ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ដាក់​​យុទ្ធ​សាស្រ្ត​​​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​​ពឹង​ផ្អែក​លើ​វ៉ាក់សាំង​ចិន


រូបឯកសារ៖ បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​បានដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដល់​ពលរដ្ឋ​ឲ្យ​បាន​យ៉ាង​តិច ​៥ ​លាន​នាក់​នៅ​ចុង​ឆ្នាំ​ ២០២១ ​ឬ​ដើម​ឆ្នាំ ​២០២២ ដោយ​ពឹងផ្អែក​លើ​វ៉ាក់សាំង​របស់​ចិន ក្នុង​គោល​ដៅ​បង្កើត​ភាព​ស៊ាំ​សហគមន៍​ទៅ​នឹង​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាម​ឯកសារ​ស្តី​ពី​ផែន​ការ​យុទ្ធសាស្រ្ត​យុទ្ធនាការ​ចាក់​វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ​១៩ ដែល​រៀបចំ​ដោយ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ផែន​ការ​នេះ​មាន​គោល​ដៅ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​ «ភាព​ស៊ាំ​សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១»។

ឯកសារ​ផែន​ការ​ប្រមាណ​ ២០​ ទំព័រ ​ឲ្យ​ដឹង​ថា​ នៅ​ចុង​ឆ្នាំ​ ២០២១ ឬ​ដើម​ឆ្នាំ​ ២០២២ ប្រជាជន​កម្ពុជា​ប្រមាណ​ ៥​ លាន ​២ ​សែន​នាក់ ដែលត្រូវ​នឹង​វ៉ាក់​សាំង​ជាង​ ១០ ​លាន​ដូស នឹង​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​រួច​រាល់។ រដ្ឋាភិបាល​មាន​គោល​ដៅ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច ​១០​ លាន​នាក់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ពេល​កន្លង​មក។

ឯកសារ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ទៀត​ថា​ ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​នេះ ធ្វើ​តាម​អភិ​ក្រម «ផ្ការីក» គឺ​ចាប់​ផ្តើម​ពី​ចំណុច​កណ្តាល​នៃ​ប្រទេស គឺ​រាជធានី​ភ្នំពេញ និង​ទី​ប្រជុំ​ជន​សំខាន់ៗ​ជុំវិញ​រាជធានី​ភ្នំពេញ និង​ពង្រីក​ជា​ជំហានៗ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត តាម​លំដាប់​អាទិភាព។

សម្រាប់លំដាប់​អាទិភាព​នោះ រដ្ឋាភិបាល​បាន​បែង​ចែក​ជា ៣ ​តំបន់ គឺ​តំបន់​អាទិភាព​ខ្ពស់ មធ្យម និង​ទាប។ តំបន់​អាទិភាព​ខ្ពស់​មាន​មនុស្ស​ជិត​ ៥ ​លាន​នាក់ ដែល​អាជ្ញាធរ​សុខាភិបាល​កំពុង​តែ​សម្រុក​ចាក់។ តំបន់​អាទិភាព​មធ្យម​ដែល​មានប្រជាពលរដ្ឋ​ជាង​ ២​ លាន ​៨ សែន​នាក់ នឹង​ចាប់​ផ្តើម​ចាក់​នៅ​ចុង​ឆ្នាំ​ ២០២១។ ចំណែក​តំបន់អាទិភាព​ទាប ដែល​មាន​ជាង ​២ ​លាន ​៣ ​សែន​នាក់ នឹង​ចាប់​ផ្តើម​ចាក់​នៅ​ដើម​ឆ្នាំ​ ២០២២។ នេះ​បើ​តាម​ឯក​សារដដែលនោះ។

រដ្ឋាភិបាល​បញ្ជាក់​ថា ​បើ​ទោះ​មាន​ហានិភ័យ​នៃ​កង្វះ​វ៉ាក់សាំង​លើ​ពិភព​លោក តែ​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​ទំនាក់​ទំនង​ស្និទ្ធិ​ជាមួយ​រដ្ឋាភិបាល​ចិន ​ដើម្បីទទួលបាន​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩ ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​បាន​សម្រេច​តាម​ផែន​ការ។

ឯកសារ​បញ្ជាក់​ថា​៖ «យ៉ាងណា​មិញ ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ចាប់​យក​ដៃ​គូ​យុទ្ធសាស្រ្ត​ជាមួយ​មិត្ត​ចិន ធ្វើ​ជា​ស្នូល​សម្រាប់​ការ​ស្វះ​ស្វែង​រក​ទិញ​វ៉ាក់សាំង​ និង​ទទួល​បាន​ជំនួយ​វ៉ាក់​សាំង​បាន​ក្លាយ​ជា​កត្តា​គន្លឹះ​មួយ​ដ៏​សំខាន់​ផង​ដែរ ដែល​អាច​ជួយ​ដោះ​ស្រាយ​ហានិភ័យ​នៃ​ការ​ខ្វះ​វ៉ាក់​សាំង​ និង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​និង​ទាន់​ពេល»។

ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​អំពី​ហានិភ័យ​ផ្សេង​ទៀត រួម​មាន​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ផែន​ការ​ចាក់​វ៉ាក់សាំង ដែល​សំដៅ​លើ​កង្វះ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់ និង​ការ​កើត​ឡើង​ឬ​ការ​ឆ្លង​ចូល​មក​កម្ពុជា​នូវ​វីរុស​បំប្លែង​ថ្មី ដែល​អាច​ធ្វើ​ឲ្យ​វ៉ាក់សាំង​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​នេះ​ថមថយ​ឬ​ក៏​លែង​មាន​ប្រសិទ្ធភាព។

រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

បើ​តាម​ឯកសារ​របស់​រដ្ឋាភិបាល ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ទប់​ទល់​នឹង​ផល​វិបាក​បង្ក​ដោយ​ជំងឺ​កូវីដ​១៩ ​និង​ជា​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការធានា​បាន​នូវ​ការ​ស្តារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​តាម​គន្លង ​«ប្រក្រតីភាព​ថ្មី»។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រន​យោបាយ និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​ មាន​ប្រសាសន៍​ថា ​ដើម្បី​សម្រេច​ផែន​ការ​ចាក់​វ៉ាក់សាំង​នេះ​បាន ទាល់​តែ​កម្ពុជា​សម្រុក​ចាក់ ហើយ​ធានា​ថា​ មានវ៉ាក់​សាំង​បង្ការ​ជំងឺ​នេះ​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់ ដោយ​មិន​មាន​បញ្ហា​អ្វី។ លោក​បន្ត​ថា ​កាល​ពី​ដើម​ឡើយ ប្រជាជន​កម្ពុជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​របស់​ចិន ដោយ​សារ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​(WHO)។

បើ​ទោះ​សន្ទុះ​ប្រជាពលរដ្ឋ​ចាប់​ផ្តើមទទួល​យកវ៉ាក់​សាំងរបស់​ចិន​ក្នុង​ពេល​នេះ ក្រោយ​ផ្ទុះ​ឆ្លង​ព្រឹត្តិការណ៍ ​២០ ​កុម្ភៈ អ្នក​វិភាគ​រូប​នោះ​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ប្រមាណ ​៣០ ​ទៅ ​៤០​% ​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​របស់​ចិន។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​អំពី​គុណភាព​នៃ​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យពួក​គាត់​ទទួល​យក​វ៉ាក់សាំង​នេះ ដោយ​ស្ម័គ្រចិត្ត។

លោក​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​៖ «ឥឡូវ​វា​មិន​ច្រើន​ដូច​ពី​មុន​ទេ។ យ៉ាង​តិច​ក៏​ ៣០%​ ៤០%​ នៅ​ស្ទាក់ស្ទើរ។ គាត់​មិន​ទាន់​មាន​ការ​ទទួល​យក​ដោយ​សុទ្ធចិត្ត។ បើ​គាត់​មាន​ជម្រើស គាត់​រើស​ជម្រើសផ្សេង»។

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​ការ​ចំណាយថវិកាបន្ថែម ដើម្បី​ទិញ​វ៉ាក់​សាំង​បន្ត​ទៀត បន្ថែម​ពី​លើ​វ៉ាក់​សាំង​ដែល​ជា​ជំនួយ​ឥត​សំណងរបស់​ប្រទេសចិន។

លោក ឯម សុវណ្ណារ៉ា ក៏​ជំរុញ​ឲ្យ​មានការ​វាយ​តម្លៃ​លើប្រសិទ្ធភាព ក្រោយ​ចាក់​វ៉ាក់សាំង​ផង​ដែរ។

លោក​បន្ថែម​ថា​៖ «ទោះ​បី​ជា​កម្ពុជា​យើង​ចាក់​បាន ​១០ ​លាន​នាក់​ក៏​ដោយ ក៏​អាច​ថា ​បញ្ហា​ហានិភ័យ​នៃ​ការ​ឆ្លង​ក៏​នៅ​តែ​ប្រឈម​ខ្ពស់​ដែរ ព្រោះ​ដោយសារ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ហ្នឹង ដូច្នេះ​គួរ​តែ​មាន​យន្តការ​ធ្វើ​តេស្ត​វ៉ាក់សាំង​ហ្នឹង​មួយ​ទៀត បាន​មាន​សុក្រឹត​ភាព​ល្អ»។

VOA មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល សមស្រប​តាម​សភាពការណ៍​ជាក់ស្តែង​របស់​កម្ពុជា។ លោក​បន្ត​ថា ​រដ្ឋាភិបាល​មាន​ម្ចាស់​ការ​លើ​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន ដើម្បី​ចាក់​ដល់​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ផង​ដែរ បានបញ្ជាក់បន្ថែម​ថា ​ដោយ​សារ​វ៉ាក់​សាំង​របស់​ចិន​មាន​ប្រសិទ្ធភាព​រួច​ទៅ​ហើយ ដូច្នេះ​លោក​ថា ​មិន​ចាំ​បាច់​ពិនិត្យ​វាយ​តម្លៃប្រសិទ្ធភាព ក្រោយចាក់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ថា ​ទោះ​បី​យើង​មាន​ជំនាញ​តាម​ដាន​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ហាក់​ដូច​ជា​មិន​បាច់​តាម​ដាន​ទេ ពី​ព្រោះ​មុន​នឹង​ចេញ​ចែកមក​ដល់​បណ្តា​ប្រទេស​នៅលើពិភព​លោក ​គឺ​ថា ​អ្នក​វិទ្យាសាស្រ្ត​កន្លែង​ផលិត​នេះ គេ​ពិនិត្យ​រួច​ហើយ។ ទោះ​បី​ថាភាគ​រយ​តិច​ច្រើន​ក្តី គឺ​បាន​ពិនិត្យ​រួច​ហើយ»។

លោក សុខ ឥសាន បាននិយាយបន្ថែម​ថា​ កម្ពុជា​និង​ចិន​ជា​មិត្ត​ជិតស្និទ្ធិ​នឹង​គ្នា​ហើយ​ទុកចិត្ត​គ្នា និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ដូច​ជា​ការ​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា ​ក្នុង​គ្រាវិបត្តិ​ជំងឺ​សកល​នេះ។

លោក​ប្រាប់​ VOA ​ថា៖ «ប្រជាជន​កម្ពុជា​មើល​ឃើញ​ច្បាស់​អំពី​ទឹក​ចិត្តប្រជាជន​ចិន និង​រដ្ឋាភិបាល​ប្រទេស​ចិន​ដែល​តែង​តែ​ឧបត្ថម្ភ​គាំទ្រដល់​ប្រជាជន​កម្ពុជា ស្រប​ទៅ​តាម​ពាក្យ​ស្លោក​ដែល​ថា​ប្រជាជន​ចិន ប្រជា​ជន​កម្ពុជា​ជាមិត្ត​ជិត​ស្និទ្ធ​ជា​មិត្ត​ដែក​ថែប​…»។

ទីស្តី​ការគណៈ​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ ៧ លាន​ដូស ពី​ខែ​ឧសភា​ ដល់​ខែកក្កដា ​និង​ ២​ លាន ​៥ ​សែន​ដូស​ទៀត ពី​ខែ​សីហា ​ដល់ខែកញ្ញា ឆ្នាំ​ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ថា ​វ៉ាក់សាំង​ ១ លាន​ដូសរបស់​ចិន​នឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ។ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន លើក​លែង​តែ​ប្រទេស​សិង្ហបុរី កម្ពុជា​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ច្រើន​ជាង​ប្រទេស​ផ្សេង ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ជាង​ ១​ លាន ​៥ ​សែន​នាក់ ទាំង​អ្នក​ចាក់​លើក​ទី​ ១ ​និង​លើក​ទី​ ២ ​បញ្ចូល​គ្នា៕

XS
SM
MD
LG