប់គ្រាន់ ដើម្បីសិក្សាបន្ថែមទៅលើសំណើរបស់អ្នកពាក់ព័ន្ធឲ្យបានរួចរាល់មុនការចាប់ផ្តើមសាងសង់ឡើយ។
VOAមិនអាចសុំការអត្ថាធិប្បាយពីលោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានទេ។ ហើយVOAក៏មិនអាចសុំការឆ្លើយតបពីស្ថានទូតឡាវប្រចាំនៅកម្ពុជាបានដែរ។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលចូលរួមកិច្ចប្រជុំពិភាក្សារយៈពេល២ថ្ងៃនៅប្រទេសឡាវ អំពីទំនប់វារីអគ្គិសនី Luang Prabang នេះ ដែលបញ្ចប់នៅថ្ងៃព្រហស្បតិ៍បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលនេះដោយលោកថារង់ចាំពេលលោកត្រឡប់មកកម្ពុជាវិញ។
អ្នកស្រី ផ្លោក សារេត អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិដំរែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នៅលើកោះត្នោត ក្នុងទឹកទន្លេមេគង្គ បានថ្លែងប្រាប់VOAនៅថ្ងៃព្រហស្បតិ៍នេះថា ទឹកទន្លេបានស្រកខុសពីធម្មតា ដែលធ្វើឲ្យប្រជាកសិករពិបាកក្នុងការធ្វើស្រែចម្ការ ដាំបន្លែ និងនេសាទ។ អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ទឹកទន្លេ បានស្រកខ្លាំង រហូតដល់ពិបាកធ្វើដំណើរតាមទូក ដោយសារមានថ្មច្រើន។
អ្នកស្រីបានថ្លែងថា៖ «តែឥឡូវនេះ រដូវប្រាំងបែរជាមានទឹកឡើងវិញ ឬក៏មិនទាន់ចូលរដូវប្រាំងពិតប្រាកដ បែរជាទឹកស្រកខ្លាំងវិញអញ្ចឹង។ មើលឃើញថ្ម ពិបាកបើកកាណូត។ ហើយជួនណាទៅ វាស្រកខ្លាំង ជួនណាទៅ វាឡើងៗទៅ។ ដូចថាដំណាំយើងដាំតាមមាត់ច្រាំង ជិតទឹកអី លិចអស់អញ្ចឹងទៅ»។
អ្នកស្រីស្នើឲ្យមានការបញ្ឈប់សាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ ដើម្បីធានាថាប្រជាជននៅខាងក្រោម មិនរងផលប៉ះពាល់ដោយសារទំនប់ទាំងអស់នេះ។
អ្នកស្រីបន្ថែមថា៖ «ទោះបីទំនប់មិនកើតនៅស្រុកខ្មែរច្រើនក៏ដោយ កើតនៅលើប្រទេសគេក៏ដោយ ក៏ប៉ះពាល់មកដល់ស្រុកខ្មែរដែលពួកយើងនៅក្រោមទំនប់ហ្នឹងធ្ងន់ធ្ងរជាងមុន ដូចខ្ញុំថាតាំងពីទឹកទន្លេ ការរស់នៅរបស់ត្រី ស្មៅបាត់ទន្លេ អាចវាងាប់បណ្តើរៗ ដោយសារមានស្លែមានអី»។
ការសាងសង់ទំនប់ថ្មី Luang Prabang នេះត្រូវរំពឹងថានឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២០ហើយនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧។ថាមពលដែលផលិតបានពីទំនប់នេះអាចនឹងត្រូវលក់ឲ្យទៅប្រទេសថៃឬវៀតណាម៕