ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ការពារ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុង​ជំនួប​ដំបូង​ជាមួយ​ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ


លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស​កម្ពុជាជួបប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ លោក​ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា)

នៅ​ក្នុង​ជំនួបលើកដំបូងជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ដែល​ទើប​ចូល​កាន់​តំណែង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុនបាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាលលើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​រិះគន់​ដោយ​សហគមន៍​អន្តរជាតិក្រុម​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​១ ខែ​កក្កដា​ស្តីពី​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​និង​លោក​ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ថ្មី​សម្រាប់​កម្ពុជា​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។

លោក​សាស្រ្តាចារ្យ​វិទិត ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​អ្នក​តស៊ូ​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប បាន​ទទួល​តួនាទី​ជា​ប្រេសិត​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប)​ កាល​ពី​ដើម​ខែ​ឧសភា ជំនួស​អ្នកស្រី​ Rhona Smith​ ដែល​ត្រូវ​បាន​រិះគន់​ដោយ​រដ្ឋាភិបាល​កម្ពុជា​រឿង​ការ​បារម្ភ​អំពី​ការ​ធ្លាក់ចុះ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​តំបន់ ​បញ្ហា​ជំងឺ​កូវីដ១៩​និង​ប្រធានបទ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​របស់​ពលរដ្ឋ។

ក្រសួង​បញ្ជាក់​ថា​លោក​សាស្រ្តាចារ្យ​បាន​«ចាត់ទុក​ខ្លួន​លោក​ជាមិត្តល្អ​របស់​កម្ពុជា»​ដោយ​លោក​បាន​សាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិកា​រយ៉ាង​ទូលំ​ទូលាយ​របស់​កម្ពុជានៅ​ក្នុងយន្តការ​សិទ្ធិមនុស្ស។

លោក​ប្រាក់ សុខុន​បាន​អបអរសាទរ​ចំពោះ​លោក​សាស្ត្រាចារ្យ​វិទិត​ មុនតាប៊ន​ដែល​បាន​ទទួល​ការតែង​តាំងជា​អ្នករាយការណ៍​ពិសេសថ្មី និង​បាន​ស្វាគមន៍​«ចំពោះ​វិធីសាស្ត្រ​ប្រកប​ដោយ​ការ​គោរព​របស់​លោក​សាស្ត្រាចារ្យ​ព្រមទាំង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​រាយការណ៍​ពិសេស»។

ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ និងសិទ្ធិ​របស់​ពលរដ្ឋ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន បាន​សង្កត់ធ្ងន់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ការវាយ​តម្លៃ​ណាមួយ​មកលើ​ប្រទេស​កម្ពុជា​គួរតែ​ចងចាំ​ថា​តើ​ការ​វាយ​តម្លៃ​នោះ​ចេញ​ពី​ប្រភព​ណា​ហើយ​វា​ស្ថិត​នៅត្រង់​ណា​នៅ​ពេលនេះ។ លទ្ធិប្រជាធិបតេយ្យ​មិនមែន​ជា​ការ​រត់ប្រណាំង​ចម្ងាយ​ខ្លី​នោះទេ​ប៉ុន្តែ​វាជា​ការរត់​ចម្ងាយ​ឆ្ងាយ​មួយ។​រាល់​វិធានការ​ច្បាប់​និង​គ្រប់គ្រង​រដ្ឋបាល​ត្រូវ​បាន​ពង្រឹង​និង​អនុវត្ត​នៅក្នុង​ព្រំដែន​ច្បាប់»។

លោក​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​បន្ថែម​ថា៖ «ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​តុលាការ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​និងការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ជន​ជាប់ចោទ​មាន​ឱកាស​ពេញលេញ​ក្នុងការ​ស្តាប់​និង​បដិសេធ​រាល់ការ​ចោទប្រកាន់​ដែល​ជា​ផ្នែក​មួយនៃ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ»។

លោក​សាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (រូប​ឆ្វេង​លើ​អេក្រង់)​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ កាល​ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា)
លោក​សាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (រូប​ឆ្វេង​លើ​អេក្រង់)​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ កាល​ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា)

មុន​ជំនួប​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា​អ្នក​រាយការណ៍​ពិសេស​ក៏បាន​ជួប​តាម​ប្រព័ន្ធ​អនឡាញ​ដូចគ្នា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​លោក​ ស ខេង ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ដោយ​មាន​ប្រធាន​បទ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ផងដែរ។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​លោក​ស ខេង។ លោក​សាស្រ្តាចារ្យ​វិទិត មុនតាប៊ន ក៏​បាន​ជួប​ជាមួយ​បណ្តា​ឥស្សរជន​នៃ​រដ្ឋាភិបាល​កម្ពុជា​ផ្សេង​ទៀត​ដូចជា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​ក្រសួង​សុខាភិបាល​ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា​និង​ក្រសួង​យុត្តិធម៌។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​(OHCHR)បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​លើក​ឡើង​អំពី​«ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​យុត្តិ​ធម៌ គឺ​ជា​គន្លឹះ​មួយសម្រាប់​កិច្ច​សន្ទនា»។ លោក​បាន​អរគុណ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​សម្រួល​ដល់​កិច្ចប្រជុំ​តាម​អនឡាញ​ចាប់ពី​ថ្ងៃទី២៣ ​ខែមិថុនា​ដល់ថ្ងៃ​ទី១ ​ខែកក្កដា​សម្រាប់​«កិច្ច​សន្ទនា​បើក​ចំហ​និងប្រកប​ដោយ​ន័យ​ស្ថាបនា»។

លោក​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ថា៖​«គោល​បំណង​នៃ​កិច្ចប្រជុំ​ទាំងនេះ​គឺ​ដើម្បី​ណែនាំ​ឲ្យ​ស្គាល់​អំពី​វិធីសាស្រ្ត​និង​បញ្ហា​ជា​អាទិភាព​នៃ​អាណត្តិ​ការងារ​របស់​ខ្ញុំ​និង​ដើម្បី​ពិភាក្សា​អំពី​វិធី​ផ្សេងៗ ដើម្បី​ពង្រឹង​កិច្ចសន្ទនា​និង​កិច្ចសហការ​របស់​យើង។ កិច្ចប្រជុំ​ទាំងនេះ​បាន​ផ្តល់​ឱកាស​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ជា​អាទិភាព​ផ្នែក​សិទ្ធិមនុស្ស​រួម​មាន៖​ លម្ហ​ពលរដ្ឋ​និង​ប្រជាធិបតេយ្យ ស្ថានភាព​សិទ្ធិមនុស្ស​និង​ស្ថានភាព​ជំងឺ​កូវីដ​ស្ថានភាព​ពន្ធនាគារ​ការ​បង្កើត​ច្បាប់​ សិទ្ធិ​ស្រ្តី​និង​យេនឌ័រ ​និង​សិទ្ធិ​សេដ្ឋកិច្ច​និង​សង្គម»។

អ្នក​រាយការណ៍​ពិសេស​រូប​នោះបន្ថែម​ថា៖ «កិច្ចប្រជុំ​ទាំងនេះ​បាន​លើក​ឡើង​ផងដែរ​អំពី​លទ្ធភាព​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​និងការ​អនុវត្តន៍​ផ្សេងៗ​ដែលមាន​ឥទ្ធិពល​ដល់ការ​ទទួល​បាន​សិទ្ធិមនុស្ស​និង​ស្ថានភាព​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​ការ​គោរព​ពហុនិយម​និងការ​ទទួល​បាន​យុត្តិធម៌។ បញ្ហា​ទាំងនេះ​ភាគច្រើន​នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​របាយការណ៍​ដំបូង​របស់​ខ្ញុំ​ដែល​នឹង​កំណត់​ធ្វើ​នា​សម័យ​ប្រជុំ​លើក​ទី៤៨​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស»។

លោក ​វិទិត មុនតាប៊ន បញ្ជាក់​ថា​ក្នុង​នាម​ជា​អ្នកជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោក​មាន​អាណត្តិ​ការងារ​ជាក់​លាក់មួយ​គឺ​«ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​យ៉ាងពេញ​លេញ​នូវ​សិទ្ធិមនុស្ស»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្តន៍​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​រួមទាំង​សន្ធិសញ្ញា​ទាំងឡាយ​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​យក​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ការ​ត្រួតពិនិត្យ​របាយការណ៍​ជា​សកល​តាម​កាល​កំណត់។ ខ្ញុំជឿ​ជាក់​លើ​ការ​ចូលរួម​ប្រកប​ដោយ​ន័យ​ស្ថាបនា​និង​កិច្ចសន្ទនា​ដោយ​បើក​ចំហ​ហើយ​វិធីសាស្រ្ត​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​គោលការណ៍​និង​គុណតម្លៃ​ទាំងឡាយ​ដែល​បាន​តម្កល់​នៅ​ក្នុង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ»។

រូប​ឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូប​ឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ​ជិន ម៉ាលីន ​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អ្នកនាំពាក្យ​របស់​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ជួបជាមួយអ្នករាយការណ៍​ពិសេស​ដែរ​បាន​ថ្លែង​ថា​ជំនួប​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​រវាង​គ្នា​ហើយ​អ្នករាយការណ៍​ពិសេសក៏បាន​ស្តាប់​ការ​បកស្រាយ​របស់​កម្ពុជា។ លោក​បន្ថែម​ថាមាន​ការ​ឯកភាពគ្នា​លើ​ចំណុច​ខ្លះ ហើយ​ចំណុចខ្លះទៀត​ក៏មិន​ទាន់​មាន​ការ​ឯកភាពគ្នា​នៅឡើយ​ទេ ដោយសារប្រហែល​មក​ពី «ការ​យល់​ខុសគ្នា ឬ​ការ​ទទួល​ព័ត៌មាន​ពីប្រភព​ខុសគ្នា»។

លោក​ ជិន ម៉ាលីន ក៏​បាន​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​បំពេញ​ការងារ​ដោយ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ហើយ​ខ្ញុំសង្ឃឹម​ថា​អ្នក​រាយការណ៍​ គាត់​នឹង​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​គោល​ការណ៍​ក៏​ដូច​ជា​ច្បាប់​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ហើយ​គោរព​នូវ​អធិបតេយ្យភាព​ឯករាជ្យភាពនិង​មិន​លូកលាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ហើយ​ប្រើប្រាស់​ជំនាញ​បទពិសោធន៍​របស់​គាត់​ហ្នឹង​ក្នុង​ការ​ធ្វើការ​សហការ​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង»។

លោក​សាស្ត្រាចារ្យ​ វិទិត មុនតាប៊ន ​ជា​អ្នកជំនាញ​ច្បាប់​ថៃ​ដែល​មាន​ពិសោធន៍​នៅ​អង្គការ​សហប្រជាជាតិ​លើ​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង​និង​ស៊ីរី​ត្រូវ​បាន​តែងតាំង​ផ្លូវការ​ជា​អ្នក​រាយការណ៍​ពិសេស អ.ស.ប.​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ចាប់ផ្ដើម​អាណត្តិ​ការងារ​ពីថ្ងៃទី១​ខែឧសភា​ ឆ្នាំ២០២១។ លោក​ជា​អ្នក​ជំនាញ អ.ស.ប.ទី ៧​ហើយ​ដែល​ទទួល​បន្ទុកឃ្លាំមើល​រាយការណ៍​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​សាស្ត្រាចារ្យ​បានជំនួស​អ្នកស្រី ​Rhona Smith ​ដែល​កាន់​តួនាទី​ជាប្រេសិត​ពិសេស​នេះ​តាំងពី​ឆ្នាំ២០១៥​មក ហើយ​អ្នកស្រី​ក៏​ត្រូវបាន​រិះគន់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ជាបន្ត​បន្ទាប់​ជា​ការ​ប្រតិកម្ម​នឹង​ក្តី​បារម្ភ​របស់​អ្នកស្រី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នក​តាមដាន​ធ្លាប់​ព្យាករថា​កាលៈទេសៈ​នៃស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ននេះ នឹង​ជា​វិញ្ញាសា​ប្រឈម​លំបាក​សម្រាប់អ្នក​រាយការណ៍​ពិសេស​ខណៈ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​បាន​រិះគន់​អំពី​ការ​បង្ក្រាប​នយោបាយ​តាម​ផ្លូវតុលាការ​លើ​អ្នក​ជំទាស់​ក៏ដូច​ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ផង​ដែរ៕

XS
SM
MD
LG