ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ជាង​៥​ម៉ឺន​នាក់​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ


លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ជាង​៥​ម៉ឺន​នាក់ ​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ប្រកាស​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ជាតិ​ ​និង​អន្តរជាតិចំនួន​ជាង​៥​ម៉ឺន​នាក់​សម្រាប់​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​ខាង​មុខ​ ​ដោយ​អ្នក​សង្កេត​ការណ៍​អន្តរជាតិមាន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ​ចិន​ ​និង​សិង្ហបុរី។​

ក្នុង​ការប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃពុធ​ ​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ខ្លួន​ ​គ.ជ.ប.​បាន​សម្រេច​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ទាំង​ជាតិ​ ​និង​អន្តរជាតិចំនួន​ជាង​៥​ម៉ឺន​នាក់​មកពីស្ថាប័ន​ចំនួន​៨២​ ​ដែល​ក្នុង​នោះ​មាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិមក​ពី​តំណាង​ស្ថានទូត​ប្រទេស​ចំនួន​បី​ក្នុង​តំបន់​អាស៊ី។

យោងតាម​សេចក្តីប្រកាស​ដែល​ចែក​ជូន​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៧​ ​ខែ​មិថុនា​ ​គ.ជ.ប.​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ​ខ្លួន​ក៏​កំពុង​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​របស់​អ្នក​សង្កេត​ការណ៍​ជាតិ​ ​និង​អន្តរជាតិនៃ​សមាគម​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ជាង​៨០០​នាក់​ផ្សេង​ទៀត​ផង​ដែរ។

គ.ជ.ប.​នឹង​បិទ​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​ជាតិ​នៅ​ថ្ងៃ​ទី១៨​ ​ខែ​កក្កដា​ ​និង​បិទការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​អន្តរជាតិនៅ​ថ្ងៃ​ទី២៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៨។​

អង្គការ​ធំៗ​ពីរ​ដែល​តែង​ធ្វើ​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជា​ច្រើន​អាណត្តិ​នៅ​កម្ពុជា​ ​គឺ​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នេះ​ ​ដោយ​អះអាង​ថា ​ដោយ​សារ​ខ្លួន​រង​សម្ពាធ​ពីរ​ដ្ឋាភិបាល​នា​ពេល​កន្លង​មក​ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ថា​ ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល។​ ​ក្រៅ​ពី​អង្គការ​ទាំង​ពីរ ​ក៏​មាន​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ក្នុង​គោល​បំណង​លើក​កម្ពស់​សុចរិតភាព​ ​និង​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ​ក៏​បាន​ប្រកាស​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ។​

លោក​ ​កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល ​បាន​ប្រាប់​ ​VOA​ ​ថា ​ការ​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ពី​បណ្តា​ប្រទេស​ដែល​មិន​មែន​ជា​ប្រទេស​កាន់​យក​លទ្ធិ​ប្រជា​ធិបតេយ្យនឹង​មិន​អាច​ធ្វើ​ឲ្យ​ការ​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​បាន​ល្អ​ប្រសើរ​នោះ​ទេ។​ លោក​បន្ថែម​ថា​ ​ការ​ដែល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​មាន​ការ​ចូល​រួម​ពី​ប្រទេស​មហា​អំណាច​ដែល​កាន់​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។​

លោក​បញ្ជាក់​ថា៖​

«សួរ​ថា​ ប្រទេស​មួយ​ដែល​លោក​អត់​បាន​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ហើយ​មក​វាយ​តម្លៃ​លើ​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​មួយ​ ​តើ​គាត់​អាច​វាយ​តម្លៃ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ? ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ មិន​អាច​សព្វ​ជ្រុងជ្រោយ​ទេ​ ​ព្រោះ​ការ​វាយ​តម្លៃ​ហ្នឹង​ត្រូវ​ការអ្នក​មាន​បទ​ពិសោធន៍​ ហើយ​ឆ្លង​កាត់​ទៀត​ ​ហើយ​ការ​វាយ​តម្លៃ​ ​មិន​មែន​វាយ​តម្លៃ​ត្រឹម​តែ​មួយ​ថ្ងៃ​អី​ទេ ​គឺ​ត្រូវ​មាន​ដំណាក់​កាល​នៃ​ការ​វាយ​តម្លៃ»។​

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គ.ជ.ប.​ឆ្លើយ​សំណួរ​របស់​ ​VOA​ ​ថា​ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិដែល​ទើប​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ចំនួន​១៧​នាក់​នោះ​មក​ពី​តំណាង​ស្ថានទូត​ប្រទេស​ចិន​ ​មីយ៉ាន់ម៉ា​ ​និង​សិង្ហបុរី​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា​ ​បើ​ទោះ​បីជា​អ្នក​សង្កេត​ការណ៍​ទាំង​នោះ​មិន​មែន​មក​ពីប្រទេស​ដែល​កាន់​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្តី​ ប៉ុន្តែ​លោក​ថា​ ​ការ​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​មិន​គួរ​ត្រូវ​បាន​បែង​ចែក​ប្រទេស​ប្រជា​ធិបតេយ្យ​ ឬ​ក៏​អត់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ក៏​មិន​គួរ​មាន​ការ​បែង​ចែក​ថា​ ​ប្រទេស​នេះ ​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​ដែរ​ ពី​ព្រោះ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​ ​សុទ្ធ​តែ​មាន​គោល​បំណង​ធ្វើ​កំណែ​ទម្រង់​ឆ្ពោះ​ទៅ​រក​ប្រជា​ធិបតេយ្យ​ហើយ។​ អីចឹង​សំណួរ​នេះ​ ខ្ញុំ​គិត​ថា​ ​សម្រាប់​ ​គ.ជ.ប.​ យើង​អត់​មាន​បែង​ចែក​ទេ​ថា​ ប្រទេស​ណា​ជា​ប្រជា​ធិបតេយ្យ​ មិន​ប្រជា​ធិបតេយ្យ»។​

