ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​ ឡាវ​ និង​ម៉ុងតាញ៉ា​ជួប​ប្រជុំ​ទប់ទល់​ឥទ្ធិពល​វៀតណាម

  • ម៉ែន​ គឹមសេង

សហគមន៍​ខ្មែរ​និង​ឡាវ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ប្រទេស​ទាំង​ពីរ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង ​ឡាវ​អាមេរិកាំង​ និង​ម៉ុងតាញ៉ា ​បាន​មក​ជួប​ជុំ​គ្នាជាលើក​ដំបូង​ក្នុងតំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ដើម្បី​ពិភាក្សា​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រទេស​វៀតណាម​មក​លើ​សហគមន៍​របស់​ពួកគេ។ (ចុច​មើល​កម្រង​រូបថត​ត្រង​នេះ)

ពួកគេ​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​ប្រទេស​វៀតណាម​ដើម្បី​បញ្ឈប់នូវ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា«សកម្មភាព​ឧក្រិដ្ឋ​ក្នុង​ការ​ធ្វើ​អាណានិគម​បែបថ្មី»​មក​លើ​ប្រទេស​ឡាវ ​និង​កម្ពុជា។

នេះ​គឺ​ជា​សន្និសីទ​លើក​ទីមួយ​ដែល​សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​ធ្វើ​រួម​គ្នា​ជាមួយ​នឹង​សហគមន៍​ឡាវ និង​ម៉ុងតាញ៉ាដោយ​សារ​ពួកគេ​យល់​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​មក​លើ​ជនជាតិ​ដើមភាគ​តិច​និង​ដើម្បី​បង្ហាញ​ពីការ​ធ្វើ​អាណានិគម​បែបថ្មី​មក​លើ​ប្រទេស​កម្ពុជា​និង​ឡាវ។

លោក​សម ថាវី​អ្នក​រៀបចំ​សន្និសីទ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​គំរូ​នៃ​ការ​លេប​យក​តំបន់​គ្រីម៉េ​ពី​ប្រទេស​អ៊ុយក្រែន​ចូលទៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​ធ្វើ​ឱ្យ​សកម្មជន​មាន​ការ​ព្រួយ​បារម្ភ​ពី​អនាគត​កម្ពុជា​និង​ឡាវ៖

«យើង​ទាំង​អស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ដោយ​យក​ឧទាហរណ៍​នៅ​ប្រទេស​អ៊ុយក្រែន​គឺ​ឧទាហរណ៍​តំបន់​គ្រីម៉េ​តែ​ម្តង។ ជាក់​ស្តែង​ដោយ​សារ​ឃើញ​ប្រទេស​វៀតណាម​ដែល​មាន​ពលរដ្ឋ​ច្រើន​ជាង​ប្រទេស​កម្ពុជា ​ប្រទេស​ឡាវ​ហើយ​នឹង​ជន​ជាតិ​ដើម​ដែល​មាន​ខ្មែរ​កម្ពុជា​ក្រោម មង និង​ម៉ុងតាញ៉ា​ទាំង​អស់​មាន​ការ​រង​គ្រោះ ដោយ​សារ​តែ​ប្រទេស​វៀតណាម​ដែល​កំពុង​តែ​ហូរ​ចូលមក​ស្រុក​យើង​ទាំង​អស់​គ្នា​ដូច្នេះ​យើង​ចង់​បាន​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព​ចង់​បង្ហាញ​អំពី​ផល​វិបាក​នៃ​លទ្ធិ​កុម្មុយ​និស្ត​វៀតណាម​ដែល​ហូរ​ចូល​មក​ក្នុងស្រុក​យើង​ទាំង​អស់​គ្នា​ហើយ​យើង​មិន​បាន​ទទួល​សេរីភាព​ អធិបតេយ្យ​ភាព​និង​ឯករាជ្យ​ភាព​ប្រទេស​យើង​និមួយៗ»។

