ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ខ្មែរ​អាមេរិកាំង​ទទូច​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ទទួល​ស្គាល់​ទាហាន​ខ្មែរ​រួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិកាំង


លោក​​ហាច ហឿន​ ប្រធាន​​ក្រុម​​អភិបាល​​នៃ​​សភា​​ខ្មែរ​អន្តរជាតិ ឬ​ International Khmer ​នៅ​​អាកាស​​យានដ្ឋាន Reagan ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃច័ន្ទ ទី១០ ខែមិនា ឆ្នាំ២០១៤។
លោក​​ហាច ហឿន​ ប្រធាន​​ក្រុម​​អភិបាល​​នៃ​​សភា​​ខ្មែរ​អន្តរជាតិ ឬ​ International Khmer ​នៅ​​អាកាស​​យានដ្ឋាន Reagan ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃច័ន្ទ ទី១០ ខែមិនា ឆ្នាំ២០១៤។
គណៈ​ប្រតិភូ​នៃ​អង្គការ​ខ្មែរ​អាមេរិកាំង​ហៅ​ថា​ សភា​ខ្មែរ​អន្តរជាតិ​ ឬ​ International Khmer ​Assembly ​កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សភា​ និង​រដ្ឋាភិបាល​អាមេរិកាំង​ថ្នាក់ជាតិ​ដើម្បី​ឲ្យ​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ​ដែល​ធ្លាប់​ចូលរួម​ជាមួយ​ទាហានអាមេរិកាំង​តាំងពី​ទសវត្សរ៍​១៩៦០​មក ​ហើយ​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ពលរដ្ឋ​អាមេរិកាំង ​អតីត​យុទ្ធជន​ និង​ក្រុម​គ្រួសារ​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ដែរ។

គណៈ​ប្រតិភូ​នេះ​បាន​ជួប​មន្ត្រី​ក្រសួង​ការ​បរទេស​កាលពី​ថ្ងៃអង្គារ​ ហើយ​គ្រោង​នឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​បុគ្គលិក​ សមាជិក​សភា​ និង​ព្រឹទ្ធ​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បន្តបន្ទាប់​ទៀត​ ហើយ​នឹង​គ្រោង​ដាក់​ញត្តិ​ទៅ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ផង​ដែរ​ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ក្រុម​អតីត​យុទ្ធជន​ខ្មែរ​ដែល​បូជា​ជីវិត​របស់​គេ​ជួយ​ធ្វើ​សង្គ្រាម​អាមេរិកាំង​ក្នុង​តំបន់​ឥណ្ឌូចិន​ ហើយ​មិន​ត្រូវ​បាន​ស.រ.អា.ជួយ​នៅ​ឡើយ​នោះ។​

លោក ​ស្កត វ៉កគ័រ​ (Scott Walker)​ សមាជិក​ប្រតិភូ​ម្នាក់​នៃ​អង្គការ​សភា​ខ្មែរ​អន្តរ​ជាតិ ​(IKA) ​បានថ្លែង​ថា​ ក្រៅពី​ស្វះស្វែង​រកការ​គាំទ្រ​ពី​សភា ​និង​ក្រសួង​នានា​ក្នុង​រដ្ឋា​ភិបាល​នោះ​ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ពលរដ្ឋ​អាមេរិកាំង​ ជាគ្រួសារ​ ឬ​ជា​អតីត​យុទ្ធជន​សរសេរ​លិខិត​ទៅ​កាន់​អង្គការ​របស់​លោក​ដើម្បី ​រួមគ្នា​ដាក់​ជូន​លោក​ប្រធានាធិបតី​ និង​សភា​ផង​ដែរ​ ដើម្បី​ជំរុញ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​សម្រេច​ស្តីអំពី​អតីត​យុទ្ធជន​នេះ​ត្រូវ​អនុម័ត។

«ប្រសិន​បើពួក​គេ​ចង់​ជំរុញ​ឲ្យ​សភា​អនុម័ត​សេចក្តី​សម្រេច​ ប្រសិន​បើពួក​ គេ​ចង់​បញ្ជូន​លិខិត​ ទោះជា​ភាសា​ខ្មែរ​ ឬជា​ភាសា​អង់គ្លេស​មក​កាន់​សភា​ខ្មែរ​អន្តរជាតិ​ យើង​នឹង​បញ្ជូន​ទៅកាន់​សភា​ និង​ប្រធានាធិបតី​ស.រ.អា.»។​

លោក​បាន​ប្រាប់​អាស័យដ្ឋាន​ផ្ញើ​សំបុត្រ​គឺ ​International ​Khmer​ Assembly
PO Box ​40221​ លេខ ​1404 ​Concordia​ Avenue ​Saint Paul,​ MN ​55104 ។​

លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​ពិភាក្សា​ជាមួយ​ក្រសួងការ​បរទេស​គឺ​ពុំ​បាន​និយាយ​អំពី​បញ្ហា​សេចក្តី​សម្រេចទេ ​តែ​កិច្ច​ពិភាក្សា​បាន​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ទៅលើការ​ផ្តួចផ្តើម​គំនិត​ធ្វើកិច្ចការ​របស់​អង្គការ​លោក​ក្នុង​ប្រទេស​កម្ពុជា ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។​ លោក​បាន​ពន្យល់​ថា​ សេចក្តី​សម្រេច​ទាក់ទង​នឹង​រឿង​អតីត​យុទ្ធជន​នេះ​ពុំ​មាន​អ្វី​ជា​ការ​គំរាម​ដល់​រដ្ឋាភិបាល​កម្ពុជា​ទេ​ តែ​ជា​កិច្ចការ​មនុស្សធម៌​តែ​ប៉ុណ្ណោះ។

«ដូច្នេះ​ ជា​ការណ៍​ពិតរឿង​នេះ​ប្រហែល​ជាគំនិត​ល្អមួយ​ ដែលយើង​គួរតែ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ស្នើសុំ​ឲ្យទទួល​ស្គាល់​សេចក្តី​សម្រេច​នេះ​ដូចគ្នា​និង​ស.រ.អា.ដែរ»។​
លោក​ហាច ហឿន​ ប្រធាន​អង្គការ​សភា​ខ្មែរ​អន្តរជាតិ ​(IKA) ​បាន​អះអាង​ថា​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នេះ​គឺជា​រឿង​ជួយ​ដល់​អតីត​យុទ្ធជន​ជា​ច្រើន​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ និង​កន្លែង​ផ្សេងៗ។

«សព្វ​ថ្ងៃ​អតីត​យុទ្ធជន​កំពុង​តែភ័យ​ភិត​ពីរឿង​រដ្ឋាភិបាល​មិន​ទុកចិត្ត​ថា​ ពួក​គេ​ធ្វើ​អ្វីៗ​ដែល​ជា​សុខសាន​របស់​សង្គម​ទេ​ ព្រោះ​រដ្ឋាភិបាល​ជឿថា​ អតីត​យុទ្ធជន​ជា​ឈ្លើយ​សង្គ្រាម ​ហើយ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​មិត្ត​អាមេរិកាំង​ពីដើម។​ ដូច្នោះ​រដ្ឋាភិបាល​ មិនទាន់​ទុកចិត្ត​ ដូច្នោះ​ហើយ​បានជា​មានការ​ប្រទូស​សារ៉ាយ»។​

អង្គការ ​IKA ​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អតីត​យុទ្ធជន​ជាង​៤៥០​នាក់ដែល​មាន​វ័យ​ចំណាស់ៗ​និង​ប្រមាណ​១០០​នាក់​ក្នុង​ប្រទេស​អាមេរិក​ដែល​លោក​បាន​ទទួល​បញ្ជី​ឈ្មោះ​ ក្រោយ​ពី​សភា​រដ្ឋ​មីនីសូតាបាន​អនុម័ត​សេចក្តី​សម្រេច​មួយ​កាលពី​ខែ​មេសា​ឆ្នាំ​២០១២​ទទួល​ស្គាល់ ​អតីត​យុទ្ធជន​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​សង្គ្រាម​ជាមួយ​កងទ័ព​អាមេរិកាំង​ក្នុង​សង្គ្រាម​វៀតណាម​នោះ។​

លោក​ សឺង ទៀង ​អាយុ​៦៥​ឆ្នាំ​ពលរដ្ឋ​ ខ្មែរ​កម្ពុជា​ក្រោម​ ​ធ្លាប់​ធ្វើ​ជា​ទាហាន​ ខ្មែរសេរី​ក្នុង​កងពល​តូច​លេខ​៤៨​ ចូលរួម​ជាមួយ​ទាហានអាមេរិកាំង​កាលពី​ឆ្នាំ​១៩៦៧​ក្នុង​សង្គ្រាម​វៀតណាម។​ បច្ចុប្បន្ន​លោករស់នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ធ្វើជា​ជាង​កាត់សក់។​ លោក​ថ្លែង​ថា​ លោក​គាំទ្រ​គំនិត​ធ្វើឲ្យ​សភា ​និង​រដ្ឋាភិបាល​អាមេរិកាំង​ទទួល​ស្គាល់​នេះ។​

«ព្រោះ​ពួកគេ​ចាស់ៗ​អស់ហើយ មាន​អាយុ៦០ ​និង​៧០​អស់​ហើយ។​ បើសិន យើង​ធ្វើបាន​ទៅ​ គ្រាន់ជួយ​សង្គ្រោះ​ពួកគេ​ដែរ​ ជួយ​ឧបត្ថម​ថវិកា​ ជួយ​ការ​រស់ នៅ​របស់​ពួកគេ​ដែរ»។

ដោយឡែក​អតីត​នាយ​ទាហានអាមេរិកាំង​ម្នាក់​ដែល​ធ្លាប់​ចូល​រួមពាក់​ព័ន្ធ​នឹង​សង្គ្រាម​វៀតណាម ​និងការ​ហ្វឹកហ្វឺន​ទាហានខ្មែរ​គឺ​វរៈ​សេនីទោ​ Steve ​Yedinak ​បាន​គាំទ្រ​គំនិតផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ទទួល​ស្គាល់​នេះដែរ។​ លោក​ក៏​ជា​សមាជិក​គណៈ​ប្រតិភូ​ម្នាក់​ដែរ។​

លោក​ថ្លែង​ថា​ ស.រ.អា.ត្រូវ​មាន​ផែនការ​ជួយ​ដល់​ក្រុម​ជន​ជាតិ​មួយ​ចំនួន​ដែល​បាន​លះបង់​ជីវិត​ជួយ​ដល់​ស.រ.អា.ក្នុង​សង្គ្រាម។​

«ពួក​គេ​មិន​ជួយ​ស.រ.អា.ដោយ​មិន​មាន​ហេតុផល​ល្អ​នោះ​ទេ។​ ពួក​គេ​ចាំ​បាច់​ត្រូវ​មាន​តម្លៃ​ខ្លះ​ក្នុង​ចិត្ត​ពួកគេ​ ក្នុង​ការ​បំពេញ​បេសក​កម្ម​នេះ។​ ពួក​គេ​ទាំង​នេះ​ហើយ​ដែល​ទទួល​បាន​រង្វាន់​អន្តោប្រវេសន៍​មក​រស់នៅ​ស.រ.អា. ហើយ​ការ​ទទួល​ស្គាល់​ក្រុម​អតីត​យុទ្ធជន​ទាំងនេះ​ជារឿង​សំខាន់​ណាស់។​ នៅពេល​សង្គ្រាម​ យើង​បាន​បង្កើត​កិច្ច​ព្រមព្រៀង​មួយ​ថា​ ពួកគេ​ជាបង​ប្អូន​របស់​យើង​ក្នុង​សង្គ្រាម​ ហើយ​យើង​ត្រូវតែ​ធានា​ថា​ មាន​វិធី​ដែលអាច​ឲ្យពួក​គេ​ក្លាយ​ជា​បងប្អូន​យើង​មករស់​នៅ​ក្នុង​ស.រ.អា.»។​

គណៈ​ប្រតិភូ​ ដែល​មាន​ការ​ចូលរួម​ពី​ជនជាតិ​ភាគតិច​«ម៉ុង»​ដែល​ធ្លាប់​ចូលរួម​ក្នុង​សង្គ្រាម​ជាមួយ​កងទ័ព​អាមេរិកាំង​ផង​នោះ​ គ្រោង​នឹង​ជួប​លោក​ឧត្តម​សេនីយ៍​ទោ ​James Jackson ​ដើម្បី​ប្រគល់​ទង់​សញ្ញា​របស់​ខ្លួន​ផង​ដែរ​ ហើយ​នឹង​ស្នើ​សុំ​ចូល​រួម​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធជា​ផ្លូវ​ការ​រាល់​ឆ្នាំ​ចំពោះ​សព​អតីត​យុទ្ធ​ខ្មែរ ​ដែល​បាន​ពលី​ដោយការ​ជួយ​កងទ័ព​អាមេរិកាំង​ធ្វើ​សង្គ្រាម​នោះ។​

គណៈ​ប្រតិភូ​នៃ​អង្គការ​ខ្មែរ​អាមេរិកាំង​ហៅ​ថា ​សភា​ខ្មែរ​អន្តរជាតិ​ ឬ​ International Khmer​ Assembly​ នឹង​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ​ដើម្បី​សុំឲ្យ​មាន​ការ​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ​ពី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​នៅថ្ងៃ​សុក្រ​ខាង​មុខ។​ គណៈ​ប្រតិភូ​ទាំង​នេះ​រំពឹង​ថា​ នឹង​មកវ៉ាស៊ីនតោន។​ អង្គការ​នេះ​សង្ឃឹម​ថា ​នឹង​មាន​សមាជិក​សភា​ និង​ព្រឹទ្ធសភា​ខ្លះ​នឹង​ចាប់​ផ្តើម​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ទាក់ទង​នឹង​អតីត​យុទ្ធជន​ខ្មែរ​នេះ៕
XS
SM
MD
LG