ប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសចំនួន៦ អាចធ្វើដំណើរចូលកម្ពុជាវិញបាន បន្ទាប់ពីបានផ្អាកមិនឲ្យជនបរទេសមកពីប្រទេសទាំងនោះ ចូលដោយ សារការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩អស់រយៈពេលជិត២ខែកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី២០ខែឧសភានេះ។
ប្រទេសទាំង៦នោះរួមមាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអឺរ៉ង់ ដែលសុទ្ធតែជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩នេះច្រើនជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ការលើកបម្រាមធ្វើដំណើរទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកចូលកម្ពុជាសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសទាំង៦នេះ ធ្វើឡើង៣ថ្ងៃប៉ុណ្ណោះ ក្រោយពីកម្ពុជាបានប្រកាសថា អ្នកឆ្លងជំងឺនេះទាំង១២២នាក់នៅកម្ពុជាបានជះសះស្បើយអស់ហើយ ហើយមិនមានករណីឆ្លងថ្មីនៃជំងឺនេះក្នុងប្រទេសក្នុងរយៈពេលជាង១ខែចុងក្រោយនេះ។
ប៉ុន្តែសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ ទាំងជនបរទេសត្រូវតែមានវិញ្ញាបនបត្របញ្ជាក់សុខភាពដែលបញ្ជាក់ថា ពួកគេគ្មានមេរោគ ឬវីរុសកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសទាំងនោះក្នុងរយៈពេល៧២ម៉ោង។
អ្នកដំណើរដែលជាជនបរទេសក៏ត្រូវមានឯកសារធានារ៉ាប់រងសុខភាពមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិកផងដែរ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លើកលែងតែមន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជា។
អ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូលមកដល់ប្រទេសកម្ពុជានឹងត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់ថា មិនមានវីរុសកូវីដ១៩ និងត្រូវរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័ររបស់កម្ពុជា។
នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ក្រោយពីមានចំណារយល់ព្រមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី១៩ឧសភា៕