សហគមន៍​ខ្មែរ​និង​ឡាវ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ប្រទេស​ទាំង​ពីរ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
សហគមន៍​ខ្មែរ​និង​ឡាវ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ប្រទេស​ទាំង​ពីរ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)

សន្និសីទ​ដែល​មាន​រយៈ​ពេល​ពីរថ្ងៃ​នេះ​បាន​ទាក់​ទាញ​ប្រតិភូ​ជាង​៦០​នាក់​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិកនិង​ប្រទេស​បារាំង។

លោក​មាស ហៃ​សាន​ទីប្រឹក្សា​នៃ​ក្រុម​រៀបចំ​សន្និសីទ​បាន​ពន្យល់​បន្ថែម​ពី​ការរៀបចំ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ឡាវ​និង​ម៉ុងតាញ៉ាថា៖

«យើង​ចង់​ចាប់​ដៃ​គ្នា​ដើម្បី​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជម្រាប​ឱ្យ​អន្តរជាតិ​យល់​ឃើញ​ថា​ប្រទេស​យើង​និង​ជន​ជាតិ​យើង​ទទួល​ការ​រំលោភ​ ទទួល​គ្រោះ ថ្នាក់​ហើយ​ជន​ជាតិ​វៀតណាម​ជាអ្នក​រំលោភ​ផ្ទុយ​អំពី​ជន​កុម្មុយនិស្ត​វៀតណាម​តែ​ង​និយាយ​ថា​គេ​ជាអ្នក​រងគ្រោះ​យើង​ជាអ្នក​រំលោភ​លើ​គេ​បាន​ជា​មាន​ពាក្យ​ថា​រើស​អើង​ពូជសាសន៍»។​

វាគ្មិន​ដែល​រួមមានអ្នក​ច្បាប់​និង​សកម្មជនសិទ្ធិ​ម​នុស្សអាមេរិកាំង​បាន​ពិនិត្យ​មើល​លើ​ទង្វើ​នានា​ដែលប្រទេស​វៀតណាម​ប្រព្រឹត្ត​មក​លើ​ប្រទេស​ទន់​ខ្សោយ​ចាប់​តាំង​ពីកិច្ច​ព្រម​ព្រៀង​សន្និសីទ​ទីក្រុង​ហ្សឺណែវ​ស្តី​ពី​តំបន់​ឥណ្ឌូចិន​ក្នុង​ឆ្នាំ​១៩៥៤​និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ស្តី​ពី​ប្រទេស​កម្ពុជា។ ​

លោក​មឿង សុន​ ប្រធាន​មូលនិធិទ្រទ្រង់​អរិយធម៌​ខ្មែរ​ដែល​ធ្វើ​ដំណើរ​តាំង​ពី​ប្រទេស​ថៃ​មក​ចូលរួម​បញ្ជាក់​ថា ​វៀតណាមនៅបន្ត​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ​កម្ពុជាដដែល។ លោក​បាន​លើក​បង្ហាញ​ករណី​ចាប់​ព្រះសង្ឃ​ទឹម សាខន​ពី​កម្ពុជា​បញ្ជូន​ទៅ​វៀតណាម ករណី​លោក​សម រង្ស៊ី​ដកតម្រុយបង្គោលព្រំដែន​ជាមួយ​នឹង​វៀតណាម​ និង​បាតុកម្ម​របស់​និស្សិត​និង​ព្រះសង្ឃ​ខ្មែរ​ប្រឆាំង​នឹង​អត្ថាធិប្បាយ​របស់​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​លើ​បញ្ហា​ទឹក​ដី​ខ្មែរក្រោម​ថា​ជា​ឧទាហរណ៍​ជាក់​ស្តែង​ដែល​មាន​ការលូកដៃ​ចូល​របស់​ប្រទេស​វៀតណាម។

លោក​បាន​បន្ថែម​ថា៖ «បើ​យើង​នាំ​គ្នាទុក​ឱ្យ​យួន​ធ្វើ​អាណានិគម ធ្វើ​ជា​ចក្រពត្តិ​នៅ​ឥណ្ឌូចិន​មិន​មែន​តែ​ជន​ជាតិ​ពលរដ្ឋ​ខ្មែរ​ ឡាវ​ ជនជាតិ​ភាគតិច​ដែល​រងគ្រោះ​ទេ​ វានឹង​អាចធ្វើ​ឱ្យ​អស្ថិរភាព​ដល់​ប្រទេស​ដទៃ​ទៀត​ជុំ​វិញ​ដល់​កម្ពុជា​ដែល​គេ​ភ័យ​ខ្លាច​របប​កុម្មុយនិស្ត​។ ការ​ធ្វើ​អាណានិគម​នេះ​វាមិន​មែន​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​និង​ឡាវ​ទេ វាប៉ះពាល់​ដល់​សន្តិសុខ​ នយោបាយ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ»។​

លោក Oudong Saysana ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ឡាវ (Laotian Human Rights Council) បាន​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​របស់​លោក​និង​សារភាព​ថា​ការ​តស៊ូ​មតិ​កន្លង​មក​ដោយ​ភាគី​ឡាវ​តែ​ឯកឯងមិន​សូវ​មាន​ប្រសិទ្ធភាព​ទេ។

«ការតស៊ូ​វែងឆ្ងាយ​ណាស់​ក្នុង​ពេល​កន្លង​មក ហើយ​ខ្ញុំ​សូម​និយាយ​ថា​វាហាក់​ដូច​ជា​មិនសូវ​មាន​ប្រសិទ្ធភាព​ទេ​គឺ​គួរ​ឱ្យ​ខកចិត្ត​ណាស់ដោយ​សារ​តែ​សំឡេង​តែ​មួយ​គឺ​មិន​គ្រប់​គ្រាន់។ ដូច្នេះ​យើ​ង​ត្រូវ​ការ​សំឡេង​ពីរ​ឡើងទៅ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ដូច​គ្នា​គឺ​ឡាវ និង​កម្ពុជា។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ជនជាតិ​មង បងប្អូន​ខ្មែរ​និង​ឡាវ ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​នា​ពេល​ឥឡូវនេះ»។​

សកម្មជន​យល់​ថា​សហគមន៍​អន្តរជាតិ ​ជាពិសេស​សហរដ្ឋ​អាមេរិក​ជួយ​ពង្រឹង​ប្រទេស​វៀតណាម​ក្នុង​គោល​បំណង​ដើម្បី​ ឱ្យទប់​នឹង​ការ​វាតទី​របស់​ចិន​គឺ​ជា​ការយល់​ខុស​ព្រោះ​វៀតណាម​ជំពាក់​គុណ​ចិន​ច្រើន​ណាស់។

លោក​ កុក ស ​ប្រធាន​មូលនិធិ​ជនជាតិ​ម៉ុងតាញ៉ា (Degar Foundation) បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ចង់​ជួយ​តំបន់​នេះ​ ពួកគេ​មិន​អាច​ជួយពង្រឹង​តែ​វៀតណាម​ទេ គេ​ត្រូវ​តែ​ជួយ​ពង្រឹង​កម្ពុជា ​ឡាវ ​និង​ថៃ​និង​ប្រទេស​ដទៃ​ទៀត។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ពួកគេ​ជួយ​តែ​វៀតណាម​មិន​ជួយ​ជន​ជាតិ​ដទៃ​ទេ។ អញ្ចឹង​ហើយ​បាន​ជា​វៀតណាម​ឥឡូវ​ខ្លាំង​ហើយ​ចង់​លេប​យក​ឡាវ​និង​កម្ពុជា។ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​គិត​ពី​បញ្ហា​នេះ»។​

អ្នក​ចូលរួម​បាន​បន្ត​កម្មវិធី​ដោយ​ធ្វើបាតុកម្ម​នៅ ​ថ្ងៃ​ច័ន្ទ​នៅ​ខាង​មុខ​សេតវិមាននិង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG