ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​ថា ​វិធាន​ការ​បិទ​ខ្ទប់​ក្រុង​មិន​ប៉ះ​ពាល់​ស្បៀង​អាហារ​នោះ​ទេ


អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ពុធ បាន​ប្រកាស​បិទ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅនៃខេត្តកណ្តាល ​រយៈពេល ​២ ​សប្តាហ៍​ ជា​ផ្លូវ​ការ​ប៉ុន្មាន​ម៉ោង​នៃ​ការ​ផ្សព្វផ្សាយសំឡេងរបស់លោក​ដែល​បញ្ជា​ឲ្យ​បិទ​ទី​តាំង​ភូមិ​សាស្ត្រ​ទាំង​ពីរ។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា​ ការ​បិទ​ខ្ទប់​នេះ​ជា​វិធាន​ការ​ចាំបាច់ ដើម្បី​ទប់​ស្កាត់ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​វា​មិន​មែនបិទ​ទាំង​ស្រុង ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​អាច​ទិញ​ស្បៀង​អាហារ​នោះ​ទេ។

សារ​សំឡេងជាង​ ១ ​នាទី​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដោយ​ក្នុង​សារ​នោះ ​លោក ហ៊ុន សែន ​ថា ​ស្ថាន​ការណ៍​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ទីក្រុង​ភ្នំពេញ «ទ្រាំទ្រ​លែង​បាន» ដែល​តម្រូវ​ឲ្យ​មាន​ភាព​ចាំ​បាច់​បិទ​រាជ​ធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ។

ភ្លាមៗ​នោះ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ផ្តើម​ឆោ​ឡោ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ទៅ​ទិញ​ទំនិញ​ស្តុក​ទុក​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

នៅ​យប់​ថ្ងៃ​ពុធ​ដដែល​ លោក ​ហ៊ុន សែន បាន​ចេញ​សារ​សំឡេង​មួយ​ផ្សេង​ទៀត​ទាំង​ពាក់​កណ្តាល​អធ្រាត្រ ដោយ​ប្រកាស​ឲ្យ​បិទ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ​របស់​ខេត្ត​កណ្តាល​ជា​ផ្លូវការ​ និង​ព្រមាន​ពី​វិធាន​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​ ដែល​លោក​ថា ​បញ្ចេញ​សារ​សំឡេង​ផ្ទៃ​ក្នុង​របស់​លោក។

ក្នុង​សារ​ពិសេស​ដែល​មាន​រយៈ​ពេល​ប្រមាណ ​២៧​ នាទី លោក​ ហ៊ុន សែន​ ពន្យល់​ពី​ការ​បិទ​ទីតាំង​ភូមិ​សាស្ត្រ​ភ្នំពេញ​និង​តាខ្មៅ​យ៉ាង​ដូច្នេះ៖

«ថ្ងៃ​នេះ​មាន​ការ​ជ្រួល​ច្របល់​បន្តិច​មុន​ពេល​ដែល​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​បាន​ចេញ​អំពី​ការ​បិទ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​តា​ខ្មៅ។ គោល​បំណង​នៃ​ការ​បិទ ​គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​នឹង​ការ​ឆ្លង​រីក​ដាល​នៃ​កូវីដ​១៩។ ហើយ​ការ​បិទ​នេះ​ទៀត​សោត​ក៏​មិនមែនជា​ដំណើរ​ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ជន​ស្លាប់​ឬ​រង​ទុក្ខ​លំបាក​នោះ​ដែរ»។

លោក ហ៊ុន​ សែន ​បន្ថែម​ថា ​ប្រទេស​កំពុង​ស្ថិត​ស្ថានភាព​អាសន្ន​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​ ដែល​តោង​ឲ្យ​មាន​វិធាន​ការ​រាំង​ខ្ទប់​ជា​បន្ទាន់​និង​ហ្មត់​ចត់ ​ស្រប​ពេល​មន្ទីរ​ពេទ្យពោរ​ពេញ​ដោយ​អ្នក​ជំងឺ​កូវីដ​១៩​ និង​អ្នក​ស្លាប់​បន្ត​កើន​ឡើង។ ក៏​ប៉ុន្តែលោក​ថា ​ស្ថាន​ភាព​រាំង​ខ្ទប់​នេះ​ក៏​អាច​ជា​ឱកាស​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ផង​ដែរ។

លោក​បន្ថែម​ថា៖ «យើង​យក​ពេល​វេលា​នេះ​ជា​ពេល​វេលា​ដែល​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​មរណៈ​ ឲ្យ​ក្លាយ​ទៅ​ជា​កាលានុវត្ត​ភាព​ថ្មី​មួយ ឲ្យ​ក្លាយ​ទៅ​ជា​ឱកាស​ក្រោយ​ពេល​ចូល​ឆ្នាំ​រយៈ​ពេល​ ១៤ ​ថ្ងៃ​យើង​កាត់​បន្ថយ​ការ​ចម្លង។​ សូម​បញ្ជាក់​ថា ​ត្រឹម​ម៉ោង​នេះ ​យើង​មាន​អ្នក​ឆ្លង​ជាង​ ៣០០​ នាក់​ថែម​ទៀត​រហូត​ដល់​យើង​ខ្វះ​ទី​កន្លែង​សម្រាប់​ដាក់»។​

អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ទិដ្ឋភាពនៃការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បន្ទាប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបិទខ្ទប់រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែខ្លាំង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
ទិដ្ឋភាពនៃការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បន្ទាប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបិទខ្ទប់រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែខ្លាំង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)


មុនការចេញសារសំឡងរបស់លោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចមួយជាផ្លូវការបញ្ជាក់ពីការបិទទីក្រុងភ្នំពេញ ដោយមានលក្ខខណ្ឌសម្រួលខ្លះដល់អ្នកមានភារកិច្ចត្រូវទៅបំពេញការងារទៅពិនិត្យសុខភាព និងទិញអាហារហូបចុកប្រចាំថ្ងៃ តែចេញទៅទិញម្ហូបអាហារនោះគឺមិនឲ្យលើស ២ នាក់ ក្នុងមួយលំនៅដ្ឋាន និងមិនឲ្យលើសពី ៣ ថ្ងៃក្នុងមួយសប្តាហ៍។

លោក ហ៊ុន សែន​ បាន​បញ្ជាក់​ថា​ ការ​បិ​ទ​ខ្ទប់​នេះ​មិន​បណ្តាល​ឲ្យ​ពលរដ្ឋ​ប្រឈម​មុខ​នឹង​ផលវិបាក​ខ្លាំង​នោះ​ទេ ដោយ​លើក​ហេតុ​ផល​ថា​ ការ​លក់​ដូរ​នៅ​តាម​តំបន់​ភូមិ​សាស្ត្រ​នានា​អាច​នៅ​ដំណើរ​ការ​បាន​តាម​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​មូលដ្ឋាន។​ លោក​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់​ស្ងាត់ ​និង​សហការ​ជា​មួយ​រដ្ឋាភិបាល។

«ខ្ញុំ​សុំ​បញ្ជាក់​ថា​ បង​ប្អូន​នឹង​មិន​ដាច់​បាយ​មិន​ខ្វះ​អង្ករ​ មិន​ខ្វះ​អំបិល​មិន​ខ្វះ​ស្បៀង​អាហារ​សម្រាប់​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ ​បន្លែ​បង្កា​ដែល​ធ្លាប់​ផ្គត់​ផ្គង់​ចូល​ពី​ខេត្ត​កណ្តាល​ទៅ​ទីក្រុង​ភ្នំពេញ​ អាច​នឹង​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទៅ​ចែក​ចាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ផ្តល់​ឲ្យ​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ទីក្រុង​ភ្នំពេញ​ដដែល»។

ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ​វិធាន​ការ​បិទ​ខ្ទប់​នេះ អាជ្ញា​ធរ​និង​កម្លាំង​សមត្ថកិច្ច​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ តែ​ទន់​ភ្លន់​និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ផ្តើម​រាំង​ខ្ទប់​ការ​ធ្វើ​ដំណើរ​នៅតាម​តំបន់​មួយ​ចំនួន ទាំង​នៅ​ក្រៅ​ក្រុង​និង​ក្នុង​ក្រុង​តាម​វិថី​ធំៗ​។ របាយ​ការណ៍​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ថា​ គោល​ដៅ ​៣១ ​កន្លែង ត្រូវ​បាន​ដាក់​កម្លាំង​យាម​កាម​។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទស​កម្ពុជា​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ ក្នុង​ពេល​បិទ​ទីក្រុង​ភ្នំពេញ​យ៉ាង​តក់​ក្រហល់​នេះ។

លោក​ ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក ​យល់​ថា ​រដ្ឋាភិបាល​មាន​ភារកិច្ច​ការ​ពារ​សុវត្ថិភាព​ពលរដ្ឋ​ក្នុង​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​រាតត្បាត​នេះ។​

«ក៏​ប៉ុន្តែ​ការ​ប្រកាស​បិទ​បែប​បន្ទាន់ បែប​ហ្នឹង​គួរ​តែ​មាន​ការ​ត្រៀម​លក្ខណៈ​អ្វី​ខ្លះ​ ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​គាត់​អាច​នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​ខ្វះ​ខាត​ទៅ​លើ​ការ​រស់​នៅ​របស់​គាត់​មួយ​ចំនួន ​ជា​ពិសេស​ស្បៀង​អាហារ។ ​គាត់បាន​រៀប​ចំ​បម្រុង​ទុក​អី​ស្រួល​បួល​ហើយ​ឬ​នៅ។ ហើយ​បើ​សិន​ជា​ការ​ប្រកាស​ហ្នឹង​ភ្លាមៗ​ គាត់​អត់​បាន​ត្រៀម​រៀប​ចំ​ស្រួល​បួល ​វាអាច​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ជីវភាព​របស់​ពួក​គាត់​ នៅ​ពេល​ដែល​បិទ​ស្ថាន​ភាព​គាត់​មិន​អាច​ចេញ​ទៅ​ណា​ទៅ​ណី​បាន»។

លោក វន់​ ពៅ ប្រធាន​សមាគម​ឯករាជ្យនៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា ​IDEA ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​គួរ​មើល​ឲ្យ​បាន​ដិត​ដល់​អ្នក​ដែល​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ និង​អ្នក​ដែល​រត់​ម៉ូតូ​កង់​បី​ជាដើម ដែល​លោក​យល់​ថា ​អាច​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់​យឺន​ខ្លាំង ​បើ​អាជ្ញាធរ​ឆ្លើយ​តប​មិន​ទាន់​ពេល​វេលា សម្រាប់​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ​ និង​សម្រួល​ការ​ចំណាយ​ប្រចាំ​ខែ​ផ្សេងៗ​ទៀត​ ដូច​ជា​បំណុល​ធនាគារ​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖ «រដ្ឋ​គួរ​តែ​ទី​មួយ​ឧបត្ថម្ភ​ទៅ​ដល់​អ្នក​ធ្វើ​ការ ​[ក្នុង​សេដ្ឋកិច្ច​ក្រៅ]​ ប្រព័ន្ធ​ជា​ពិសេស​អ្នកលក់​ដូរ​តូច​តាច​ទាំង​អស់​ហ្នឹង​ ជា​គ្រឿង​ឧបភោគ​បរិភោគអាហារ​ហូប​ចុក​ប្រចាំថ្ងៃ​ទីមួយ។​ ទីពីរ ​គឺ​ត្រូវ​គិត​ឲ្យ​បាន​ដូច​ដែល​អ្នក​ដែល​គេ​ធ្វើ​ចត្តាឡីស័ក​ផង​ទៅ ​ព្រោះ​ពួក​គាត់​ហ្នឹង​វា​រងគ្រោះ​ដូច​គ្នា​ គឺ​អី​ចឹង​ត្រូវ​អន្តរាគមន៍​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ​រដ្ឋ​គួរ​តែ ​free [កុំ​យក​ថ្លៃ] ជូន​ ២​ ឬ​ ៣​ ខែ​ សម្រាប់​ពួក​អ្នក​ធ្វើ​ការ​ទាំង​អស់​នោះ​ផង។ ហើយ​អន្តរាគមន៍​ទៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ឲ្យ​ព្យួរ​ទាំង​ការ​ព្យួរ​ទាំង​ដើម​តែ​ម្តង​ទៅ ​ដើម្បី​ងាយ​ស្រួល​ឲ្យ​គាត់​អាច​រស់​ហ្នឹងគេ​បាន​ផង»។​

អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

បុរសម្នាក់កំពុងលើកខ្សែរដែលចងបិទផ្លូវហាមដើម្បីឆ្លងកាត់ទៅផ្លូវម្ខាងដែលកាត់ផ្លូវមុនីវង្ស និងកម្ពុជាក្រោម ក្នុងអំឡុងពេលការបិទខ្ទប់នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
បុរសម្នាក់កំពុងលើកខ្សែរដែលចងបិទផ្លូវហាមដើម្បីឆ្លងកាត់ទៅផ្លូវម្ខាងដែលកាត់ផ្លូវមុនីវង្ស និងកម្ពុជាក្រោម ក្នុងអំឡុងពេលការបិទខ្ទប់នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)


លោក​បន្ថែម​ថា៖ «ឥឡូវ​នេះ​ពួក​ក្រៅ​ប្រព័ន្ធ​ទទួល​បាន​តែ​អ្នក​ណា ​ដែល​ធ្វើ​ជា​ចត្តា​ឡីស័ក​ឬ​កន្លែង​ដែល ​lock​down ទេ​អ្នក​ដែល​មិ​ន​ lockdown អ្នក​មិន​ធ្វើ​ចត្តាឡីស័ក​មិន​ទាន់​បាន​ការ​ឧបត្ថម្ភ​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ លើក​លែង​តែ​អ្នក​មួយ​ចំនួន​ដែល​ជា​សមាជិក​សមាគម​ទំនោរ​ទៅ​រក​បក្ស​កាន់​អំណាច ​អាហ្នឹង​គេ​បាន​អង្ករ​បាន​អី​ពី​សាលា​ក្រុង​ភ្នំពេញ​អីចឹង​ទៅ។ ក្រៅ​ពីហ្នឹង​គឺ​អត់​មាន​នរណា​បាន​អីទេ​បាន​ដែរ​ បាន​តិច​តួច​ពី​សមាជិក ​IDEA​ បាន​ប្រហែល​ជិត​រាប់​ត្រួសៗ​ បាន​ជិត​បួន​ដប់​នាក់​តែ​ប៉ុណ្ណឹង​ឯង»។

ការ​សម្រេច​បិទ​ទីក្រុង​ភ្នំពេញ​ទាំង​ស្រុង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ឡើង ​នៅ​ចំ​ពេល​ដែល​ករណី​ឆ្លង​ក្នុង​ទីក្រុង​បន្ត​កើន​ឡើង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​មាន​អ្នក​ឆ្លង​ថ្មី​ជាង​ ៣០០​ នាក់​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ មាន៤.៦៧៦​នាក់។

អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភព​លោក​ក៏​ព្រមាន​ពី​មហន្តរាយ​ដែល​ខិត​ជិត​មក​ដល់​ បើ​សិន​សាធារណជនមិន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សុខ​សុវត្ថិភាព​គ្រួសារ​ ឬ​ក៏​សហគមន៍​ពួកគេ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ឬ​នៅ​ពេល​ខាង​មុខ​ទៀត៕

XS
SM
MD
LG