ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថៃ​បង្ហាញ​ថា​​ ពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺ​កូវីដ១៩​នៅ​ថៃ​កើន​ដល់​១៥៣​នាក់


រូបឯកសារ៖ ពលករចំណាកស្រុកកំពុងនិយាយទៅកាន់ក្រុមបុគ្គលិកសុខាភិបាលថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ពលករចំណាកស្រុកកំពុងនិយាយទៅកាន់ក្រុមបុគ្គលិកសុខាភិបាលថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

ចំនួន​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សុខា​ភិបាល​ថៃ រក​ឃើញ​ថា​មាន​ផ្ទុក​វីរុសជំងឺ​កូវីដ​១៩ បាន​កើន​ឡើង​ដល់ ​១៥៣ ​នាក់​ គិត​ត្រឹមរសៀល​ថ្ងៃ​សុក្រ ទី​៨ ខែ​មករា​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​ស្តីពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ។

របាយ​ការណ៍​នោះ​បង្ហាញទិន្នន័យគិត​ចាប់​ពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​៨ ​ខែ​មករា​ ឆ្នាំ​២០២១​នេះ ខណៈ​ថៃ​កំពុង​ប្រឈម​ការ​ឆ្លង​រាល​ដាលយ៉ាង​ខ្លាំង​ចូល​សហគមន៍ ជា​ពិសេស​ក្នុង​តំបន់​ដែល​សំបូរ​ដោយ​ពលករ​បរទេស​ធ្វើ​ការ។

របាយ​ការណ៍​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​ ១៥៣​ នាក់​ដែល​ឆ្លង ក៏​មាន​ពលរដ្ឋ​ភូមា​ចំនួន​ ១.១៦២​ នាក់​ឥណ្ឌា​ចំនួន​ ៨៥ ​នាក់ និង​ជន​បរទេស​ផ្សេង​ទៀត ចំនួន​ ១.៣៧៥ ​នាក់ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​១៩។

ក៏​ប៉ុន្តែ​របាយការណ៍​នេះ​មិន​បាន​បញ្ជាក់​ថា ​តើ​ពលរដ្ឋ​កម្ពុជា​ទាំង​ ១៥៣​ នាក់ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​ នោះ ជា​ពលករ​ចំណាក​ស្រុក​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ឬ​យ៉ាង​ណា​នោះ​ទេ។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​សាធារណៈ​របស់ថៃ​ប្រកាស​ថា​ មនុស្ស​ ២០៥ ​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ នេះ។ ចំណែក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថៃ​បាន​រាយការណ៍​ថា ​មនុស្ស​ ៣០៥ ​នាក់​បាន​ឆ្លង​ថ្មី។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ផ្ទុះ​ខ្លាំង​ឆ្លង​ប្រមាណ​ ៦០០ ​នាក់ រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១​នេះ ករណី​ឆ្លង​សរុប​មាន​ទៅ​ដល់ ​៥.៥០០​ នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ។

ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់ ​VOA ​តាម​សារ​អ៊ីមែល​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា ​ចំនួន​អ្នក​ឆ្លង​បាន​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់ ហើយ​ទិន្នន័យ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេប​សាយ​របស់​នាយក​ដ្ឋាន​គ្រប់គ្រង​ជំងឺ​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ។

ស្ថាន​ទូត​បន្ត​ថា​ រដ្ឋាភិបាល​ថៃ​លើក​ទឹក​ចិត្ត​ពលករ​ទាំង​អស់​មិន​ឲ្យ​ផ្លាស់​ទី​ក្នុង​ពេល​នេះ ខណៈ​ថៃ​ក៏​បាន​ដាក់​ចេញ​វិធានការ ដើម្បី​សម្រប​សម្រួល​ជា​បណ្តោះ​អាសន្ន​ឲ្យ​ពលករ​បរទេស​អាច​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ស្ថានទូត​ថៃបញ្ជាក់​ថា៖ «យើង​ស្នើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ក្នុង​ប្រទេស​ថៃ​បន្ត​ទាក់​ទង​ជាមួយ​ស្ថាន​ទូត​កម្ពុជា​ក្នុង​ទីក្រុង​បាង​កក ហើយ​តាម​ដាន​ការ​វិវឌ្ឍ​នៃ​ស្ថាន​ការណ៍​ឲ្យ​បាន​ដិត​ដល់​ពី​ប្រភព​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន ក៏​ដូច​ជា​អនុវត្តវិធានការ​បង្ការ ដូច​ជា​ពាក់​ម៉ាស់ យក​ចិត្ត​ទុក​ដាក់​អនាម័យ​របស់​ពួកគេ និង​ជៀស​វាង​សកម្ម​ភាព​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​[នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩]»។

ស្ថាន​ទូត​ថៃ​ឲ្យ​ដឹង​ទៀត​ថា​ រដ្ឋាភិបាល​ថៃ ​ក៏​បាន​ផ្តល់​ជំនួយ​និង​មើល​ថែ​សុខភាពរបស់​ពលករ​ទាំង​អស់ ក៏​ដូច​ជា​ប្រជាជន​ថៃ ហើយ​អ្នក​ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផ្សេងៗ​គ្នា។

បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា​ស្ថាន​ទូត​កម្ពុជា​កំពុង​ផ្ទៀង​ផ្ទាត់​ករណី​ឆ្លង​ក្នុ​ង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាមួយ​អាជ្ញាធរ​ថៃ។

លោក​មាន​ប្រសាសន៍​ថា៖ «អាជ្ញាធរ​ថៃ​នឹង​ព្យាបាល​ពលករ​បរទេស​ទាំង​អស់​ដោយ​ឥត​គិត​ថ្លៃ​ដូច​ប្រជា​ជន​ថៃ​ដែរ។ ស្ថានទូត​[កម្ពុជា]​កំពុង​យក​ចិត្ត​ទុក​ដាក់​បំផុត​ដល់​ពលករ​ខ្មែរ​ទាំងអស់​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​ផង​ដែរ»។

លោក ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់​ មាន​ប្រសាសន៍​ថា​ លោក​ព្រួយ​បារម្ភ​អំពី​ពលករខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​មិន​ស្រប​ច្បាប់ ដោយ​ពួកគេ​កំពុង​បាត់​បង់​ចំណូល ហើយ​ក៏​មិន​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ថៃ ដែល​ជួយ​ដល់​ពលករ​ស្រប​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​ជា​ក្តី​បារម្ភ​នោះ គឺ​ពលករ​ខ្មែរ​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ទី​នោះ ហើយ​កំពុង​តែ​មិន​មាន​ភាព​ស្រប​ច្បាប់​ហ្នឹង គឺ​ពួកគាត់​បាត់​បង់​នូវ​ការងារ ហើយ​គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​នៅ​ទីនោះ»។

ទោះ​ជា​យ៉ាងណា លោក ឃុន ថារ៉ូ លើក​ទឹក​ចិត្ត​ឲ្យ​ពលករ​ខ្មែរ​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ព្រោះ​ការធ្វើ​ដំណើររឹត​តែបង្ក​ហានិភ័យ​នៃ​ការ​ឆ្លង។ លោក​ជំរុញ​ឲ្យ​ស្ថាន​ទូត​ខ្មែរនៅ​ប្រទេស​ថៃ​ប្រមូល​ទិន្នន័យ​ពលករ​មិន​ស្រប​ច្បាប់​នៅ​ទី​នោះ ហើយ​ជួយ​ពួកគេ​ជា​បន្ទាន់។

លោក​បញ្ជាក់​ថា៖ «ជម្រើស​ល្អ​មាន​តែ​គាត់​ស្នាក់​នៅ​ប្រទេស​ថៃ​ទេ។ ហើយ​រាជ​រដ្ឋាភិបាល​ខ្មែរ ក្រៅ​តែពី​ការ​មានវិធានការនៅ​ក្នុង​ការ​ធានា​នៅ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក​ការ​ធ្វើ​តេស្ត សម្រប​សម្រួលនៅ​ក្នុង​ការ​ផ្តល់​នូវ​ទី​កន្លែង​សម​រម្យ ការ​ហូប​ចុក​គ្រប់គ្រាន់ ខ្ញុំ​គិត​ថា ​រាជ​រដ្ឋា​ភិបាល​ពិចារណានៅ​ក្នុង​ការធ្វើ​ការ​សហការជាមួយ​នឹង​អាជ្ញាធរ​ថៃ​ ដើម្បី​ធានា​ថា​ពលករ​ខ្មែរ​ដែល​គាត់​មិន​មាន​ភាព​ស្រប​ច្បាប់​ហ្នឹង គាត់​អាច​ធ្វើ​ការ​សម្រប​សម្រួល​នៅ​ក្នុង​ការ​ចុះ​បញ្ជី​ភាព​ស្រប​ច្បាប់»។

ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ មាន​ចំនួន​ប្រមាណ​ ១,២​ លាន​នាក់ ហើយ​ក្នុង​នោះ​មានចំនួន​ច្រើនដែល​ធ្វើ​ការ​មិន​មាន​ឯកសារ​ផ្លូវ​ច្បាប់។

គិត​ត្រឹម​ថ្ងៃទី​៥ ​ខែ​មករា ឆ្នាំ​២០២១ អាជ្ញាធរ​ខ្មែរ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​សរុប​ជាង ​៥ ​ពាន់​នាក់​បាន​ចូល​មក​កម្ពុជា ក្នុង​រយៈ​ពេល​ជាង ​៣​ សប្តាហ៍​ចុង​ក្រោយ​នេះ​នៃការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរម្នាក់ទៀត​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែលវិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ កើន​ដល់ ​២១ ​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៨ ​ខែ​មករា​នេះ៕

XS
SM
MD
LG