ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ស្នើ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួយ​វិស័យ​កាត់​ដេរ​ដែល​កំពុង​ជួប​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ខណៈ​ដែល​វិស័យ​កាត់​ដេរ​វាយនភណ្ឌ​ ដែល​ជា​មុខ​ព្រួញ​ចម្បង​ទ្រទ្រង់​ឆ្អឹងខ្នង​សេដ្ឋកិច្ច​កម្ពុជា ​កំពុង​ប្រឈម​នឹង​វិបត្តិ​បង្ក​ឡើង​ដោយ​ការ​រាត​ត្បាត​នៃ​កូវីដ១៩​ នោះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​មុខ​បោះ​ដៃ​ទៅ​រក​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​យ៉ាង​ហោច​ចំនួន​ពីរ ​ដើម្បី​សម្រួល​បន្ត​ការ​បញ្ជា​ទំនិញ​ និង​បន្ធូរ​ការ​បិទ​ទ្វារ​រោងចក្រ។​

លោក ប៉ាន សូរស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ជួប​ប្រជុំ ​ជាមួយ​លោក​ Christer Horn af Aminne ​តំណាង​ក្រុមហ៊ុន ​H&M និង​លោក ​Matthew Armstrong ​តំណាង​ក្រុមហ៊ុន ​Adidas។​ លោក​បាន​ស្នើ​ក្រុមហ៊ុន​ទាំងពីរ​ «បន្ត​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​គាំទ្រ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ​បាន​ផុត​ទៅ​វិញ»។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជ​កម្ម។​

ឆ្លើយតប​នឹង​លទ្ធផល​នៃ​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ ប៉ាន សូរស័ក្តិ ក្រុមហ៊ុន ​Adidas ​ដែល​មាន​តំណាង​ចូល​រួម​ក្នុង​ជំនួប​នោះ​ដែរ​ បាន​បង្ហាញ​ជំហរ​ថា ​ខ្លួន​ចូល​រួម​ចំណែក​ជាមួយអង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ ជួយ​ដល់​អ្នក​ផ្គត់​ផ្គង់ ​និង​កម្មករ​ដែល​រង​ផលប៉ះ​ពាល់។ ​ក្រុមហ៊ុន​ Adidas​ គ្រប់​គ្រង​ការ​បញ្ជា​ទិញ​សរុប​ ២៥% ​ពី​វិស័យ​វាយន​ភណ្ឌ​កម្ពុជា។​

ក្នុង​សារ​អេឡិច​ត្រូនិច​មួយ​ផ្ញើ​តប​នឹង​សំណួរ​របស់​ VOA​ ​លោកស្រី​ Stefan Pursche ​ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន ​Adidas​ បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«អំឡុង​ពេល​មាន​វីរុស​កូរ៉ូណា​រាត​ត្បាត​ជា​សកល​ យើង​បាន​បំពេញ​បាន​យ៉ាង​ពេញ​លេញ​នូវ​កាតព្វ​កិច្ច​បង់​ទូទាត់​ប្រាក់​រាល់​ការ​បញ្ជា​ទិញ ​ដែល​បាន​ផលិត​រួច​រាល់​ហើយ​ ឬ​ក៏​កំពុង​ដំណើរ​ការ​ផលិត។​ យើង​ព្យាយាម​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​លុប​ចោល​ការ​បញ្ជា​ទិញ។​ ហើយ​យើង​ក៏​បាន​ធ្វើ​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្ដា​ដៃគូ​របស់​យើង​ ដើម្បី​រំកិល​ការ​បញ្ជា​ទិញ​មួយ​ចំនួន​ ទៅ​ឆមាស​ទីពីរ​នៃ​ឆ្នាំ​នេះ​វិញ»។​

គិត​ត្រឹម​ដំណាច់​ខែ​ឧសភា ​មាន​រោងចក្រ​សហគ្រាស​ក្នុង​ឧស្សាហ​កម្ម​វាយនភណ្ឌ​ចំនួន ​២៦៣​ កំពុង​បិទ​ផ្អាក​ដំណើរ​ការ​ គឺ​មាន​កម្មករ​ចំនួន​ប្រមាណ​ ១៣៥.០០០​នាក់​ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​ត្រូវ​ព្យួរ​ការងារ។​ នេះ​បើ​យោង​តាម​ក្រសួង​ការងារ។

ទាក់ទិន​នឹង​ការ​បិទ​ទ្វារ​រោងចក្រ​ទ្រង់ទ្រាយ​ធំ​ដែល​ប៉ះពាល់​ការងារ​របស់​កម្មករ​រាប់​ម៉ឺន​នាក់​នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចេញ​មុខ​បរិហារ​ដោយ​មិន​ចំ​ឈ្មោះ​ កាល​ពី​ដើម​ខែ​ឧសភា ​ដោយ​លើក​ឡើង​ថា ខណៈ​ពុំ​មាន​ការ​បញ្ជា​ទិញ​ថ្មីអ្នក​បញ្ជា​ទិញ​នៅ​ក្រៅ​ស្រុក​បាន​លុប​ចោល​ការ​បញ្ជា​ទិញ​ ដែល​បាន​សន្យា​ពី​មុន​មក​ ហើយ​មាន​ខ្លះ​មិន​ទាន់​ទូទាត់​បង់​ប្រាក់​លើ​ទំនិញ​ដែល​ទទួល​បាន​រួច​ហើយ​ទៅ​ទៀត។​

លោក​ ខេន លូ ​អគ្គ​លេខាធិការ​សមាគម ​GMAC​ លើក​ឡើង​ថា H&M​ និង ​Adidas​ មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​បញ្ជា​ទិញ​ ដែល​មិន​ព្រម​ទូទាត់​ប្រាក់​នោះ​ទេ។ យ៉ាង​ណា​ក្ដី​ លោក​ថា​ ស្ថានភាព​នៃ​ការ​ទូទាត់​ប្រាក់​បង់​សម្រាប់​ការ​បញ្ជា​ទិញ​ត្រូវ​បាន​សម្រួល​ជា​បណ្ដើរៗ។​

«ពី​មុន​គេ​អត់​ឱ្យ​យើង​នាំ​ចេញ​ឥវ៉ាន់។​ អត់​យក​ឥវ៉ាន់​តែ​ម្ដង។​ តែ​ឥឡូវ​គេ​ទទួល​យក​ឥវ៉ាន់​ហើយ។​ ប៉ុន្តែ​មាន​ន័យ​ថា​ លុយ​ដែល​ត្រូវ​បង់​ឱ្យ​យើង​នោះ​ គេ​សុំ​ពន្យារ​ពេល»។​

បញ្ហា​នៃ​ភាព​រអាក់​រអួល​សង្វាក់​ផលិតកម្ម​ និង​ការ​បញ្ជា​ទិញ​ដែល​បង្ក​ដោយ​វិបត្តិ​កូវីដ១៩​ នេះ​ កើត​ឡើង​ដំណាល​គ្នា​នឹង​ការ​ឈាន​ទៅ​ការ​ដាក់​រនាំង​ពន្ធ​គយ​លើ​ទំហំ​ទំនិញ ​២០%​ ដែល​កម្ពុជា​ត្រូវ​នាំ​ទៅ​សហភាព​អឺរ៉ុប​ ចាប់​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ត​ទៅ។​ នេះ​ជា​វិធាន​ការ​នៃ​ការ​ដក​ចេញ​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដែល​សហភាព​អឺរ៉ុប​បាន​លើក​ហេតុ​ផល​ថា​ ជា​ទណ្ឌកម្ម​តប​នឹង​ការ​រំលោភ​សិទ្ធិ​នយោបាយ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ក្រុមហ៊ុន​ H&M ​ឱ្យ​ដឹង​ថា​ ចរន្ត​ពាណិជ្ជ​កម្ម​នៃ​ឧស្សាហ​កម្ម​សម្លៀក​បំពាក់​ទាំង​មូល​កំពុង​រង​វិបត្តិ​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​លោកស្រី ​Ulrika Isaksson ​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ H&M​ បញ្ជាក់​ថា​ ក្រុមហ៊ុន​នេះ​នៅ​តែ​ចង់​ជួយ​កម្ពុជា​ក្នុង​វិធី​« វិជ្ជ​មាន»​ នានា តែ​ក៏ត្រូវ​ដល់​ពេល​សម្រេច​ចិត្ត​រៀបចំ​ឡើង​វិញ​ ក្នុង​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ​ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។​

លោក​ស្រី​ប្រាប់​ VOA​ យ៉ាង​ដូច្នេះ​ថា៖​ «យ៉ាងណា​ក្ដី​កង្វះ​គំនិត​ផ្ដួចផ្តើម​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​កាត់​ដេរ​នៅ​កម្ពុជា និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ ដោយ​ផ្នែកបាន​សេចក្ដី​ថា ​យើង​កំពុង​វាយ​តម្លៃ​ពិនិត្យ​ពិច័យ​ឡើង​វិញ​ថា​ តើ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ និង​ការ​ផលិត​របស់​យើង​នឹង​ផ្លាស់​ប្ដូរ​ឬ​យ៉ាង​ណា​ ឬ​ផ្លាស់​ប្ដូរ​ក្នុង​របៀប​ណា​ជាមួយ​ប្រទេស​កម្ពុជា»។​

អ្នក​នាំ​ពាក្យ​ផ្នែក​កិច្ច​ការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​លោកស្រី ​Kinga ​Malinowska ​បាន​ប្រាប់​VOA​ ថា​សហភាព​អឺរ៉ុប​នឹង​នៅ​តែ​បន្ត​តាមដាន​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​ថា៖​ «ក្នុង​ករណី​ដែល​កម្ពុជា​បង្ហាញ​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ជាពិសេស​ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ គណៈ​កម្មការប្រហែល​ជា​ពិចារណា​ការ​សម្រេច​របស់​ខ្លួន​ និង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ»។​

លោកស្រី​ យ៉ាង សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​លើក​ឡើង​ថា​ បើសិន​ជា​មាន​ការ​អនុវត្ត​ការ​លើក​រនាំង​ពន្ធ​គយ​របស់​សហភាព​អឺរ៉ុប​ នៅ​ខែ​សីហា​ខាង​មុខ​ ​វិស័យ​វាយន​ភណ្ឌ​របស់​កម្ពុជា​មុខ​ជា​នឹង​មាន​វិបត្តិ​ «ធំធេង​ជាង​នេះ» ​ខណៈ​អ្នក​បញ្ជា​ទិញ​ជា​ច្រើន​ផ្សេង​ទៀត​មិន​ទាន់​បង្ហាញ​ជំហរ​យ៉ាង​ណា​យ៉ាង​ណី​នៅ​ឡើយ។​

មេ​ដឹកនាំ​សហជីព​រូប​នេះ​ប្រាប់​ VOA​ ថា​ បន្ថែម​ពី​ការ​ស្នើ​សុំ​ពន្យារ​ពេល​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទៅ​សហ​ភាព​អឺរ៉ុប​បណ្ដា​វិស័យ​ឯកជន​ និង​តំណាង​និយោជក​គួរតែ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​តែ​ម្ដង ​ធ្វើ​យ៉ាង​ណា​អាច​សហការ​ជជែក​ពិគ្រោះ​ ដើម្បី​បញ្ចៀស​ការដក​ EBA​ ដែល​ជួយ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់។​

«ខ្ញុំ​ចង់​ឱ្យ​ងាក​មក​មើល​លើ​ផ្លូវ​នេះ​វិញ​ថា អី​ដែល​យើង​អាច​ដើរ​បាន​ ព្រោះ​កន្លង​មក​មុន​នេះ​វា​អត់​មាន​បញ្ហា​រឿង​កូវីដ​ទេ។ ​ចុះ​ឥឡូវ​វា​មាន​បញ្ហា​កូវីដ​ទៀត។ ​តើ​យើង​បណ្ដោយ​ឱ្យ​ស្ថានភាព​ហ្នឹង​វា​ធ្ងន់​ធ្ងរ​ជាង​ហ្នឹង​ឬ​ក៏​យ៉ាង​ម៉េច?»​

លោក​ មាស សុខ​សេនសាន​ អ្នក​នាំពាក្យ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ លើក​ឡើង​ថា ​រដ្ឋាភិបាល​បាន​រៀបចំ​ខ្លួន​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ក្នុង​វិស័យ​កាត់​ដេរ ​តាម​រយៈ​ការ​សម្រួល​បរិយាកាស​វិនិយោគ​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​ និង​ជួយ​ហ្វឹក​ហ្វឺន​ជំនាញ​បន្ថែម​ដល់​កម្មករ​ដែល​រង​ផល​ប៉ះ​ពាល់។​

«រាជ​រដ្ឋាភិបាល​បាន​កាត់​ចោល​នូវ​ការ​ចំណាយ​ធ្វើ​យ៉ាង​ម៉េច​ ឱ្យ​ភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស​រោងចក្រ​ ដែល​មក​ផលិត​ក្នុង​វិស័យ​ទាំងអស់​ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ហ្នឹង​ ឱ្យ​គាត់​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ ហើយ​មាន​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ និង​ផលិត​នៅ​ស្រុក​ខ្មែរ​យើង​បន្ត​ទៀត»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ​ធ្លាប់​បាន​ប្រាប់​ VOA​ ថា បញ្ហា​ EBA ​ជាមួយ​សហភាព​អឺរ៉ុប​ រដ្ឋាភិបាល​រក្សា​ជំហរ​នយោបាយ​ឥត​ប្រែប្រួល​របស់​ខ្លួន​ គឺ​មិន​មាន​ការ​ដោះ​ដូរ​អ្វី​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG