ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តស៊ូ​មតិថា​ កម្មករ​និង​និយោជិត​រងគ្រោះ​ដោយ​កូវីដ១៩​សម​ទទួល​បាន​ដំណោះ​ស្រាយ​បន្ថែម


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជានិង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​យល់​ព្រម​ថានឹង​បើក​ប្រាក់ខែ​ជូន​កម្មករ​ជាច្រើនម៉ឺននាក់​ក្នុង​អំឡុង​ពេល​ដែលមាន​ការព្យួរ​រោងចក្រ​និង​ក្រុមហ៊ុន​ជាង​១០០ ​ដែល​ប៉ះពាល់​ដោយ​សារការ​រាតត្បាត​ជំងឺ​កូវីដ១៩។​ តែក្រុម​អ្នក​តស៊ូមតិ​បាន​ស្នើថា​រដ្ឋាភិបាល​គួរផ្តោត​ការយក​ចិត្ត​ទុក​ដាក់​បន្ថែម​លើបញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​ជីវភាព​របស់​កម្មករ​និង​និយោជិត ការ​ទទួល​ខុស​ត្រូវ​តាមផ្លូវ​ច្បាប់​របស់​ក្រុមហ៊ុន​ បញ្ហា​បំណុល​ជាដើម។

ទាំង​កម្មករ​រោងចក្រ​ សហជីព​និងនិយោជិក​ក្រុម​ហ៊ុន​នានា​ត្រូវគេ​ដឹងថា​នៅតែ​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​ដោយសារ​ថាប្រាក់​ឧបត្ថម្ភ ​មិនអាច​ទ្រទ្រង់​ការ​ចំណាយ​សម្រាប់​ម្ហូបអាហារ​ ថ្លៃ​ឈ្នួល​បន្ទប់​ ថ្លៃទឹក​ភ្លើង ​ការប្រាក់​ធនាគារ​ជា​ដើម។

លោក​ ឃុន ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃអង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស​ហៅថា ​សង់ត្រាល់​បាន​ថ្លែងថា៖

«ការ​វិវត្ត​ដ៏​គួរឲ្យ​បារម្ភ​ហ្នឹងគឺ​បន្ទាប់ពី​ដំណាក់​កាល​ព្យួរការងារ​ហ្នឹង​កម្មករ​គាត់អាច​ប្រឈម​ទៅនឹង​ការបាត់​បង់ការងារ​ជាអចិន្ត្រៃយ៍​ឬក៏គាត់​ត្រូវបាន​គេ​បញ្ឈប់​ការងារ​ជា​លក្ខណ:​ទ្រង់ទ្រាយ​ធំ ​ហើយ​អាហ្នឹង​វាអាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គាត់​និង​ក្រុម​គ្រួសារ​គាត់​ ហើយ​បន្ទាប់​មក​ហ្នឹង​គឺ​រោងចក្រ​អាច​មាន​ការបិទ​ទាំងស្រុង​ បិទ​សង្វាក់​ផលិតកម្ម​ហ្នឹង​ ហើយ​រោងចក្រ​ខ្លះហ្នឹង​គឺគាត់​អាច​ព្យាយាម​គេច​ពីកាតព្វកិច្ច​ក្នុងការ​ទូទាត់​សំណង​ទៅដល់​កម្មករ​និយោជិត​ហ្នឹង»។

លោក​បាន​បន្ថែម​ថា៖ «ទាក់​ទង​ទៅនឹង​ប្រាក់​ឧបត្ថម្ភ​ហ្នឹង​ទោះបីជា​មិនច្រើន​ វាតិចក្តី​ក៏ប៉ុន្តែ​យើង​ស្នើឲ្យ​រាជរដ្ឋាភិបាល​ហ្នឹង​ត្រូវ​គិត​ពិចារណា​នៅក្នុង​ការពង្រីក​នូវ​វិសាលភាព​នៃ​ប្រាក់​ឧបត្ថម្ភ​ហ្នឹង​ទៅដល់​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​សំណង់​ វិស័យ​សេវា​កម្សាន្ត​អីហ្នឹង​ ដូចជាក្លឹប ​ដូចជា​ការ៉ាអូខេ​ហ្នឹង​ ដែល​កម្មករ ​និយោជិត​គាត់​ធ្វើការងារ​ហ្នឹង​គាត់អត់​មានការ​គាំពារ​សង្គមទេ ​ឬក៏​ប្រាក់​ធានា​រ៉ាប់រង​ផ្នែក​សុខាភិបាល​ឬ​ក៏ប្រាក់​ធានា​រ៉ាប់រង​ទៅលើ​ផ្នែក​គ្រោះថ្នាក់​ការងារ​អីទេ»។

ក្រុមមន្ត្រី​តស៊ូមតិ​បានថ្លែង​ដោយ​ប្រុង​ប្រយ័ត្ន​ដូច្នេះ​ដោយ​ខ្លាច​ក្រែង​ក្រុមហ៊ុន​ឬ​រោងចក្រ​ដែល​បិទទ្វារ​និង​ព្យួរការងារ​ ឬចង់​បញ្ឈប់​កម្មករ ​និយោជិតនិង​មន្ត្រី​សហជីព​ក្តី​ មិនព្រម​ទទួល​ខុសត្រូវ​តាម​ច្បាប់​ក្នុងការ​ចំណាយ​ប្រាក់​នានា​ ទូទាត់​តាម​ច្បាប់​និង​កិច្ច​សន្យា។

កម្មករ ​និង​និយោជិត​យ៉ាង​តិច​១០​ម៉ឺននាក់​ក្នុង​ចំណោម​៨០ម៉ឺន​នាក់​និង​ពលរដ្ឋ​ជាច្រើន​បាន​ធ្លាក់​ចំណូល​របស់​ពួកគេ​ពី២០០​ ដុល្លារ​ក្នុង​មួយខែ​ មក​ត្រឹម​៧០​ដុល្លារ​ជាង​ឬគ្មាន​ចំណូល​ក្នុងពេល​ដែលមាន​ការ​រាតត្បាត​វីរុសកូរ៉ូណា​ ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ជាប់គាំង​ដំណើរ​ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុន​ក្នុងខែ​ថ្មីៗ​នេះ។​

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែងថា​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល​ កម្មករ ពលករ ​និង ​ក្រុមហ៊ុន​កំពុង​ប្រឈម​ហើយ​តម្រូវ​ឲ្យមាន​ការ​ដោះស្រាយ​ចំពោះ​ការ​លំបាក​នេះ។

«បច្ចុប្បន្នហ្នឹង​ថា​មាន​ការ​លំបាក​ចំពោះ​អ្នក​ដែល​ត្រូវព្យួរ​ឬអ្នក​ដែល​ត្រូវ​បាត់បង់​ការងារ​ហ្នឹងពីព្រោះ​តែជា​ទូទៅ​កម្មករ​កាត់ដេរ​ រួមទាំង​សណ្ឋាគារ​ ភោជនីយដ្ឋាន ​ដំណង់​ សេវាកម្ម​ផ្សេងៗគាត់​មាន​ចំណូល​និង​រកក្រៅ​ដល់​ទៅ​២០០ ​ទៅ​២៥០​ដុល្លារ​ដែល​គាត់​ចំណាយ។ ​នៅពេល​មានវិបត្តិនេះ​ ដំបូង​សង្ឃឹម​ថា​បាន​រហូត​ដល់​ទៅ​១១៦ដុល្លារ ​តែចុង​ក្រោយនេះ​យើងដឹង​ហើយ​ថាចំពោះ​ក្រុមហ៊ុន​ព្យួរមាន​តែ៧០​ដុល្លារ​ប៉ុណ្ណោះ»។

លោក​បាន​ទទូច​ស្នើសុំ​ដល់​រដ្ឋាភិបាល​កែសម្រួល​រឿងសង​បំណុល​ធនាគារ​ក្នុងពេល​ដែល​កម្មករនិង​ពលរដ្ឋ​មានបញ្ហា​អត់ការងារ​ធ្វើត្រូវ​ព្យួរការងារ​នេះ។

«អីចឹង​បានជា​យើងបាន​ស្នើទៅ​ខាង​រាជរដ្ឋាភិបាល​បើ​អាច​ទៅរួច​គឺក្នុង​អំឡុង​ពេលនេះ​គឺ​ស្នើឲ្យធនាគារ​ហ្នឹង​ពន្យាពេល​ឲ្យមាន​ការបង់ដើម​ និងការ​ប្រាក់​ក្នុងរយ:​ពីរទៅ​បីខែ​ ដើម្បី​សម្រួល​ឲ្យដំណើរការ​ជាប្រក្រតី​ឬក៏​ដំណើរការ​ជាទូទៅ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដូចជា​ខាង​ក្រុមហ៊ុន​ ខាងនិយោជក​ និង ​ខាង​រដ្ឋាភិបាល​មាន​លទ្ធភាព​ដំណើរការ​ទាំង​លំបាកនេះ​ទាំង​អស់គ្នា»។

ក្រុមអ្នក​តស៊ូមតិ​បាន​ទទូច​ស្រដៀងគ្នា​ឲ្យ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ដើម្បី​ជូយដល់​ពលរដ្ឋ​ដែលរងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូវីដ១៩។ ​ពលរដ្ឋខ្មែរ​យ៉ាង​តិច​២លាន​នាក់​បានខ្ចី​ប្រាក់ពី​ធនាគារ​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លានដុល្លារ ​ហើយមាន​ការលំបាក​ខ្លាំងក្នុង​ការ​បង់​បំណុល​ នៅពេល​សេដ្ឋកិច្ច​ប្រទេស​និងសេដ្ឋកិច្ច​ពិភព​លោក​ជាប់​គាំង៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG