ស្ថាប័នធ្វើការពាក់ព័ន្ធនិងបណ្តាប្រទេសទន្លេមេគង្គក្រោមបានស្នើឲ្យរដ្ឋាភិបាលឡាវធ្វើការសិក្សានិងវាយតម្លៃបន្ថែមលើផលប៉ះពាល់បរិស្ថាននិងសង្គម ដែលអាចនឹងកើតមានដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាងក្នុងប្រទេសឡាវ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការទន្លេមេគង្គដែលវីអូអេទទួលបាននៅថ្ងៃសុក្រនេះ ស្ថាប័នធ្វើការពាក់ព័ន្ធដែលមានអ្នកតំណាងសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍនិងរដ្ឋាភិបាលពីប្រទេសកម្ពុជា ថៃ វៀតណាម ជិត២០០នាក់ បារម្ភផលប៉ះពាល់ដោយទំនប់វារីអគ្គិសនីលួងប្រាបាង នៅក្នុងវេទិកាស្ថាប័នពាក់ព័ន្ធក្នុងតំបន់ដែលរៀបចំដោយគណៈកម្មាធិការទន្លេមេគង្គកាលពីថ្ងៃ០៥ និង០៦ ខែកុម្ភៈកន្លងទៅ។
បណ្តាប្រទេសតាមទន្លេមេគង្គក្រោម ដូចជាកម្ពុជា ថៃ និងវៀតណាម បានស្នើឲ្យភាគីឡាវធ្វើការសិក្សាស៊ីជម្រៅ ស្វែងរកវិធានការកាត់បន្ថយហានិភ័យ រួមទាំងប្រើប្រាស់ថាមពលជំនួសដូចជា ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ជាដើម ដោយសារពួកគេបារម្ភថា ទំនប់នេះនឹងធ្វើឲ្យមានផលប៉ះពាល់ឆ្លងដែនដល់មច្ឆជាតិ ការសឹកច្រាំងទន្លេ ការលិចទឹកតំបន់ដីសណ្ត និងកង្វះទឹកប្រើប្រាស់។
យោងតាមសេចក្តីថ្លែងដដែល លោក សុខ ប៊ុនហេង អ្នកតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានថ្លែងថា៖ «ការសិក្សាបន្ថែមលើផលប៉ះពាល់តគ្នានិងផលប៉ះពាល់ឆ្លងដែនលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដូចជាមច្ឆជាតិជាដើម គួរតែធ្វើបន្តទៀត ដើម្បីធានាថា ផលប៉ះពាល់បែបអវិជ្ជមានពីទំនប់នេះត្រូវបានកាត់បន្ថយ»។
អ្នកតំណាងគណៈកម្មាធិការទន្លេមេគង្គមកពីប្រទេសថៃ ស្នើឲ្យភាគីឡាវមានវិធានការកាត់បន្ថយហានិភ័យសម្រាប់ប្រជាជនដែលរងគ្រោះនិងគ្រោងការណ៍ធានារ៉ាប់រងជាមួយនឹងមូលនិធិសំណងសម្រាប់ការខូចខាតផ្សេងៗ។ ចំណែកភាគីវៀតណាមបង្ហាញការបារម្ភពី ការសឹកច្រាំងទន្លេ ការលិចទឹកតំបន់ដីសណ្ត និងកង្វះទឹកប្រើប្រាស់។
កាលពីថ្ងៃព្រហស្បតិ៍ វេទិកាអង្គការមិនមែនរដ្ឋាភិបាលក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាង របស់ប្រទេសឡាវនេះផងដែរ ដោយអះអាងថា វានឹងប៉ះពាល់ដល់លំហូរជលសាស្ត្រនៃផ្នែកខាងក្រោមនៃទន្លេ។
ប៉ុន្តែ VOAមិនអាចទាក់ទងលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលបានទេ។ VOA ក៏មិនអាចទាក់ទងលោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលចូលរួមកិច្ចប្រជុំពិភាក្សារយៈពេល២ថ្ងៃនៅប្រទេសឡាវ អំពីទំនប់វារីអគ្គិសនីលួងប្រាបាងនេះបានដែរ រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ។
លោក Saynakhone Inthavong អនុរដ្ឋមន្ត្រីនៃក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ឡាវ ថ្លែងថា រដ្ឋាភិបាលឡាវកោតសរសើរចំពោះមតិទាំងឡាយពីស្ថាប័នពាក់ព័ន្ធនិងបន្តដោះស្រាយក្តីបារម្ភសមស្របនានា។
ទំនប់វារីអគ្គិសនីលួងប្រាបាង ដែលស្ថិតនៅភាគខាងជើងប្រទេសឡាវ ខាងលើទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី និងខាងក្រោមទំនប់ប៉ាក់បេង គឺគម្រោងអភិវឌ្ឍន៍រវាងរដ្ឋាភិបាលឡាវនិងក្រុមហ៊ុនរបស់រដ្ឋាភិបាលវៀតណាម សាជីវកម្មផេត្រូវៀតណាម។
គម្រោងទំនប់វារីអគ្គិសនីលួងប្រាបាង របស់ប្រទេសឡាវ នឹងចាប់ផ្តើមសាងសង់ចុងឆ្នាំ២០២០នេះ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៧។ ទំនប់វារីអគ្គិសនីនេះអាចផលិតថាមពលអគ្គិសនី ទំហំ១៤៦០មេហ្គាវ៉ាត់ សម្រាប់លក់ឲ្យប្រទេសថៃនិងវៀតណាម៕