ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថៃ​បង្ហាញ​ថា​ ចំនួន​ពលរដ្ឋ​ខ្មែរ​ឆ្លង​កូវីដ​នៅ​ថៃ​កើន​ដល់​១០៨​នាក់​​គិត​ត្រឹម​ថ្ងៃ​ពុធ


បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​ថៃ រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ បាន​កើន​ឡើង​ដល់​ ១០៨​ នាក់​ហើយ ​គិត​ត្រឹម​យប់​ថ្ងៃ​ពុធ​ ទី​៦ ខែ​មករា​នេះ។ នេះ​បើ​យោង​តាមរបាយការណ៍​បច្ចុប្បន្នភាព​ចុងក្រោយ​ ស្តីពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​សាធារណ:​របស់ប្រទេស​ថៃ

របាយការណ៍​នោះ​បង្ហាញ​ថា ​គិត​ចាប់​ពី​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​៦ ​ខែ​មករា ​ឆ្នាំ​២០២១​នេះ ប្រទេស​ថៃ​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​សរុប​ជាង ​៩ ​ពាន់​ករណី​ ដែល​ភាគច្រើន​បំផុត​ជា​ពលរដ្ឋ​ថៃ ដែល​មានចំនួន​ជាង​ ៥ ​ពាន់​នាក់។​ ប្រទេស​ថៃ​មាន​ចំនួន​អ្នក​ស្លាប់ ​ដោយសារ​ជំងឺ​នេះ​សរុប​ចំនួន ​៦៦នាក់។

ចាប់តាំង​ពី​ការ​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ចូល​សហគមន៍​ក្នុង​ខេត្ត​ Samut Sakhon របស់ថៃ​ កាល​ពី​ពេល​ថ្មីៗ​នេះ​មក អាជ្ញាធរ​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង​ ៧០០​ ករណី​ កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​ជាង​ ៥០០​ ករណី​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​ ដោយ​ភាគច្រើន​កើត​ឡើង​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក ដែល​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ថៃ​ដោយ​កាសែត Bangkok Post។​

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​សាធារណ:​ថៃ ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​ចំនួន ​១០៨​ នាក់ ក៏​មាន​ពលរដ្ឋ​ភូមា​ចំនួន​ ៦១៩ ​នាក់ ឥណ្ឌា​ ៨២​ នាក់ និង​ពលរដ្ឋ​ផ្សេងៗ​ចំនួន​ជាង ​៩២០ ​នាក់​ដែរ​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​១៩​។ ក៏​ប៉ុន្តែ របាយការណ៍​នេះ មិន​បាន​បញ្ជាក់​ថា ​តើ​ពលរដ្ឋ​កម្ពុជា​ទាំង​ ១០៨ ​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ១៩​ នោះ ជា​ពលករ​ចំណាក​ស្រុក​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ឬ​យ៉ាង​ណា​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ បន្ត​ស្នាក់​នៅ​ទី​នោះ​តទៅទៀត​ និង​អនុវត្ត​តាម​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ របស់​អាជ្ញាធរ​ថៃ ទោះបីជា​ពលករជា​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ បាន​សម្តែង​ការ​ព្រួយបារម្ភ​និង​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក៏​ដោយ៕

XS
SM
MD
LG