សកម្មជនបរិស្ថានប្រកាសធ្វើយុទ្ធនាការមិនប្រើប្រាស់ទំនិញ និងសេវាកម្មក្រុមហ៊ុន វ័នម៉រ របស់លោកស្រី ជឹង សុគន្ធាវី ដើម្បីការពារដីឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានដីជាង ៨០០ ហិកតានៅតំបន់ទាំងពីរពីរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍគម្រោងទេសចរណ៍។
លោកស្រី ជឹង សុគន្ធាវី ត្រូវជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន ដែលស្និទ្ធនឹងគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាឧកញ៉ាដែលគេដឹងថាល្បីក្នុងការទន្ទ្រានដីព្រៃនិងលុបបឹង។ លោកស្រី ជឹង សុគន្ធាវី ដែលទើបទទួលងារជាឧកញ៉ាកាលពីឆ្នាំ ២០២១ នោះ គឺជាម្ចាស់ក្រុមហ៊ុនវ័នម៉រ (One More Ltd.) និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co., LTD) ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ ២០១៩។
ទំនិញនិងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុនវ័នម៉រ ដែលក្រុមសកម្មជនបរិស្ថានប្រកាសធ្វើពហិការមិនប្រើប្រាស់នោះមានដូចជា ទឹកបរិសុទ្ធឱរ៉ាល់ មីជាតិ ភោជនីយដ្ឋានវ័នម៉រ ដែលស្ថិតក្រោមក្រុមហ៊ុន NVC Corporation។
ការធ្វើពហិការតាមអនឡាញនេះ ផ្តើមចេញពី កញ្ញា ស៊ុន រដ្ឋា ជាសកម្មជនបរិស្ថានម្នាក់ ដែលបានបង្ហោះរូបថតមួយសន្លឹកលើគណនីហ្វេសប៊ុករបស់កញ្ញាកាលពីថ្ងៃពុធ ដោយមានដាក់សញ្ញាខ្វែងលើរូបរបស់ លោកស្រី ជឹង សុគន្ធាវី និងលើរូបសញ្ញាផលិតផលរបស់ក្រុមហ៊ុនលោកស្រី ភ្ជាប់ជាមួយសារ «យើងរួមគ្នាពហិការមិនប្រើផលិតផលទាំងនេះដើម្បីសង្គ្រោះឧទ្យានជាតិគិរីរម្យនិងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់»។
ក្រោយការបង្ហោះរូបនោះ គេឃើញសកម្មជនបរិស្ថានផ្សេងទៀត និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗគ្នា។
កញ្ញា ស៊ុន រដ្ឋា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លើកឡើងថា មូលហេតុដែលក្រុមយុវជនការពារបរិស្ថានសម្រេចធ្វើពហិការនេះ ដោយសារមិនពេញចិត្តចំពោះការផ្តល់ដីឧទ្យានជាតិដែលជាសម្បតិ្តរដ្ឋទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់។ កញ្ញាបន្តថា ដីឧទ្យានជាតិគិរីរម្យជាដីដែលបម្រើប្រយោជន៍សាធារណៈ ហើយកញ្ញាព្រួយបារម្ភថា ការអភិវឌ្ឍនេះនឹងអាចធ្វើឱ្យមានផលប៉ះពាល់ស្រដៀងនឹងស្ថានភាពរបស់ភ្នំតាម៉ៅ។
កញ្ញាថ្លែងថា៖ «ប៉ុន្តែយើងឃើញថា ដីហ្នឹងនៅបម្រើប្រយោជន៍សាធារណៈ ប្រជាជនអាចរស់នៅហ្នឹងបាន អាចទទួលបានចំណូលពីទេសចរណ៍ពីគិរីរម្យនៅឡើយទេ។ ប៉ុន្តែបែរជាផ្តល់ឱ្យក្រុមហ៊ុនឯកជន ហើយយើងបារម្ភនៅពេលដែលឱ្យក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍ យើងបារម្ភគិរីរម្យនឹងមានវាសនាដូចភ្នំតាម៉ៅ»។
កញ្ញាក៏បន្ថែមថា ការកាត់ដីឧទ្យានជាតិនេះនឹងធ្វើឱ្យប៉ះពាល់ដល់ដែនជម្រកសត្វព្រៃ ចំណូលប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានជាតិ និងការកើនឡើងកម្តៅផែនដីជាដើម។
កញ្ញាថ្លែងថា៖ «ទី ១ យើងអត់ដឹងទេថាការអភិវឌ្ឍនឹងទៅជារូបរាងបែបណាដោយសារតែយើងបារម្ភដូចទៅនឹងភ្នំតាម៉ៅ គឺមានការកាប់ព្រៃរហូតដល់អស់រលីង។ ទី ២ ទោះបីជាមិនកាប់ព្រៃ ប៉ុន្តែវានឹងប៉ះពាល់ទៅដល់សត្វដែលជាដែនជម្រកសត្វព្រៃដែលរស់នៅក្នុងព្រៃហ្នឹង។ ទី ៣ ទាក់ទងជាមួយផលចំណូលរបស់ប្រជាពលរដ្ឋដែលគាត់អាស្រ័យផលទៅលើចំណូលទេសចរណ៍ ពីព្រៃឈើនៅហ្នឹងដូចគ្នាដែរ»។
ចំណែក លោក សាន ម៉ាឡា មន្ត្រីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លើកឡើងថា ការធ្វើពហិការរបស់ក្រុមយុវជនបរិស្ថាន គឺដើម្បីផ្ញើសារទៅអ្នកមានអំណាច កុំឱ្យមានភាពលោភលន់កាន់កាប់ដីដែលជាតំបន់អភិរក្សព្រៃឈើ និងបរិស្ថាន។
លោកថ្លែងថា៖ «ការធ្វើពហិការទាំងអស់នេះដើម្បីបង្ហាញពីការមិនពេញចិត្តរបស់យើង ជាពិសេសគឺចង់ផ្ញើសារទៅឱ្យក្រុមអ្នកមានលុយដែលមានអំណាច កុំឱ្យគាត់មានសេចក្តីលោភលន់ប្រាថ្នាចង់តែកាប់បំផ្លាញ ឬក៏កាន់កាប់ដីដែលមានព្រៃឈើ ដែលមានសារសំខាន់សម្រាប់បរិស្ថាន សម្រាប់សត្វព្រៃ ក៏ដូចជាប្រជាជនខ្មែរយើងទាំងមូល»។
មន្ត្រីតស៊ូមតិនៃគម្រោងការពារព្រៃឈើរូបនេះបន្តថា លោកនិងក្រុមយុវជនបរិស្ថាន ទាមទារឱ្យរដ្ឋាភិបាលដកហូតដីទំហំ ៨៧០ ហិកតាទៅក្រោមការកាន់កាប់របស់រដ្ឋវិញ ដោយបារម្ភថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន អាចនឹងវិវឌ្ឍទៅជាការសាងសង់បុរី ឬផ្ទះប្រណិត ដែលធ្វើឱ្យប៉ះពាល់ដល់ដែនជម្រកសត្វព្រៃ ព្រៃឈើ និងបរិស្ថានដែលបណ្តាលមកពីកាប់បំផ្លាញព្រៃឈើ។
លោកថ្លែងថា៖ «យើងខ្លាចដែនជម្រកសត្វព្រៃឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យនេះវិវឌ្ឍទៅជាកន្លែងសម្រាប់អ្នកមាន ឬក៏គេគ្រាន់តែធ្វើការកាប់បំផ្លាញដកហូតយកឈើបន្ទាប់មក ដែលដូចទៅហ្នឹងអ្វីដែលកើតឡើងនៅព្រះវិហារបាទ។ [នៅ] ព្រះវិហារគេក៏ធ្វើការឈូសឆាយដីព្រៃក្នុងគោលបំណងដើម្បីអភិវឌ្ឍទៅជារោងចក្រផលិតស្ករសធំជាងគេនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបន្ទាប់ពីកាប់ឆ្ការ ដកហូតយកឈើហើយ យើងឃើញថារោងចក្រនោះក៏ក្ស័យធនលែងដំណើរការ លែងផលិតស្ករស នេះជាក្តីបារម្ភរបស់អ្នកការពារបរិស្ថាន»។
បើតាមលោក សាន ម៉ាឡា ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុដែលធ្វើឡើងក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលបានប្តេជ្ញាចិត្តបង្កើនជម្រកព្រៃឈើឱ្យបាន ៦០ ភាគរយត្រឹមឆ្នាំ ២០៣០ ប៉ុន្តែលោកថា ក្នុងសកម្មភាពជាក់ស្តែងបែរជាឃើញមានការកាប់បំផ្លាញ និងឈូសឆាយព្រៃឈើនៅតាមតំបន់អភិរក្សទៅវិញ។
គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍នេះ សារដែលបង្ហោះដោយ កញ្ញា ស៊ុន រដ្ឋា មានអ្នកចែករំលែកជាង ៣.៥០០ ដង ចំណែកលើគណនីហ្វេសប៊ុករបស់ លោក សាន ម៉ាឡា ដែលបានបង្ហោះសារដូចគ្នានោះ មានអ្នកចែករំលែកជាង ១៤.៩០០ ដង។
ក្នុងរបាយការណ៍របស់អង្គការ Global Witness ចេញកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ស្ថិតក្រោមក្រុមហ៊ុន NVC Corporation មានម្ចាស់ជា លោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
VOA បានព្យាយាមទាក់ទង លោកស្រី ជឹង សុគន្ធាវី តាមរយៈលេខទូរសព្ទដែលលោកស្រីប្រើក្នុងការចុះបញ្ជីក្រុមហ៊ុនវ័នម៉រ និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី លើគេហទំព័រក្រសួងពាណិជ្ជកម្ម ប៉ុន្តែមានអ្នកលើក ហើយថាមិនមែនជាលេខរបស់លោកស្រី។
ក្នុងអនុក្រឹត្យពីរចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានយោងសំណើរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។ មាត្រា ១ នៃអនុក្រឹត្យចេញនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ បានកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ៦៤៩ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី។
មាត្រា ២ នៃអនុក្រឹត្យនេះ សរសេរតាមន័យដើមថា៖ «ត្រូវបានធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ផ្ទៃដីទំហំ ៦៤៩ (ប្រាំមួយរយសែសិបប្រាំបួន) ហិកតា ដូចមានក្នុងមាត្រា ១ នៃអនុក្រឹត្យនេះ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (ONE FRATERNITY CO., LTD) សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ»។
ចំណែកអនុក្រឹត្យចេញនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាពផ្ទៃដីទំហំ ២២១,៩៤ ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ភូមិសាស្រ្តឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ផ្តល់ជូនក្រុមហ៊ុនវ័នម៉រ (One More Ltd.)។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអ្នកនាំពាក្យ លោក នេត្រ ភក្ត្រា បានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២ លាន ៥ សែនហិកតា ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុបគិតចាប់តាំងពីឆ្នាំ២០០០ មក។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យព្រៃឈើលើកទី ១ ចេញផ្សាយជាសាធារណៈកាលពីខែមករា ឆ្នាំ ២០២២ ដោយបណ្តាញសហគមន៍ព្រៃឡង់ ក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)»។
ការបាត់បង់នេះធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ប៉ះពាល់ដល់ការអភិរក្សធនធានជីវៈចម្រុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋដែលពឹងផ្អែកលើព្រៃឈើ៕