ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​និង​អ្នកកាសែត បារម្ភ​អំពី​ការបន្ត​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក្រោយពី​នាយក​រដ្ឋមន្រ្តី​គំរាម​អ្នកវិភាគ​ខ្លះ


រូបឯកសារ៖ លោក​បណ្ឌិត សេង សារី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម​ឯករាជ្យ (ស្តាំ) និង​អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (កណ្តាល) ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន​ទៅ​លើ​អ្នក​វិភាគពីររូប គឺ​លោក សេង សារី និង​លោក មាស នី បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​លើ​ការ​បន្ត​រឹត​ត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ខណៈ​ពួកគេ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន។

មុន​ការ​គំរាម និង​ព្រមាន​របស់​នាយក​រដ្ឋមន្រ្តី អ្នក​វិភាគ​ម្នាក់ លោក ឯម សុវណ្ណារ៉ា ដែល​ធ្លាប់​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន បាន​ប្រាប់​អ្នក​សារព័ត៌​មាន រួម​ទាំង​អ្នក​សារព័ត៌មាន​វីអូអេ​ថា ​លោក​សុំ​ផ្អាកអត្ថា​ធិប្បាយ​មួយ​រយៈ​សិន ដោយ​សារ​មាន​គេ​ប្រាប់​លោក​ឲ្យ​ផ្អាក។

សម្រាប់​អ្នក​សារព័ត៌មាន សំឡេង​ ឬ​ការ​អតា្ថ​ធិប្បាយ​របស់​អ្នក​វិភាគ​សម្រាប់​រឿង​របស់​ពួកគេ អាច​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​នៃ​គំនិត​នៅ​ក្នុង​សាច់​រឿង និង​បង្ហាញ​គំនិត​ចម្រុះ​នៃ​ការ​យល់​ឃើញ​របស់​បញ្ញវន្ត​ខ្មែរ។

លោក ញឹម សុខន​ អាយុ​៥៤ឆ្នាំ​ ជា​អ្នក​សារព័ត៌​មាន​នៅ​វីអូឌី ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា​ លោក​កត់​សម្គាល់​ឃើញ​ថា​ ចាប់​តាំង​ពីឆ្នាំ​២០១៧​មក បញ្ញវន្ត​ក៏​ដូច​ជា​អ្នក​វិភាគ​មួយ​ចំនួន​ចាប់​ផ្តើម​លែងសូវហ៊ាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សរសេរ​ព័ត៌​មាន ដោយ​សារ​ព្រួយ​បារម្ភ​ពី​សុវត្តិ​ភាព​ផ្ទាល់​ខ្លួន។ លោក​បន្ត​ថា ​លោក​ក៏មាន​ការ​លំបាក​ផង​ដែរ​ក្នុង​ការ​ស្វែង​រក​អ្នក​វិភាគ ដើម្បី​លើក​ឡើង​ជា​មតិ​ចម្រុះ​នៅ​ក្នុង​ព័ត៌​មាន​មួយ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​តែ​មួយ​ជ្រុង។

លោក​ថ្លែង​ថា៖ «កាល​ណា​គាត់​(ប្រជាពលរដ្ឋ) ទទួល​ព័ត៌មាន​បាន​មួយ​ជ្រុង ការ​សម្រេច​ចិត្ត​របស់​គាត់​អត់​ត្រូវ​ទេ អញ្ចឹង​ហើយ​បាន​ជា​សង្គម​ប្រជាធិប​តេយ្យ​ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​អ្នក​សារ​ព័ត៌មាន​ត្រូវ​តែ​មាន​តួនាទី​មួយ​រក​ឲ្យ​ឃើញ​គ្រប់​ជ្រុង​ជ្រោយ​រឿង​មួយ​ដែល​កើត​ឡើង​យើង​ត្រូ​វ​រក​គ្រប់​ភាគី និង​ឲ្យ​គាត់​មាន​ឱកាស​ក្នុង​ការ​និយាយ​បក​ស្រាយ​ក្តី​ការពារ​អី​ឲ្យ​មាន​គ្រប់​ជ្រុង។ ការរក​ប្រភព​គ្រប់​ជ្រុង​ហ្នឹង​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ចេះ​ពិចារ​ណា​រក​ហេតុ​ផល តើ​រឿង​មួយ​កើត​ឡើង តើ​រឿង​ស្អី​គេ​ជា​កា​រពិតនៅ​ពី​ក្រោយ​ហ្នឹង»។

លោក​បន្ថែម​ថា ​ការ​បញ្ចេញ​មតិ​រិះ​គន់ គឺ​ប្រៀប​ដូច​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​តថភាពសង្គម ដែល​រុញ​ច្រាន​ដល់​ការ​មើល​ឃើញ​ពី​ជ្រុង​នៃ​សង្គម​កាន់​តែ​ទូលំទូលាយ ដើម្បី​ជំរុញ​ឲ្យ​មានការ​ស្ថាបនា និង​ជំរុញ​នូវតម្លាភាព​ប្រកប​ដោយ​ភាព​យុត្តិធម៌។ លោក​បន្ថែម​ថា​ អ្នក​វិភាគ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បាន​ច្រើន​លើ​បញ្ហា​សង្គម។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​អាការ​និយាយ​របស់​គាត់​សុទ្ធ​សឹង​តែ​ជា​ការ​ស្រាវ​ជ្រាវ។ អ៊ីចឹង​ហាក់​បី​ដូច​ជា​គាត់​យក​២០​ឆ្នាំ ៣០ឆ្នាំ​ ជាចំណេះ​ដឹង​របស់​គាត់​ហ្នឹង មក​បង្ហាញ​យើង​តែ​២ ទៅ​៣ថ្ងៃ។ មាន​ន័យ​ថា ​យើង​ទទួល​បាន​ផល​ពី​គាត់​ត្រឹម​តែ​ប្រមាណ​នាទី​ ខណៈ​ដែល​គាត់​រៀន​២០ ៣០ឆ្នាំ»។

ចំណែក​លោក ឃួន ណា​រីម អាយុ​៣៣​ឆ្នាំ ជា​អ្នក​សារព័ត៌មាន​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា ហៅ​កាត់ថា ​ខេមបូចា និយាយ​ថា​ ការ​ប្រកាស​ចាប់​ខ្លួន​អ្នក​វិភាគ​សង្គម លោក​ សេង​ សារី កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ គឺ​ជា​ការ​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ក្នុង​រូប​ភាព​រារាំង​ទៅ​ដល់​អ្នក​វិភាគ​នយោ​បាយ​មួយ​ចំនួន​មិន​ឲ្យវិភាគ​ស៊ី​ជម្រៅ​ពី​បញ្ហា​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា និង​ឈាន​ទៅ​ដល់​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌​មាន​ ឬ​ការ​ផ្តល់​ព័ត៌​មាន​មិន​មានភាព​ពេញ​លេញ​ដោយ​សេរី​របស់​បញ្ញវន្ត​ខ្មែរ។

លោក​ប្រាប់​វីអូអេ​ថា៖ «​វា​ពិត​ជា​មាន​សារៈ​សំខាន់ ​ព្រោះអី​ពួក​គាត់​ជា​អ្នក​វិភាគ​ជា​មនុស្ស​ឯករាជ្យ​ ហើយ​អ៊ីចឹង​គាត់​មើល​ឃើញ​ការ​អភិវឌ្ឍ​នៃ​សង្គម​បច្ចុប្បន្ន អ៊ីចឹងយើង​ត្រូវ​ការ​សំឡេង​អ្នក​វិភាគ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​អត្ថបទ​របស់​ពួក​យើង​។ ព្រោះអីយើង​ព្យាយាម​ធ្វើ​ឲ្យអត្ថបទ​យើង​មាន​ Balance (តុល្យភាព) ទាំង​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់»។

អ្នក​សារ​ព័ត៌មាន​ដែល​បំពេញ​ការងារ​ប្រមាណ​១១​ឆ្នាំ​មក​ហើយ យល់​ថាការ​ចូល​រួម​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ពី​សំណាក់​អ្នកវិភាគ​ដាក់​បញ្ជូល​ទៅ​ក្នុង​អត្ថ​បទ​ព័ត៌មានបែប​នយោ​បាយ ពិត​ជា​ចាំបាច់។

ចំណែក​កញ្ញា ខាន់ លក្ខិណា អាយុ​៣១ឆ្នាំ ជា​អ្នក​សារព័ត៌មាន​នៅ​ស្ថាប័ន​ព័ត៌មាន​វីអូឌី ប្រមាណ​៨ឆ្នាំ​ បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ ការ​គំរាម​កំហែង​ទៅ​លើ​អ្នក​វិភាគ មិន​មែន​ជា​រឿង​ដែល​ទើប​តែ​កើត​មាន​នោះ​ទេ ដែល​ក្នុង​នោះ​អ្នក​សារព័ត៌មាន​ដូចជា​កញ្ញា​ផ្ទាល់ ក៏​ដូចជា​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​បូក​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពល​រដ្ឋ ក៏​ធ្លាប់​រង​នូវ​ការ​គំរាម​កំហែង​ដូច​គ្នា​ដែរ។ កញ្ញា​បន្ត​ថា​ការណ៍​ដែល​អ្នក​វិភាគ ឬ​ប្រភព​មិន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌​មាន នឹងនាំ​ឲ្យ​ជះ​ឥទ្ធិ​ពល​ដល់​គុណ​ភាព​នៃ​ការ​សរសេរ​ព័ត៌​មាន។

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ វា​ប៉ះ​ពាល់ ពីព្រោះ​សង្គម​ប្រជាធិប​តេយ្យ​ សំឡេង​ការ​រិះគន់​ហ្នឹង​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជាធាតុ​ចូល​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​តម្លាភាព​ និង​យុត្តិធម៌សង្គម​ ហើយ​សិទ្ធិ​ទាំង​អស់​នេះ​ គឺ​មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា» ។

អ្នក​សា​រព័ត៌មាន​ស្រ្តី​រូប​នេះ​ បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ពិចារណាពី​សិទ្ធិបញ្ចេញ​មតិ និង​ការ​រិះគន់​ទាំង​ឡាយ​ណា​ដែល​នាំ​មក​នូវ​ការ​ស្ថាបនា ហើយ​អ្នក​បញ្ចេញ​មតិ​មិន​គួរ​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌ​ឡើយ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ព្រមាន​អ្នក​អត្ថាធិប្បាយ​កុំ​ឲ្យ​វិភាគ​អ្វី​ដែល​បន្សល់​ទុក​បទ​ល្មើស ​ដែល​ត្រូវ​ផ្តន្ទា​ទោស។

លោក​បញ្ជាក់​ថា៖ «អានេះ​ខ្ញុំ​គ្រាន់​តែ​ដាស់​តឿន​ចំពោះ​អ្នក​វិភាគ កុំ​ឲ្យ​វិភាគ​ជ្រុល​ហើយ ហើយ​កុំ​ថា​ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ហ៊ាន​ទៅ​វាយ​ខ្នោះ​អស់​លោក។ ឲ្យ​តែហ៊ាន​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក ហើយ​មិន​បាន​ដក​ចេញ​ហើយ វា​នៅ​ហ្នឹង​ហើយ ចាត់​ទុក​បទ​ល្មើស​ជាក់​ស្តែង​ ម៉ោង​១២​យប់ ក៏​ចាប់​ដែរ»។

អ្នកស្រី ​ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ទទូច​ទៅ​រដ្ឋាភិបាល ​និង​ថ្នាក់​ដឹក​នាំ​ ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ទទួល​យក​មតិ​យោ​បល់​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​យ៉ាងណាឲ្យ​ប្រជា​ពលរដ្ឋ​មានទំនុក​ចិត្ត​លើក​ឡើង​ពីបញ្ហា​ប្រឈម​នានា​ ដើម្បីឲ្យ​រដ្ឋាភិ​បាល​ដឹង​ឮ​ក្នុងការចូលរួមដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។ អ្នកស្រី​បន្ថែម​ថា​ រដ្ឋាភិបាល​មិនគួរគំរាម​កំហែង ចោទ​ប្រកាន់ និងប្រើប្រាស់​នីតិវិធី​ច្បាប់តុលា​ការ​ទៅលើ​ប្រជា​ពលរដ្ឋ​ដែលបញ្ចេញ​មតិ​របស់​ខ្លួន​ទៅ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​នៅ​តែ​ចង់​ឃើញ​ថ្នាក់​ដឹក​នាំ​យើង​ហ៊ាន​ទទួល​ស្គាល់​នូវ​ភាព​ចម្រុះ​បែប​ ហ៊ាន​ទទួល​ស្គាល់​នូវ​ការ​មា​ន​ទស្សនៈ​ខុស​គ្នា​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​ដែល​ប្រទេស​កម្ពុជា​យើ​ង​បាន​ប្រកាស​ហ្នឹង។ ហើយ​មតិ​អាច​ស្រប ឬ​មិន​ស្រប​ហ្នឹង រដ្ឋាភិបាល​អាច​យក​ទៅ​ពិចារណា យក​ទៅ​ថ្លឹង​ថ្លែង​ ហើយ​ប្រើ​ប្រាស់​ជា​ប្រយោ​ជន៍​។ កន្លែង​ណាលោក​យល់​ថា ​មិន​មាន​ប្រយោ​ជន៍​លោក​អាច​ទុក​ចោល​អ៊ីចឹង​ទៅ មិន​ចាំ​បាច់​មាន​ការ​ប្តឹង​ផ្តល់ ឬ​ចោទ​ប្រកាន់ ឬ​គំរាម​កំហែង​ទេ ពីព្រោះ​នេះជា​លម្ហ​សង្គម​ស៊ីវិល​មួយ ដែល​រដ្ឋា​ភិបាល​គួរ​តែ​ធានា មិន​គួរ​មាន​ការ​ចោទ​ប្រកាន់»។

លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ បាន​សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ។

រូបឯកសារ៖ លោក​បណ្ឌិត ​សេង សារី អ្នកសិក្សាស្រាវ​ជ្រាវ​សង្គម​ឯករាជ្យ​ថ្លែង​ទៅកាន់​អ្នកចូលរួមក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នៅ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស នា​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ លោក​បណ្ឌិត ​សេង សារី អ្នកសិក្សាស្រាវ​ជ្រាវ​សង្គម​ឯករាជ្យ​ថ្លែង​ទៅកាន់​អ្នកចូលរួមក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នៅ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស នា​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

លោក សេង សារី អ្នក​វិភាគ​និង​ជា​សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ CID ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ប្រកាស​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍មុន ប៉ុន្តែ​ក្រោយ​មក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​នេះ​វិញ បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា ​លោក​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​សិក្សាលើករណី​ដែល​កើត​ឡើង​នៅ​លើ​រូប​លោក​យក​មកសិក្សា ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខុស។

លោក​បាន​បញ្ជាក់​ថា​ «ដូច​ជា​ខ្ញុំ​បាន​លើក​ឡើង​ហើយ​ថា ​បញ្ញវន្ត​ដែល​ស្រាវជ្រាវ​ និង​អ្នក​វិភាគ​ហ្នឹង គឺ​គ្មាន​កម្លាំង​នយោបាយ មិន​មាន​និន្នាការ​នយោ​បាយ​ ប៉ុន្តែ​ជា​អ្នក​ដែល​មាន​ភាព​លម្អៀង​ទៅ​ខាងផ្នែក​ប្រជាធិប​តេយ្យ ហើយ​អ្វី​ដែល​បញ្ញវន្ត​ធ្វើ គឺ​មិន​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​អី​ទេ​ នៅ​តែ​ព្យាយាម​ធ្វើ​ម៉េច​ជួយ​ដាក់​ធាតុចូល​ទៅ​ក្នុង​ការ​រួម​ចំណែក​ទៅ​ក្នុង​ការ​ដោះ​ស្រាយ​សង្គម​នយោ​បាយ​នៅ​ក្នុង​កម្ពុជា​»។

កញ្ញា​ លី ស្រីស្រស់ ​ប្រធាន​អ្នក​វិភាគ​វ័យ​ក្មេង​បាន​លើក​ឡើង​ថាអ្នក​វិភាគ​មិន​មែន​វិភាគ​ត្រូវ​គ្រប់​ចំណុច​ទាំង​អស់​នោះ​ទេ តែ​ការ​វិភាគ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ គឺ​មាន​សារៈ​សំខាន់ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​គិត​ពិចារ​ណា​ និង​យល់​ដឹង​អំពី​សង្គម ជា​ពិសេស​រដ្ឋា​ភិបាល​អាច​ដឹង​នូវ​ចំណុច​អវិជ្ជ​មាន​របស់​មន្រ្តី​ថ្នាក់​ក្រោម​ ដើម្បីកែ​តម្រូវ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ កញ្ញា​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ធានា​នូវ​សិទ្ធិ​សេរី​ភាព​ដែល​មា​នចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ បើ​មិន​ដូច្នេះ​ទេ​ វា​នឹង​ធ្វើ​ឲ្យបាត់​បង់ភាព​ចម្រុះ​នៃ​ការ​បញ្ចេញ​មតិ។

កញ្ញា​លើក​ឡើង​ថា ៖ «​បើ​សិន​ជា​មន្ត្រីរដ្ឋា​ភិបាល​មាន​ឆន្ទៈ​រួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ យោ​បល់​អ្នក​វិភាគ​មិន​មែន​ត្រូវ​រហូត​ ហើយ​ក៏​មិន​មែន​ខុស​រហូត​នោះ​ដែរ​...។ មាន​ន័យ​ថា​យើង​ស្តាប់​ ដើម្បី​យក​[មតិ]​ហ្នឹង​ជា​ទុន​មួយ​ ពេល​ខ្លះ​វា​អាច​ខុស វា​អាច​ត្រូវ​ ប៉ុន្តែ​យក​ជា​ទុន​មួយ ដើម្បីពិចារណា»។

កញ្ញា​បន្ថែម​ថា​៖ «ពេល​នេះ​ប្រព័ន្ធ​យុត្តិធម៌​បែង​ចែក​មិន​ដាច់​ទេ​រវាង​នីតិ​ប្បញ្ញត្តិ និង​នីតិ​ប្រតិ​បត្តិ។ ប្រសិន​បើ​យើង​និយាយ​ធ្វើ​ឲ្យ​មាន​ភាព​មិន​ពេញ​ចិត្ត​ពី​មន្ត្រី​រាជ​ការ​សាធារ​ណៈ ​ឬការ​មិន​ពេញ​ចិត្ត​[របស់​]ថ្នាក់​ដឹក​នាំ​ណា​មួយ គឺ​យើង​អាច​ងាយ​ស្រួល​នៅ​ក្នុង​ការ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ឬក៏​គំរាម​កំហែង​ជាដើម​។ អញ្ចឹង​នៅ​ក្នុង​ទិដ្ឋ​ភាព​ទាំង​អស់​នេះ​ យើង​ទទួល​ស្គាល់​អំពី​ភាព​ភ័យ​ខ្លាចមួយ​ចំនួន​ដែរ។ ហើយ​ខ្ញុំ​មិន​មាន​ការ​មើល​ឃើញ​អ្វី​ផ្សេង​ទៀត​ ​ដូច​លោក​ពូ ឯម​ សុវណ្ណារ៉ា [អ្នក​វិភាគ] សុំ​ផ្អាក​ជា​ដើម​ហ្នឹង ពី​ព្រោះ​ខ្ញុំ​អាច​យល់​ទិដ្ឋ​ភាព​នេះ​ច្រើន ដោយ​សារ​ខ្ញុំ​នៅ​ក្នុង​វិស័យ​នេះ»។

កញ្ញា​បន្ត​ថា​បុគ្គល​មួយ​ចំនួន​ដែល​ផ្អាក​វិភាគ​អាច​មក​ពី​រង់​ចាំ​មើល​ស្ថាន​ភាព​នយោ​បាយ និង​លម្ហ​ក្នុង​ការ​បញ្ចេញ​មតិ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​សិន៕

XS
SM
MD
LG