ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​​តាម​ព្រំដែន​ថា​ពលករ​ខ្មែរ​​ជាង​៥​ពាន់​នាក់​ចូល​មក​កម្ពុជា ខណៈ​ផ្ទុះ​កូវីដ​នៅ​ថៃ


រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​ចុះ​ពី​រថយន្ដ​ថៃ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​-ថៃ ក្រុង​ប៉ោយប៉ែត កម្ពុជា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

អាជ្ញាធរខ្មែរ​ក្នុង​ខេត្ត​ជាប់​ព្រំដែនប្រទេស​ថៃ ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​សរុប​ជាង​៥​ពាន់​នាក់​បាន​ចូល​មក​កម្ពុជា ក្នុង​រយៈ​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ ខណៈ​ប្រទេស​ថៃ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

កាល​ពី​សប្តាហ៍​មុន ក្រសួង​សុខា​ភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ខ្លួន​រក​ឃើញ​ពលករខ្មែរ​ចំនួន​១៤​នាក់ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ស្រុក។

លោក ឌី រ៉ាដូ អភិបាល​រង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​អ្នក​នាំពាក្យ មាន​ប្រសាសន៍ថាគិត​ត្រឹម​ថ្ងៃ​ច័ន្ទ ​ពលករ​ដែល​ចូល​តាមច្រក​ខេត្ត​ឧត្តរ​មាន​ជ័យ ​មាន​ជាង​២.១០០​នាក់ ហើយ​ក្នុង​នោះ មាន​៧៥០​នាក់​ ដែល​ត្រូវយក​សំណាក​មក​ធ្វើ​តេស្ត។

លោក​ពន្យល់​ថា​នៅពេល​ផ្ទុះ​ជំងឺកូវីដ​១៩​ភ្លាមៗ​ក្នុង​ប្រទេស​ថៃ​កាល​ពី​២​សប្តាហ៍​មុន មិន​មែន​ពលករឆ្លង​កាត់​ព្រំដែន​ទាំង​អស់ ត្រូវ​យក​សំណាក​ទេ​ គឺ​យក​តែ​ករណី​សង្ស័យ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បញ្ជា​ឲ្យ​យក​សំណាក​ពលករទាំង​អស់ ទើប​អាជ្ញាធរ​បាន​យក​សំណាក​ពលករ​ដែល​ចូល​មក​ទាំង​អស់។

លោក​ប្រាប់​VOA​ថា៖ «មុន​ៗ យើង​យក​[សំណាក] ករណី​ដែល​គាត់​មាន​ការ​សង្ស័យ​ទេ»។

លោក ឌី រ៉ាដូ បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ ស្ថាន​ភាព​អាច​គ្រប់គ្រង​បាន ហើយ​អាជ្ញាធរ​បាន​រៀបចំ​កន្លែង​ចត្តា​ឡីស័ក​ជាង​១០​កន្លែង ​ក្នុង​នោះ​មាន​សាលា​រៀន​ផង​ដែរ។ លោក​បន្ថែម​ថា​នៅ​តាម​ច្រក​តូចៗ ក៏​មាន​ការ​រឹត​បន្តឹង​ដែរ ដើម្បី​ធានា​ថា​មិន​មាន​ពលករ​រត់​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​បណ្តា​ច្រក​របៀង​ហ្នឹង សុទ្ធ​តែ​មាន​កម្លាំង​ នៅ​តាម​បណ្តា​ច្រក ហើយ​យើង​ដាក់​វិធានការ​តឹង​រ៉ឹង​ គឺ​មិន​ឲ្យ​ឆ្លង​កាត់​ទេ។ រហូត​មក​ដល់​បច្ចុប្បន្ន គឺ​អត់​មាន​ពលករ​ណា​ម្នាក់​ដែល​ឆ្លង​កាត់​តាម​ច្រក​របៀង​ទេ។ គឺ​តម្រូវ​ឲ្យ​ឆ្លង​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ មាន​អូរស្មាច់​និង​ច្រក​ជាំ»។

ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោក ឃ្លោក ហួត មាន​ប្រសាសន៍​ថា​ចាប់​តាំង​ពី​ផ្ទុះការ​ឆ្លង​សហគមន៍​នៅ​ប្រទេស​ថៃ មន្រ្តី​សុខាភិបាល​បាន​យក​សំណាក​តែ​អ្នក​មក​ពី​ខេត្ត​ប្រឈម។ ចំណែក​អ្នក​មិន​មក​ពី​ខេត្ត​ប្រឈម ​ត្រូវ​ធ្វើ​ចត្តាឡីស័ក។

លោក​បន្ត​ថាកាល​ពី​ដើម​ឡើយ ពលករ​ត្រូវ​បញ្ជូនទៅ​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត​ស្រុក​កំណើត​របស់​ខ្លួន ដែល​លោក​ថា​នៅ​ទី​នោះ ពួកគេ​ត្រូវ​បន្ត​ការ​ដាក់​ឲ្យនៅ​ដាច់​ដោយ​ឡែក​ និង​យក​សំណាក​មក​ធ្វើ​តេស្ត។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​បញ្ជាក់អា​ហ្នឹង​វិញ កុំ​ឲ្យ​វា​មាន​បញ្ហា។ ទោះ​បី​ខាង​ខេត្ត​ខ្ញុំ​មិន​បាន​យក​សំណាក ប៉ុន្តែ​ទៅ​ខេត្ត​ផ្សេង ខេត្ត​ផ្សេង​គេ​យក»។

រូប​ឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរនាំ​គ្នា​ចុះ​ពី​រថយន្ត​របស់​ថៃ​ នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​ពី​ប្រទេស​ថៃវិញ​ នៅ​ឯ​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​ថៃ នៅ​ក្រុង​ប៉ោយប៉ែត ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៤។ AP Photo/Heng Sinith)
រូប​ឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរនាំ​គ្នា​ចុះ​ពី​រថយន្ត​របស់​ថៃ​ នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​ពី​ប្រទេស​ថៃវិញ​ នៅ​ឯ​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​ថៃ នៅ​ក្រុង​ប៉ោយប៉ែត ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៤។ AP Photo/Heng Sinith)

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​របស់​ក្រសួង​សុខា​ភិបាល បាន​ប្រាប់​VOA​នៅថ្ងៃ​អង្គារ​នេះ​ថា​រាល់​ពលករ​ដែល​ចូល​មក​កម្ពុជា​ទាំង​អស់ ទោះ​មុន​ការ​ផ្ទុះ​ការ​រាត​ត្បាត​ក្នុង​ប្រទេស​ថៃ ចាំបាច់​ត្រូវ​យក​សំណាក។

លោកស្រី​បន្ត​ថា​ក្រុម​ការងារ​របស់​ក្រសួង​សុខា​ភិបាល​អនុវត្ត​នីតិវិធី​នេះ គឺត្រួត​ពិនិត្យ​អ្នក​ឆ្លង​តាមព្រំដែន ហើយ​ប្រសិន​បើ​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ នឹង​បញ្ជូន​អ្នក​ដំណើរទៅ​តាម​ខេត្ត​ជា​ស្រុក​កំណើត ដើម្បី​ធ្វើ​ចត្តាឡីស័ក តាម​ដាន​សុខ​ភាព និង​យក​សំណាក​របស់​ពួក​គេ។

លោកស្រី ឱ វណ្ណឌីន បន្ត​ថា​ក្រោយ​មក មាន​ការ​យក​សំណាក​នៅ​ច្រក​ចេញ​ចូល​តែ​ម្តង ដោយ​មិន​បញ្ជូន​ពលករ​ទៅ​ខេត្ត​ដែល​ពួកគេ​រស់​នៅ​នោះ​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​ធ្វើ​តេស្ត​ពេល​គាត់​មក​ដល់ ហើយ​និង​ធ្វើ​ចត្តាឡីស័ក​ និង​ធ្វើ​តេស្ត​មួយ​សា​ទៀត​នៅ​ថ្ងៃ​ទី​១៣»។

