រដ្ឋាភិបាលបានសម្រេចបន្ថូរបន្ថយលក្ខខណ្ឌមួយចំនួន សម្រាប់ការបង់ថ្លៃអគ្គិសនីដល់ម្ចាស់ក្រុមហ៊ុននិងសហគ្រាសក្នុងវិស័យចំនួន ៤ រួមមានឧស្សាហកម្មកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងពេលមានវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែឧសភា។
ការអនុគ្រោះនេះ គឺសំដៅទៅលើការមិនយកតម្លៃអនុភាព ដែលជាថ្លៃផាកពិន័យប្រសិនបើក្រុមហ៊ុនរោងចក្រ ឬសហគ្រាសមិនប្រើប្រាស់អគ្គិសនីទៅតាមទំហំដែលព្រមព្រៀង។
ប្រកាសរបស់ក្រសួងរ៉ែ និងថាមពលឲ្យដឹងថា ក្រសួងនឹងអនុញ្ញាតឲ្យបង់ថ្លៃអគ្គិសនីតាមចំនួនគីឡូវ៉ាត់ម៉ោងជាក់ស្តែងតាមអត្រាថ្លៃមធ្យម។
ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ការអនុគ្រោះនឹងធ្វើឡើងចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើអគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ។ ការអនុគ្រោះនេះ នឹងធ្វើឡើងចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ ២០២០។
អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា មានប្រសាសន៍ថា ការកែសម្រួលនេះអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ឬសហគ្រាសមិនបង់ថ្លៃនៃកិច្ចព្រមព្រៀងអំពីកម្លាំងអនុភាព ដែលបានយល់ព្រមជាមួយភាគីអគ្គិសនីកម្ពុជា។
«ឧបមាថា គាត់ទិញមួយមេហ្គាវ៉ាត់គិតថ្លៃ បើយើង charge [គិតថ្លៃ] ពីគាត់ មានថ្លៃអនុភាពផង មានថ្លៃគីឡូវ៉ាត់ម៉ោងហ្នឹងផង ហើយដោយសារមានការប៉ះពាល់ទៅដល់ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មផ្សេងៗរាជរដ្ឋាភិបាលបានចេញប្រកាសថ្មីមួយដើម្បីបញ្ចុះ បាទ។ កាត់ថ្លៃ...ដកចេញនូវថ្លៃអនុភាព។ យើងគិតតែថ្លៃបរិមាណអគ្គិសនី ដែលគាត់ប្រើប្រចាំខែទេ។ អាថ្លៃអនុភាពកន្លងមកដែលយើងធ្លាប់គិតហ្នឹង គឺយើងអត់គិតទេ។ យើងដកចេញ»។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បាននៅឡើយទេ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ មានប្រសាសន៍ថា ការកែសម្រួលនេះ គ្រាន់តែជាផ្នែកមួយនៃការសម្រួលបន្ទុកថ្លៃផាកពិន័យសម្រាប់ថៅកែរោងចក្រ ដែលបានចុះកិច្ចសន្យាទិញភ្លើងមកប្រើប្រាស់ ទៅតាមលក្ខខណ្ឌកំណត់របស់អគ្គិសនីកម្ពុជា ពាក់ព័ន្ធនឹងកម្លាំងថាមពល ដើម្បីទទួលបានតម្លៃពិសេស។
«កន្លងមកយើងសន្យាថាខ្ញុំមួយខែយ៉ាងហោច យ៉ាងតិច យើងត្រូវប្រើប៉ុន្មានគីឡូ ដើម្បីបានចរចាជាមួយ EDC (អគ្គិសនីកម្ពុជា) តម្លៃពិសេស....តម្លៃពិសេស អ៊ីចឹង។ ប៉ុន្តែដល់ប៉ុន្មានខែហ្នឹង ពេលដែលរោងចក្រអត់ដំណើរការ វាប្រើអត់ដល់កម្រិតដែលបានឯកភាពគ្នា។ អ៊ីចឹងការណ៍ពិត តាមកិច្ចសន្យា EDC ត្រូវផាកពិន័យទៅក្រុមហ៊ុន ...ត្រូវផាកពិន័យទៅរោងចក្រ មកពីយើងប្រើអត់គ្រប់ អត់គ្រប់អ្វីដែលយើងសន្យា»។
លោក ខេន លូ តំណាងសមាគម GMAC ដែលមានសមាជិកជារោងចក្រកាត់ដេររាប់រយ ដែលបានផ្អាកផលិតកម្ម ចាត់ទុកថា នេះគ្រាន់តែជាការឆ្លើយតបទៅនឹងការលំបាករបស់ថៅកែរោងចក្រមួយចំនួនតែប៉ុណ្ណោះ។
«ព្រោះរោងចក្រឥឡូវជួបផលវិបាក ហើយ...ហើយបើសិន EDC ផាកពិន័យទៀត កាន់តែធ្ងន់។ ឥឡូវយើងគ្រាន់តែប្រាប់ថាយើងសហគ្រាសប្រើភ្លើងប៉ុន្មានគិតប៉ុន្មានចុះ... អត់មានស្នើសុំចុះតម្លៃទេ។ ប៉ុន្តែយើងសុំថាកុំផាកពិន័យ»។
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាលោក លូ ម៉េង មានប្រសាសន៍ថា នេះជាផ្នែកមួយនៃការទ្រទ្រង់ម្ចាស់អាជីវកម្មណា ដែលកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុ ក្នុងនោះមានថ្លៃជួលទីតាំងអាជីវកម្ម និងប្រាក់ខែរបស់បុគ្គលិក៕