ភ្នំពេញ — នៅថ្ងៃអង្គារនេះ លោក ជឹម ចេង ដែលកំពុងបម្រើការងារនៅរោងចក្រផលិតសាច់នៅខេត្តសារបុរី (Saraburi) ប្រទេសថៃជាងបីឆ្នាំហើយនោះ សុំច្បាប់ថៅកែរោងចក្ររបស់លោកសម្រាកមួយព្រឹក ដើម្បីសម្អាតបន្ទប់ស្នាក់នៅ និងឆ្លៀតជិះកង់ទៅផ្ញើលុយជូនម្តាយនៅកម្ពុជា។
លោក ជឹម ចេង ផ្ញើប្រាក់ប្រមាណ ៦ពាន់បាត (ឬ៨០ម៉ឺនរៀល) ក្នុងមួយខែ ជូនម្តាយដែលរស់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ឲ្យផ្គត់ផ្គង់ចិញ្ចឹមកូនប្រុសលោកមានអាយុ ៣ឆ្នាំ។
បុរសវ័យ ២៦ឆ្នាំ រូបនេះលើកឡើងថា ស្ថានភាពនៃការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ ក្នុងប្រទេសថៃ បានបង្ខំឲ្យពលករខ្មែរដែលរស់នៅតំបន់ដែលលោកធ្វើការ ចាកចេញទៅស្រុកកំណើតវិញអស់សឹងតែពាក់កណ្តាល ហើយរោងចក្រខ្លះក៏ត្រូវបង្ខំបិទទ្វារ។
តែរូបលោកនិងភរិយាដែលមានវ័យ ២៣ឆ្នាំ ទ្រាំបន្តរស់នៅធ្វើការនៅប្រទេសថៃ ដោយសារចង់បន្តរកចំណូល។
លោក ជឹម ចេង ថ្លែងប្រាប់វីអូអេតាមទូរសព្ទថា៖ «អារម្មណ៍ចង់ទៅផ្ទះនឹងគេដែរតែគិតទៅ យើងទៅផ្ទះយើងអត់ការងារធ្វើដូចខ្ញុំនិយាយខាងដើមអីចឹង។ ឃើញគេទៅ អារម្មណ៍យើងចង់ទៅដែរនឹកកូន នឹកម៉ែ នឹកប៉ាដែរបង»។
ពលករកម្ពុជាដែលបន្តរស់នៅក្នុងប្រទេសថៃ ដូចជាលោក ជឹម ចេង និងភរិយា ត្រូវប្រឈមនឹងសម្ពាធសេដ្ឋកិច្ចនិងក្ដីបារម្ភអំពីហានិភ័យសុខភាព ខណៈប្រទេសថៃកំពុងប្រឈមនឹងការផ្ទុះឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលរាតត្បាតខ្លាំងពីពាក់កណ្ដាលខែធ្នូមក។
ពេញមួយថ្ងៃអង្គារនេះ ប្រទេសថៃប្រកាសអំពីករណីឆ្លងថ្មី ៩០០ករណី ក្នុងចំណោមករណីឆ្លងសរុប១៤.៦៤៦ករណី និងស្លាប់យ៉ាងហោច ៧៥នាក់។ ខេត្តចំនួនប្រាំនៅថៃ គឺសមុទ្រសាខន (Samut Sakhon) រយ៉ង់ (Rayong) ជុនបុរី (Chonburi) ចន្ទបុរី (Chanthaburi) និងត្រាត (Trat) ត្រូវបានរឹតបន្តឹងក្នុងការធ្វើដំណើរ។
ស្ថិតិដែលផ្ដល់ដោយលោកឧត្ដមសេនីយ៍ឯក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា បង្ហាញថា ចាប់ពីថ្ងៃទី២០ ខែធ្នូមក ដល់ថ្ងៃទី២៥ ខែមករានេះ មានពលរដ្ឋកម្ពុជាប្រមាណ ៨.០៣១នាក់ហើយ ដែលបានឆ្លងព្រំដែនវិលត្រឡប់ពីប្រទេសថៃមកដល់កម្ពុជាវិញ។
ការភ័យខ្លាចជំងឺកូវីដ១៩ និងវិធានការរឹតបន្តឹងលិខិតស្នាមរបស់ថៃនាពេលកន្លងមក បានធ្វើឱ្យពលករខ្មែរជាច្រើនចាកចេញមកប្រទេសខ្លួនវិញ។ នេះបើយោងតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង។
មន្ត្រីជាន់ខ្ពស់ខេត្តជាប់ព្រំដែនថៃរូបនេះប្រាប់វីអូអេថា៖ «ខ្ញុំបានសួរនាំគាត់ហើយ ទី១គាត់ថា គាត់នឹកផ្ទះសម្បែង ទី២ គាត់មានធុរៈក្នុងគ្រួសារ ដូចថាឪពុកម្តាយឈឺ ឬគាត់នឹកកូនចៅគាត់ ហើយអ្នកខ្លះគាត់ថា មករៀបការញាតិមិត្ត។ ហើយអ្នកខ្លះទៀតគាត់ថា អត់មានការងារធ្វើនៅហ្នឹង ដល់ពេលមានបញ្ហាកូវីដស្រុកគេអត់ការងារធ្វើ មិនដឹងនៅធ្វើអីត្រូវតែមក»។
លោក លឹង សុផុន មន្ត្រីអង្គការសង់ត្រាល់បានឱ្យដឹងថា ពលករខ្មែរដែលនៅថៃរងការលំបាកលើការចំណាយបន្ថែមជាច្រើន ដើម្បីបន្តការស្នាក់នៅរួមមានទាំងការពន្យារសុពលភាពលិខិតឆ្លងដែននិងទិដ្ឋការការចំណាយលើការពិនិត្យកូវីដ មុនចូលធ្វើការកន្លែងថ្មីជាដើម ប្រសិនករណីរោងចក្រពួកគេកាត់បុគ្គលិកនិងប្តូរទៅរោងចក្រផ្សេង។
មន្ត្រីសង្គមស៊ីវិលដែលប្រចាំការនៅប្រទេសថៃរូបនេះថ្លែងថា ការណ៍ទាំងនោះជំរុញឲ្យពលករជ្រើសរើសមកស្រុកវិញ។
«មួយទៀតពលករដែលមិនស្របច្បាប់ថៅកែអត់ទទួលខុសត្រូវទេ។ អាជ្ញាធរខ្លះប៉ូលិសតាមតំបន់ផ្សេងៗខ្លះ បានចុះត្រួតចុះពិនិត្យរឹតបន្តឹងនរណាដាច់ប៉ាស្ព័រអី គេចាប់ផាកពិន័យ។ ដោយសារអាជ្ញាធរថៃរឹតបន្តឹងអញ្ចឹង បានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់រយនាក់ចុះមកប្រទេសកំណើតវិញ»។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ក្នុងចំណោមពលករកម្ពុជាទាំងជាង ៨ពាន់នាក់ ដែលទើបធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់នោះ មាន ៨៧នាក់ ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩។
ពលករខ្មែរដែលកំពុងបន្តធ្វើការនៅប្រទេសថៃបានប្រាប់វីអូអេថា ពួកគេបារម្ភអំពីបញ្ហាជីវភាព ដោយសារតែស្ថានភាពសេដ្ឋកិច្ចថៃមិនល្អនៅទីនោះ និងបរិមាណការងារធ្លាក់ចុះខ្លាំង។
អ្នកស្រី សុខ ស៊ីណាត អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅនិងធ្វើការនៅរោងចក្រផលិតទឹកម្នាស់ប្រអប់នៅខេត្តរយ៉ង ស្ថិតក្នុងចំណោមខេត្តដែលមានការរឹតបន្តឹង។
ពលករចំណាកស្រុកទៅពីខេត្តប៉ៃលិនរូបនេះ ប្រាប់វីអូអេថា ចំណូលរបស់ស្រីធ្លាក់ចុះជិតពាក់កណ្តាល ដែលឥឡូវអ្នកស្រីរកបានតែ ៦ពាន់បាត (ឬ៨០ម៉ឺនរៀល) ក្នុងមួយខែ។
«ដោយសារគេបិទផ្អាកការងារមួយខែ ពីរខែដោយសារកូវីដអញ្ចឹងណា។ ដល់អញ្ចឹង[ពលករ] អត់នៅគាត់ទៅរកកន្លែងផ្សេង។ រោងចក្រដែលខ្ញុំនៅក៏អញ្ចឹងដែរ ដូចថាកូវីដអញ្ចឹងមួយអាទិត្យ គេឲ្យយើងធ្វើការតែ ៥ថ្ងៃ ហើយអត់មានថែមម៉ោងទេ»។
អ្នកស្រី ស៊ីណាត ដែលចង់មកស្រុកកំណើតវិញនោះស្ទាក់ស្ទើរ ព្រោះខ្លាចត្រូវបន្តធ្វើចត្តាឡីស័កច្រើនថ្ងៃ និងប្រឈមនឹងការគ្មានចំណូលនៅក្នុងស្រុក។
«គ្រាន់តែនឹកបងប្អូនអញ្ចឹង។ ណាមួយយើងនៅនេះ យើងរកលុយដូចថា មិនបានអញ្ចឹងដូចចង់ទៅខ្មែរ។ប៉ុន្តែថាទៅច្រកគេមិនបើកយើងជិះទៅអស់លុយច្រើនទៀតមិនស្រួលទេ ៣៥០០ បាតអីនោះគ្រាន់ពីកន្លែងយើងនៅទៅច្រកព្រំដែន។ ហើយយើងចេញទៅឆ្លងខុសច្បាប់យើងខ្មែរទៅខ្មែរអស់លុយបង់លុយច្រើន អញ្ចឹងមិនបាច់ទៅគ្រាន់តែផ្ញើរលុយ»។
លោក ឆៃ លី ជាអ្នករត់ការសម្រួលកម្លាំងកម្មករទៅធ្វើការនៅតាមបណ្ដារោងចក្រនៅថៃ បានឲ្យថាពលករកម្ពុជាជាច្រើនបានចាកចេញមកស្រុកកំណើតវិញនៅថៃ សម្បូរការងារធ្វើនៅឡើយទេ គ្រាន់តែថាពលករមួយចំនួនដែលប្រឈមនឹងការជម្រុះចេញ ត្រូវសង្វាតរកការងារធ្វើទៀត។
លោក ឆៃ លី ដែលកំពុងអង្គុយចាំកម្មករពិនិត្យសុខភាពមុនចូលធ្វើការបានឲ្យដឹងថា៖ «ភាគច្រើនពលករខ្មែរយើងធ្លាក់ការងារច្រើនដែរ ដោយសាររោងចក្រមួយចំនួនជម្រុះចោលខ្លះ។ ហើយខាងខ្ញុំនេះ គឺអ្នកណាដែលអត់ការងារធ្វើហើយមានរោងចក្រណាទទួលខ្ញុំនាំពួកគាត់ចូលតាមរោងចក្រផ្សេង»។
បុរសរូបនេះថ្លែងថា ក្នុងមួយថ្ងៃៗ ពលករយ៉ាងហោចណាស់ ជាង ២០នាក់ ទាក់ទងសួរលោកជាក្រុមៗដើម្បីរកប្តូរការងារ។
«[ពលករ]បាត់បង់ច្រើនដែរអូនចូល ៤០% ទៅ ៥០%។ ជួនគាត់អត់មានលុយនៅទៀត គាត់ទៅខ្មែរវិញ រកការងារធ្វើអត់បានទៅខ្មែរ។ អ្នកខ្លះគាត់អត់មានលុយគាត់ស៊ូគាត់ថាធ្វើការងារអីក៏បាន ឲ្យតែបានលុយ»។
លោក ជឹម ចេង ដែលចេញទៅធ្វើការនៅប្រទេសថៃតាំងពីបីឆ្នាំមុន និងក្រោយមកភរិយាលោកទៅតាមក្រោយពេលសម្រាលកូនរួចប្រមាណជិតមួយឆ្នាំ បាននិយាយថា ពួកគេមិនសម្រេចចិត្តទៅស្រុកកំណើតវិញនៅពេលនេះ ដោយសារពួកគេត្រូវបន្តសន្សំលុយ បង់សងការប្រាក់នៅធនាគារដែលពួកគេបានខ្ចីសម្រាប់ដាំដំណាំដំឡូងមី នៅក្នុងលក្ខណៈគ្រួសារ ដែលដំណាំមិនបានហុចផលល្អឲ្យគ្រួសារលោកទេ។
«គិតគូរជាមួយគ្រួសារ ក៏យកលុយអង្គការធ្វើប៉ាស្ព័រឡើងទៅរោងចក្រ CP ទៅបានកម្រៃគួរសម្យ។ ល្មមទប់ទល់ដោះស្រាយជីវភាពបានស្រួលជាងមុន»។
ទោះជាយ៉ាងណាលោក ជឹម ចេង ដែលលិខិតឆ្លងដែនលោកដែលជិតផុតសុពលភាពហើយ នៅរយៈពេលពីរខែទៀត តែត្រូវថៅកែរោងចក្រជួយសម្របសម្រួលបន្តសុពលភាពឲ្យលោក ដោយសាររោងចក្រត្រូវការកម្លាំងពលកម្ម ក្រោយការចាកចេញទៅនៃពលករជាច្រើន។
បុរសរូបនេះទន្ទឹងរង់ចាំរយៈពេលមួយឆ្នាំទៀត ទើបសម្រេចមកស្រុកកំណើតវិញ ជួបកូនប្រុសអាយុបីឆ្នាំ ដែលលោកស្គាល់មុខតែតាមការនិយាយទូរសព្ទ៕