លោកស្រីបន្ថែម​ថា៖ «នេះ​យើង​មានការ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ទៅ​លើ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​គាត់​ធ្វើ​ដំណើរ​ចូល​មក​ក្នុងប្រទេស​កម្ពុជា​របស់​យើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ»។

អភិបាល​ខេត្ត​បាត់​ដំបង លោក ងួន រតនៈ មាន​ប្រសា​សន៍​ថា​ពលករ​ខ្មែរ​សរុប​ប្រមាណ​១.៤០០​នាក់ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ខេត្ត​បាត់​ដំបង ដែល​កន្លែង​ចត្តា​ឡីស័ក ​ត្រូ​វ​បានបែង​ចែក​តាម​ស្រុក​ចំនួន​៧។

លោក​មាន​ប្រសាសន៍​ថា៖ «បាត់​ដំបង​ខ្ញុំ​ តាំង​ពី​ដើមមក​ចូល​ប្រហែល​លើស​៥០ ក្រោម​១០០​[នាក់]​ក្នុង​មួយ​ថ្ងៃ។ តែ​ប៉ុណ្ណឹង​ទេ​ចូល​មក ​ដូច​មិន​មាន​កើន​អី​ទេ»។

លោក​បន្ថែម​ថា៖ «គឺ​យើង​បាន​រៀបចំ​កន្លែង​មណ្ឌល​ចត្តាឡីស័កទទួល​កម្មករ​បាន​ហ្មត់​ចត់​ល្អ ដោយ​សារ​គោល​នយោបាយ​របស់​សម្តេច[នាយក​រដ្ឋមន្រ្តី]​ក្នុង​ការ​គ្រប់គ្រងលោក​មាន​គោល​ការណ៍​ច្បាស់​លាស់។ យើង​មាន​របប​អាហារ យើង​មាន​Kit[សម្ភារៈ​ប្រើ​ប្រាស់​]​សម្រាប់​ជូន​គាត់»។

អភិបាល​ខេត្ត​បាត់​ដំបងបន្ត​ថា​សាលា​រៀន​ខ្លះ​អាច​នឹង​អស់​ពលករធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ មុន​ថ្ងៃបើក​បវេសនកាល គឺ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា។ លោក​ឲ្យ​ដឹង​ទៀត​ថា​ចំពោះ​សាលារៀន​ដែល​នៅ​សល់ការ​ធ្វើ​ចត្តាឡីស័ក​របស់​ពលករ អាជ្ញាធរ​អាច​សុំ​ការ​ពន្យារ​ពេល​ចូល​រៀន​នៅ​សាលា​នោះ។

លោក ងួន រតនៈ ឲ្យ​ដឹង​ទៀត​ថាក្នុង​ខេត្ត​របស់​លោក ពលករ​ដែល​ចូល​ទៅ​ដល់​មូលដ្ឋាន​មាន​តែ​បួន​ប្រាំ​នាក់​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​បានហៅ​ពួក​គាត់​មក​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ដែល​អាជ្ញាធរ​រៀបចំ​ឲ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ផ្ទះ​នោះ​ទេ។

អភិបាល​រង​ខេត្ត​បន្ទាយមាន​ជ័យ លោក លី សារី មាន​ប្រសាសន៍​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ពេល​ដែល​ផ្ទុះ​ជំងឺ​កូវីដ​ក្នុង​ខេត្ត​សាមុទ្រ សាខន នៃ​ប្រទេស​ថៃ មាន​ពលករ​ជាង​២​ពាន់​នាក់ ដែល​ចូល​មក​កម្ពុជា ​កាត់​តាមច្រកខេត្ត​បន្ទាយ​មានជ័យ ហើយ​រហូត​មក​ដល់​ពេល​នេះ ពលករ​ចូល​មក​កម្ពុជា​មានចន្លោះ​ពី​២០​ទៅ​៣០​នាក់ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

លោក​បន្ត​ថា​អ្នក​ដែល​ចូល​តាម​ច្រក​តូចៗ ក៏​អាជ្ញា​ធរ​អាច​គ្រប់គ្រង​បាន​ដែរ គឺ​អាជ្ញាធរ​ភូមិ​ឃុំ​នឹង​យក​ពួក​គាត់​មក​ធ្វើ​ចត្តាឡីស័ក។

លោក​ប្រាប់​VOA​ថា៖ «ទោះ​ជា​គាត់មិន​ចូល​តាម​យើង​ដឹក​ជញ្ជូន​ក៏​ដោយ គាត់​ចូល​តាម​ឯកជន គឺ​ថា​ទៅ​ដល់​មូលដ្ឋាន​ យើង​បាន​ណែនាំ​មូលដ្ឋាន​ថា​យក​គាត់​មក​កន្លែង​ចត្តា​ឡីស័ក។ ជា​ចំណុច​មួយ​ដែល​យើង​បានគ្រប់គ្រង​បាន»។

មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់​ត្រាល់ ​លោក​ ឃុន ថារ៉ូ ​លើក​ទឹក​ចិត្ត​ឲ្យ​ពលករ​ខ្មែរ​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ជួយ​ពលករ​ខ្មែរ​ឲ្យ​ដូច​ពលករ​ថៃ​ដែរ។

លោក​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​គួរ​ធានា​ការ​ជួយ​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ តាម​រយៈ​ការ​បង្កើត​កម្មវិធី​គោល​នយោបាយ​គាំពារ​សង្គម​រឹង​មាំ និង​មាន​និរន្តភាព​ ដើម្បី​កុំ​ឲ្យ​ពលករត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ ពេល​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ​១៩ ​ដែល​លោក​ថា​នឹង​បន្ត​អូស​បន្លាយ​យូរ​ទៀត។

លោក​បញ្ជាក់​ថា៖ «គ្រាន់​តែ​ថា​មាន​បញ្ហា​ឡើង​យើង​បញ្ចេញ​តែ​កញ្ចប់​ថវិកា​ហើយ​ចប់​ទៅ ពួក​គាត់​ប្រឈម​ដដែល​ហ្នឹង។ ដូច​ពលករ​ហ្នឹង ​កាល​ណា​ស្ថានភាព​កូវីដ​វា​ប្រសើរ​ទៅ ​ដូច​ថា​[ស្ថានភាព​នៅ]ថៃ​វា​ប្រសើរ​ទៅ គាត់​នៅ​តែ​Risk[គ្រោះ​ថ្នាក់]។ គាត់​នៅ​តែ​ប្រថុយ​ប្រថាន​ហានិភ័យ​ទៅ​ថៃ​ដូច​តែ​គ្នា។ អញ្ចឹង​មាន​ន័យ​ថា ​វា​អត់​មាន​និរន្តរភាព​ទេ។ គាត់​មក​វិញ​នេះ វា​គ្រាន់​តែ​ជា​កត្តា​ខាង​ក្រៅ​ទេ។ ប៉ុន្តែ​កត្តា​ខាង​ក្នុង​របស់​គាត់​ហ្នឹង គឺ​កត្តា​សេដ្ឋកិច្ច​និង​ការ​អត់​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ហ្នឹង​ហើយ»។

ប្រទេស​ថៃ​កំពុង​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​កូវីដ​១៩​ ក្នុង​សហគមន៍​ដែល​ករណី​ឆ្លង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា​មនុស្ស​ជាង​៥០០​នាក់ ដែល​ភាគ​ច្រើន​ជា​ពលករ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ ប្រទេស​ថៃ​ក៏​បាន​ចេញ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​មាន​ការ​ឆ្លង​ច្រើន​ផង​ដែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG