ក្រសួងមហាផ្ទៃនិងក្រសួងការងារប្រកាសចាត់វិធានការចំពោះពលករបរទេសជាង១០ម៉ឺននាក់ ដែលកំពុងធ្វើការដោយគ្មានប័ណ្ណការងារនៅកម្ពុជា ដោយទុករយៈពេល១ខែ ដើម្បីបំពេញកាតព្វកិច្ចតាមច្បាប់មុននឹងចាត់វិធានការ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ។
លោក សុខ ផល ថ្លែងបែបនេះក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួងរវាងក្រសួងមហាផ្ទៃនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជានិងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារនិងសៀវភៅការងារជនបរទេស នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។ លោកលើកឡើងថា ពលករបរទេសដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានសៀវភៅការងារ មានចំនួនជាង១០ម៉ឺននាក់ ហើយលោកថា ការណ៍នេះ ធ្វើឲ្យមានការខាតបង់ប្រាក់ចំណូលចូលរដ្ឋ ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ។
លោក សុខ ផល បន្ថែមថា ក្រសួងមហាផ្ទៃ និងក្រសួងការងារ បានចេញប្រកាសអន្តរក្រសួង ដោយទុកពេលឲ្យពលករទាំងនោះទៅបំពេញកាតព្វកិច្ចឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ហើយថា ក្នុងករណីដែលពួកគេមិនអនុវត្ត នោះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។
លោក សុខ ផល ប្រាប់ អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនោះថា៖ «ការជាក់ស្តែងរបស់អគ្គទាំងពីរដែលបានកំណត់អម្បាញ់មិញនេះ គឺពីនេះរហូតទៅដល់ចូលឆ្នាំខ្មែរ ក្រោយចូលឆ្នាំខ្មែរយើងនឹងចុះពិនិត្យមើល ហើយផុតសុពលភាពយើងនឹងធ្វើការផាកពិន័យ។ ច្បាប់អន្តោរប្រវេសន៍បានកំណត់នេះ បើអត់បង់ប័ណ្ណការងារ អាចនឹងត្រូវទទួលការផ្តន្ទាទោស បើរឹងរូសមិនបង់ គឺអាចផ្តន្ទាទោសរយៈពេលបីខែ ត្រូវបញ្ជូនទៅតុលាការ រួចបណ្តេញចេញ ឬក៏ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
ចំណែកលោក សេង សក្ដា អគ្គនាយកអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា បើតាមច្បាប់អន្ដោប្រវេសន៍ និងច្បាប់ការងារក្នុងឆ្នាំ២០១៨នេះ គឺតម្រូវឲ្យធ្វើការផាកពិន័យ ប៉ុន្ដែលោកថា ក្រសួងទាំង២មិនទាន់ផាកពិន័យនោះទេ ដោយទុករយៈពេល១ខែ ដើម្បីឲ្យពលករទាំងអស់នោះមកបំពេញកាតព្វកិច្ចបង់ពន្ធសម្រាប់ឆ្នាំ២០១៧។ លោកបន្ថែមថា ប្រសិនបើពលករបរទេស មិនបានមកធ្វើសៀវភៅការងារ ឬមិនបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋក្នុងមួយឆ្នាំតម្លៃ៤០ម៉ឺនរៀលទេនោះ ក្រសួងនឹងផាកពិន័យទៅតាមច្បាប់។
លោកបញ្ជាក់ថា៖ «យើងកំណត់ការផាកពិន័យយើងពី៦០ថ្ងៃ ទៅដល់៩០ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ ហើយប្រាក់ឈ្នួលយោងប្រចាំថ្ងៃនេះ គឺយើងបានចេញនូវប្រកាសរួមមួយជាមួយក្រសួងការងារ និងក្រសួងយុត្តិធម៌ ដោយកំណត់ប្រាក់យោងប្រចាំថ្ងៃ ក្នុងមួយថ្ងៃ១០ដុល្លារ»។
ទាំងលោក សុខ ផល និងលោក សេង សក្តា មិនបានបញ្ជាក់ថា តើពលករបរទេសដែលកំពុងធ្វើការដោយគ្មានប័ណ្ណការងារទាំងជាង១០ម៉ឺននាក់នោះ មានជនជាតិអ្វីច្រើនជាងគេនោះទេ។
ទោះយ៉ាងណា បើតាមរបាយការណ៍របស់ក្រសួងការងារផ្សាយក្នុងកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា គ្រឹះស្ថានសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធនៅកម្ពុជាសរុបមានចំនួនជិត៦សែនគ្រឹះស្ថាន និងមានកម្មករនិយោជិតសរុបប្រមាណជា ៣លាន៨សែននាក់។ ក្នុងនោះពលករបរទេសមានចំនួនជាង១៦ម៉ឺននាក់ ភាគច្រើនជាជនជាតិចិន និងវៀតណាម ដែលក្នុងនោះមានជនជាតិចិនចំនួនជាង១០ម៉ឺននាក់។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការការពារសិទ្ធិពលករ ហៅកាត់ថាសង់ត្រាល់ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា លោកសាទរចំពោះគម្រោងនៃការចុះពិនិត្យ និងផាកពិន័យពលករបរទេសដែលកំពុងធ្វើការខុសច្បាប់នៅកម្ពុជា។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាលកម្ពុជាមានភាពខ្វះចន្លោះច្រើនក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងពលករបរទេសទាំងនោះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖ «កន្លងមកយើងអត់មានចាត់វិធានការតឹងតែងចំពោះជនអន្តោប្រវេសន៍ដែលហូរចូលស្រុកខ្មែរយើងទេ។ គាត់ទៅធ្វើអាជីវកម្ម ទៅធ្វើអីក៏បាន គាត់អាចមានសិទ្ធិទៅលក់ដូរ គាត់អាចមានសិទ្ធិបើកហាងអ៊ុតសក់ គាត់មានសិទ្ធិធ្វើសោរ គាត់មានសិទ្ធិធ្វើអីគ្រប់បែបយ៉ាងទាំងអស់។ អញ្ចឹងហើយអាទាំងអស់ហ្នឹងហើយ វាជាការមួយដែលដណ្តើមទីផ្សារការងារ។ ហើយខ្ញុំសុំបញ្ជាក់កន្លែងនេះ មិនមែននិយាយក្នុងន័យរើសអើងទេ តែប្រទេសមួយត្រូវមានគោលនយោយក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ»។
លោក ឌី ថេហូយ៉ា បន្ថែមថា រដ្ឋាភិបាលគួរកំណត់គោលការណ៍សម្រាប់ពលករបរទេសដែលមកធ្វើការនៅកម្ពុជាឲ្យបានត្រឹមត្រូវ ដើម្បីធានាថា វត្តមានរបស់ពួកគេមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍ប្រទេសមួយៗដែលគេទទួលពលករ លុះត្រាតែប្រទេសនោះខ្វះកម្លាំងពលកម្ម បានគេនាំចូលទៅធ្វើការ។ និយាយនេះមិនមែនក្នុងន័យរើសអើងទេ ប៉ុន្តែនិយាយនេះជាគោលការណ៍ជាទូទៅ ធម្មតាប្រទេសគេរីកចម្រើនគេត្រូវការកម្លាំងពលកម្ម បានគេប្រកូកប្រកាសទំនាក់ទំនងការទូតហ្នឹងដើម្បីនាំពលករចូលធ្វើការ។ ប៉ុន្តែស្រុកយើងដូចជាមិនមែនខ្វះកម្លាំងពលកម្មធ្វើទេ វាអាចមានរឿងអីដែលចេញចូលក្រៅច្បាប់ ខុសច្បាប់អីហ្នឹង អាហ្នឹងហើយជារឿងមួយដែលយើងគួរពិចារណា»។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងមហាផ្ទៃ និងក្រសួងការងារ បានដាក់ចេញគោលការណ៍ចំនួន៥ចំណុចដើម្បីពង្រឹង និងបន្តតាមដានការធ្វើការងាររបស់ពលករបរទេសនៅកម្ពុជា។ គោលការណ៍ ទាំងនោះរួមមាន គណៈអភិបាលខេត្តទទួលបន្ទុកទាំង២៤ខេត្ត ត្រូវផ្សព្វផ្សាយបន្តដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងរយៈពេលមួយសប្ដាហ៍។ បង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាចំពោះមុខ ភ្លាមៗពាក់ព័ន្ធនឹងឯកសារផ្សេងៗ។ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងជនបរទេស អាចស្នើសុំធ្វើប័ណ្ណ និងសៀវភៅការងារដោយគ្រាន់តែចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រជាដើម៕