ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារនេះ សម្រេចលើកពេលបើកប្រាក់បំណាច់អតីតភាពការងារសម្រាប់កម្មករទៅឆ្នាំ២០២១ ក្នុងគោលបំណងជួយដល់រោងចក្រដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរាលដាលជំងឺកូវីដ១៩។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ថា ការបើកប្រាក់រំឭកប្រាក់ បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង) និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ (សម្រាប់គ្រប់វិស័យ) ត្រូវបានពន្យារពេលក្នុងការអនុវត្តទៅឆ្នាំ២០២១»។
ក្រសួងការងារបញ្ជាក់ថា ក្នុងករណីបញ្ចប់ការងាររបស់កម្មករ ឬកម្មករលាឈប់ពីការងារដោយខ្លួនឯងនោះម្ចាស់រោងចក្រ សហគ្រាសត្រូវទូទាត់ប្រាក់រំឭកបំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ និងឆ្នាំ២០២០ ស្របតាមបញ្ញត្តិច្បាប់ស្តីពីការងារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារសុំមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ឲ្យអានសេចក្តីជូនដំណឹងរបស់ក្រសួង។
សេចក្តីណែនាំរបស់ក្រសួងការងារចេញកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ឲ្យដឹងថា ក្រសួងការងារបានកំណត់ថា អតីតភាពការងារកម្មករសម្រាប់ទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវគិតចាប់ពីពេលបានចុះកិច្ចសន្យាការងារជាកម្មករពេញសិទ្ធិ។
កម្មករពេញសិទ្ធិដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ។ក្រសួងការងារបញ្ជាក់ថា ប្រាក់បំណាច់អតីតភាពការងារនេះត្រូវបើក២ដងក្នុង១ឆ្នាំ រៀងរាល់ខែមិថុនា និងខែធ្នូ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថាGMAC សុំមិនអត្ថាធិប្បាយលម្អិតថា តើខាងរោងចក្រនឹងផ្តល់ប្រាក់បំណាច់ឲ្យទៅកម្មកររបៀបណា ទេ។ លោកបានបង្វែរឲ្យទៅសួរខាងក្រសួងការងារ ហើយថា រោងចក្រនឹងអនុវត្តតាមការសម្រេចរបស់ក្រសួង។
«យើងក៏ទើបទទួលបានសេចក្តីជូនដំណឹងដែរ។ យើងអត់ទាន់ច្បាស់ទេ។ យើងក៏ចាំសួរទៅក្រសួងឲ្យច្បាស់លាស់។ អ៊ីចឹងបើមានអីឆ្ងល់សួរទៅក្រសួង។ យើងនឹងអនុវត្តតាមក្រសួង»។
បើតាមលោក ខេន លូ រហូតមកដល់ពេលនេះមានរោងចក្រចំនួន២៥៩ត្រូវបានព្យួរដំណើរការ ព្រោះមិនមានការបញ្ជាទិញពីក្រៅប្រទេស ដោយសារការរាលដាលជំងឺកូវីដ។ លោកថាការព្យួររោងចក្រទាំងនោះធ្វើឲ្យកម្មករជាង១៣ម៉ឺននាក់ត្រូវព្យួរការងារ។
ចាប់តាំងពីរោងចក្រព្យួរការងារកម្មករ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រោងចក្រផ្តល់ប្រាក់៣០ដុល្លារក្នុងមួយខែឲ្យកម្មករ។ ចំណែករដ្ឋាភិបាលថា ផ្តល់ឲ្យ៤០ដុល្លារ។
ប៉ុន្តែសហជីពលើកឡើងថា កម្មករមួយចំនួនទទួលបានតែលុយពីរោងចក្រចំនួន៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមិនទាន់ទទួលបានប្រាក់៤០ដុល្លារពីរដ្ឋាភិបាលនៅឡើយទេ។
អ្នកស្រី ដោក សុវណ្ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា(CATU)ប្រចាំរោងចក្រយីដា មេនូហ្វេកឆឺរើ ខូ អិលធីឌី ខេត្តកណ្តាលប្រាប់ថា ចាប់តាំងពីកម្មករជាច្រើនត្រូវបានព្យួរការងារ ពួកគេត្រូវប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារមិនមានចំណូល ជាពិសេសពាក់ព័ន្ធនឹងការបង់បំណុលធនាគារ។ អ្នកស្រីបន្ថែមថា ប្រាក់បំណាច់អតីតភាពការងារត្រូវផ្តល់ឲ្យកម្មករដែលធ្វើការចាប់ពី២ឆ្នាំឡើង និងត្រូវបើក២ដងក្នុងមួយឆ្នាំ ហើយម្តងៗ កម្មករម្នាក់អាចទទួលបានចន្លោះពី៦០ដុល្លារទៅជាង២០០ដុល្លារ តាមចំណូលដែលពួកគេធ្វើ។
អ្នកស្រីបន្ថែមថា កម្មករដែលកំពុងត្រូវព្យួរការងាររំពឹងលើប្រាក់បំណាច់នេះដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតមានដោយសារមិនមានប្រាក់ចំណូល ដូច្នេះអ្នកស្រីថាការលើកពេលការបើកប្រាក់អតីតភាពនេះនឹងកាន់តែធ្វើឲ្យពួកគេប្រឈមបញ្ហាកាន់តែខ្លាំង។
«កាលណាកម្មករយើងសម្រាកពីការងារ គាត់ព្យួរការងារ គាត់អត់មានលទ្ធភាពទិញម្ហូបដូចអង្កាល់គាត់មានការងារធ្វើទេ។ គាត់ត្រូវការការចំណាយក្នុងមួយថ្ងៃអស់ទាបបំផុត អ្នកសន្សំសំចៃបំផុតក៏អស់ម្នាក់១៥.០០០រៀលដែរក្នុងមួយថ្ងៃ ហើយអ្នកដែលអាចថា មធ្យមហ្នឹង២ម៉ឺនទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ ចុះមួយខែ៣០ដុល្លារឲ្យគាត់ចាយរបៀបណា?»
អ្នកស្រី អឿន សារ៉េត កម្មការិនីរោងចក្រ អ៊ែភល អឹភែរឹល ក្នុងខណ្ឌពោធិសែនជ័យ ភ្នំពេញ លើកឡើងថា រោងចក្រទើបប្រកាសថា នឹងព្យួរដំណើរការចាប់ពីខែកក្កដានេះតទៅ ដោយមានរយៈពេលពី២ទៅ៦ខែ។អ្នកស្រីបន្តថា អ្នកស្រីត្រូវទទួលបានប្រាក់បំណាច់និងប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំ ហើយម្តងៗទទួលបានជាង២០០ដុល្លារ។អ្នកស្រីរំពឹងថា អ្នកស្រីនឹងត្រូវទទួលបានប្រាក់នេះដើម្បីដោះស្រាយបំណុលធនាគារនិងការចំណាយប្រចាំថ្ងៃនៅពេលរោងចក្រព្យួរ។
កម្មការិនីវ័យ៣២ឆ្នាំរូបនេះបន្ថែមថា អ្នកស្រី និងគ្រួសារដែលមានកូន២នាក់នឹងត្រូវប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរប្រសិនបើក្រសួងសម្រេចលើកពេលការបើកប្រាក់បំណាច់នោះទៅឆ្នាំក្រោយ ក្នុងអំឡុងពេលកម្មករកំពុងជួបបញ្ហា។
«ក្រសួងអត់សមលើកអ៊ីចឹងទេបង! បានអី?គួរអាណិតកម្មករដែលគ្នាកំពុងអត់!ហើយបងឯងគិតមើល ថែមម៉ោងក៏អត់! អីក៏អត់!ឥឡូវកំពុងខ្វះខាតគ្រប់តែគ្នា។ គាត់លើកអាហ្នឹងទៀត។ មួយៗរំពឹងលុយហ្នឹងតើបង។ គ្រាន់តែឃើញប្រកាសដែលគេជូនដំណឹងក្នុងរោងចក្រភ្លាម មួយៗទម្លាក់ទឹកចិត្តអស់រលីង»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជូនដំណឹងរបស់ក្រសួងការងារអាចផ្តល់ប្រយោជន៍ខ្លះដល់ថៅកែរោងចក្រ ប៉ុន្តែកាន់តែធ្វើឲ្យកម្មកររងផលប៉ះពាល់។ លោកបន្ថែមថា ប្រសិនបើកម្មករបន្តគ្មានការងារធ្វើនិងមិនទទួលបានការគាំទ្រណាមួយពីរដ្ឋាភិបាល នោះនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ។
«វាអាចមានវិបត្តិធ្ងន់ធ្ងរ ដូចជារឿងអស្ថិរភាពសង្គមអសន្តិសុខសង្គម បន្ទាត់នៃភាពក្រីក្រហ្នឹងមានការកើនឡើង។ អ៊ីចឹងអាភាពក្រីក្រហ្នឹងវាកើនឡើង ហើយកាលណាភាពក្រីក្រកើនឡើងប្រជាពលរដ្ឋហ្នឹងគឺត្រូវគិតរឿងបញ្ហាជីវភាពរស់នៅ ការហូបចុកហូបអី។ អ៊ីចឹងកម្មករគាត់អាចក្រោកឈរទាមទារ នៅពេលរោងចក្របិទឬក៏រោងចក្រមិនទូទាត់ឲ្យកម្មករ។គាត់ទាមទារ គាត់តវ៉ា មានកូដកម្ម មានបាតុកម្មអីដែលអាចនឹងកើតឡើង»។
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ៕