ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កសិកម្ម​ចេញ​វិធានការ​សម្រួល​ដល់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី


រូបឯកសារ៖ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ អំពីការ​ផលិត​បន្លែក្នុង​ស្រុក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ អំពីការ​ផលិត​បន្លែក្នុង​ស្រុក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ធ្វើ​ការ​ណែនាំ​ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​​ទូលំទូលាយ​ដល់​ក្រុម​កសិករ​ឬសហគមន៍​កសិកម្ម​ ព្រមទាំង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ ឲ្យ​ចូលរួម​បង្កើន​ផលិត​កម្មដំណាំ​ស្វាយ​ចន្ទី​ ជាមួយ​សមាគម​ស្វាយ​ចន្ទី​វៀតណាម​​ឲ្យ​បាន​ល្អប្រសើរ​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទីផ្សារ​នាំចេញ»។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ចេញ​វិធានការ​មួយចំនួន​ ដើម្បី​សម្រួល​ដល់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​ ដែល​កំពុង​មានតម្រូវការ​ពី​ទីផ្សារ​អន្តរជាតិ។ នេះ​បើ​យោង​តាម​សេច​ក្តី​ណែនាំ​របស់​លោក​ វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សាខុន​ ចុះថ្ងៃ​ទី​ ២៥​ ខែ​មករា​ ឆ្នាំ​ ២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខាលើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ «សមាគម​ស្វាយ​ចន្ទី​វៀតណាម ស្តីពី​ការជំរុញ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ» កាលពីថ្ងៃ​ទី​១៧​ ខែ មករា​ ឆ្នាំ​ ២០១៨កន្លង​ទៅ​នេះ។​ ទន្ទឹម​នឹង​នេះ​ ភាគី​សមាគម​ស្វាយ​ចន្ទី​វៀតណាម​បាន​យល់​ព្រម​ផ្តល់​ប្រភេទ​ពូជស្វាយ​ចន្ទី​គាំទ្រ​បចេ្ចកទេស​និង​ប្រមូល​ទិញ​ផលិតផល​ស្វាយ​ចន្ទី​ពី​កសិករ​ ឬ​សហគមន៍​កសិកម្ម​ ដោយ​អនុវត្ត​តាម​គោលការណ៍​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា។

ដើម្បី​បង្កើនផលិតកម្ម​ដំណាំ​ស្វាយ​ចន្ទី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​លោក​ វេង​ សាខុន​ បាន​ផ្តល់ការ​ណែនាំ​មួយ​ចំនួន​ រួម​មាន ពិនិត្យ​ សិក្សា​អំពី​សក្តានុពល​ជា​យុទ្ធសាស្ត្រ​និងតំណត់​តំបន់​ដាំដុះ​ដំណាំ​ស្វាយ​ចន្ទី​ សម្រាប់​ប្រជា​កសិករ​និង​សហគមន៍​កសិកម្ម​ ធ្វើការ​ផលិត​និង​ភ្ជាប់​ទីផ្សារ​តាម​រយៈ​ការ​អនុវត្ត​ផលិតកម្ម​តាម​កិច្ច​សន្យា​ក្រោម​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ ស្តីពីការ​ជំរុញ​ផលិតកម្ម​ស្វាយ​ចន្ទី​កម្ពុជា​ សម្រាប់​ការ​នាំ​ចេញ​ ជាមួយ​សមាគម​ស្វាយ​ចន្ទី​វៀតណាម។

លោករដ្ឋមន្ត្រី​ វេង សាខុន ក៏​បាន​ជំរុញ​ឲ្យមានការ​សម្របសម្រួល​ និងសហការ​ឲ្យបាន​ជិតស្និទ្ធ​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម​ ក្នុង​ការ​ជ្រើសរើស​ក្រុម​ផលិត​ ការ​ផ្តល់​បច្ចេក​ទេស​ទំនើប​ជូន​ដល់​ក្រុម​កសិករ​ ឬ​សហគមន៍​កសិកម្ម​ ដើម្បី​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទី​ជំនួស​ប្រភេទ​ ដំណាំ​ណា​ដែល​ផ្តល់​ទិន្នផល​ទាប​ដែល​មិន​សមស្រប​នឹង​ប្រព័ន្ធក្សេត្រ​បរិស្ថាន​ចំពោះ​មុខ​និង​ទៅ​អនាគត។

ចំពោះ​សេចក្តីណែនាំ​ចុង​ក្រោយ​ លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ធ្វើ​ការ​ណែនាំ​ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បានទូលំទូលាយ​ដល់​ក្រុម​កសិករ​ឬសហគមន៍​កសិកម្ម​ ព្រមទាំង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ ឲ្យ​ចូលរួម​បង្កើន​ផលិត​កម្មដំណាំ​ស្វាយ​ចន្ទី​ ជាមួយ​សមាគម​ស្វាយ​ចន្ទី​វៀតណាមឲ្យ​បាន​ល្អប្រសើរ​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទីផ្សារ​នាំចេញ»។

ដោយឡែក​ កាល​ពី​សបា្តហ៍មុន​នេះ​ លោក​ ប៉ុល សុផា​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ បាន​រាយការណ៍​ប្រាប់​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រក្ខាប្រមាញ់​ និង​នេសាទ អំពី​ស្ថានភាព​នៃ​ផលិតកម្ម​ និង​តម្លៃ​កៅស៊ូ។

យោងតាម​របាយការណ៍​របស់​លោក​ ប៉ុល​ សុផា​ ចុះថ្ងៃ​ទី​ ១៦ ខែមករា​ ឆ្នាំ​ ២០១៨​ បាន​ឲ្យដឹង​ថា​ កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុបចំនួន​ ៤៣៦,៣៣៩​ ហិកតា​ ដែលក្នុង​នោះ​ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ ១៧០​ ២៣០​ហិកតា​ ស្មើ​នឹង​៣៩.០១ភាគរយ​ និង​ផ្ទៃដី​ថែទាំមាន​ចំនួន​ ២៦៦,១០៩​ ហិកតា​ ស្មើនឹង​៦០.៩៨ភាគរយ។

របាយការណ៍​អគ្គនាយកដ្ឋានកៅស៊ូ​ បាន​ឲ្យដឹង​បន្ត ថា​ បរិមាណ​ផលិត​ផលសម្រេច​បាន​ក្នុង​រយៈ​ពេល​១២​ខែ​ មានចំនួន​ ១៩៣,២៨៦​តោន​ បាន​កើន​ឡើង​ ចំនួន​ ៤៨ ០៨៧​តោន​ ស្មើ​នឹង​៣៣ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ បរិមាណ​បញ្ចេញ​លក់​ក្នុង​រយៈពេល​១២​ខែ​មាន​ចំនួន​ ១៨៨,៨៣២​តោន បាន​កើនឡើង​ចំនួន ៤៣,៧៣២ ​តោន​ ស្មើនឹង​ ៣០​ភាគរយ​ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​មុន។​

របាយការណ៍​ដដែល​បាន​សរសេរ​បញ្ជាក់​ពី​តម្លៃ​របស់​កៅស៊ូ​ ក្នុង​ន័យ​ដើម​ថា៖

«តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុងរយៈ​ពេល​១២​ ខែ​ គឺ​១ ៥៨៦​ ដុល្លារ​ក្នុងមួយ​តោន​ បាន​កើនឡើង​ ៣០៣​ដុល្លារ​ក្នុង​មួយ​តោន​ ស្មើនឹង​២៤​ភាគរយ​ បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​មុន»។

ទាក់ទិនបញ្ហា​កសិកម្មនេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទើបតែ​បាន​ស្នើ​ឲ្យប្រទេស​ឥណ្ឌា​ជួយ​ពង្រឹង​វិស័យកសិកម្មកម្ពុជា​ តាម​រយៈប្រព័ន្ធព័ត៌មាន​វិទ្យារបស់​ឥណ្ឌា​ ក្នុងការ​ពិនិត្យ​មើល​គុណ​ភាព​ដី​ និងបែងចែក​តំបន់​ដាំដុះ។ ការស្នើនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​អំឡុង​ពេលនៃ​ដំណើរ​ទស្សនកិច្ចផ្លូវ​ការរបស់​លោក​ ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ដែ​លមាន​រយៈពេល​បី​ថ្ងៃ​ គឺ​គិត​ចាប់​តាំង​ពីថ្ងៃ​ទី​ ២៤​ ដល់​ថ្ងៃទី​២៧​មករា​ ឆ្នាំ​ ២០១៨នេះ។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្ដមភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​និង​អាហារូបត្ថម្ភ​ ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា​(USAID)​ បាន​ឲ្យ​ដឹង​ថា​ ៨០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជា​មួយ​កសិកម្ម។ ៦៥​ភាគរយ​ នៃ​មុខរបរ​របស់​ប្រជាជន​ គឺ​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ហើយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​៣២​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​នៅ​ក្នុង​ឆ្នាំ​២០១៣។ ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​ប្រមាណ​ ៣,៧​ លាន​ហិកតា​ សម្រាប់​ការងារ​ដំាដុះ៕

XS
SM
MD
LG