ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​ដល់​២៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨


លោក ខោល យុទ្ធលី អនុប្រធាន​អង្គភាព​វិភាគ និង​អភិវឌ្ឍន៍​គោល​នយោបាយនៃ​ គ.ជ.អ.ប និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នា​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/​VOA)
លោក ខោល យុទ្ធលី អនុប្រធាន​អង្គភាព​វិភាគ និង​អភិវឌ្ឍន៍​គោល​នយោបាយនៃ​ គ.ជ.អ.ប និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នា​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/​VOA)

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​រដ្ឋាភិបាល​បាន​​ផ្សព្វផ្សាយ​​​​​ផែនការ​យុទ្ធសាស្រ្ត​​ក្នុង​​ការ​បង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ​ពី​១២%​ក្នុង​ពេល​បច្ចុប្បន្ន​ ទៅ​២៥%​ក្នុង​ឆ្នាំ​២០១៨។​ ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្រ្តី​​លើកឡើង​ថា​ ​យុទ្ធសាស្រ្ត​នេះ​នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ​ដោយ​សារ​រដ្ឋាភិបាល​​មិន​បាន​រៀបចំ​ចំនួន​ស្រ្តី​តាម​លំដាប់​ពី​​ថ្នាក់​ក្រោម​មក។

ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃការសម្រេច​ចិត្ត​ ​និង​លើក​កម្ពស់សុខុមាលភាព​ស្រ្តី​ ​ក្នុង​សង្គម​ ​រាជរដ្ឋា​ភិបាល​កម្ពុជា​ ​គ្រោង​នឹង​បង្កើន​ចំនួន​ស្រ្តី​ធ្វើការ​ក្នុង​តំណែង​ថ្នាក់​ក្រោម​ជាតិ ​ឲ្យ​ដល់​ពី​ ២០ ភាគរយ​ទៅ​ ២៥ភាគរយ ​ក្នុង​ឆ្នាំ​២០១៨​ ​ខណៈ​បច្ចុប្បន្ន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រងថ្នាក់​រាជធានី​ និង​ខេត្ត​ទូទាំង​ប្រទេស មាន​ត្រឹម​តែ​១២ ភាគរយ​តែ​ប៉ុណ្ណោះ។​ ​នេះ​បើតាម​ការ​ឲ្យដឹង​ពី​មន្ត្រី​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍។

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការ​បង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​ហៅ​កាត់​ថា​ ​គ.ជ.អ.ប​ ​លោក​ ​ង៉ាន់ ចំរើន​ ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​និង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​លេខាធិការ​ដ្ឋាន​ ​គ.ជ.អ.ប​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ស្រ្តី​គឺ​ជា ​ឆ្អឹង​ខ្នង​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ ​ប៉ុន្តែ​លោក​ថា​ ​ដោយ​សារ​ឧបសគ្គ​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្រ្តី​មាន​ចំនួនតិចក្នុង​មុខ​តំណែង​ជា អ្នក​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។​

លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​លេខាធិការដ្ឋាន​ គ.ជ.អ.ប​និយាយជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/​VOA)
លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​លេខាធិការដ្ឋាន​ គ.ជ.អ.ប​និយាយជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/​VOA)

លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​កំពុង​ជំរុញ​ ​និង​លើក​ទឹកចិត្ត​ឲ្យស្រ្តី​ដែល​ជា​ធនធាន​មនុស្ស​យ៉ាង​សំខាន់​ក្នុងការ​បំពេញ​ការងារ​គ្រប់ផ្នែក​ ​តាមរយៈ​ការ​ចេញ​ជា​យុទ្ធសាស្រ្តបង្កើន​ចំនួនស្រ្តី​ឲ្យ​ដល់​ពី​២០ ភាគរយ​ ទៅ២៥ ភាគរយក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​គម្រោង​នេះ​អាច​ទទួល​បាន​ប្រសិទ្ធភាព​ ​លុះត្រាមាន​ការ​ចូលរួម​ពី​ស្រ្តី​ខ្លួនឯង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។​

លោក​ ​ង៉ាន់ ចំរើន​ ​មាន​ប្រសាសន៍​ថា៖​

«គាត់​ត្រូវ​តែ​ខិត​ខំ​ប្រឹងប្រែង​ប្រកួត​ប្រជែង​ជាមួយ​បុរស​ ​ត្រូវ​គិត​ថា​ខ្លួន​អាច​ធ្វើ​បាន។​ ​សម្រាប់​រាជរដ្ឋាភិបាល​ ​ស្ថាប័ន​សាធារណៈ​ ​ក៏​ដូច​វិស័យ​ឯកជន​ ​ត្រូវ​ខិត​ខំរៀបចំ​យ៉ាងណា​ ​កំណត់​គោល​នយោបាយ​ពាក់ព័ន្ធ​ឲ្យ​មាន​ភាព​ច្បាស់​លាស់»។​

​បើ​តាម​ផែនការ​យុទ្ធសាស្រ្ត​ ​នៃ​ការ​បង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នោះ​បង្ហាញ​ថា​ ​យុទ្ធសាស្រ្ត​ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​មាន​ដូច​ជា​ ​ការ​កំណត់​គោលដៅ​បង្កើន​ចំនួន​ស្រ្តី​ ​ការ​កំណត់​ចំនួន​អប្បបរមា​បុគ្គលិក​ជា​ស្រ្តី​ ​និង​កំណត់​ចំនួន​អប្បបរមា​ស្រ្តី​ក្នុង​គណៈ​កម្មការ​ជ្រើស​រើស​បុគ្គលិក​ ​ការរៀបចំ​ ​និង​អនុវត្ត​ផែនការ​អ្នកបន្តវេន​ ​ការ​អភិវឌ្ឍ​សមត្ថភាព​ស្រ្តី​ ​និង​ការ​រៀបចំ​បណ្តាញ​ស្រ្តី​ ​ការ​បង្កើត​បរិយាកាស​មេត្រីភាព​នៅ​កន្លែង​ធ្វើការ​ ​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ជា​កាតព្វកិច្ច​ដល់​ថ្នាក់​ដឹកនាំ​ទាក់ទង​នឹង​យេនឌ័រ​ ​និង​ភាព​ជាអ្នកដឹកនាំ​ ​និង​ការ​បង្កើន​ការ​យល់​ដឹង​ទាក់​ទង​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​ជា​ដើម។​

លោក​ ​ខោល យុទ្ធលី​ ​អនុប្រធាន​អង្គភាព​វិភាគ​ ​និង​អភិវឌ្ឍន៍​គោល​នយោបាយ​នៃ​ ​គ.ជ.អ.ប​ ​និង​ជា​អ្នក​ធ្វើ​បទ​បង្ហាញពី​ខ្លឹមសារ​ផែនការ​យុទ្ធសាស្រ្ត​នេះ​ ​បាន​លើក​ឡើង​ថា​ ​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់​គ្រងរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​ចំនួន​តិច​ខ្លាំង​ គឺ​ដោយ​សារស្រ្តី​នៅ​តែ​ស្ថិត​ក្នុង​ការរើស​អើង​ជា​ប្រវត្តិសាស្រ្ត និង​ប្រពៃណី​ពាក់ព័ន្ធ​នឹង​តួនាទី​មើល​ថែ​គ្រួសារ។​

លោក​ ​ខោល យុទ្ធលី​ ​បញ្ជាក់​ថា៖​

«ភាព​ជា​អ្នកដឹកនាំ​មាន​ការ​លំបាក​ ​ពិសេស​ការ​ដឹកនាំ​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ស្រុក​អី​អញ្ចឹង ហើយ​និង​ពេល​ដឹកនាំ​កម្លាំង​ក្នុង​ពេល​យប់​ព្រលប់​អី​ ​មាន​ការ​លំបាក​ជាមួយ​គាត់​ដែរ។​ ហើយ​ខ្វះ​ការ​លើកទឹក​ចិត្ត​ពី​ស្វាមី​ក៏​លំបាក​ដែរ។ មិន​អាច​បំពេញ​ការងារ​ជាប់​លាប់​ ​ហើយ​ក្នុង​រយៈពេល​សម្រាល​កូន​អីហ្នឹងក៏មាន​ការ​លំបាក​ដែរ​ក្នុង​រយៈពេល​ប៉ុណ្ណឹង​ ហើយ​ធ្វើការ​វា​មិន​បាន​ជាប់​លាប់​ទេ»។​

លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​នឹង​ផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​នេះ​ ​ធ្វើ​យ៉ាងណា​អប់រំឲ្យ​មានការផ្លាស់​ប្តូរ​ផ្នត់គំនិត​ដែល​អវិជ្ជមានទាំង​នោះ​ ​ដើម្បីជំរុញ​ឲ្យ​ស្រ្តីចូល​រួម​ក្នុង​កិច្ចការ​ដឹកនាំ​ប្រទេស​កាន់​តែ​ច្រើន។​

បើ​តាម​លោក​ ​ខោល យុទ្ធលី​ ​ក្នុង​ការ​កំណត់​មុខតំណែង​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិនេះ​ គឺ​សំដៅ​លើមុខតំណែង​ចាប់ពីប្រធាន​ការិយាល័យ​ ​រហូត​ដល់​អភិបាល​រាជធានី​ខេត្ត​ ​ដោយ​មិន​រាប់​បញ្ចូលថ្នាក់​ឃុំ​សង្កាត់​នោះ​ទេ។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែនប្រកាស​ជំរុញ​មានការ​គាំទ្រ​ស្រ្តី​ចូល​រួម​គ្រប់​សកម្មភាព​ក្នុង​សង្គម​ ​និង​បាន​ប្រកាស​ចង់​ឲ្យ​មាន​ចៅ​ហ្វាយ​ខេត្ត​ជាស្រ្តី ​បន្ទាប់​ពី​ចៅហ្វាយ​ខេត្ត​រាជធានី​ទាំង​២៥ សុទ្ធ​តែ​ជា​បុរស។​

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/​VOA)
លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/​VOA)

ក្រោយ​ការ​ប្រកាស​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ទី​៨ ខែ​មិនា​ ​កន្លង​ទៅ​ ​គេ​សង្កេត​ឃើញ​ថា​ខែ​មិថុនា​នេះ​ រដ្ឋាភិបាល​បាន​តែងតាំង​លោក​ស្រី​ ​មិថុនា ភូថង​ ​ឲ្យ​ធ្វើជា​ចៅហ្វាយ​ខេត្ត​កោះកុង​ ​និង​ជា​ចៅ​ហ្វាយ​ខេត្ត​ស្រ្តីដំបូង​គេ​នៅ​កម្ពុជា។​ ​លោកស្រី​ ​មិថុនា ភូថង​ គឺ​ជា​ចៅស្រី​របស់​លោក​ ​សាយ ភូថង​ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច ​និង​ជាមនុស្ស​ដែលស្និទ្ធ​នឹង​លោក​ ​ហ៊ុន សែន​ ​ព្រមទាំងជា​កូន​ស្រី​របស់​លោក​ ​យុទ្ធ ភូថង​ ​ដែល​ជា​អតីត​ចៅហ្វាយ​ខេត្ត​កោះកុង។​

រូបឯកសារ៖ លោក​ស្រី​លោក​ស្រី​ រស់ ​សុភាព​ នាយិកាប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជា​អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារ​និយាយជាមួយ ផន បុប្ផា នៃ ​VOA​ កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ​នៅ​ការិយាល័យ​របស់​លោក​ស្រី​។​ (ផនបុប្ផា/ VOA)
រូបឯកសារ៖ លោក​ស្រី​លោក​ស្រី​ រស់ ​សុភាព​ នាយិកាប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជា​អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារ​និយាយជាមួយ ផន បុប្ផា នៃ ​VOA​ កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ​នៅ​ការិយាល័យ​របស់​លោក​ស្រី​។​ (ផនបុប្ផា/ VOA)

លោកស្រី​ ​រស់ សុភាព​ ​នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ​(GADC)​ ​ប្រាប់​ VOA​ ​ថា​ ​ស្រ្តី​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ជំរុញ​ឲ្យ​មានកា​រ​ដោះ​ស្រាយ​បញ្ហា​របស់​ស្រ្តី​ ​និង​កុមារនៅ​តាម​សហគមន៍​របស់​ពួក​គេ។​ ​ទោះ​ជា​យ៉ាង​ណាក្តី​ ​លោកស្រី​ថា​ ​ដោយ​សារ​រដ្ឋាភិបាល​មិន​មាន​យុទ្ធ​សាស្រ្ត​ជាក់លាក់​ក្នុង​ការជំរុញ​ឲ្យ​ស្រ្តី​ចូល​រួម​ក្នុង​ការ​ដឹកនាំ​នេះពីថ្នាក់​ក្រោម​ ​ដូច្នេះ​លោកស្រី​មិន​មាន​ជំនឿ​លើ​យុទ្ធ​សាស្រ្ត​បង្កើនចំនួន​ស្រ្តី​រហូត​ដល់​២០​ទៅ​២៥​ភាគរយថា​នឹង​ទទួល​បាន​ប្រសិទ្ធភាព​នោះ​ទេ។

លោកស្រី​ ​រស់ សុភាព​ ​មាន​ប្រសាសន៍​ថា៖​

«បើ​យើង​មើល​ថា​ ចំនួន​ស្រ្តី​ពី​ថ្នាក់​ក្រោម​មក​ ​យើង​អត់​ទាន់​បាន​រៀបចំ​ឲ្យ​មាន​ស្រ្តី​គ្រប់គ្រាន់​ ​អញ្ចឹង​ដល់​ពេល​ការ​តែងតាំង​ ​តែង​តែ​មាន​សំណួរ​ថា​អត់​មាន​ស្រ្តី។​ ​អញ្ចឹង​អវត្តមាន​ស្រ្តី​ដើម្បីត្រៀម​បម្រុង​តាំងពី​ក្រោម​ឡើង​ទៅ​ ​គឺ​វា​អត់​មាន​តាម​លំដាប់​លំដោយ​ដូច​បុរស​ដែល​មាន​ស្រាប់​យូរ​មក​ហើយ អញ្ចឹង​អា​ប្រព័ន្ធ​ហ្នឹង​វា​ចាក់​ឬស​ជ្រៅ​ ​ហើយ​វា​អាច​រឹងមាំ»។​

​បើ​តាម​ផែនការ​យុទ្ធសាស្រ្ត​ ​នៃ​ការ​បង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នោះ​បង្ហាញ​ថា​ ​គិត​ត្រឹម​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ ​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​ថ្នាក់​រាជធានី​នឹង​ខេត្ត​ទូទាំង​ប្រទេស​ ​មាន​តែ១២.១​ភាគរយ​ប៉ុណ្ណោះ។​ ​ចំណែក​ចំនួន​ស្រ្តី​ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​ថ្នាក់​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ មាន​តែ​ ​២១.៥​ភាគរយ​ប៉ុណ្ណោះ៕

XS
SM
MD
LG