ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រដ្ឋាភិបាល៖ ក្រុម​អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ​​បង្អាក់​បេសកកម្ម​​ប្រឆាំង​កូវីដ​១៩​នៅ​កម្ពុជា


រូបឯកសារ៖ ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីជំងឺ​កូវីដ១៩ កំពុងត្រៀមបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ស្ថាន​បេស​កកម្ម​អចិន្រ្តៃយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​បាន​ចាត់​ទុក​ការ​ព្រួយ​បារម្ភ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ គឺ​ជា​ការ​«បង្អាក់​បេសកកម្ម»​ក្នុង​ការ​ជួយ​សង្រ្គោះ​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា​ពី​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ជា​ការ​ឆ្លើយ​តបនឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ជំនាញសិទ្ធិ​មនុស្ស​៤នាក់​របស់​អង្គការ​សហ​ប្រជាជាតិ(អ.ស.ប.) ខណៈ​កម្ពុជា​កំពុង​ប្រើ​ប្រាស់​វិធាន​ការ​តឹងរ៉ឹង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ឆ្លង​ក្នុង​ប្រទេស​យ៉ាងធ្ងន់​ធ្ងរ។

កាល​ពី​ថ្ងៃ​ច័ន្ទ ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​អ.ស.ប. បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​បង្ហាញកង្វល់​យ៉ាង​ខ្លាំង​អំពី​វិធាន​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ដ៏​តឹងរ៉ឹង ពី​ព្រោះ​វាបាន​ប៉ះពាល់​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​រួមទាំង​«សេរី​ភាព​ដើរ​ហើរ» «សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី» ​និង​«សិទ្ធិ​ការងារ»។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប ទាំង​នោះ គឺ​មាន​លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​អ្នក​ជំនាញ​៣​នាក់​ទៀត ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី​និង​សិទ្ធិ​សមាគម អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​ឯកជន និង​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជន​គ្រប់​រូប​ក្នុង​ការ​ទទួល​បាន​កម្រិត​ជីវភាព​រស់​នៅ​ខ្ពស់​បំផុត​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ត។

ពួកគេ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ការរឹត​ត្បិត​លើ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន​ដោយ​ផ្អែក​លើ​សុខ​ភាព​សាធារណៈ​មិន​ត្រូវ​រំលោភ​សិទ្ធិ​សេរីភាព​ដែល​បាន​ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឡើយ»។

ពួកគេ​បន្ថែម​ថា៖ «​យើង​មាន​កង្វល់​ថា​វិធាន​ការរដ្ឋបាល​និង​វិធាន​ការ​ព្រហ្មទណ្ឌ​រួម​ទាំង​ការ​ដាក់​ពន្ធនាគារ​រយៈ​ពេលវែង​ហួស​ហេតុ​និង​ការ​ពិន័យ​ជា​ប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​ ទំនង​ជា​មិន​មាន​សមា​មាត្រ​និង​មិន​ចាំបាច់​ឡើយ។ វិធាន​ការ​ដែល​បាន​ចាត់​ឡើង​សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​ រួម​ទាំង​ទោស​ទណ្ឌ​ដែល​អាច​មាន ​គួរ​តែ​ធ្វើ​ក្នុង​ករណី​ចាំ​បាច់ ហើយ​មិន​ត្រូវ​ប្រើ​ប្រាស់​ហួស​ហេតុ​ឡើយ»។

ជា​ការ​ឆ្លើយ​តប តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​ ដោយ​ការពារ​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​កម្ពុជា​ទៅ​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​«គោរព​តាម​គោល​ការណ៍​នីត្យានុកូល​ភាព ភាព​ចាំបាច់​និង​សមាមាត្រ»។

តំណាង​រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​«ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង»​ចំពោះការ​ព្រួយ​បារម្ភ​របស់​អ្នក​រាយការណ៍​ពិសេស ដោយ​ថាអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ទាំង​នោះ​«បាន​មើល​រំលង​នូវ​ទិដ្ឋភាព​ជា​រួម​ទាំង​មូល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​កម្ពុជា​ទៅ​នឹង​មេរោគ​កូវីដ​១៩»។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា​៖« អ្នក​ជំនាញ​ខាង​លើ​ដែល​មិន​មែន​ជា​បុគ្គលិក​របស់​អង្គការ​សហ​ប្រជា​ជាតិ ប៉ុន្តែ​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់​ខ្លួន​ តែង​តែ​មាន​អារម្មណ៍​ថា អ្វីៗ​គួរ​ធ្វើ​ទៅ​តាម​របៀប​ផ្សេង​ ដោយ​ផ្អែក​លើ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់»។

តំណាង​រដ្ឋាភិបាល​បញ្ជាក់​ថា៖ «អ្នក​រាយ​ការណ៍​ពិសេស​ត្រូវ​ទទួល​ស្គាល់​នូវ​អាទិភាព​និង​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ទំនួល​ខុស​ត្រូវ តាម​រយៈ​ការ​ជួយ​បំពេញ​បន្ថែម​នៅ​កន្លែង​ផ្ទាល់ ជាជាង​ការ​បង្អាក់​ដល់​បេសកកម្ម​សង្គ្រោះ​ជីវិត​និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​សហគមន៍»។

តំណាង​រដ្ឋាភិបាល ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា​រដ្ឋាភិបាល​តែង​តែ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ ចំពោះ​រាល់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ ដោយ​ផ្អែក​លើ​ការ​វាយ​តម្លៃ​អំពី​ហានិភ័យ​ ជាមួយ​វិធាន​និង​លក្ខណៈ​វិនិច្ឆ័យ​ច្បាស់​លាស់។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «ការ​សម្តែង​ក្តី​ព្រួយ​បារម្ភ​ទៅ​លើ​ច្បាប់​ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ គឺ​ជា​បុរេ​វិនិច្ឆ័យ និង​ជា​ការ​បំផ្លើស​។ ច្បាប់​នេះពុំ​មាន​គោល​បំណង​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ពលរដ្ឋ​គ្រប់​រូប ក្នុង​កិច្ច​ប្រឹង​ប្រែង ដើម្បី​ធានា​សុខភាព​សាធារណៈនិង​ជីវិត​ដ៏​មាន​តម្លៃ​របស់​បុគ្គល​គ្រប់​រូប»។

លោក ស៊ឹង​ សែនករុណា អ្នកនាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជា​ធម្មតា​មើល​ឃើញ​ពី​ការ​ខ្វះ​ខាត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​បញ្ហា​ជំងឺ​កូវីដ​១៩ ទៅ​តាម​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។

លោក​បញ្ជាក់​ថា៖ «ការ​លើក​ឡើង​ទាំង​អស់ ការ​រិះគន់​ពាក់ព័ន្ធ​បញ្ហាសិទ្ធិ​មនុស្ស​ទាំង​អស់​នេះ ក៏​ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ការ​គិត​គូ​ទៅ​លើ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួន​ដែរ»។

លោក​បន្ត​ថា​ការ​រិះគន់​នៅ​ពេល​កម្ពុជា​កំពុង​ប្រឈម​ជំងឺ​កូវីដ​១៩ គឺ​ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​ត្រឹម​ត្រូវ។

លោក​បន្ថែម​ថា៖ «ពីព្រោះ​គេ​ខ្លាច​មាន​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ហ្នឹង វា​កាន់​តែ​ប្រាសចាកពី​ការគោរព​សិទ្ធិ​មនុស្ស​ ពី​ព្រោះ​ស្ថាន​ភាព​បែប​ហ្នឹង​ហើយ​ដែល​UN​ហ្នឹង គេ​រឹត​តែ​ពិនិត្យ​ទៅ​ទៀត ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហាទាំង​អស់​ហ្នឹង វា​មិន​សម​ស្រប​ទៅ​លើ​ការ​គោរព​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ឯង»។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប. មិន​ស្តី​បន្ទោស​ទាំង​ស្រុង​លើ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ​ ពោល​គឺ​ពួកគេ​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាលក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩។​

យ៉ាងណាក្តី​ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​ក៏​បាន​បង្ហាញ​ការ​ខកចិត្ត​អំពី​ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ​១៩ ដែល​ក្នុង​នោះ​រួម​មាន​ឈ្មោះ ភេទ ​អាយុ ​មុខរបរ​ កន្លែង​ធ្វើ​ការ និង​អាសយដ្ឋាន​ផង​ដែរ ដោយ​ថា​ការ​លាត​ត្រដាង​ទិន្នន័យ​ទាំង​នោះ គឺ​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​ដែល​អាច​នាំ​ឲ្យ​មាន​ការ​រើស​អើង​និង​ការ​មាក់ងាយ។

ប៉ុន្តែ​រដ្ឋាភិបាល​លើក​ឡើង​ថា​ការ​បង្ហាញ​អត្ត​សញ្ញាណ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​តាម​រុក​រក ការ​ធ្វើ​តេស្ត​និង​ធ្វើ​ចត្តាទ្បីស័ក ឲ្យ​បាន​លឿន​និង​ទាន់​ពេល​វេលា ចំពោះ​បុគ្គល​ពាក់ព័ន្ធ៕

XS
SM
MD
LG