ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រមួយចំនួនតូចងាកមកផលិតម៉ាស ខណៈរដ្ឋាភិបាលបញ្ចប់កំហិតការនាំចេញ


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ដេក​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧។

រោងចក្រ​មួយ​ចំនួន​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ បាន​ងាក​មក​ផលិត​ម៉ាស​វេជ្ជសាស្ត្រ​ច្រើន​ប្រភេទ​ដើម្បី​បញ្ចៀស​ការ​បិទ​រោងចក្រ​ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​ម៉ាស​និង​ផលិតផល​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ដោយ​សេរី​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ចាប់​តាំង​ពី​ចុង​ខែ​មីនា​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នូវ​រាល់​សម្ភារៈ​វេជ្ជ​សាស្ត្រ​នានា ​ដូច​ជា​ម៉ាស ​ទឹក​អាល់​កុល​លាង​ដៃ ​សម្លៀក​បំពាក់​ពេទ្យ ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ​ដោយ​រដ្ឋាភិបាល​ចង់​រក្សា​ទុក​សម្ភារៈ​ទាំង​នេះ​ក្នុង​ប្រទេស​ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ​ខែ​ឧសភា ​លោក ​គុណ ញឹម ​អគ្គនាយក​គយ​ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​សម្រេច​អនុញ្ញាត​ការ​នាំ​ចេញ​ម៉ាស​គ្រប់​ប្រភេទ​ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ទៀត​ឡើយ។ ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​កម្ពុជា​រក​មិន​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ជាង​៣​សប្តាហ៍​មក​នេះ។​

លោក ​គុណ ញឹម ​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​ ការ​បន្ធូរ​បន្ថយ​នេះ​កើត​មាន​«ដោយ​បច្ចុប្បន្ន​នេះ ​រាជ​រដ្ឋាភិបាល​អាច​គ្រប់​គ្រង ​និង​ធានា​បាន​នូវ​ស្តុក​បម្រុង​គ្រប់​គ្រាន់​នូវ​មុខ​ទំនិញ​ម៉ាស ​ដែល​បម្រើ​ដល់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូវីដ១៩​នៅ​ក្នុង​ប្រទេស»។​

ស្ថិតិ​របស់​ក្រសួង​ឧស្សាហ​កម្ម ​ដែល​កត់ត្រា​នៅ​ដើម​ខែ​មេសា​នេះ​បង្ហាញ​ថាមាន​រោងចក្រ​យ៉ាង​ហោច​៧​ និង​សិប្បកម្ម​យ៉ាង​ហោច​៧​មូលដ្ឋាន​ ផលិត​ម៉ាស ​ដែល​ខ្លះ​កំពុង​ដំណើរ​ការ ​និង​ខ្លះ​ទៀត​កំពុង​សុំ​ចុះ​បញ្ជី​ផលិត​ម៉ាស​និង​សម្លៀក​បំពាក់​ពេទ្យ។​

ក្រសួង​ឧស្សាហ​កម្ម​លើក​ឡើង​ថា​ បើ​រោង​ចក្រ​និង​សិប្បកម្ម​ទាំង​អស់​នេះ​ដំណើរ​ការ​ព្រម​គ្នា កម្ពុជា​មាន​លទ្ធភាព​ផលិត​ម៉ាស​យ៉ាង​ហោច​ណាស់​៩១​លាន​ម៉ាស​ក្នុង​មួយ​ខែៗ​ សម្លៀក​បំពាក់​ពេទ្យ​យ៉ាង​ហោច​១៧​លាន​សម្រាប់​និង​មួក​ពេទ្យ​យ៉ាង​ហោច​៩​លាន​មួក។​

ខណៈ​រោងចក្រ​សហគ្រាស​ជា​ច្រើន​ក្នុង​វិស័យ​កាត់​ដេរ​នេះ ​ត្រូវ​បិទ​ទ្វារ​ផ្អាក​ដំណើរ​ការ ​បណ្ដាល​ពី​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​រាលដាល​ជា​សកល​នៃ​វីរុស​កូរ៉ូណា ​នោះ​ ​រោងចក្រ​កាត់​ដេរ​យ៉ាង​ហោច​ចំនួន​៣ ​បាន​បង្វែរ​ឬ​បន្ថែម​ការ​ផលិត​ជា​ម៉ាស​ដើម្បី​បញ្ចៀស​ការ​ផ្អាក​ផលិត​កម្ម។ ​ នេះ​បើ​តាម​តួលេខ​របស់​រដ្ឋាភិបាល​ដែល​VOA​ទទួល​បាន។

រោងចក្រ​មីងហ្វៃ​(Ming Fai)​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ​ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បញ្ជា​ទិញ​ម៉ាស​សម្រាប់​ស្តុក​ក្នុង​ឃ្លាំង​បម្រុង​ប្រើ​ប្រាស់​របស់​រដ្ឋ​នោះ​ បាន​សម្រេច​ផ្លាស់​ប្តូរ​ទៅ​ផលិត​ម៉ាស​វិញ។​

រោងចក្រ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ហុងកុង​មួយ​នេះ​ ក៏​បាន​រង​ផល​ប៉ះពាល់​ ដោយ​សារ​ការ​បញ្ជា​ទិញ​ផលិតផល​ប្រើ​ប្រាស់​ក្នុង​សណ្ឋាគារ​ និង​យន្តហោះ​ធ្លាក់​ចុះ។​នេះ​បើ​យោង​តាម ​លោក អ៊ឹម សារ៉ាត់ ​តំណាង​រោងចក្រ​មីងហ្វៃ។

«ដោយ​សារ​តែ​កូវីដ១៩​នេះ​ឯង​ដល់​ពេល​អ៊ីចឹង​ទៅ​ នាំ​ឱ្យ​តម្រូវការ​នៃ​ការ​បញ្ជា​ទិញ​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ ... ហើយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បញ្ជា​ទិញ​ពី​ខាង​អឺរ៉ុប ​ពី​ខាង​អាមេរិក​ក៏​គេ​ផ្អាក​អ៊ីចឹង»។​

លោក​ អ៊ឹម សារ៉ាត់ ​បាន​ថ្លែង​ប្រាប់​VOA​តាម​ទូរស័ព្ទ​ថា ដើម្បី​បញ្ចៀស​ការ​ផ្អាក​ដំណើរ​ការ​ ​រោងចក្រ​មីងហ្វៃ​បាន​បង្វែរ​ផលិត​កម្ម​របស់​ខ្លួន​ទៅ​ជា​ការ​ផលិត​ម៉ាស ​ដែល​ជា​បរិក្ខារ​សំខាន់​សម្រាប់​បម្រើ​ឱ្យ​សកម្មភាព​វេជ្ជ​សាស្ត្រ ​និង​ជីវភាព​ប្រជាជន​ទូទៅ​ក្នុង​ការ​ការពារ​ទប់ទល់​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

«ដោយសារ​តែ​មាន​តម្រូវ​ការ​[ម៉ាស]​ពី​ខាង​Buyers​ (អ្នក​បញ្ជា​ទិញ)​ ​ខាង​ខ្ញុំ​នេះ​សម្រេច​ថា​ ផលិត​បន្ថែម​ផលិត​ផល​មួយ​មុខ​ទៀត​ទាក់​ទង​នឹង​ការ​ដេរ​ម៉ាស​នេះ»។

រោងចក្រ​ផ្សេង​ទៀត​ដែល​ប្តូរ​មក​ផលិត​ម៉ាស ​រួម​មាន​រោងចក្រ​ Roo Hsing Garment ​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ​ និង​រោងចក្រ​ Global Apparel Textile (Cambodia) Manufacturing ​ដែល​ពីមុន​ជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់។​

VOA​មិន​ទាន់​អាច​ទាក់​ទង​តំណាង​រោងចក្រ​ទាំង​នេះ ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។​

តំណាង​រោងចក្រ​មីងហ្វៃ ​លោក ​អ៊ឹម សារ៉ាត់ ​បន្ថែម​ថា​ បើ​គ្មាន​ការ​ផលិត​ម៉ាស​នោះ​ទេ រោងចក្រ​មាន​ការងារ​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​កម្មករ។​ លោក​បញ្ជាក់​ថា​ ការ​ប្តូរ​មក​ផលិត​ម៉ាស​នេះ​បាន​រក្សា​ការងារ​សម្រាប់​កម្មករ​ប្រមាណ​៧០%​ក្នុង​ចំណោម​កម្មករ​សរុប​២.៣០០​នាក់។​ លោក​ថា​ រោងចក្រ​នេះ​ក៏​មាន​គម្រោង​នាំចេញ​ដែរ​ បើ​មាន​តម្រូវការ​និង​ការ​បញ្ជា​ទិញ។​

តម្រូវ​ការ​ម៉ាស​និង​សម្លៀក​បំពាក់​ពេទ្យ​កំពុង​មាន​កម្រិត​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​ ខណៈ​ករណី​ឆ្លង​សរុប​វីរុស​កូរ៉ូណា​ក្នុង​សាកល​លោក ​មាន​ទៅ​ដល់​ជាង​៣​លាន​៦​សែន​នាក់​ គិត​ត្រឹម​សប្ដាហ៍​ដំបូង​នៃ​ខែ​ឧសភា​នេះ។

លោកស្រី ​Fadela Chaib ​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) ​ឱ្យ​ដឹង​ថាតម្រូវ​ការ​សម្ភារៈ​វេជ្ជ​សាស្ត្រ​បម្រើ​ឱ្យ​មន្ទីរ​ពេទ្យ​នៅ​ទូទាំង​ពិភព​លោក ​រួម​មាន​ម៉ាស​ បំពង់​ជំនួយ​ការ​ដក​ដង្ហើម​ និង​សម្លៀក​បំពាក់​ពេទ្យ ​កើន​ឡើង​២០​ដង​លើស​ពេល​ធម្មតា។ លោកស្រី​ប្រាប់​VOA​តាម​សារ​អេឡិច​ត្រូនិក ​ឬ​អ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា៖​

«យើង​បាន​ឃើញ​រោងចក្រ​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក​បាន​បង្វែរ​ខ្សែ​សង្វាក់​ការ​ផលិត​របស់​ខ្លួន​ទៅ​ផលិត​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​វិញ។​ ការណ៍​នេះ​ពិត​ជា​មាន​តម្រូវការ​ចាំ​បាច់​ណាស់​អំឡុង​ពេល​មាន​កលយុគ​ធ្ងន់ធ្ងរ​បំផុត​[នៃ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា]​ដែល​មិន​ធ្លាប់​មាន​នេះ»។​

កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ វា​មិន​ងាយ​នឹង​ប្រែ​ក្លាយ​ម៉ាស៊ីន​ផលិត​ខោអាវ ​និង​ស្បែក​ជើង​ទៅ​ផលិត​ម៉ាស​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ខ្ញុំ​អាច​គ្រាន់​តែ​បញ្ជាក់​ថា មិន​មែន​រដ្ឋាភិបាល​គិត​មិន​ឃើញ​ទេ។​ តាំង​ពី​ខ្ញុំ​ចេញ​ប្រជុំ​(ជា​មួយ​អ្នក)​កាសែត​ដំបូង​ ខ្ញុំ​ស្នើ​ឲ្យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​របស់​យើង​ផលិត​ម៉ាស។​ ប៉ុន្តែ​ធ្វើ​ទៅ​មិន​រួច​ ដោយ​ផ្ទេរ​អា​សង្វាក់​ផលិត​កម្ម​ទៅ​វា​មិន​បាន»។​

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

លោក​ អ៊ុំ សុថា​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហ​កម្ម ​ប្រាប់​VOA​ថា​ រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ឱ្យ​រោងចក្រ​កាត់​ដេរ​ងាក​ទៅ​ផលិត​ម៉ាស​ បើ​សិន​មាន​លទ្ធភាព​ តែ​លោក​ថា​ មិន​មែន​គ្រប់​រោងចក្រ​សុទ្ធ​តែ​អាច​ប្តូរ​ការ​ផលិត​បាន​ទេ។​

«មិន​មែន​ថា​ គាត់​មិន​ចង់​ទេ។ ប៉ុន្តែ​អ្នក​ខ្លះ​ការ​បង្វែរ​Convert​(ប្តូរ)​វា​ទៅ​ជា​ការ​ផលិត​ម៉ាស​អ៊ីចឹង​ ខ្លះ​គាត់​ត្រូវ​ខ្វះ​អ្នក​បច្ចេកទេស​ ដែល​ត្រូវ​រៀបចំ។​ អ៊ីចឹង ​ដែល​ត្រូវ​បង្វែរ​ភ្លាម​មិន​មែន​បាន​ដូច​ចិត្ត​យើង​ទេ ​ត្រូវ​កែច្នៃ​ខ្សែ​សង្វាក់​ផលិត​កម្ម​ខ្លះ។​ នេះ​ទីមួយ។​ ទីពីរ​គឺ ​ចំពោះ​រោងចក្រ​មួយ​ចំនួន​ដែល​យើង​ដឹង ​ខ្វះ​គឺ​ខ្វះ​ហើយ ​តែ​គាត់​ចង់​ឱ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ច្បាស់​លាស់​ដែរ»។​

ដូច​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែរ​ លោក​ ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​មាន​ប្រសាសន៍​ថា​ ការ​បង្វែរ​ផលិតកម្ម​ទៅ​ធ្វើ​ម៉ាស​វិញ​នោះ​ ​សម្រាប់​រោងចក្រ​កាត់ដេរ វា​មិន​មែន​ជា​រឿង​ធម្មតា​ដែល​អាច​ធ្វើ​បាន​ដោយ​ងាយ​ឡើយ​ ដោយសារ​តែ​ម៉ាស៊ីន​ផលិត​មាន​ទ្រង់ទ្រាយ​ខុស​គ្នា ​ហើយ​ការ​ផលិត​ម៉ាស​ទាមទារ​ឱ្យ​មាន​បន្ទប់​លម្ហ​ផលិត​កម្ម​ដែល​មាន​អនាម័យ ​និង​ស្អាត​បំផុត។​

«វា​ពិបាក​ខ្លាំង​ណាស់។​ វា​មិន​ដូច​លោក​គិត​ថា​ងាយ​ស្រួល​ឡើយ។ ​បើ​វា​ងាយ​នោះ​ មកដល់​ម៉ោង​នេះ​ យើង​ជា​រោង​ចក្រ​ទាំងអស់​ធ្វើការ​បម្លែង​មក​ផលិត​ម៉ាស​រួច​ទៅ​ហើយ»។​

តំណាង​សមាគម​ថៅកែ​រោងចក្រ​រូប​នេះ​លើក​ឡើង​ថា​ អ្នក​វិនិយោគ​មិន​ទាន់​រក​ច្រក​ចេញ​ឃើញ​នៅ​ឡើយ​អំពី​ជម្រើស​សេដ្ឋ​កិច្ច​ផ្សេង​ទៀត​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ ខណៈ​អ្នក​បញ្ជា​ទិញ​នៅ​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក ​មិន​ទាន់​ទទួល​ផលិត​ផល​ដែល​ផលិត​សម្រេច​ ហើយ​មិន​មាន​ការ​បញ្ជា​ទិញ​ថ្មី។​

លោក​បញ្ជាក់​ថា៖​«គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ។ ​នេះ​ហើយ​ជា​បញ្ហា»។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប៉ាន់​ប្រមាណ​ថា​ គិត​ពី​ខែ​មករា​រហូត​ដល់​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ ​រោងចក្រ​ដែល​បិទ​ ឬ​ផ្អាក​ដំណើរ​ការ​ អាច​កើន​ទៅ​ដល់​ប្រមាណ​២៤០ ​ដែល​ប៉ះពាល់​ដល់​ការងារ​កម្មករ​សរុប​ប្រមាណ​៣០​ម៉ឺន​នាក់។​

អ្នកស្រី ​យ៉ាង សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​យល់ស្រប​នឹង​ការ​លើក​ឡើង​របស់​តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​ ដោយ​ថ្លែង​ថា​ ​ផលិត​កម្ម​រោងចក្រ​ធំៗ ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ​ហាក់​ពិបាក​ប្តូរ​ទៅ​ផលិត​ម៉ាស​វិញ​ ដែល​អ្នកស្រី​ថា​ អាច​មាន​តម្រូវ​ការ​ប៉ុន្តែ​មិន​មែន​ក្នុង​រយៈ​ពេល​វែង​នោះ​ទេ។​ មេ​ដឹកនាំ​សហជីព​រូប​នេះ ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ដែល​កម្មករ​ជា​ច្រើន​បាន​បាត់បង់​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដែរ​នេះ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ ​ស្បែក​ជើង​ និង​ផលិត​ផល​សម្រាប់​ធ្វើ​ដំណើរ ​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា ​ដែល​មាន​រោងចក្រ​សរុប​ប្រមាណ​១.០៧០។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ជាង​៨០​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​បាន​ព្យាករ​ថា ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា​នេះ​នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ​ថម​ថយ​ ពោល​គឺ​អាច​ធ្លាក់​ចុះ​ពីការ​ព្យាករ​ពីមុន​ដែល​ថា​ មាន​កំណើន​៦,៨% ​នោះធ្លាក់​រហូត​ដល់​ទៅ​១,៥%​ ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG