ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ខ្វែង​គំនិត​គ្នា​លើ​វិធាន​ការ​​ប្រឆាំង​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីជំងឺ​កូវីដ១៩ កំពុងត្រៀមបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីជំងឺ​កូវីដ១៩ កំពុងត្រៀមបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​ជំនាញ​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ(អ.ស.ប.)​បង្ហាញ​ការ​ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​បន្ថែម​នៃ​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​វាយ​ប្រហារ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​មក។

កាល​ពី​ថ្ងៃ​ច័ន្ទ ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​អ.ស.ប. បាន​ផ្តល់​សញ្ញា​នៃ​កង្វល់​យ៉ាង​ខ្លាំង​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ដ៏​តឹងរ៉ឹង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ពី​ព្រោះ​វាបាន​ប៉ះពាល់​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​រួមទាំង​ «សេរី​ភាព​ដើរ​ហើរ» «សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី» ​និង​«សិទ្ធិ​ការងារ»។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប.ទាំង​នោះ គឺ​មាន​លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​អ្នក​ជំនាញ​៣​នាក់​ទៀត ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី​និង​សិទ្ធិ​សមាគម អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​ឯកជន និង​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជន​គ្រប់​រូប​ក្នុង​ការ​ទទួល​បាន​កម្រិត​ជីវភាព​រស់​នៅ​ខ្ពស់​បំផុត​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ត។

ពួកគេ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ការរឹត​ត្បិត​លើ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន​ដោយ​ផ្អែក​លើ​សុខ​ភាព​សាធារណៈ​មិន​ត្រូវ​រំលោភ​សិទ្ធិ​សេរីភាព​ដែល​បាន​ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឡើយ»។

ពួកគេ​បន្ថែម​ថា៖ «​យើង​មាន​កង្វល់​ថា​វិធាន​ការរដ្ឋបាល​និង​វិធាន​ការ​ព្រហ្មទណ្ឌ​រួម​ទាំង​ការ​ដាក់​ពន្ធនាគារ​រយៈ​ពេលវែង​ហួស​ហេតុនិង​ការ​ពិន័យ​ជា​ប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​ ទំនង​ជា​មិន​មាន​សមាមាត្រ​និង​មិន​ចាំបាច់​ឡើយ។ វិធាន​ការ​ដែល​បាន​ចាត់​ឡើង​សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​ រួម​ទាំង​ទោស​ទណ្ឌ​ដែល​អាច​មាន ​គួរ​តែ​ធ្វើក្នុង​ករណីចាំ​បាច់ ហើយ​មិន​ត្រូវ​ប្រើ​ប្រាស់​ហួស​ហេតុ​ឡើយ»។

រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន បាន​លើក​ឡើងថា​វិធាន​ការ​របស់​រដ្ឋាភិបាល​គឺ​នៅ​ស្រាលនៅ​ឡើយ​ ​បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ។​

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​រឿងការ​ដាក់ទោស​ទណ្ឌ​ជារឿង​ធម្មតាទេ​ ច្បាប់​ត្រូវតែ​កំណត់​ពី​ទោស​ទណ្ឌ​ហើយ​ ដើម្បី​អាចមាន​អំណាច​ក្នុង​ការ​ចាប់​បង្ខំ​ ក៏​ប៉ុន្តែ​ការ​សម្រេច​ហ្នឹងគឺ​ទៅ​លើ​តុលាការ​ជា​អ្នក​សម្រេច ដោយ​ផ្អែក​ទៅ​លើ​អង្គហេតុ ​ហើយ​ផ្អែក​ទៅ​លើ​ស្ថាន​ទម្ងន់​នៃ​បទ​ល្មើស ​និង​ផល​បច្ច័យ​ដែល​ប៉ះ​ពាល់​កើត​ចេញ​ពី​បទ​ល្មើស​នោះ»។

មន្ត្រីជាន់ខ្ពស់​ក្រសួង​យុត្តធម៌រូប​នេះណែនាំ​ឲ្យ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អ.ស.ប. មើល​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ផង​ មុន​នឹង​មក​វាយ​តម្លៃ​ពី​ស្ថាន​ភាព​របស់​កម្ពុជា។

លោក​បន្ថែម​ថា៖ «មុន​គាត់​រិះគន់​កម្ពុជា​ គាត់​ក្រឡេក​មើល​ទៅ​លើ​បណ្តា​ប្រទេស​ទៅ​លើ​ពិភព​លោក​ផង​ថា​តើ​ គេ​បាន​ធ្វើ​អី​ខ្លះ​គេ​បាន​ដាក់​ចេញ​វិធាន​ការ​អ្វី​ខ្លះ​ ហើយ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​កូវីដ​ហ្នឹង​មាន​កម្រិត​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ដែរ​ មុន​នឹង​ធ្វើ​ការ​រិះគន់​ពី​កម្ពុជា​ជា​ករណី​ដោយ​ឡែក»។

កាល​ពី​ចុង​ខែ​មីនា តុលាការ​រាជធានី​ភ្នំពេញ​បានចោទ​ប្រកាន់​បុរស​ម្នាក់​ ដោយ​ប្រើប្រាស់​ច្បាប់​បង្ការ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​ កុំ​ឲ្យ​កម្មករ​រោងចក្រ​ ចាក់​វ៉ាក់​សាំង​របស់​ចិន។ លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ ប្រសិន​បើ​រក​ឃើញថា​មានកំហុស។​

ដំណាល​គ្នា​នឹង​ការ​អនុវត្ត​ច្បាប់​នេះ អាជ្ញាធរ​មូល​ដ្ឋាន​ចាប់​ផ្តើម​រឹត​ត្បិត​ការ​ជួបជុំ វិធានការ​បម្រាម​គោចរ និង​ការ​ធ្វើ​អាជីវកម្ម​ទាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​នានា។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​នៃ​អង្គការ​សិទ្ធិ​មនុស្សលីកាដូ​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា ​រដ្ឋាភិបាលនិង​ក្រុម​មន្ត្រី​របស់​អ.ស.ប. កំពុង​បង្ហាញ​ជំហរ​ផ្ទុយ​គ្នា​ទៅ​នឹង​អ្វី​ដែល​ជា​យុទ្ធនា​ការ​ប្រឆាំង​ជំងឺ​កូវីដ​១៩​របស់​រដ្ឋា​ភិបាល ដែលចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​គោរព​តាម​វិធាន​ការ​សុខាភិបាល​ និង​ច្បាប់​ផ្សេងៗឈាន​ដល់​ការ​កាត់បន្ថយ​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក​មាន​ប្រសាសន៍​ថា៖ «កន្លង​មក​យើង​ជា​សង្គម​ស៊ីវិល​ហ្នឹង​ គឺ​យើង​ឃើញ​ថា​ចំណុច​ទាំង​អស់​ហ្នឹង​ ក៏​វា​រាង​ធ្ងន់ធ្ងរ​ ហើយ​សូម​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បាន​យល់​បាន​ដឹង ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​ច្បាប់​និង​អនុក្រឹត្យ​ហ្នឹង​ ដើម្បី​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ដោយ​គាត់​មិន​បាន​យល់ដឹង»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះបន្ថែម​ថា​ការណ៍​នេះ​ នាំ​ឲ្យ​ការ​មិនយល់​រវាងក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប. និង​រដ្ឋាភិបាល។

លោក​បញ្ជាក់​យ៉ាង​ដូច្នេ៖«អីចឹង​ចំណុច​ពីរ​នេះគឺ​ខុស​គ្នា​ ដោយ​វិធាន​ការ​របស់​រដ្ឋាភិបាល​ថា​អានេះ​ ជា​ច្បាប់​កម្ពុជា​ ហើយនិង​ការ​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​១៩ តែ​អ្នក​ជំនាញ​របស់​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ គេ​ថា​វិធានការ​នេះ​ហាក់​ដូច​ជា​ធ្ងន់​ធ្ងរ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ទៅ​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ជា​គំនិត​ខ្វែង​គ្នា​រវាង​អ្នកជំនាញ​សិទ្ធិមនុស្ស​ដែល​គេយក​បទដ្ឋាន​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ហ្នឹង​មក​ធ្វើ​ការ​វាស់​វែង​ជាមួយ​វិធាន​ការ​នៃ​ការ​ទប់​ស្កាត់»។

លោកស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា​ CCHR និយាយ​ថា​ គួរ​ពិចារណា​បន្ធូរបន្ថយ​នូវ​កម្រិត​ទោស​ទណ្ឌទៅ​តាម​អ្វី​ដែល​ជា​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប. ដើម្បី​អនុញ្ញាត​ឲ្យ​សាធារណ​ជន​ខ្មែរ​បាន​ចូល​រួម​ ដោយ​មិន​បារម្ភ​អំពី​ការ​ខាត​បង់​ខាង​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ បន្ថែម​ទៀត​ទៅ​លើ​ការ​ពិន័យ​ ក្នុង​ពេល​រង​សម្ពាធ​ធ្ងន់ធ្ងរ​ខាង​ជីវភាព​រួច​ទៅ​ហើយ​ ដោយ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ​១៩។

លោកស្រី​ប្រាប់​វីអូអេ​ថា៖«រដ្ឋាភិបាល​ លោក​មាន​ចេតនា​ល្អ​នៅ​ក្នុង​ការទប់​ស្កាត់​ជំងឺ​រាតត្បាត​ហ្នឹង​ហើយ​ ប៉ុន្តែ​ការ​បង្ក​នូវ​បរិយាកាស​អំណោយ​ផល​សម្រាប់​ពលរដ្ឋ គាត់​ចូល​រួម​សហការ​នោះ​ ក៏​រឹត​តែ​ចាំចាច់​ដែរ...​ អីចឹង​មិន​អាច​ថា​ដោយ​សារ​ហេតុ​ផល​នៃ​សុខភាព​សាធារណៈ ​យើង​ច្រាន​ចោល​នូវ​គោល​ការណ៍​សិទ្ធិមនុស្ស​ក៏​អត់​ដែរ​ វា​រឹត​តែ​ចាំ​បាច់​ទៅ​ទៀត​នៅ​ក្នុង​កាលៈទេសៈ​នេះ»។​

លោកស្រី​បន្ថែម​ថា៖«យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​លោក​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋ​កិច្ច​ទៅ​ដល់​ពលរដ្ឋ​ដែល​គាត់​នៅ​ក្រៅ​ប្រព័ន្ធ​សេដ្ឋកិច្ច​អី​ជា​ដើម​ហ្នឹង​ ដើម្បី​ឲ្យ​គាត់​អាច​ឆ្លង​ផុត​ទាំង​ពី​ជំងឺ​រាត​ត្បាត ហើយ​អាច​នៅ​រស់​រាន​មាន​ជីវិត​ ដូចថា​មិន​ត្រូវ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ហួស​ហេតុ រហូត​ដែលមិន​អាច​ទប់ស្កាត់​ពី​ជំងឺ​រាតត្បាត​ហ្នឹង​ ប៉ុន្តែ​ផល​ជះ​លើ​សេដ្ឋកិច្ច​ហ្នឹង​ វា​ធ្ងន់ធ្ងរ​ថែម​ទៀត»។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប. មិន​ស្តី​បន្ទោស​ទាំង​ស្រុង​លើ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ​ ពោល​គឺ​ពួកគេ​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​។​

យ៉ាងណាក្តី​ ក្រុម​អ្នក​ជំនាញ​ទាំង​នោះបាន​បង្ហាញ​ការ​ខកចិត្ត​អំពី​ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ​១៩ ដែល​ក្នុង​នោះ​រួម​មាន​ឈ្មោះ ភេទ ​អាយុ ​មុខរបរ​ កន្លែង​ធ្វើ​ការ​ និង​អាសយដ្ឋាន​ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ទិន្នន័យ​សុខភាព​បុគ្គល​ទាំង​នេះ គួរ​តែស្ថិត​ក្នុងការ​ការពារ​យ៉ាង​តឹងរ៉ឹង​នូវ​សិទ្ធិ​ឯកជន ប្រឆាំង​នឹង​ការ​បង្ហាញ​ឲ្យអ្នក​ដែល​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ដឹង ក្រៅ​ពី​គោល​បំណង​សុខភាព​សាធារណៈ។ ការ​លាត​ត្រដាង​ទិន្នន័យ​បុគ្គល រួម​ទាំង​ឈ្មោះ​បុគ្គល​ដែល​ឆ្លង​ជំងឺ​នេះ​គឺ​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​ដែល​អាច​នាំ​ឲ្យ​មាន​ការ​រើសអើង​និង​ការ​មាក់ងាយ»៕

XS
SM
MD
LG