ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ផ្ញើ​របាយការណ៍​ឆ្លើយ​តប​ចុង​ក្រោយ​ទៅ​ EU រឿង EBA


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​វាយ​តម្លៃ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ដែល​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែវិច្ឆិកា ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ការ​គោរព​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ‍» ឬ Everything But Arms (EBA)។

​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ដែល​វីអូអេ​ទទួល​បាន​ បង្ហាញ​ពី​ការ​រំលោភសិទ្ធិមនុស្ស​មួយ​ចំនួន​ ដែល​ក្នុង​នោះ​មាន​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​របស់​ពលរដ្ឋ​ ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​មេដឹកនាំ​សហជីព​ផង​ដែរ។

​ក្រសួង​ការបរទេស​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​របាយការណ៍​ឆ្លើយតប​នេះ​បង្ហាញ​ពី​សកម្មភាព​និង​វិធានការណ៍​នានា​ដែល​ជា​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅ​នឹង​កង្វល់​របស់​គណៈកម្មការ​អឺរ៉ុប​ទៅ​លើ​ការ​គោរព​សិទ្ធិពល​រដ្ឋ​ «ក្នុង​ការ​ចូលរួម​នយោបាយ​ សិទ្ធិ​ដីធ្លី​ ​សេរីភាព​បញ្ចេញមតិ​ ​និង​សេរីភាព​បង្កើត​សមាគម​ជាដើម»។

​សេចក្តី​ថ្លែងការណ៍​នោះ​បន្ត​ថា៖ «រាជ​រដ្ឋាភិបាល​សង្ឃឹម​ថា​ គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​ការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​រាល់​អនុ​សញ្ញា​អន្តរជាតិ​ទាំងអស់​ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA» ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម​ដល់​កម្មការិនី​ប្រមាណ​ជិត​មួយ​លាន​នាក់​ និង​ផល​ប៉ះពាល់​ដោយប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ ដែល​រស់​នៅ​ពឹងផ្អែក​លើ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ ​រួម​ទាំង​ការ​គោរព​នូវ​គោលការណ៍​អធិបតេយ្យ​ភាព​និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា»។

​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បន្ទាប់​ពី​តុលាការ​កំពូល​របស់​ប្រទេស​មួយ​នេះ​ ​សម្រេច​រំលាយ​បក្ស​ប្រឆាំង​ ​មាន​ការ​គាប​សង្កត់​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​គំរាម​ទៅ​ដល់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ទូទៅ។

​ប្រសិន​បើ​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​មែន​នោះ​ ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​ប្រាក់ចំណេញ​ជាង៦០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពី​ផលិតផល​វាយនភ័ណ្ឌ ​ដូចជា​សម្លៀក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​កសិកម្ម​និង​កង់​ជា​ដើម​ដែល​ប្រទេស​កម្ពុជា​អាច​នាំ​ផលិតផល​ទាំងនេះ​ទៅ​សហភាព​អឺរ៉ុប​ដោយ​ការ​អនុគ្រោះ​ពន្ធ ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ​ឬ​ EBA។​ លើស​ពី​នេះ​ទៅ​ទៀត​កម្មករ​កម្មការនី​បម្រើ​ការ​ក្នុង​វិស័យ​កាត់ដេរ​ច្រើន​ជាង​ប្រាំ​ពីរ​សែន​នាក់​ ​អាច​រង​នឹង​ការ​បាត់បង់​ការងារ​ធ្វើ​ ឬ​បាត់​ប្រាក់​ចំណូល។

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ សហភាព​អឺរ៉ុប​បាន​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ ដែល​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​ ក្នុង​អំឡុង​ពេល​ដែល​ក្រុមការងារ​របស់​សហភាព​អឺរ៉ុប​ត្រួតពិនិត្យ​ការ​គោរព​លក្ខខណ្ឌ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​នេះ។

​ប៉ុន្តែ​ ​សហភាព​អឺរ៉ុប​បាន​លើកឡើង​ពី​ចន្លោះប្រហោង​មួយ​ចំនួន​ដែល​កម្ពុជា​ត្រូវ​បន្ត​ធ្វើ​ដើម្បី​ឱ្យ​ប្រសើរ​ឡើង ជា​ពិសេស​សិទ្ធិ​ទទួល​បាន​ដីធ្លី​របស់​ជនជាតិ​ភាគ​តិច។

​គណៈកម្មការ​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេចចិត្ត​ថា ​តើ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»(EBA) ឬ​យ៉ាងណា​ ​និង​ប្រកាស​លទ្ធផល​នៅ​ខែកុម្ភៈ​ ​ឆ្នាំ២០២០​ ​ខាងមុខ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG