ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ភ្នំពេញ​បន្ត​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​​១៤​ថ្ងៃ​​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩


សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរណ៍តាមដងផ្លូវ​ក្នុង​អំឡុង​ពេល​អនុវត្ត​បម្រាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង៨យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរណ៍តាមដងផ្លូវ​ក្នុង​អំឡុង​ពេល​អនុវត្ត​បម្រាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង៨យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​សម្រេច​បន្ត​អនុវត្ត​បម្រាម​គោចរ ដោយ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​ពេល​យប់ រយៈ​ពេល​២​សប្តាហ៍​បន្ត​ទៀត។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​មួយ​ស្តី​ពី​ការ​បន្ត​អនុវត្ត​វិធាន​ការ​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មេសា អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ភូមិ​សាស្ត្ររាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥ព្រឹក រយៈ​ពេល​២​សប្តាហ៍ គឺ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា។​

សេចក្តី​សម្រេច​ចុះ​ហត្ថ​លេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឲ្យ​ដឹង​ថា​អាជ្ញាធរ​នឹង​បន្ត​ដាក់​នូវ​វិធាន​ការ​រដ្ឋបាល​២​សប្តាហ៍​ទៀត ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០២១ ដោយ​មាន​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​ចន្លោះ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង៥​ព្រឹក។

ក្រោយ​ពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ក៏​មាន​វិធានការ​ផ្សេង​ទៀត គឺ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ប្រមូល​ផ្តុំ ឬ​ការ​ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ ភេសជ្ជៈ ឬ​ទទួល​ទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ព្រឹក លើក​លែង​ការ​ជួប​ជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅ​ក្នុង​លំនៅ​ឋាន ការ​រៀប​ចំពិធី​បុណ្យ​សព ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ការ​ជួប​ជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ឬ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​តាម​ការ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ នេះ​បើ​តាម​សេចក្តី​សម្រេច។

សេចក្តី​សម្រេច​ឲ្យ​ដឹង​ទៀត​ថា​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ននូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​តាម​សណ្ឋាគារ ជា​ដើម ដែល​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​អាច​ប្រកប​អាជីវ​កម្ម​លក់​ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​បាន។

កន្លង​ទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​បញ្ជា​ថា​អ្នក​ដែល​បំពាន​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ពេល​យប់ ត្រូវ​ដក​ហូត​មធ្យោបាយ​ធ្វើ​ដំណើរ ដូច​ជា​ម៉ូតូ​និង​រថ​យន្ត។

ការ​សម្រេច​បន្ត​វិធាន​ការ​បម្រាម​គោចរ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ករណី​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​កើន​ឡើង​ដដែល។ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹង​ថា​មនុស្ស​១៧៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​២០ កុម្ភៈ មាន​ចំនួន​៤.១៦០​នាក់។ ក្នុង​ចំណោម​ករណី​ឆ្លង​នៅ​ថ្ងៃ​នេះ មាន​១៤០​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ មួយ​ករណី​ក្នុង​ខេត្ត​ក្រចេះនិង​មួយ​ករណី​ទៀត​មាន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ជា​ករណី​រាល​ដាល​ទៅ​ភូមិ​សាស្ត្រ​ខេត្ត​ថ្មី។

ក្រសួងសុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា​មនុស្ស​៣​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​៣៣​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ៕

XS
SM
MD
LG