រូបឯកសារ៖ លោក​ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប​ ថ្លែងបកស្រាយចម្ងល់​នានា​របស់​អ្នកកាសែត​ អំពីបរិយាកាស​នៃការបោះឆ្នោត​ និងការ​ប្រព្រឹត្ត​ទៅនៃការបោះឆ្នោត​ ក្នុងសន្និសីទព័ត៌មាន​ធ្វើឡើង​កាលពីថ្ងៃ​ទី​១៧ ខែឧសភា​ ឆ្នាំ​២០១៨​ នៅគ.ជ.ប​ ក្រុង​ភ្នំពេញ។​ (ហ៊ុល រស្មី​/​VOA)
រូបឯកសារ៖ លោក​ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប​ ថ្លែងបកស្រាយចម្ងល់​នានា​របស់​អ្នកកាសែត​ អំពីបរិយាកាស​នៃការបោះឆ្នោត​ និងការ​ប្រព្រឹត្ត​ទៅនៃការបោះឆ្នោត​ ក្នុងសន្និសីទព័ត៌មាន​ធ្វើឡើង​កាលពីថ្ងៃ​ទី​១៧ ខែឧសភា​ ឆ្នាំ​២០១៨​ នៅគ.ជ.ប​ ក្រុង​ភ្នំពេញ។​ (ហ៊ុល រស្មី​/​VOA)

លោក​ ​ហង្ស ពុទ្ធា​ ​បន្ថែម​ថា​ ​ក្រៅពី​អ្នក​សង្កេត​ការណ៍​ជាតិ ​និង​អន្តរជាតិដែល​ត្រូវ​បាន​គ.ជ.ប.​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ទាំង​ជាង​៥​ម៉ឺន​នាក់​ ​ក៏​នៅ​មាន​សមាជិក​ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តីពី​ទំនាក់ទំនង​បរទេស ​(European Council on International Relations)​ចំនួន​៥​នាក់​ព្រម​ទាំង​តំណាង​ស្ថានទូត​ប្រទេស​វៀត​ណាម ​និង​ប្រទេស​ឥណ្ឌា​មួយ​ចំនួន​ទៀត​ ​បាន​ចុះ​ឈ្មោះ​ស្នើ​សុំ​សង្កេត​ការណ៍ ​ប៉ុន្តែ​លោក​ថា ​ គ.ជ.ប.​កំពុង​ពិនិត្យ​ដើម្បីសម្រេច។​

លោក​ ​George Edgar​ ​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ប្រា​ប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិច ​ឬ​អ៊ីមែល​ថា ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ ជា​ស្ថាប័ន​ឯករាជ្យ​ មិន​ពាក់​ព័ន្ធនឹង​សហភាព​អឺរ៉ុប​ឡើយ។​

លោក​បញ្ជាក់​យ៉ាង​ខ្លី​ក្នុង​ន័យ​ដើម​ថា៖​

«ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ​មិន​មែន​ជា​ស្ថាប័ន​ផ្លូវ​ការ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ»។​

VOA​ ​បាន​ព្យាយាម​ទាក់​ទង​ទៅ​តំណាង​ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទី​៦​ នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨​ ដោយ​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភ​ថា ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្សប្រឆាំង​នេះ​នឹង​ក្លាយ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​យុត្តិធម៌ ​និង​មិន​អាច​ទទួល​យក​បាន។​

សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​ចាត់​ថា ​ជា​ដំណើរ​ការ​មួយ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មិន​មាន​ភាព​ស្រប​ច្បាប់។​ ក្រៅ​ពីការ​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ និង​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ផង​ដែរ។​

ចំណែក​អ្នក​ស្រី រ៉ូណា ស្មីត ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ ​បង្ហាញ​ការ​បារម្ភ​ថា​ អនាគត​ប្រជា​ធិបតេយ្យ ​សេរីពហុ​បក្ស​នៅ​កម្ពុជានឹង​ជួប​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ខកខាន​មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​នេះ។​

យ៉ាង​ណា​ក៏​ដោយ ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ ​ខណៈ​គ.ជ.ប.​ ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្សប្រឆាំង​ បាន​អះអាង​ថា ​ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា​ដែល​មាន​ចែង​ជាធរមាន។​

ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​តែង​ប្រកាស​ថា ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​គ្មាន​ការ​ចូល​រួម​ពី​គណ​បក្សប្រឆាំង ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍ និង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

XS
SM
MD
LG