លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ប្រកាសពីគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់សហភាពអឺរ៉ុបក្នុងការធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជាបានប្រសើរឡើង ជៀសវាងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីអនាគតរបស់កម្មករ នាថ្ងៃទី១៨ ខែកញ្ញា នេះ ក្នុងស្នាក់ការរបស់សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានបង្ហាញការបារម្ភពីផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ បន្ទាប់ពីសហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មមកលើកម្ពុជា។ លោកលើកឡើងថា សហភាពសហជីពរបស់លោក និងស្ថាប័នការពារសិទ្ធិកម្មករមួយចំនួនទៀត គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់សហភាពអឺរ៉ុប (EU) ដែលបានស្នើឲ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
លោក រ៉ុង ឈុន ថ្លែងថា៖
«ផលប្រយោជន៍ហ្នឹងគឺបានទាំងអស់គ្នា ដូច្នេះការចូលរួមគ្រប់មជ្ឈដ្ឋាន អាចចូលរួមបានទាំងអស់ តែយើងធ្វើដោយអហិង្សា។ ហើយគោលបំណងតែមួយគត់គឺយើងចង់រក្សាការពារវិបត្តិ បញ្ជៀសវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា និងរក្សាការងារជូនកម្មករកម្មការិនីតែប៉ុណ្ណឹង។ យើងអត់អាចធ្វើហួសពីអ្វីយើងកំណត់ទេ»។
លោក រ៉ុង ឈុន បន្ថែមថា សហភាពអឺរ៉ុបគឺជាទីផ្សាររបស់កម្ពុជាដែលមានទំហំជាង៤០ភាគរយនៃការនាំចេញសរុប និងថា ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះ នោះកម្មករកម្មការិនីរាប់ម៉ឺននាក់នឹងត្រូវបាត់បង់ការងារ ហើយកម្ពុជាក៏នឹងត្រូវប្រឈមវិបត្តិយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស។
លោកមានប្រសាសន៍ថា៖
«ពេលហ្នឹងនឹងមានរឿងកើតឡើងបន្តបន្ទាប់ទៀត ធ្វើឲ្យស្ថានភាពសង្គមហ្នឹងបើយើងនិយាយឲ្យខ្លីទៅគឺថាវានឹងអាចកើតកល្បយុគ្គ។ មានន័យថាអស្ថិរភាពនៅក្នុងសង្គម ដែលធ្វើឲ្យសង្គមយើងហ្នឹងជ្រួលច្របល់ អសន្តិសុខ អាហ្នឹងហើយដែលជាបញ្ហាយើងដាក់ការព្រួយបារម្ភ។ អញ្ចឹងដើម្បីបញ្ជៀស ដើម្បីកុំឲ្យមានបញ្ហាហ្នឹងកើតឡើង រដ្ឋាភិបាលត្រូវតែពិនិត្យ និងសម្របសម្រួលទៅតាមការស្នើឡើងរបស់សហគមន៍អឺរ៉ុបហ្នឹង»។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ចំណែកប្រព័ន្ធអនុគ្រោះពន្ធដែលហៅថា «រាល់មុខទំនិញលើកលែងតែអាវុធ» ឬ EBA បានផ្តល់ចំណេញដល់កម្ពុជាប្រមាណជា៧០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។
កាលពីថ្ងៃព្រហស្បតិ៍ សភាសហភាពអឺរ៉ុបបានអនុម័តលើញត្តិរួមស្នើ ឲ្យមានការទម្លាក់ចោលការចោទប្រកាន់ លើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់សិទ្ធិសេរីភាពពេញលេញដល់លោក កឹម សុខា ពិចារណាលើឋានៈអនុគ្រោះពន្ធ «រាល់មុខទំនិញលើកលែងតែអាវុធ» និងដាក់ឈ្មោះជនដែលរំលាយគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងបញ្ជីខ្មៅមួយដែលនឹងហាមឃាត់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។
ក្រៅពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យផងដែរ។ ការព្រមានដកពន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប ក៏កំពុងធ្វើឲ្យមានការបារម្ភថា សហរដ្ឋអាមេរិកដែលបានអនុគ្រោះពន្ធលើការនាំចេញផលិតផលមួយចំនួនក៏អាចនឹងដកការអនុគ្រោះនេះផងដែរ។
បើទោះជាអ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករជាច្រើនបានលើកឡើងជាបន្តបន្ទាប់ពីការបារម្ភ និងផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកចេញពីកម្ពុជាក្តី ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា កម្ពុជានៅមានទីផ្សារអន្តរជាតិជាច្រើនទៀត ប្រសិនបើមិនមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការប្រកាសធ្វើបាតុកម្មរបស់លោក រ៉ុង ឈុន គឺជាលេសរបស់លោក ក្នុងការប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ ទោះយ៉ាងណាលោកថា លោក រ៉ុង ឈុន ត្រូវសហការជាមួយអាជ្ញាធរប្រសិនបើចង់ធ្វើបាតុកម្មណាមួយ។
លោកបញ្ជាក់ថា៖
«បើគាត់ធ្វើ គាត់ត្រូវតែសហការជាមួយនឹងអាជ្ញាធរ ហើយបើគាត់មិនសហការជាមួយអាជ្ញាធរ គឺអាជ្ញាធរនឹងអនុវត្តទៅតាមផ្លូវការ ដែលមានច្បាប់ ដែលមានចែង»។
លោក ផៃ ស៊ីផាន បន្ថែមដោយឆ្លើយតបនឹងការស្នើរបស់សហភាពអឺរ៉ុបថា៖
«ការបារម្ភយើងអត់មាននិយាយនៅក្នុងការងាររបស់រដ្ឋទេ ពីព្រោះយើងមិនមែនជាប្រជាជាតិមួយដែលទទួលទណ្ឌកម្មពីអង្គការសហប្រជាជាតិ ឬក៏ទណ្ឌកម្មប្រទេសដទៃ យើងគឺជារដ្ឋអធិបតេយ្យ។ ហើយកិច្ចការសហការរវាងសហភាពអឺរ៉ុបជាមួយកម្ពុជា គឺជាកិច្ចសហការដែលគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយកម្ពុជាមិនមែនជាប្រទេសនៅក្រោមអាណានិគមរបស់អឺរ៉ុបទេ»។
បើទោះបីជាមន្រ្តីរដ្ឋាភិបាលកម្ពុជាប្រកាសថាការដកប្រព័ន្ធអនុគ្រោះពន្ធ មិនមានផលប៉ះពាល់ណាមួយដល់កម្ពុជាក្តី ប៉ុន្តែគេឃើញថា កាលពីខែមិថុនា កម្ពុជាបានបញ្ជូនបេសកជនរបស់ខ្លួនទៅអឺរ៉ុបដើម្បីចរចារ និងបញ្ចុះបញ្ចូលកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា ប៉ុន្តែបេសកកម្មនោះហាក់មិនទទួលបានផ្លែផ្កាណាមួយ ក្រៅតែពីការព្រមានជាបន្តបន្ទាប់បន្ថែមពីសហភាពអឺរ៉ុប។
ការព្រមានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗក្នុងពិភពលោកនេះ ធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះយកអាសនៈទាំងអស់ចំនួន១២៥ កាលពីការបោះឆ្នោតជាតិខែកក្កដា ក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ចំណែកការបង្ក្រាបលើសង្គមស៊ីវិល ការរិតត្បិតលើសារព័ត៌មានឯករាជ្យ ព្រមទាំងការរិតត្បិតក្រុមសំឡេងប្រឆាំង ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការព្រមានដាក់ទណ្ឌកម្ម និងរិះគន់ផងដែរ៕