ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ កឹម សុខា​ មិន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ ខណៈ​ព្រះរាជអាជ្ញា​រក​នីតិវិធី​បន្ត


រូបភាព​ឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)
រូបភាព​ឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)

មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​កំពុង​ពិចារណា​រក​នីតិវិធី​បន្ត​ទៀត​ ក្រោយ​ពី​លោក ​កឹម សុខា ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​នោះ​ មិន​បាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នេះ​ តាម​ដីកា​កោះ​ហៅ​របស់​លោក កែវ សុជាតិ​ ព្រះ​រាជអាជ្ញា​រង​សាលា​ដំបូង​នេះ​ទេ។

លោក កឹម សុខា​ មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តាម​ការ​កោះ​ហៅ​លោក​ទាក់ទង​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍របស់​នាង ​ធី សុវណ្ណថា​ នោះ​ទេ។ ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ច្បាប់​និយាយ​ថា​ លោក​ កឹម សុខា​ មាន​សិទ្ធិ​មិន​ទៅ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​កំពុង​ពិចារណា​រក​នីតិវិធី​បន្ត​ទៀត​ ក្រោយ​ពី​លោក ​កឹម សុខា ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​នោះ​ មិន​បាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នេះ​ តាម​ដីកា​កោះ​ហៅ​របស់​លោក កែវ សុជាតិ​ ព្រះ​រាជអាជ្ញា​រង​សាលា​ដំបូង​នេះ​ទេ។

លោក ​កែវ សុជាតិ ដែល​ចេញ​ដីកា​កោះ​លោក​ កឹម សុខា​ មក​សាកសួរ​នៅ​ថ្ងៃ​ពុធ​នេះ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ នៅពេល​ដែល VOA ​ទាក់ទង​សួរ​អំពី​នីតិវិធី​បន្ត​ទៀត។​ លោក​សុំ​ឲ្យ​ VOA​ សួរ​អ្នក​នាំ​ពាក្យ​របស់​តុលាការ​នេះ​វិញ។

លោក​ថ្លែង​ប្រាប់ VOA ថា៖​«ខ្ញុំ​ត្រូវ​គោរព​វិជ្ជាជីវៈ​របស់​ខ្ញុំ ​ព្រោះ​គេ​មាន​អ្នក​នាំ​ពាក្យ​ហើយ​ អញ្ចឹង​ទុក​ឲ្យ​អ្នក​នាំ​ពាក្យ​និយាយ​ទៅ!»

​ទោះ​ជា​យ៉ាង​ណាក្តី ​លោក ​លី សុផាន់ណា​ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ និង​ជា​ព្រះរាជ​អាជ្ញារង​ បាន​ប្រាប់​ VOA ​ថា ​លោក ​កែវ សុជាតិ​ មិន​ទាន់​មាន​នីតិវិធី​បន្ត​ទេ ព្រោះ​វា​ឆាប់​ពេក។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា៖​«ព្រះរាជ​អាជ្ញារង​ដែល​ទទួល​បន្ទុក​សំណុំ​រឿង​ហ្នឹង​ គាត់​កំពុង​ពិនិត្យ​ពិចារណា​ទៅ​លើ​ករណី​នេះ ​ហើយ​ខ្ញុំ​នឹង​ជូន​ព័ត៌មាន ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ព័ត៌មាន​អំពី​ចំណាត់ការ​ពី​ព្រះរាជអាជ្ញា​រង​ដែល​លោក​កាន់​សំណុំ​រឿង​ហ្នឹង​ណា៎»។

អ្នក​តំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ថ្លែង​ថា ​លោក​ កឹម សុខា​ ដែល​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅ​ឡើយ​នោះ​ មាន​សិទ្ធិ​ស្របច្បាប់​មិន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ។ ​

លោក ​សុន ឆ័យ​ បាន​ប្រាប់​ VOA ​ថា ​ករណី​របស់​លោក ​កឹម សុខា​ ដែល​ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ​មិនមែន​ជា​បទ​ល្មើស​រឿង​ព្រហ្មទណ្ឌ​ជាក់ស្តែង​ទេ។

​លោក សុន ឆ័យ ពន្យល់​ប្រាប់ VOA ថា៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​ គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​ដែល​អាច​នឹង​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​មក​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​ នៅ​ពេល​ដែល​តំណាងរាស្ត្រ​មិន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​សំណើ​របស់​ព្រះរាជអាជ្ញា​នោះ​ឡើយ​បាទ។​ មិន​មែន​តែ ​កឹម សុខា​ ទេ ​តំណាងរាស្ត្រ​គ្រប់​រូប​បាទ»។

ថ្វី​បើ​លោក ​សុខ សំអឿន​ មេធាវី​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​ យល់ស្រប​នឹង​ការ​យល់​ឃើញ​របស់​លោក​ សុន ឆ័យ​ ក៏​ដោយ ក៏​អ្នក​ជំនាញ​ខាង​ច្បាប់​រូប​នេះ​និយាយ​ថា ​អភ័យ​ឯកសិទ្ធិ​របស់​លោក​ កឹម សុខា ​មិន​អាច​ការពារ​លោក​បាន​១០០%​ទេ ​ហើយ​ច្បាប់​នៅ​កម្ពុជា​ប្រែ​ប្រួល​ទៅ​តាម​ការ​បកស្រាយ។

លោក សុខ សំអឿន ថ្លែង​ថា៖ «អា​ហ្នឹង​ស៊ីសង​លើ​គេ​បកស្រាយ​ទេ​ ព្រោះ​ឥឡូវ ​អភ័យឯកសិទ្ធិ​អត់​មាន​ប្រយោជន៍​អី​ផង!​ ដូច​ អ៊ុំ ​សំអាន​ មាន​អភ័យ​ឯក​សិទ្ធិ​ នៅ​តែ​ជាប់គុក​ដដែល​ហ្នឹង»។

កាល​ពី​សប្តាហ៍​មុន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​១០នាក់​បាន​សរសេរ​លិខិតកោះ​ហៅ​លោក​ អង់ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​បំភ្លឺ​នៅ​រដ្ឋ​សភាអំពី​តួនាទី​តំណាងរាស្ត្រ ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល អំពី​គោល​ការណ៍​ច្បាប់​ គោល​នយោបាយ​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ និង​សំណួរ​ផ្សេង​ទៀត ​ទាក់ទង​នឹង​ការ​កោះហៅ ​ការ​ឃុំ​ខ្លួន​តំណាងរាស្ត្រដែល​នៅ​មាន​អភ័យឯកសិទ្ធិ។

លោក ​សុន ឆ័យ ​បាន​ឲ្យ​ដឹង​ថា ​មាន​សំណួរ​ជាច្រើន​ទៀត​ទាក់ទង​នឹង​អំណាចរបស់​ក្រសួង​យុត្តិធម៌ ​ការ​អនុវត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួម​នឹង​តុលាការ។

«មាន​សំណួរ​ដែរ​ ទាក់ទង​នឹង​អំណាច​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​កោះហៅ​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ហ្នឹង​ទៅ​សួរ​នាំ»។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ កាល​បរិច្ឆេទ​ដែល​លោក​ អង់ វង្សវឌ្ឍនា ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សភា​នោះ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។

មាន​ការ​បកស្រាយ​ខុស​គ្នា​អំពី​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ ជាពិសេស​ទាក់ទង​នឹង​ការ​សម្រេច​ឃុំខ្លួន​លោក​ អ៊ុំ សំអាន ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម រង្ស៊ី។​

រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)
រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)

​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ គឺ​ជា​អំណាច​ស្រប​ច្បាប់​ការពារ​តំណាងរាស្ត្រ។ បើ​តាម​ការ​បកស្រាយ​ ទី​មួយ តុលាការ​ត្រូវ​សុំ​ការ​យល់​ព្រម​ពី​សំឡេង​៣/៤​នៃ​សមាជិក​សភា​ទាំង​មូល​ដើម្បី​កោះហៅ​ ចោទ​ប្រកាន់​ ឬ​ឃុំឃាំង​តំណាងរាស្ត្រ។ ​ផ្ទុយ​ទៅ​វិញ​ មតិ​មួយ​ទៀត​យល់​ថា តំណាងរាស្ត្រ​ត្រូវ​រក​សំឡេង​៣/៤​នៃ​សមាជិក​សភា​ទាំង​មូល ដើម្បី​ការពារ​អភ័យ​ឯកសិទ្ធិ​ខ្លួន​ឲ្យរួច​ពី​ការ​កោះ​ហៅ​ ការ​ចោទ​ប្រកាន់​ ឬ​ការ​ឃុំឃាំង​របស់​តុលាការ។

ដូច្នេះ បើ​តាម​ការ​បកស្រាយ​ទីពីរ​នេះ ​លោក​ អ៊ុំ សំអាន ​និង​លោក ​ហុង សុខហួរ ​ត្រូវ​មាន​សំឡេង​គាំទ្រ​របស់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​រួច​ពី​ការ​ចោទ​ប្រកាន់។ ​តែ​តាម​ទស្សនៈ​ទី​មួយ ​តុលាការ​ត្រូវ​មាន​សំឡេង​យល់​ព្រម​ពី​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​ ទើប​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ទាំង​ពីរ​បាន។

លោក ​សុខ សំអឿន​ អ្នក​ជំនាញ​ខាង​ច្បាប់ ​និង​ជា​មេធាវី​ល្បី​ឈ្មោះ​បាន​ប្រាប់​ VOA ​ថា ​ការ​បកស្រាយ​ច្បាប់​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ចម្រូងចម្រាស​គ្នា ​ហើយ​លោក​ក៏​មិន​សូវ​យល់​ដែរ។​

លោក សុខ សំអឿន ពន្យល់​ថា៖ «ដល់​អញ្ចឹង​អង្វេង​ដែរ។ ​សភា​ជា​អ្នក​ធ្វើ​ច្បាប់​ ដល់​គេ​បកស្រាយ​អញ្ចឹង ​មិន​ដឹង​ធ្វើ​ម៉េច!​ ប៉ុន្តែ​គ្រាន់​តែ​យើង​យល់​ថា​ ម៉េច​ទៅ​ហៅ​ថា ​អភ័យ​ឯកសិទ្ធិ ​មិន​អញ្ចឹង?​ គឺ​ការពារ​កុំ​ឲ្យ​ឃាត់​ខ្លួន​ កុំ​ឲ្យ​ចាប់​ខ្លួន ​កុំ​ឲ្យ​ឃុំ​ខ្លួន ​កុំឲ្យ​ចោទ​ប្រកាន់​ មិន​អញ្ចឹង។​ បើ​មាន​អភ័យ​ឯកសិទ្ធិ​ហើយ ​ឃុំខ្លួន​ក៏​បាន​ ចោទ​ប្រកាន់​ក៏​បាន។ អាហ្នឹង​ទៅ​ជា​អភ័យ​ឯកសិទ្ធិ​ស្រុក​ខ្មែរ​ វា​មាន​ន័យ​អញ្ចឹង។​ មាន​ន័យ​ដូច​អត់​មាន​អញ្ចឹង​ មាន​ដូច​អត់​មាន​អញ្ចឹង»។

លោក ​សុខ សំអឿន​ យល់​ថា ​ការ​តម្រូវ​ឲ្យ​មាន​សំឡេង​សមាជិក​សភា​៣/៤​ ដើម្បី​ការពារ​តំណាងរាស្ត្រ​ពី​ការ​ចោទ​ប្រកាន់​ ការ​ឃុំឃាំង​នោះ​គឺ​សម្រាប់​តំណាងរាស្ត្រ​ដែល​ត្រូវ​បាត់បង់​អភ័យ​ឯកសិទ្ធិ​រួច​ហើយ។

ក្រៅ​ពី​លោក ​កឹម សុខា​ តុលាការ​ភ្នំពេញ​ក៏​បាន​កោះ​ហៅ​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​របស់គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក ​តុប វ៉ាន់ចាន់ ​និង​លោក​ ពិន រតនា ​ឱ្យ​ចូលបំភ្លឺ​នៅ​ថ្ងៃ​ទី១៦ ​ខែឧសភា​ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​នាង ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ។​ ជា​មួយ​គ្នា​នេះ​ តុលាការ​ក៏​បាន​ចេញ​ដីកា​មួយ​ផ្សេង​ទៀត​កោះ​ហៅ​លោក ​កឹម សុខា ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ផង​ដែរ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សញ្ចារកម្ម៕

XS
SM
MD
LG