នេះជាលើកដំបូងដែលកីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle បានទទួលការស្វាគមន៍ និងបង្ហាញទេពកោសល្យរបស់ខ្លួននៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ដោយឡើងកាំជណ្ដើរមួយជាន់ម្តងៗ រហូតដល់ជាន់ខ្ពស់បំផុតដែលមានកម្ពស់១០ម៉ែត្រពីផ្ទៃទឹក កីឡាករលោតទឹកអាជីពរបស់សហរដ្ឋអាមេរិកវ័យ១៧ឆ្នាំរូបនេះ បានបង្ហាញពីភាពប៉ិនប្រសព្វ និងបច្ចេកទេសរបស់ខ្លួនដល់ទស្សនិកជន និងក្រុមកីឡាករលោតទឹកកម្ពុជានៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងក្រុងភ្នំពេញ។
លើសពីនេះទៀត លោក Jordan Pisey ដែលធ្លាប់ជាអតីតក្មេងកំព្រាកម្ពុជាមួយរូបផងនោះ ចង់ជួយជំរុញចិត្តឲ្យយុវជនកម្ពុជា ជាពិសេសក្មេងកំព្រា ឲ្យមានចិត្តតស៊ូ និងព្យាយាមបន្ថែមទៀត ដើម្បីឈានទៅដល់ភាពជោគជ័យរបស់ខ្លួន។
នៅក្នុងកិច្ចសម្ភាសន៍មួយ មុនពេលបង្ហាញទេពកោសល្យនាសប្ដាហ៍កន្លងទៅ លោកJordan Pisey បានប្រាប់ VOA ថា៖ «ខ្ញុំមកទីនេះដើម្បីធ្វើជាគំរូមួយ ដោយសារតែខ្ញុំត្រូវបានយកពីទីនេះទៅចិញ្ចឹម។ ខ្ញុំមានឱកាសក្នុងការទទួលបានជីវិតដ៏ប្រសើរមួយជាមួយនឹងឪពុកពីរនាក់ហើយជាមួយនឹងឱកាសនោះ ខ្ញុំអាចជម្នះនូវឧបសគ្គផ្សេងៗ និងសម្រេចនូវគោលដៅដែលខ្ញុំបានកំណត់ឡើងសម្រាប់ខ្លួនឯង។ នេះជាអ្វីដែលខ្ញុំចង់បង្ហាញប្រជាជន ក៏ដូចជាក្មេងកំព្រានៅទីនេះ»។
លោក Jordan Pisey Windle ដែលជាកីឡាករសហរដ្ឋអាមេរិក ដែលឈ្នះមេដាយមាស៥លើកក្នុងការប្រកួតលោតទឹកថ្នាក់ជាតិនេះ មានដើមកំណើត នៅខេត្តព្រៃវែង។
លោកក្លាយជាកុមារកំព្រា ក្រោយពេលឪពុកម្ដាយរបស់លោកបានចែកឋាន ពេលដែលលោកនៅជាទារកនៅឡើយ។
នាខែមិថុនាឆ្នាំ២០០០ លោក Jerry Windle អតីតទាហានជើងទឹកសហរដ្ឋអាមេរិក បានទទួល Jordan Pisey ទើបតែមានវ័យ១៨ខែប៉ុណ្ណោះ យកទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក។ នោះគឺជាលើកចុងក្រោយ ដែល Jordan Piseyរស់នៅក្នុងប្រទេសកម្ពុជា។
នាពេលពេលបច្ចុប្បន្ន លោករស់នៅរដ្ឋ California ជាមួយឪពុកទាំងពីររបស់លោក គឺលោក Jerry Windle និងលោក Andres Rodriguez (ដែលស្រលាញ់ភេទដូចគ្នា)។
កាលពីសប្ដាហ៍កន្លងទៅ Jordan Pisey និងឪពុកទាំងពីររបស់លោកបានធ្វើដំណើរទស្សនកិច្ចមួយក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល៧ថ្ងៃ។
ក្នុងដំណើរទស្សនកិច្ចជាលើកទី១ ក្នុងប្រទេសកំណើតរបស់ខ្លួន លោកJordan បានស្នាក់នៅក្រុងភ្នំពេញរយៈពេល៥ថ្ងៃ និង២ថ្ងៃ នៅខេត្តសៀមរាប ជាទីដែលលោកបានទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរ។
ក្នុងដំណើរទស្សនកិច្ចនារាជធានីភ្នំពេញ លោក Jordan Pisey បានជួបកុមារកំព្រា និងបង្ហាញទេពកោសល្យរបស់លោកនៅពហុកីឡាដ្ឋានអូឡាំពិក។ លោកក៏បានទស្សនាសារមន្ទីរប្រល័យពូជសាសន៍ជើងឯក និងគុកទួលស្លែងផងដែរ។
បើទោះជាប្រវត្តិសាស្ត្រនៃការសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ធ្វើឲ្យលោកសោកសង្វេគក៏ដោយ ក៏លោក Jordan Pisey សង្ឃឹមថា ប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ នឹងក្លាយជាកម្លាំងចិត្តជំរុញ ឲ្យកម្ពុជាឈានឡើងទៅរកការអភិវឌ្ឍ។
«ខ្ញុំប្រើជំនាញលោតទឹករបស់ខ្ញុំ ដើម្បីបង្ហាញថា ខ្ញុំទទួលបានឱកាសមួយ ហើយបានប្រើឱកាសនោះឲ្យបានប្រសើរបំផុតតាមតែអាចធ្វើបាននៅក្នុងការលោតទឹក។ លើសពីនេះ ខ្ញុំចង់បង្ហាញថា ជាមួយនឹងការប្រឹងប្រែងស្វាធ្យាយ អ្នកនឹងអាចសម្រេចអ្វីដែលអ្នកចង់បាន។ អ្នកអាចក្លាយជាបុគ្គលម្នាក់ដែលខ្លួនប្រាថ្នា ប្រសិនបើអ្នកខិតខំប្រឹងប្រែង»។
ស្របគ្នានោះដែរ លោក Jerry ឪពុកចិញ្ចឹមរបស់ Jordan Pisey បានបន្ថែមថា លោកមានសេចក្ដីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងអាចជួយ«ផ្ដល់ឱកាសជាច្រើន» បន្ថែមទៀតដល់យុវជនកម្ពុជា ជាពិសេសកុមារកំព្រាដូចជា Jordan ដែលពួកគេទាំងនោះ អាចនឹងទទួលជោគជ័យដូចគ្នា។
«ប្រសិនជារដ្ឋាភិបាល អាចជួយឧបត្ថម្ភ មិនត្រឹមតែតាមរយៈកីឡាប៉ុណ្ណោះទេ តែថែមទាំងតាមរយៈការរីកចម្រើនលូតលាស់នោះ វានឹងផ្ដល់ឱកាសកាន់តែច្រើនដល់យុវជនកម្ពុជា។ ខ្ញុំគិតថា វានឹងអាចជួយឲ្យប្រទេសកម្ពុជាកាន់តែល្បីល្បាញលើឆាកអន្តរជាតិ និងពិភពលោកព្រោះថាអ្វីៗក៏អាចទៅរួចដែរ។ តួយ៉ាង ពិសី ដែលជាកូនខ្មែរមួយរូបធ្លាប់បានទទួលជោគជ័យជាច្រើនលើក ច្រើនសារមកហើយ។ ហើយយើងសង្កេតឃើញហើយថា Jordan មិនខុសពីមនុស្សម្នាទាំងឡាយដែលយើងបានជួបក្នុងអំឡុងទស្សនកិច្ចរបស់យើងនោះទេ។ តែអ្វីដែលនាំឱ្យខុសគ្នានោះ គឺដោយសារ Jordan បានទទួលឱកាសច្រើនជាងអ្នកដទៃ»។
ក្រោយពេលចាកចេញពីប្រទេសកម្ពុជានាឆ្នាំ២០០០Jordan Pisey បានទៅរស់នៅ រដ្ឋហ្វ្លរីដា (Florida)មុនពេលរើផ្ទះទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ដែលលោករស់នៅសព្វថ្ងៃ។
ពេលដែលលោកអាយុ៧ឆ្នាំ ទេពកោសល្យដ៏ប៉ិនប្រសប់របស់ Jordan ធ្វើឲ្យគ្រូបង្វឹកកីឡាលោតទឹកចាប់អារម្មណ៍ ហើយទទួលបង្វឹកឲ្យលោកក្លាយជាកីឡាលោតទឹកមួយរូបដ៏ចំណាន។
ក្នុងអាជីពរបស់លោក Jordan Pisey ត្រូវបានបង្វឹកដោយគ្រូល្បីៗជាច្រើននាក់។ បច្ចុប្បន្ន គ្រូបង្វឹករបស់លោកគឺ Nunzio Esposto ដែលជាប្រធានគ្រូបង្វឹកប្រចាំសាកលវិទ្យាល័យ Duke University។
ចាប់តាំងពីឈានជើងចូលវិស័យកីឡាលោតទឹកនោះមក លោក Jordan បានទទួលពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់លោកទឹកថ្នាក់ជាតិកម្ពស់១០ម៉ែត្រ ពេលដែលលោកស្ថិតក្នុងវ័យ១២ឆ្នាំ មេដាយមាសក្នុងការប្រកួតការលោតទឹកបុរសថ្នាក់ជាតិ ពេលដែលលោកអាយុ១៥ឆ្នាំ និងមេដាយប្រាក់ក្នុងការប្រកួតការលោតទឹកជាក្រុមជាដើម។
ក្នុងការបង្ហាញបច្ចេកទេសលោតទឹក នាថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ លោក Jordan បានបង្ហាញបច្ចេកទេស បទពិសោធន៍ជាច្រើនរបស់លោកជាមួយនឹងកីឡាករលោតទឹកកម្ពុជា។
ភូម ដាវិត កីឡាករកម្ពុជាដែលចូលរួមហ្វឹកហាត់ជាមួយ Jordan បានបង្ហាញពីភាពរីករាយ និងការលើកទឹកចិត្តពីកីឡាករ Jordan។
«រៀនបាទ ចាប់ដៃហើយប្រឹងជើង ហើយប្រឹងទ្រូង។ យើងលោតល្អជាងមុន អត់សូវបែកទឹក»។
កីឡាករវ័យ១៣ឆ្នាំរូបនេះបានបន្ថែមថា ខ្លួនក៏ជាកុមារកំព្រាផងដែរ ហើយបទពិសោធន៍ និងភាពតស៊ូរបស់ Jordan ធ្វើឲ្យខ្លួនមានកម្លាំងចិត្តក្នុងការតស៊ូសម្រាប់ការប្រកួត SEA Games នាខាងមុខ។
ភូម ដាវិត បាននិយាយថា៖ «ប្រឹងហាត់ថ្ងៃក្រោយ គេនឹងចេញទៅSEA Games»។
បច្ចុប្បន្ន Jordan Pisey គឺជាកីឡាករថ្នាក់ជាតិអាមេរិកលំដាប់លេខ៥ ហើយកំពុងព្យាយាមហ្វឹកហាត់ និងចូលរួមប្រកួតជម្រើសថ្នាក់ជាតិជាបន្តបន្ទាប់ ដើម្បីបានទៅប្រកួតនៅក្នុងកម្មវិធីកីឡាអូឡាំពិកលំដាប់ពិភពលោកនៅទីក្រុងRio នៃប្រទេសប្រេស៊ីល នៅខែសីហាខាងមុខនេះ និងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅឆ្នាំ២០២០។
វីដេអូបង្ហាញកីឡាករ Jordan Pisey លោតទឹកនៅពហុកីឡាដ្ឋានអូឡាំពិក ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
ក្នុងការជួបជុំជាមួយក្រុមកីឡាហែលទឹក និងលោតទឹកកម្ពុជានាសប្ដាហ៍កន្លងទៅ លោក Jordan បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជួយបង្វឹកនិងចូលរួមជាមួយក្រុមកីឡាករកម្ពុជាក្នុងការប្រកួតកីឡាលោតទឹកលើឆាកអន្តរជាតិផងដែរ។
ក៏ប៉ុន្តែ លោកត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីតំណាងឲ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិកក្នុងប្រកួតកីឡាអូឡាំពិក នាប៉ុន្មានខែខាងមុខ មុនពេលដែលលោកអាចចូលរួមជាមួយកីឡាករកម្ពុជានោះ។
លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ VOA ថា វត្តមានរបស់កីឡាករអាមេរិកដើមកំណើតខ្មែរនេះ បានជួយជំរុញ និងផ្ដល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់កីឡាករ ក៏ដូចជាយុវជនកម្ពុជា។
លោក ហែម គិរី ដែលធ្លាប់តំណាងកីឡាករហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិកក្នុងរដ្ឋ Atlanta នាឆ្នាំ១៩៩៦ បានសាទរ ប្រសិនបើ Jordan អាចជួយក្រុមជម្រើសជាតិកម្ពុជា។
«សហព័ន្ធយើងពិតជាមាន គេហៅថាភាពសប្បាយរីករាយ បើសិនកីឡាករ Jordan គាត់អាចនឹងមកជួយនៅវិស័យលោតទឹកនៅកម្ពុជា។បានន័យថាគាត់អាចមកបង្ហាញខ្លួនជាកីឡាករជម្រើសជាតិកម្ពុជា ប៉ុន្តែជាក់ស្ដែង គាត់ជាកីឡាករជម្រើសជាតិរបស់សហរដ្ឋអាមេរិកទៅហើយ។ ប៉ុន្តែគាត់បានឆ្លើយមកហើយថានៅថ្ងៃអនាគត។ គាត់នឹងអាចមកជួយប្រទេសកម្ពុជាយើងក្នុងវិស័យកីឡាលោតទឹកនេះនៅក្នុងឆាកអន្តរជាតិ។ អញ្ចឹងសហព័ន្ធសម្លឹង និងព្យាយាមធ្វើយ៉ាងណាដើម្បីទំនាក់ទំនង ក៏ដូចជាជំរុញបន្ថែមដើម្បីឲ្យគាត់មកចូលរួមជាតំណាងប្រទេសកម្ពុជាក្នុងវិស័យលោតទឹក»។
ដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃរបស់កីឡាករលោតទឹកអាមេរិកដើមកំណើតកម្ពុជា ត្រូវបានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយពេលដែលលោកនិងឪពុកទាំងពីរ បានទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរ៕