ក្មេងកំព្រារបស់កម្ពុជាម្នាក់ គឺជាកីឡាករលោតទឹកថ្នាក់ជាតិដ៏ឆ្នើមរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។ ក្នុងសប្តាហ៍ក្រោយនេះ Jordan Pisey Windle និងក្រុមគ្រួសាររបស់គេ នឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាជាលើកដំបូង ដើម្បីផ្តល់កី្តសង្ឃឹមដល់កុមារកំព្រាឯទៀត។
Jordan Pisey Windle អាយុ១៧ឆ្នាំ បានក្លាយជាម្ចាស់ពានរង្វាន់ថ្នាក់ជាតិប្រាំបីលើក សម្រាប់ក្រុមកីឡាករលោតទឹកវ័យជំទង់នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ Jordan គឺជាកីឡាករជាប់លំដាប់ថ្នាក់ជាតិលេខ៥ ហើយកំពុងព្យាយាមហ្វឹកហាត់ និងចូលរួមប្រកួតជម្រើសថ្នាក់ជាតិជាបន្តបន្ទាប់ ដើម្បីបានទៅប្រកួតនៅក្នុងកម្មវិធីកីឡាអូឡាំពិកលំដាប់ពិភពលោកនៅទីក្រុង Rio នៃប្រទេសប្រេស៊ីល នៅខែសីហាខាងមុខនេះ និងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំ២០២០។
កាលពីអាយុ១២ឆ្នាំ កីឡាកររូបនេះ បានប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិសម្រាប់វិញ្ញាសារកីឡាលោតទឹកកម្ពស់១០ម៉ែត្រ។ ក្នុងឆ្នាំបន្តបន្ទាប់មកទៀត គាត់ក៏បានឈ្នះមេដាយមាសសម្រាប់ការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona និងមេដាយប្រាក់ និងស្ពាន់សម្រាប់ការប្រកួតថ្នាក់ជាតិពីរផ្សេងទៀត។
Jordan Pisey Windle បានហែលឆ្លងកាត់ដំណើរជីវិតដ៏វែងឆ្ងាយ មុននឹងក្លាយជាកីឡាករលោតទឹកវ័យក្មេងដ៏ឆ្នើមម្នាក់ ដែលប្រកួតបានពានរង្វាន់ថ្នាក់ជាតិជាច្រើនលើកនៅសហរដ្ឋអាមេរិកនេះ។ Jordan គឺជាកុមារកំព្រានៅខេត្តព្រៃវែងនៃប្រទេសកម្ពុជា ហើយត្រូវបានដាក់ឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅទីក្រុងភ្នំពេញ ក្រោយពេលដែលឪពុកម្តាយបង្កើតរបស់គេបានទទួលមរណភាព។ Jordan ត្រូវបានទទួលយកទៅចិញ្ចឹម និងរស់នៅសហរដ្ឋអាមេរិក តាំងពីមានអាយុត្រឹមតែជិតពីរឆ្នាំប៉ុណ្ណោះ។
លោក Jerry Windle ដែលជាឪពុកចិញ្ចឹមជនជាតិអាមេរិកាំងរបស់ Jordan បានប្រាប់ VOA ថា ជោគជ័យរបស់កីឡាករដ៏ឆ្នើមរូបនេះ គឺកើតចេញពីទេពកោសល្យពីកំណើតរបស់គេ ដែលផ្សារភ្ជាប់យ៉ាងជិតស្និតនឹងប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់គេ។
«អ្វីដែលយើងចង់ចែករំលែកជាមួយនឹងមនុស្សគ្រប់រូបគឺថា ជោគជ័យរបស់ Jordan គឺកើតចេញពីស្រុកកំណើតរបស់គាត់នៅប្រទេសកម្ពុជា។ ហើយយើងបានជួយឲ្យគាត់សម្រេចជោគជ័យរបស់គាត់បាន តាមរយៈការផ្តល់ឱកាសឲ្យគាត់»។
លោក Jerry Windle បានសម្រេចចិត្តទទួលយក Jordan Pisey Windle មកចិញ្ចឹមកាលពីខែមិថុនា ឆ្នាំ២០០០ ក្រោយពីបានទទួលព័ត៌មាន អំពីការដាក់ពាក្យសុំកុមារពីប្រទេសកម្ពុជាមកចិញ្ចឹម តាមរយៈទស្សនាវដ្តីមួយនៅការិយាល័យរបស់គាត់។ បច្ចុប្បន្ននេះ លោក Jerry និងដៃគូរបស់គាត់ដែលជាបុរសស្រឡាញ់ភេទដូចគ្នា គឺលោក Andres Rodriguez កំពុងតែរៀបចំនាំ Jordan ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅសប្តាហ៍ក្រោយនេះ។
«ខ្ញុំចង់រង់ចាំដល់ពេលដែល Jordan ធំដឹងក្តីបន្តិច មុននឹងនាំគាត់ទៅប្រទេសកំណើតរបស់គាត់វិញ ដើម្បីឲ្យគាត់អាចស្វែងយល់ ស្គាល់ និងចងចាំដំណើរទៅប្រទេសកំណើតរបស់គាត់បានកាន់តែច្រើន»។
នាពេលនេះ Jordan Pisey Windle កំពុងស្ថិតនៅទីក្រុង Los Angeles ជាមួយនឹងក្រុមកីឡាករលោតទឹកថ្នាក់ជាតិ ដើម្បីហ្វឹកហាត់។ កីឡាករវ័យក្មេងរូបនេះ បានប្រាប់ VOA តាមទូរស័ព្ទថា គេពិតជាទន្ទឹងរង់ចាំធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់គេក្នុងពេលឆាប់ៗនេះ។
«ខ្ញុំពិតជាមានអារម្មណ៍ថា មានមោទនភាព ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្ញុំ ដែលខ្ញុំមិនដែលធ្លាប់បានទៅពីមុនទាល់តែសោះ តាំងពីខ្ញុំត្រូវបានយកមកចិញ្ចឹម។ ខ្ញុំគិតថា នេះគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយសម្រាប់ខ្ញុំ ហើយខ្ញុំពិតជារំភើបក្នុងចិត្ត»។
ពេលទៅដល់ប្រទេសកម្ពុជា កីឡាករជាក្មេងកំព្រារូបនេះ នឹងជួបជាមួយនឹងកេ្មងកំព្រាដូចខ្លួនជាច្រើនទៀត ហើយសង្ឃឹមថា នឹងផ្សព្វផ្សាយសារនៃកី្តសង្ឃឹមទៅកាន់ក្មេងៗកំព្រាទាំងនោះ។
«សាររបស់ខ្ញុំគឺថា ខ្ញុំក៏ដូចគ្នានឹងកុមារទាំងនោះដែរ គឺយើងទាំងអស់គ្នាគឺជាកុមារកំព្រា។ គ្រាន់តែថា ខ្ញុំមានសំណាងត្រូវបានទទួលយកទៅចិញ្ចឹម ហើយសព្វថ្ងៃ ជីវិតរបស់ខ្ញុំមានស្ថានភាពប្រសើរ។ ប៉ុន្តែ ខ្ញុំចង់ប្រាប់ទៅពួកគេថា បើសិនជាយើងត្រូវបានប្រគល់ឱកាសមួយ ទោះបីជាឱកាសនោះតូចក្តី យើងអាចប្រែក្លាយឱកាសនោះ ដើម្បីសម្រេចបានជោគជ័យដែលយើងចង់បាន ហើយបង្ហាញទៅកាន់ពិភពលោកថា យើងក៏អាចមានជីវិតដ៏ល្អមួយដែរ»។
Jordan Pisey Windle និងក្រុមគ្រួសាររបស់ខ្លួន ក៏នឹងទទួលបានកិត្តិយសចូលគាល់ព្រះមហាក្សត្រខ្មែរគឺព្រះបាទនរោត្តម សីហមុន្នី និងជួបសំណេះសំណាល់ជាមួយមន្ត្រីរដ្ឋាភិបាលមួយចំនួន នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ កីឡាករលោតទឹកដ៏ឆ្នើមរូបនេះ នឹងធ្វើពិព័រណ៍លោតទឹក ដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួន ដោយសង្ឃឹមថា នឹងលើកទឹកចិត្តដល់យុវជនកម្ពុជាផ្សេងៗទៀត ឲ្យស្វែងរកទេពកោសល្យរបស់ខ្លួន។
លោក Jerry Windle ដែលជាឪពុក បានប្រាប់ VOA ថា Jordan មិនអាចនិយាយភាសាខ្មែរ ដែលជាភាសាកំណើតរបស់ខ្លួនបានទេ។ លោក Jerry បានបន្ថែមទៀតថា ទោះជាយ៉ាងណាក្តី កីឡាករជនជាតិខ្មែរសញ្ជាតិអាមេរិករូបនេះ បានស្វែងយល់ និងដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈការអានសៀវភៅរឿង និងការធ្វើសេចក្តីអត្ថាធិប្បាយក្នុងថ្នាក់រៀន។
«បើទោះបីជាគាត់មានសញ្ជាតិអាមេរិកាំងក្តី ក៏ការពិតគឺថា គាត់គឺជាកូនរបស់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាគឺជាប្រទេសកំណើតរបស់គាត់។ គាត់ពិតជាទទួលស្គាល់ការពិតនេះមែន»។
សម្រាប់កីឡាកររូបនេះ ការធំដឹងក្តីឡើងដោយទទួលបានការឧបត្ថម្ភ គាំទ្រ និងក្តីស្រឡាញ់ពីឪពុកទាំងពីរដែលជាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានេះ ពិតជាបានធ្វើឲ្យកីឡាកររូបនេះយល់ដឹង និងគាំទ្រតម្លៃ និងលក្ខណៈពិសេសនៃវប្បធម៌ចម្រុះ។
កីឡាករវ័យក្មេងរូបនេះបានប្រាប់ VOA ថា៖ «ខ្ញុំពិតជាស្រឡាញ់ឪពុកទាំងពីររបស់ខ្ញុំខ្លាំងណាស់ ហើយខ្ញុំអាចសម្រេចបានជោគជ័យទាំងអស់នេះ គឺដោយសារតែការលះបង់របស់ពួកគាត់។ ដូច្នេះ សាររបស់ខ្ញុំគឺថា បើសិនជាអ្នកចង់បានគ្រួសារមួយ ហើយបើទោះបីជាអ្នកជាមនុស្សខុសប្រក្រតីក្តី ក៏វាមិនផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងនោះទេ ដរាបណាគ្រួសាររបស់អ្នកគាំទ្រ យកចិត្តទុកដាក់ និងស្រឡាញ់អ្នក»។
បើតាមលោក Jerry Windle ដែលជាឪពុកចិញ្ចឹម កីឡាករលោតទឹកដ៏ឆ្នើមរូបនេះ មានទេពកោសល្យលោតទឹកតាំងពីនៅតូច។ ក្រោយពីបានរកឃើញទេពកោសល្យរបស់ខ្លួនមក Jordan Pisey Windle បានទទួលការបង្ហាត់បង្រៀនជាបន្តបន្ទាប់ពីគ្រូបង្វឹកលំដាប់ថ្នាក់ជាតិ និងដ៏មានជំនាញជាច្រើននាក់របស់អាមេរិក ដូចជាគ្រូបង្វឹក Tim O'Brien, Evan Linette, Sean McCarthy និង Greg Louganis។ នៅពេលមានអាយុ១២ឆ្នាំ Jordan បានក្លាយជាកីឡាករលោតទឹកដ៏វ័យក្មេងជាងគេបង្អស់ម្នាក់ ដែលបានចូលរួមក្នុងការប្រកួតជម្រើសជាតិដើម្បីទៅប្រកួតក្នុងកម្មវិធីកីឡាអូឡាំពិក បើទោះបីជាគេមិនបានឈ្នះការប្រកួតនោះក៏ដោយ។
នាពេលបច្ចុប្បន្ននេះ កីឡាករលោតទឹកដែលជាជនជាតិខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ កំពុងរៀនថ្នាក់វិទ្យាល័យផង និងហ្វឹកហាត់ជាមួយនឹងក្រុមកីឡាករថ្នាក់ជាតិរបស់អាមេរិកជាប្រចាំផង។ Jordan Pisey Windle នឹងរៀនចប់ថ្នាក់វិទ្យាល័យនៅចុងឆ្នាំ២០១៦នេះ ហើយនឹងចូលរៀនថ្នាក់មហាវិទ្យាល័យនៅដើមឆ្នាំ២០១៧ខាងមុខនេះ៕