ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​វិទ្យាល័យ​​ពីរនាក់​បាន​​មេដាយ​មាស​បង្កើត​គំនិត​ថ្មី​​ធ្វើ​ឲ្យ​​មាន​ទឹក​ស្អាត


លឹម​ ធាន​ហុក​ ជាមួយ​នឹង​ដៃ​គូ ប៉ូច​ រ័ត្នវិចិត្រ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​នៅ​ឯព្រលាន​យន្តហោះ​អន្តរ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ (រូប​ថត​ផ្តល់​ដោយ លឹម ធាន​ហុក)
លឹម​ ធាន​ហុក​ ជាមួយ​នឹង​ដៃ​គូ ប៉ូច​ រ័ត្នវិចិត្រ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​នៅ​ឯព្រលាន​យន្តហោះ​អន្តរ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ (រូប​ថត​ផ្តល់​ដោយ លឹម ធាន​ហុក)

ដោយ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា​ យុវជន​លីម ធានហុក​បាន​ធ្វើ​ឲ្យខ្លួន​ឯង​លេច​មុខ​មាត់​ក្នុង​ឆាក​អន្តរជាតិ។​ បើ​ទោះ​បី​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​ចង់ក្លាយ​ជា​មេធាវី​ក៏​ដោយ​ តែ​យុវជន​វ័យ​១៦​ឆ្នាំ​រូប​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ផ្នែក​វិទ្យា​សាស្រ្ត​រហូត​ដណ្តើម​បាន​មេដាយមាសនៅឯ​សហ​រដ្ឋ​អាមេរិកកាល​ពី​ខែ​មុន​នេះ។

ធានហុកដណ្តើម​យក​មេដាយ​មាស​លើ​ផ្នែក​វិទ្យាសាស្រ្ត​ក្នុង​ចំណោម​ប្រទេស​ចូល​រួម​ចំនួន​៦៩ផ្សេង​ទៀត​ ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សរសេរគម្រោងក្នុង​ក្រប​ខណ្ឌ​សាលា​អន្តរជាតិកម្រិតវិទ្យាល័យ​លើ​ប្រធាន​បទបរិស្ថាន​ឈ្មោះ​ Genius Olympiad 2015 ​កាល​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៩​ខែ​មិថុនា​កន្លងទៅ​នេះ​ នៅ​ឯ​ទីក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក។​

លោក​ Fehmi Damaci ​ជា​អ្នក​បង្កើត​កម្មវិធី​នេះ​ និង​ជា​សាស្រ្តា​ចារ្យ​ផ្នែក​គីមី​សេរីរាង្គ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ឈ្មោះ​ ​Oswego​ ក្នុង​ទី​ក្រុងញូវយ៉ក។ ​កម្មវិធី​នេះ​បង្កើតទ្បើងដើម្បី​ផ្តល់​រង្វាន់​ជា​មេដាយ​ដល់​យុវជន​វ័យ​ក្មេង​ជុំវិញ​ពិភព​លោក​ក្នុងការ​រក​គំនិតថ្មីៗ​ដើម្បីដោះស្រាយ​បញ្ហា​បរិស្ថាន។​

ធានហុក​ជាមួយ​និង​ដៃ​គូ​របស់​គាត់ ​គឺប៉ូច​ រ័ត្នវិចិត្រ​បាន​រចនា​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​មួយ​ដោយ​ប្រើ​ប្រាស់​កង់​ដើម្បី​បូម​ទឹក​តាម​រយៈ​ការ​បន្សុទ្ធ​ដោយ​ប្រើ​ជីវ​ខ្សាច់​ ហើយ​ផលិត​ផល​នេះអាច​ផលិត​ទឹក​ស្អាត​ដោយ​មិនប្រើប្រាស់​ជាតិ​គីមី​ផង​ដែរ។

សិស្ស​វិទ្យាល័យ លឹម​ ធានហុក បាន​ទទួល​មេដាស​មាស​លើ​ផ្នែក​វិទ្យាសាស្រ្ត​ ក្នុង​ចំណោម​ប្រទេស​៦៩​ចូល​រួម​ ក្នុង​កម្មវិធី​ Genius Olympiad​ នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៥។ (រូប​ថត​ផ្តល់​ដោយ ៖ លឹម​ ធាន​ហុក)
សិស្ស​វិទ្យាល័យ លឹម​ ធានហុក បាន​ទទួល​មេដាស​មាស​លើ​ផ្នែក​វិទ្យាសាស្រ្ត​ ក្នុង​ចំណោម​ប្រទេស​៦៩​ចូល​រួម​ ក្នុង​កម្មវិធី​ Genius Olympiad​ នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៥។ (រូប​ថត​ផ្តល់​ដោយ ៖ លឹម​ ធាន​ហុក)

សព្វ​ថ្ងៃ​នេះ​ធានហុក​គឺ​ជា​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ ​Zaman ​ក្នុង​ទីក្រុង​ភ្នំពេញ។​ ​សាលា​ Zaman ​ក៏​ជា​សាលាថ្លៃ​មួយ​ក្នុង​ចំណោម​សាលា​ដែលមាន​តម្លៃ​ថ្លៃ​ជា​ច្រើន​ទៀត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ​ ប៉ុន្តែដោយ​សារ​តែ​ភាព​វ័យ​ឆ្លាត​របស់​ខ្លួន ​ ធានហុក​បាន​ទទួល​អាហារូប​ករណ៍តាំង​ពី​ខ្លួន​រៀន​ថ្នាក់ទី​៧​មក​ម្ល៉េះ​ តាម​រយៈ​ការ​ប្រឡង​ប្រកួត​ប្រជែង​យក​អាហា​រូបករណ៍ ​ដែលមាន​តម្លៃ​រហូត​ដល់​៤០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

ធានហុក​បាន​ឲ្យដឹង​ថា​៖ ​«ការ​ទទួល​បាន​អាហា​រូបករណ៍​គឺ​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ផ្នែក​របស់​គ្រួសារ​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏មាន​មោទន​ភាពផង​ដែរ»។ ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ធានហុក​បាន​ប្រាប់​ VOA ​ថា​ ខ្លួន​ពិត​ជា​ខិត​ខំ​សិក្សាណាស់។​ រាល់​ថ្ងៃ​ ធានហុក​តែង​តែ​ក្រោក​ពី​ដំណេក​នៅ​ម៉ោង​៥:៣០​ទៀប​ភ្លឺជា​រៀង​រាល់​ព្រឹក ​ដើម្បី​មើល​មេរៀន ​ហើយ​គាត់​តែង​តែ​មើល​មេរៀន​ម្តងទៀតមុន​ចូល​គេង។​

ធានហុក​និយាយ​ថា៖​ «ខ្ញុំ​ត្រូវ​តែ​រំឭក​រាល់​មេរៀន​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ថ្នាក់​ហើយ​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ»។​

ធានហុក​បាន​បន្ថែម​ទៀត​ថា៖​ «ហើយមុន​ពេល​ចូល​គេង​ ខ្ញុំ​ក៏​ត្រូវ​តែ​រំឭក​មេរៀន​ ​និង​មើល​សៀវភៅ​ផងដែរ»។​

ម្តាយ​របស់​ធានហុក​ គឺ​អ្នក​ស្រី​ឃាក​ ច័ន្ទ​សុខន​ក្នុង​វ័យ​៤១​ឆ្នាំ​ បាន​អង្គុយ​ជិត​កូន​ប្រុស​ពេល​កំពុង​សម្ភាស។ ​ដោយមាន​ទឹក​មុខរីករាយ​ អ្នក​ស្រី​បាននិយាយ​អំពី​កូន​ប្រុស​របស់​អ្នកស្រី​ថា៖​ «ខ្ញុំ​មាន​មោទន​ភាព​ចំពោះ​កូន​ប្រុសខ្ញុំ។​ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ​ចំពោះ​ជោគជ័យ​នេះ​ ព្រោះគេ​តែង​តែខំរៀន​បាន​ពិន្ទុល្អ»។​

ក្នុង​ចំណោម​សិស្ស១៧​នាក់​ពី​សាលា​ មាន​តែ​ដៃ​គូ​របស់​ធានហុក ​និង​រត្ន័វិចិត្រ​ប៉ុណ្ណោះ​ដែល​ជ្រើស​រើស​ផ្នែក​វិទ្យាសាស្រ្ត​សម្រាប់ការ​ប្រកួត​ប្រជែង នៅ​ទី​ក្រុង​ញ៉ូវយ៉ក​ ហើយ​ក្នុង​ប្រទេស​កម្ពុជា គ្មាន​សិស្ស​មក​ពីសាលា​ផ្សេង​ទៀតបាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ​ទេ។​ ពួក​គេ​ត្រូវ​បាន​ជ្រើស​ផ្ទាល់​ពី​សាលា​ ដែល​ការ​ជ្រើសរើស​នេះ​គឺ​ផ្អែក​ទៅ​លើសំណើ​ (Proposal)​ ដែល​ពួក​គេ​បាន​ដាក់​ពាក្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។

ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ទីក្រុង​ញ៉ូវយ៉ក ​ ក្រុម​នីមួយៗ​ត្រូវ​ធ្វើ​បទ​បង្ហាញ​របស់​ខ្លួន​ចំនួន​៧​នាទី​ជា​ភាសា​អង់គ្លេស ​ហើយ​ក្រុម​ដែល​មាន​គំនិត​ល្អ​ជាង​គេ​ក្នុង​ការ​ដោះ​ស្រាយ​លើ​បញ្ហា​បរិស្ថាន​នេះ​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួលបានមេដាយមាស។​

ធានហុក​បាន​ឲ្យដឹងបន្ត​ទៀតថា ៖​ «ខ្ញុំ​ពិត​ជា​មាន​មោទន​ភាព​ណាស់ ​ដែល​ក្រុម​ខ្ញុំ​អាច​តំណាង​ឲ្យប្រទេស​កម្ពុជា​ ទៅ​ធ្វើ​ការ​ប្រកួត​ប្រជែង​លើ​ឆាកអន្តរជាតិ​ ​ហើយ​ទទួល​បាន​ជោគ​ជ័យ»។

​ធានហុក​បាន​បន្ថែម​ទៀត​ដែរ​ថា​ លក្ខខណ្ឌ​ដែល​គេ​វិនិច្ឆ័យទៅ​លើ​ក្រុម​នីមួយៗ​ ​រួម​មាន​បច្ចេក​ទេស​ក្នុង​ការ​បង្កើត​ស្នា​ដៃ​ផលិតផល​ ​ប្រសិទ្ធភាព​នៃដំណោះ​ស្រាយ ​និង​ការ​ធ្វើ​បទ​បង្ហាញ។

បើ​ទោះ​បី​ជា​ធានហុក​ទទួល​បាន​មេដាយ​មាស​ក្នុង​ការ​រក​ដំណោះស្រាយ​ទាក់ទង​នឹង​បរិស្ថាន​នេះ​ក៏​ដោយ​ ធានហុកនៅ​តែ​ប្រកាន់​ជំហរ​ចង់​ធ្វើ​ជាមេធាវី​ដដែល​ ព្រោះ​វា​ជា​គោល​បំណង​តាំង​ពី​ធានហុក​នៅ​តូច។​ ធានហុកនិយាយ​ថា​ ៖​ «ខ្ញុំ​ពូកែ​ខាង​ជំនាញ​និយាយ​ ព្រម​ទាំង​ការ​ប្រើ​ប្រាស់​ភាសា​ ដូចនេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​ធ្វើ​ជា​មេធាវី»៕

XS
SM
MD
LG