ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១៧៧​នាក់​ទៀត​ឆ្លង​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​៣៧​នាក់​


បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​​ពី​ជំងឺ​កូវីដ១៩ ប្រមូល​សំណាក​ពី​អ្នកពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ឃើញ​តេស្ត​វិជ្ជមាន​កូវីដ១៩ រាជធានី​ភ្នំពេញ ខែ​មេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​១៧៧​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ខណៈ​រដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​មេសា​នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹង​ថា​មនុស្ស​១៧៧​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ មាន​ចំនួន​៤.៣៣៧​នាក់។ ក្នុង​ចំណោម​អ្នក​ឆ្លង​ដែល​ប្រកាសនៅ​ថ្ងៃ​នេះ ភាគ​ច្រើន​នៅ​ភ្នំពេញ គឺ​មាន​ចំនួន​១៤៩​នាក់។

ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ជំងឺ​កូវីដ​១៩ បាន​កើន​ឡើង​ដល់​យ៉ាង​តិច​៣៥​នាក់។ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ក្រសួងបាន​ប្រកាស​ថា​បុរស​ម្នាក់​អាយុ​៥៨​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​បន្ទាយ​រកា ឃុំ​ក្រាំង​ដីវ៉ាយ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា ពេល​ចូល​មក​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដោយ​មាន​អាការៈ​ហត់​ដង្ហក់​ពិបាក​ដក​ដង្ហើម។ ដោយ​សង្ស័យ​រោគសញ្ញា​កូវីដ១៩ បុរស​ម្នាក់​នោះ​ត្រូវ​បាន​យក​សំណាក​ធ្វើ​តេស្ត ហើយ​លទ្ធផលបញ្ជាក់​ថា​មាន​វិជ្ជមាន​ជំងឺ​នេះ។

ក្រសួង​បញ្ជាក់​ថា​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩ មាន​ចំនួន​២.៥៤៤​នាក់។ ក្រសួង​មិន​ទាន់​បាន​បញ្ជាក់​ថា​តើ​អ្នក​ជំងឺ​កូវីដ​១៩​ប៉ុន្មាន​នាក់ ដែល​កំពុង​សម្រាក​នៅ​ផ្ទះ ហើយមិន​ទាន់​ត្រូវ​បាន​បញ្ជូន​មក​សម្រាកព្យាបាល​នៅ​កន្លែង​ដែល​រៀបចំ​ដោយរដ្ឋា​ភិបាល ដោយ​សារ​ខ្វះ​កន្លែង​សម្រាក​ព្យាបាល។

រដ្ឋាភិបាល​ក៏​បាន​រៀបចំ​អគារ​មួយ​ចំនួន​នៅ​កោះពេជ្រ ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ កម្រិត​ស្រាល ដែល​មាន​ប្រមាណ​១.៨០០​គ្រែ។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ទទួល​បន្ទុក​រៀបចំ​មណ្ឌល​សម្រាក​ព្យាបាល៕

XS
SM
MD
LG