ពលរដ្ឋខ្មែរយ៉ាងតិច ១០៥ នាក់ក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរថៃរកឃើញថា ផ្ទុកជំងឺកូវីដ១៩ ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងការរាតត្បាតខ្លាំងជាង ២ សប្តាហ៍មកនេះ ជាពិសេសក្នុងតំបន់សម្បូរដោយពលករធ្វើការ។ នេះបើតាមរបាយការណ៍នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលសាធារណៈថៃ។
យោងតាមរបាយការណ៍គិតត្រឹមល្ងាចថ្ងៃពុធនេះ ក្នុងចំណោមមនុស្សដែលឆ្លងភាគច្រើនបំផុតជាប្រជាពលរដ្ឋថៃ ដែលមានទៅដល់ជាង ៥ ពាន់នាក់ ក៏មានពលរដ្ឋខ្មែរចំនួន ១០៥ នាក់ ពលរដ្ឋភូមាចំនួន ៦១៩ នាក់ ឥណ្ឌា ៨២ នាក់ និងផ្សេងៗចំនួន ៩២០ នាក់។ របាយការណ៍មិនបានបញ្ជាក់ថា តើពលរដ្ឋកម្ពុជាចំនួន ១០៥ នាក់ដែលឆ្លងនោះ ជាពលករដែលធ្វើការឬយ៉ាងណានោះទេ។
កាលពីព្រឹកថ្ងៃពុធ សេចក្តីរាយការណ៍របស់វិទ្យុជាតិកម្ពុជាដែលផ្សាយចេញពីខេត្តបាត់ដំបង ឲ្យដឹងថា មានពលករខ្មែរចំនួន ១០៦ នាក់ ត្រូវបានរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩។
ប៉ុន្តែលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ VOA ត្រឹមរសៀលថ្ងៃពុធនេះថា មិនមានព័ត៌មានពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមពលករខ្មែរនៅប្រទេសថៃនោះទេ។
ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរ៉េត មានប្រសាសន៍ថា លោកក៏មិនមានព័ត៌មាននៃការឆ្លងនេះដែរ។
នៅរសៀលថ្ងៃពុធនេះ អត្ថបទដែលចុះផ្សាយអំពីការឆ្លងជំងឺកូវីដក្នុងចំណោមពលករខ្មែរ ១០៦ នាក់នោះ ក៏ត្រូវបានដកចោល។
វីអូអេ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួងដើម្បីបញ្ជាក់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងកូវីដ១៩ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅប្រទេសថៃបានទេ។
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ពលករខ្មែរម្នាក់ អាយុ ២៨ ឆ្នាំ ដែលឆ្លងចូលមកកម្ពុជាពីប្រទេសថៃ កាលពីថ្ងៃទី២ ខែមករា មានផ្ទុកវីរុសជំងឺកូវីដ១៩។ ពលករខ្មែរដែលឆ្លងពីប្រទេសថៃ សរុបចំនួន ១៨ នាក់ហើយ ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ១៩ នេះ គិតមកត្រឹមថ្ងៃពុធ។
គិតត្រឹមថ្ងៃទី៥ ខែមករា អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរសរុបជាង ៥ ពាន់នាក់ បានចូលមកកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ខណៈប្រទេសថៃកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
នៅក្នុងសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី៥ ខែមករា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃបន្តការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការនានារបស់រដ្ឋាភិបាលថៃ ខណៈថៃបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
ស្ថានទូតខ្មែរស្នើឲ្យពលរដ្ឋខ្លួននៅប្រទេសថៃទាំងអស់ «មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួននិងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត»។
លោក ឌីថេ ហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ទទួលបន្ទុកការពារសិទ្ធិពលករចំណាកស្រុក ស្នើឲ្យមន្ត្រីកម្ពុជាប្រចាំប្រទេសថៃ បង្កើនវិធានការជួយពលរដ្ឋកម្ពុជារូបណាដែលបាត់បង់ការងារធ្វើ និងមិនមានកន្លែងស្នាក់នៅច្បាស់លាស់ បន្ថែមលើវិធានការរបស់អាជ្ញាធរថៃដែលមានស្រាប់។
លោកមានប្រសាសន៍ថា៖ «អ្វីដែលអាចជួយពលករបានមានតែ ទីមួយ រដ្ឋាភិបាលកម្ពុជាត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន ចំពោះអ្នកដែលអត់មានការងារធ្វើនិងអ្នកកំពុងតែប្រឈម តាមរយៈស្ថានទូតនិងស្ថានកុងស៊ុលប្រចាំនៅប្រទេសថៃ ឲ្យដឹងថា តើពលរដ្ឋខ្មែរយើងទីណាខ្លះចំនួនប៉ុន្មាន ដែលត្រូវការឲ្យជួយដើម្បីអាចផ្តល់ជាការផ្គត់ផ្គង់ចំណីអាហារប្រចាំថ្ងៃ ឬមួយផ្តល់ជម្រើសណាមួយ ឬមួយបង្កើតជា shelters [ទីជម្រក] ជាមណ្ឌលសំចតជាមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ក្នុងអំឡុងពេលដែលគាត់ប្រឈមបញ្ហាទាំងអស់នេះបាទ»។
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃមួយចំនួនបានបង្ហាញក្តីបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ ខណៈមានករណីឆ្លងថ្មីជាបន្តបន្ទាប់នៅប្រទេសថៃ។
អ្នកស្រី ក្រង សាវ៉ាន អាយុ ៤០ ឆ្នាំ ដែលកំពុងធ្វើការងារសំណង់ជាមួយកូនស្រី អាយុ ១៨ ឆ្នាំមួយរូបនៅប្រទេសថៃ ប្រាប់ VOA ពីទីក្រុងបាងកកមកថា អ្នកស្រីនឹងពលករខ្មែរផ្សេងទៀតចង់ត្រឡប់មកប្រទេសកម្ពុជាវិញ ក៏ប៉ុន្តែម្ចាស់ក្រុមហ៊ុនសំណង់មិនអនុញ្ញាត ហើយប្រាប់ថា ពួកគេនឹងបាត់បង់ការងារធ្វើ បើវិលត្រឡប់មកកម្ពុជាវិញ។
អ្នកស្រីមានប្រសាសន៍ថា៖ «យើងស្នើសុំគេមកគេថាបើយើងទៅហើយ គេអត់ប្រាប់មកធ្វើការវិញទេ ព្រោះអីគេអត់ឲ្យចូលមកវិញហើយគេខ្លាចឆ្លងជំងឺហ្នឹងកាន់តែច្រើនទៅៗ»។
អ្នកស្រីបារម្ភថា ពលករខ្មែរមួយចំនួនដែលរកបានប្រាក់កម្រៃបានប្រមាណ ៣០០ បាត ឬប្រមាណ ៤ ម៉ឺនរៀលក្នុងមួយថ្ងៃ នឹងប្រឈមការលំបាកកាន់តែខ្លាំងជាមួយការចំណាយប្រចាំថ្ងៃ ប្រសិនបើទីកន្លែងដែលអ្នកស្រី និងពួកគេធ្វើការនោះត្រូវអាជ្ញាធរថៃ សម្រេចបិទជាបណ្តោះអាសន្ន ក្នុងករណីមានការឆ្លងជំងឺកូវីដ១៩ ដល់ទីនោះ។
ស្រ្តីជាកម្មករសំណង់រូបនេះស្នើសុំអន្តរាគមន៍ពីមន្ត្រីកម្ពុជា ដើម្បីជួយពលករដែលមិនត្រូវបានគេអនុញ្ញាតឲ្យត្រឡប់មកប្រទេសកំណើត។
អ្នកស្រីមានប្រសាសន៍ថា៖ «បើមានអ្នកឆ្លងគេបិទការងារអ៊ីចឹងចេញ ទៅណា ក៏អត់បានចឹង។ យើងទៅទិញអីហូប ក៏មិនបានសូម្បីតែធ្វើការនៅរាល់ថ្ងៃនេះ គេឲ្យធ្វើការមែនតែយើងដូចម្ហូបចំណីអីទិញគេអត់ឲ្យយើងចេញទៅទិញនៅក្រៅទេ គេយកមកលក់ឲ្យយើង»។
អ្នកស្រីបន្ថែមថា៖ «ចង់ឲ្យអាជ្ញាធរខ្មែរយើងចុះមកត្រួតពិនិត្យបងប្អូនខ្មែរនៅប្រទេសថៃផង។ គ្នាជួបការលំបាកខ្លាំងណាស់។ គាត់ចង់ទៅផ្ទះអីម្នាក់ៗ ចង់តែទៅផ្ទះដែរ តែទៅវាមិនរួច»។
អ្នកស្រី ក្រង សាវ៉ាន កំពុងស្នាក់នៅជាមួយពលករខ្មែរជាច្រើននាក់ផ្សេងទៀត នៅទីសំណាក់ស្ថិតនៅក្បែរព្រលានយន្តហោះដនមឿង ក្នុងទីក្រុងបាងកក ជាទីដែលអ្នកស្រីកំពុងធ្វើជាកម្មករសាងសង់សណ្ឋាគារមួយ។
លោក ឌីថេ ហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ឲ្យដឹងទៀតថា ពលករខ្មែរនៅពេលនេះកំពុងប្រឈមនឹងផលវិបាកមួយចំនួន ដោយសារខ្លះត្រូវបានថៅកែបោះបង់ចោល ដោយសារគ្មានឯកសារសម្រាប់បំពេញការងារស្របច្បាប់ និងខ្លះទៀតត្រូវបានបញ្ឈប់ពីការងារមិនឲ្យស្នាក់នៅកន្លែងធ្វើការ ហើយខ្លះទៀតរងការកេងប្រវ័ញ្ចពីថៅកែ ក្នុងពេលស្នើសុំឯកសារស្របច្បាប់ដើម្បីបំពេញការងារ៕